នៅពេលលោកស្រី ម៉ម សូមា៉លី ដែលជាសកម្មជនប្រឆាំងការជួញដូរមនុស្សធ្លាប់មានរឿងអាស្រូវបានខិតខំទាក់ទាញម្ចាស់ជំនួយអន្តរជាតិសម្រាប់អង្គការអាហ្វេសីប(Afesip) ដែលបានបិទទ្វាររបស់លោកស្រីនោះ លោកស្រីនៅតែមានអ្នកគាំទ្រដ៏សំខាន់ៗនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ក្នុងនោះមានរួមទាំងលោកនាយករដ្ឋមន្ត្រីផងដែរ។
លោកស្រី ម៉ម សុមាលី បានលាលែងពីតំណែងជាប្រធានមូលនិធិ ម៉ម សូម៉ាលី ដែលដើរតួនាទីជាអ្នកកៀងគរមូលនិធិសម្រាប់អង្គការអាហ្វេសីប កាលពីខែឧសភា បន្ទាប់ពីកាសែត Newsweek បានលាតត្រដាង ថា លោកស្រីបានប្រឌិតរឿងអតីតកាលជាទាសករផ្លូវភេទរបស់ខ្លួន ហើយបានបង្រៀនស្ត្រីក្មេងៗឲ្យចេះភូតកុហក់អំពីរឿងអតីតកាលរបស់ខ្លួនដែរដើម្បីកៀងគរមូលនិធិ។
ប៉ុន្តែ នៅក្នុងលិខិតមួយដែលគេបង្ហោះតាមអីុនធើណិតកាលពីសប្តាហ៍មុន លោកស្រី ម៉ម សូម៉ាលី បានខិតខំអំពាវនាវរកជំនួយសម្រាប់អង្គការថ្មីរបស់លោកស្រី គឺ”មូលនិធិ ម៉ម សូម៉ាលី ថ្មី៖ សំឡេងនៃការផ្លាស់ប្តូរ” ដែលលោកស្រីបានលើកឡើងថា “វានឹងបូករួមបញ្ចូលគ្នានៃធាតុផ្សំការងារ ដែលអង្គការអាហ្វេសីប និងមូលនិធិ ម៉ម សូម៉ាលី ធ្លាប់បានធ្វើពីមុនមក។
លិខិតនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំយុទ្ធសាស្ត្រមួយចំនួន ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជាកាលពីដើមខែនេះដោយមានការចូលរួមពីសំណាក់ម្ចាស់ជំនួយអន្តរជាតិមួយចំនួនតូចក្នុងគោលបំណងរៀបចំផែនការដើម្បីធ្វើឲ្យអង្គការអាហ្វេសីបរស់ឡើងវិញ។ អង្គការអាហ្វេសីបបានបិទទ្វារ ដោយសារតែការផ្តាច់មូលនិធិ បន្ទាប់ពីមានការលាតត្រដាងអំពីរឿងរ៉ាវអាស្រូវរបស់លោកស្រី ម៉ម សូម៉ាលី ។
យោងតាមការបង្ហោះមួយនៅលើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃច័ន្ទ ភរិយា និងកូនៗរបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទារបស់អង្គការអាហ្វេសីប នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាមជាទីដែលពួកគាត់បានបរិច្ចាគប្រាក់ និងស្បៀងអាហារ។
ការបង្ហោះនោះបានដកស្រង់សំដីរបស់លោកស្រី ម៉ម សូម៉ាលី មក ថាចាប់តាំងពីមជ្ឈមណ្ឌលនេះបានបើកកាលពីឆ្នាំ២០០៨មក មជ្ឈមណ្ឌលបានទទួលយកក្មេងៗចំនួន៣២៤នាក់ក្នុងនោះមានជនរងគ្រោះដោយសារការជួញដូរចំនួន១១១នាក់ ជនរងគ្រោះដោយសារការចាប់រំលោភចំនួន១០១នាក់ និង១០៩នាក់ទៀតគឺទទួលបានពី”ក្រុមងាយរងគ្រោះ”។
ការបង្ហោះនោះមានខ្លឹមសារដូច្នេះថា “ស្របពេលជាមួយគ្នានេះដែរ លោកស្រី ម៉ម សូម៉ាលី ក៏បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន និងសម្តេច គិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាកូនស្រីនិងកូនប្រុសរបស់ពួកគាត់ដែលតែងតែផ្តល់ថវិកាចំនួន៥.០០០ដុល្លាររាល់ខែសម្រាប់មជ្ឈមណ្ឌលនេះផងដែរ”។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកស្រីកាលពីថ្ងៃច័ន្ទ លោកស្រី ម៉ម សូម៉ាលី បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ នេត សារឿន និងភរិយារបស់លោក គឺលោកស្រី ហ៊ុន គឹមឡេង ដែលជាក្មួយស្រីរបស់លោកនាយករដ្ឋមន្ត្រី សម្រាប់ចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះជនរងគ្រោះ និងអ្នករស់រានមានជីវិត។
កាលពីខែតុលា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យលោកស្រី ម៉ម សូម៉ាលី បើកអង្គការថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជាឡើយ បន្ទាប់ពីមានការលាតត្រដាងរឿងអាស្រូវ ប៉ុន្តែ លោកបានដកការលើកឡើងរបស់លោកវិញត្រឹមតែប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ។
អង្គការថ្មីរបស់លោកស្រី ម៉ម សូម៉ាលី ដែលមានទីស្នាក់ការកណ្តាលនៅក្នុងរដ្ឋតិចសាសគឺកំពុងត្រូវបានដឹកនាំរួមគ្នាដោយលោកស្រី និងលោកស្រី Rigmor Schneider អតីតនាយកប្រតិបត្តិមូលនិធិ ម៉ម សូម៉ាលី ។ លោកស្រី Schneider បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅក្នុងកិច្ចសម្ភាសមួយកាលពីសប្តាហ៍មុនថា លោកស្រីនៅតែជួយគាំទ្រលោកស្រី ម៉ម សូម៉ាលី ដែលលើកឡើងថា លោកស្រីគ្មានអ្វីត្រូវលាក់បាំងអំពីរឿងអតីតរបស់អ្នកស្រីនោះ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា តារាសម្ដែងស្រី Susan Sarandon ដែលធ្លាប់ជាសមាជិកក្រុមប្រឹក្សានៅមូលនិធិ ម៉ម សូម៉ាលី ក៏ជាសមាជិកនៃក្រុមប្រឹក្សារបស់អង្គការថ្មីនេះដែរ៕ស៊ុយឈាង