33 C
Phnom Penh

អភិបាល​​​ខេត្ត​​​តាកែវ​​​យល់​​​ព្រម​​​បញ្ចប់​​​អាជ្ញាប័ណ្ណ​​​​​​សម្រាប់​​​សិទ្ធិផ្តាច់​​​មុខធ្វើ​​​ប្រតិបត្តិការ​​​ទី​​​សត្តឃាត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​​​ខេត្ត​​​តាកែវ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា លោក​​​នឹង​​​មិន​​​បន្ត​​​កិច្ច​​​សន្យា​​​​​​សម្រាប់​​​ក្រុមហ៊ុន​​​ឯកជន​​​មួយ​​​ដែល​​​មាន​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​ធ្វើ​​​ប្រតិបត្តិការ​​​លើ​​​ទី​​​សត្តឃាត​​​នានា​​​​​​ទូទាំង​​​​​​ខេត្ត​​​នេះ​​​ឡើយ បន្ទាប់ពី​​​ពេជ្ឈឃាត​​​ជ្រូក​​​​​មួយក្រុម​​​បាន​​​ធ្វើ​​​ញត្តិ​​​ជូន​​​អភិបាល​​​ក្រុង​​​ដូន​​​កែវ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

កាល​​​ពី​​​ឆ្នាំ​​​២០០២​​​ ក្រសួ​​​ងកសិកម្ម​​​បាន​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​ឲ្យ​​​ក្រុមហ៊ុន ហូយ ហ៊ាង (Hoy Hieng Company)​​​​​​ ធ្វើ​​​ប្រតិបត្តិការ​​​ទី​​​សត្តឃាត​​​ទាំង​​​អស់​​​ក្នុង​​​ខេត្ត​​​នេះ ធ្វើ​​​ឲ្យ​​​ក្រុម​​​ពេជ្ឈឃាត​​​ក្នុង​​​មូល​​​ដ្ឋាន​​​គ្មាន​​​ជម្រើស​​​​​​ក្រៅ​​​តែពី​​​ប្រើ​​​ប្រាស់​​​ទីសត្ត​​​ឃាត​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​។​​​

ប៉ុន្តែ ដោយ​​​អាជ្ញាប័ណ្ណ​​​នេះ​​​ត្រូវ​​​ផុត​​​សុពល​​​ភាព​​​នៅ​​​ថ្ងៃ​​​នេះ​​​ កាល​​​ពី​​​សប្តាហ៍មុន​​​ តំណាង​​​ក្រុម​​​អាជីវករ​​​ទីសត្តឃាត​​​​​​​​បាន​​​ធ្វើ​​​ញត្តិ​​​ជូន​​​លោក មុល វិចិត្រ​​​ អភិបាល​​​ក្រុង​​​​​​ដូន​​​កែវ​​​ ឲ្យ​​​លុប​​​ចោល​​​​​​អាជ្ញាប័ណ្ណ​​​នេះ​​​។

សំណើ​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​​​​បញ្ជូន​​​បន្ត​​​ទៅ​​​លោកអភិបាល​​​ខេត្ត​​​ ឡាយ វណ្ណៈ​​​ ដែល​​​បានមាន​​​ប្រសាសន៍​​​​​​កាល​​ពីម្សិលមិញ​​​ថា លោក​​​នឹង​​​មិន​​​បន្ត​​​អាជ្ញាប័ណ្ណ​​​របស់​​​ក្រុមហ៊ុន​​​ ហូយ ហ៊ាង​​​ ទេ​​​ ហើយ​​​ក៏​​​មិន​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​ឲ្យ​​​ពួក​​​គេ​​​គ្រប់​​​គ្រង​​​ទី​​​សត្តឃាត​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ដែរ​​​​​​នៅ​​​ពេល​​​អនាគត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​ផ្សេង​​​ៗ​​​ទៀត​​​ដេញ​​​ថ្លៃ​​​សម្រាប់​​​ការ​​​ងារ​​​នេះ​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា នៅពេល​​​ជ្រើស​​​រើស​​​ក្រុម​​​ហ៊ុន​​​ថ្មី​​​ដើម្បី​​​ជំនួស​​​ក្រុម​​​ហ៊ុន ហូយ ហ៊ាង ខេត្ត​​​នឹង​​​យក​​​ទុក្ខ​​​លំបាក​​​របស់​​​ក្រុម​​​ពេជ្ឈឃាត​​​ទៅពិចារណា។

ពីមុន​​​ពួកគាត់​​​​​​ធ្លាប់​​​ត្អូញ​​​ត្អែ​​​រ​​​ថា ទីសត្តឃាត​​​របស់​​​ក្រុមហ៊ុន ហូយ​​​ ហ៊ាង គ្មាន​​​អនាម័យ​​​  គ្មាន​​​អគ្គិសនីប្រើ​​​ប្រាស់​​​គ្រប់​​​គ្រាន់​​​ និង​​​ដំបូល​​​ទាប​​​ពេក​​​ធ្វើ​​​ឲ្យ​​​រំុ​​​ផ្សេង​​​។ ពួក​​​គាត់​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​​​​ថា ក្រុមហ៊ុន​​​យក​​​ថ្លៃ​​​ពី​​​ពួក​​​គាត់​​​សម្រាប់ការ​​​សម្លាប់​​​ជ្រូក​​​មួយ​​​ក្បាល​​​ ថ្លៃ​​​ជាង​​​តម្លៃ​​​ដែលមាន​​​ចែង​​​នៅ​​​ក្នុង​​​កិច្ច​​​សន្យា​​​។

លោក​​​ ឡាយ វណ្ណៈ បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​យល់​​​ស្រប​​​និង​​​គាំទ្រ​​​សំណើ​​​របស់​​​អាជីវករ​​​ទាំង​​​ស្រុង”។

លោក​​​ ប៊ុន សេង​​​លី អាយុ​​​៤៥​​​ឆ្នាំ​​​ជា​​​អាជីវករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អាជីវករ​​​ដែល​​​បាន​​​ចុះហត្ថលេខា​​​លើ​​​ញត្តិ​​​នេះ​​​ បាន​​​និយាយ​​​ថា លោក​​​ស្វាគមន៍​​​​​ការ​​​សម្រេច​​​របស់​​​លោក​​​អភិបាល​​​ខេត្ត​​​ក្នុង​​​ការ​​​បើក​​​ការ​​​ដេញ​​​ថ្លៃ​​​ ប៉ុន្តែ លុះ​​​ត្រា​​​តែ​​​ក្រុមហ៊ុនថ្មី​​​មាន​​​ឆន្ទៈ​​​ធ្វើ​​​ឲ្យ​​​ស្ថាន​​ភាព​​​ការ​​​ងារ​​​ល្អប្រសើរ​​​ឡើង​​​។

លោក​​​បាន​​​និយាយ​​​ទៀត​​​ថា “បើ​​​អាជ្ញាធរ​​​េខត្ត​​​​​​ គ្រាន់​​​តែ​​​យក​​​ក្រុមហ៊ុន​​​មួយ​​​មក​​​ជំនួស​​​ក្រុមហ៊ុន​​​ចាស់​​​ ហើយ​​​មិន​​​កែ​​​ប្រែ​​​អ្វី​​​ទាំង​​​អស់​​​នោះ​​​ យើង​​​នឹង​​​បន្ត​​​ធ្វើការ​​​តវ៉ា​​​”។លោក​​​បាន​​​និយាយ​​​បន្ត​​​ថា កាល​​​ពីឆ្នាំ​​​២០០២ ​​​មាន​​​អាជីវករ​​​តែ​​​បួន​​​ ឬ​​​ប្រាំនាក់​​​ប៉ុណ្ណោះ​​​នៅ​​​តាម​​​ទីសត្តឃាត​​​នីមួយ​​​ៗ ប៉ុន្តែ ពេល​​​នេះមាន​​​ដល់​​​ទៅ​​​៤០​​​នាក់​​​ឯណោះ​​​។

លោក​​​​បាន​​​លើក​​​ឡើង​​​ថា “តំបន់​​​នោះ​​​គួរ​​​ឲ្យ​​​ខ្ពើម​​​​​​ វា​​​កខ្វក់​​​។ បើ​​​អតិថិជន​​​ដឹង​​​ តើ​​​​​​ពួក​​​គេ​​​គិត​​​យ៉ាង​​​ណា​​​? អ្នក​​​ណា​​​បន្ត​​​ទិញ​​​សាច់​​​ជ្រូក​​​របស់​​​យើង​​​?”។

ចំណែក​​​ឯតំណាង​​​ក្រុមហ៊ុន ហូយ ហ៊ាង មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស