39.4 C
Phnom Penh

ស្ត្រី​ម្នាក់​កំពុង​​រត់​គេចខ្លួន​បន្ទាប់ពី​យក​កាំភ្លើង​បាញ់​ប្តី​របស់​ខ្លួន​ដោយ​សារ​មាន​ស្រី​ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា ស្ត្រី​ម្នាក់​កំពុង​រត់​គេចខ្លួន​បន្ទាប់ពី​យក​កាំភ្លើង​អាកា​៤៧បាញ់​ប្តី​របស់​ខ្លួន​​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃអង្គារ​​ទំនង​ជា​ខឹង​ដោយសារ​ប្តី​របស់​ខ្លួន​មាន​ភាព​មិនស្មោះត្រង់។

យោង​តាម​លោក អិុន លន អធិការរង​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា អ្នកស្រី សែម ធារី អាយុ​៣០ឆ្នាំ​ តាម​ចោទ​ថា បាន​យក​កាំភ្លើង​បាញ់​ប្តី​របស់​ខ្លួន​នៅ​ពេល​ប្តី​របស់​គាត់​នៅ​បន្ទាយ​កង​យោធពល​ខេមរភូមិន្ទ​ស្ថិត​ក្នុង​ត្រពាំងប្រាសាទ ដែល​គាត់​បាន​ឈរជើង​នៅ​ទី​នោះ។

លោក លន បាន​មាន​ប្រសាសន៍​ថា ស្ត្រី​រូប​នេះ​​បាន​បាញ់​បី​គ្រាប់​ ដោយ​មួយ​គ្រាប់​ត្រូវ​បុរស​ជា​ប្តី​​ឈ្មោះ ណែម វ៉ាង អាយុ​២៨ឆ្នាំ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ។ លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​ត្រូវ​មួយ​គ្រាប់​ដែល​ចូល​ពីក្រោម​ផ្ចិត ហើយ​ធ្លាយ​មក​កំប៉េះ​គូទ”។

លោក​បាន​បន្ថែម​ថា ដំបូង​លោក វ៉ាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប ដោយសារ​របួស​ធ្ងន់​ធ្ងរ​។

យោង​តាម​លោក លន បាន​ឲ្យ​ដឹង​ថា សាច់ញាតិ​ជន​រងគ្រោះ​បាន​ប្រាប់​នគរបាល​ថា ប្តី​ប្រពន្ធ​នេះ​​ឈ្លោះ​ប្រកែក​គ្នា​មិនសូវ​លោះ​ពេល​ឡើយ ដោយ​សារ​លោក វ៉ាង​ មាន​ស្រី​ច្រើន​ ហើយ​អ្នកស្រី​ ធារី បាន​ទៅ​កាន់​បន្ទាយ​ទាហាន​នោះ​ស្ថិត​ក្នុង​ឃុំ​ព្រះ​ប្រឡាយ បន្ទាប់ពី​ឮ​ថា​ប្តី​របស់​ខ្លួន​នៅ​ជាមួយ​ស្រី​ផ្សេង។

លោក​ លន បាន​មាន​ប្រសាសន៍​ថា មិន​មាន​សាក្សី​ឃើញ​ការ​បាញ់​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា គាត់​មាន​កំហឹង​យ៉ាង​ខ្លាំង​នៅ​ពេល​គាត់​ឃើញ​ប្តី​របស់​គាត់​នៅ​ជាមួយ​ស្រី​កំណាន់ ហើយ​​មិន​អាច​ទប់​កំហឹង​បាន។ ជំហាន​ដំបូង​យើង​សន្និដ្ឋាន​ថា ករណី​នេះ​កើត​ឡើង​ដោយសារ​​ការ​ប្រចណ្ឌ”។

លោក នៅសំ តារារិទ្ធ អភិបាលស្រុក​ត្រពាំងប្រាសាទ​​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា អ្នកស្រី​ ធារី បាន​រត់​គេច​ខ្លួនពីកន្លែងកើតហេតុ​ បន្ទាប់ពី​បាញ់​ប្តី​របស់​ខ្លួន ហើយ​កំពុង​រត់​គេច​ខ្លួន​នៅឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ស្វែង​រក​ជន​សង្ស័យ​រូប​នេះ​ហើយ”។

លោក នួន នៅ មេ​បញ្ជា​ការរង​យោធភូមិ​ភាគ៤នៃកងយោធពល​ខេមរភូមិន្ទ​​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ពី​ឧបទ្ទវហេតុ​នេះ ហើយ​បាន​បញ្ជាក់​ថា លោក វ៉ាង​​ ជា​កូន​ទាហាន​របស់​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា “វា​ជា​ជម្លោះ​ក្នុង​គ្រួសារ​ ។​ទុក​ឲ្យ​នគរ​បាល​ដោះស្រាយ​ករណី​នេះ”៕សារុន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស