34 C
Phnom Penh

ផ្លាស់​​​ប្តូរ​​​តំណែង​​​អភិបាល​​​ខេត្ត​​​កណ្តាល​​​បន្ទាប់ពី​​​កាន់​​​តួនាទី​​​បាន​​​១៨ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ផៃ ប៊ុនឈឿន អភិបាល​​​ខេត្ត​​​កណ្តាល​​​ដែល​ត្រូវ​​​បាន​​​តែងតាំង​​​ឲ្យ​​​កាន់​តួនាទី​​​របស់​លោក​​​កាល​ពីឆ្នាំ​មុននោះ ត្រូវ​​​បាន​​​ជំនួស​​​ដោយ​​​ប្រធាន​​​ក្រុម​ប្រឹក្សា​ខេត្ត​​​នេះ​​​នៅ​ក្នុង​​​ពិធី​​​ប្រកាស​​​តែងតាំង​​​មួយ​​​ដែល​ធ្វើឡើង​​​នៅ​ក្នុង​​​ក្រុង​​​តាខ្មៅ កាលពី​​ព្រឹក​​​ម្សិលមិញ។

ឥឡូវនេះ លោក ប៊ុនឈឿន គ្រោង​​​មកកាន់​​​តួនាទី​​​ជា​​​អនុរដ្ឋលេខាធិការ​​ក្រសួង​​​មហាផ្ទៃ បើ​​​ទោះ​​ជា​លោក​​​ត្រូវ​​​បាន​​​ផ្លាស់​ប្តូរ​ពី​​​អភិបាល​​​ខេត្ត​​​ ដោយសារ​​​​បច្ចុប្បន្ន​​​នេះ​​​លោក​​​ឈាន​ចូល​អាយុ​​​៦០ឆ្នាំ ជា​​​អាយុ​ចូល​និវត្ត​​​​​របស់​​​មន្ត្រី​​​រាជការ​​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​ក៏ដោយ។

លោក ម៉ៅ ភិរុណ អាយុ​​​៥៤ឆ្នាំ​​​ជា​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​កណ្តាល​​​​​​ត្រូវ​បាន​​​តែង​តាំង​​​ផ្លូវ​ការ​​​ជា​​​អភិបាល​​​ខេត្ត​​​​​​នេះ​​​បន្ទាប់​ពី​​​ត្រូវ​បាន​​​តែងតាំង​​​ឲ្យ​​​កាន់​​​តួនាទី​នេះ​​​កាល​ពី​ថ្ងៃ​ទី​​​១៨ ខែ​​​ធ្នូ។

លោក​​​បាន​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​​​​បន្ទាប់ពី​​​ពិធី​ប្រកាស​តែង​​​តាំង​​​ថា “​​​ខ្ញុំ​កើត​​​នៅ​​​ឆ្នាំ​​​១៩៦០ ដូច្នេះ​​​ខ្ញុំ​​​មិន​​​ទាន់​ដល់​​​អាយុ​​​ចូល​និវត្ត​​​ទេ ហើយ​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ជា​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​នេះ ដូច្នេះ​​​ខ្ញុំ​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​អភិបាល​​​ខេត្ត​​​។ ខ្ញុំ​​​​​​ចាប់​ផ្តើម​​​កាន់​តួនាទី​របស់​​​ខ្ញុំ​ចាប់​ពី​​​ថ្ងៃ​នេះ​ទៅ”។

លោក ភិរុណ បាន​មាន​​​ប្រសាសន៍​ថា លោក​​​នឹង​​​ផ្តោត​​​លើ​​​ការ​​​​​​ផ្តល់​​​សេវា​សាធារណៈ​​​ដល់​​ប្រជា​​​ពលរដ្ឋ​ក្នុង​​​ខេត្ត​​​កណ្តាល​​​ឲ្យ​​​បាន​​​ល្អ​​​ប្រសើរ។

លោក​​​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​​មាន​​​អារម្មណ៍​រំភើ​ប​​​រីករាយ​​​ណាស់​​​អំពី​​​ការ​​​តែងតាំង​​​នេះ។ ហើយ​រឹតតែ​​​សំខាន់​ទៅទៀត​​​នោះ ខ្ញុំ​នឹង​​​ពង្រឹង​​​​​​ការ​​​ផ្តល់​​​សេវា​សាធារណៈ​​​រួមមាន​​​ការ​​​កែ​លម្អ​​​ហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់​ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​​​លើក​​​កម្ពស់​​​ការ​​​វិនិយោគ​​​និង​​​ពាណិជ្ជកម្ម​​ឯក​​​ជន”។

លោក ប៊ុនឈឿន គឺជា​​​សមាជិក​​​សភា​គណបក្ស​​​ប្រជា​ជន​កម្ពុជា​​​​​​ចាប់ពី​​​ឆ្នាំ​​​២០០៣ ដល់​​​ឆ្នាំ​​​២០០៧​​។ បន្ទាប់មក លោក​​​បម្រើការ​​​ជា​​​អភិបាល​​​រង​​​ខេត្ត​​​កណ្តាល​រហូត​​​ដល់​​​ខែ​ឧសភា ឆ្នាំ​​​២០១៣ នៅ​ពេល​​​រដ្ឋាភិបាល​​​បាន​​​ដោះដូរ​​​អភិបាល​​​ខេត្ត​​​មួយ​​​ចំនួន​​​នៅ​ក្នុង​​​ប្រទេស​​​នៅមុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​ឆ្នាំ​នោះ។

លោក​បាន​មាន​​​ប្រសាសន៍​ថា “ខ្ញុំ​​​ត្រូវ​បាន​​​តែង​​​តាំង…​​​ជា​​​អនុ​​​រដ្ឋលេខាធិការ​​​​​​ក្រសួង​​​មហា​ផ្ទៃ ប៉ុន្តែ​​​​​​ខ្ញុំ​​​មិន​​​ទាន់​ប្រាកដ​​​ថា តើ​​​ខ្ញុំ​នឹង​​​កាន់​តួនាទី​របស់ខ្ញុំ​នៅ​ពេល​​​ណា​នោះ​ឡើយ។ ប្រហែល​​​ជា​​​នៅ​សប្តាហ៍​ក្រោយ អាស្រ័យ​​​លើ​ឯក​​​ឧត្តម​​​ ស ខេង ឧបនាយក​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ”។

លោក​​​បាន​​​បន្ថែម​ថា “ទោះ​​​យ៉ាងណា ខ្ញុំ​ជឿ​ថា ប្រហែល​​​ជា​​​នៅ​​​សប្តាហ៍​ក្រោយ ពីព្រោះ​​​មិន​​​ទុក​​​ពេល​​​ឲ្យ​​​យើង​​​ទំនេរ​​​យូរ​ទេ”។

លោក ប៊ុនឈឿន បាន​បន្ត​ថា “នឹង​​​មាន​​​ការ​​​ប្រជុំ​​​ផ្ទៃក្នុង​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​ទទួល​ខុសត្រូវ​​​របស់ខ្ញុំ​​​នៅ​​​ទីនេះ។​​​ខ្ញុំ​មាន​​​អារម្មណ៍​សប្បាយ​​​រីក​រាយ​ណាស់​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ផ្តល់​​​ឱកាស​​​នេះ​ដល់​​​ខ្ញុំ ពីព្រោះ​​​តាម​​​ពិត​​​ទៅ​​​ ខ្ញុំ​​​ដល់អាយុ​​​ចូល​និវត្ត​​​ទៅ​ហើយ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស