28.4 C
Phnom Penh

សាលាឧទ្ធរណ៍​​​ចោទប្រកាន់​​​បុរស​​​ប្រាំ​​​នាក់​​​ពី​បទ​ពាក់​​​ព័ន្ធ​​​ការ​​​លួច​​​ព្រះ​​​បរម​​​សារីរិក​ធាតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​​​ជាង​​​មួយ​​​ខែ​​​មក​​​ហើយ បន្ទាប់ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​បាន​​​ច្រានចោល​រឿង​ក្តី​​ប្រឆាំង​​​បុរស​​​ប្រាំ​​​នាក់​​​ដែល​​​បាន​​​ជាប់ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ជុំវិញ​​​ការ​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​ការ​​​បាត់​​​ព្រះ​​​បរម​​​សារីរិកធាតុ​​​ពី​​​ព្រះ​​​សក្យ​​​មុនី​​​ចេតិយ​​​នៅ​​​ភ្នំ​​​ឧដុង្គ​​​មក កាល​​​ពីម្សិលមិញ សាលាឧទ្ធរណ៍ បាន​​​ចោទប្រកាន់​​​លើ​​​ក្រុម​​​នេះ​​​ពី​​​បទ​​​ចោរកម្ម។

លោក ចោម ថៃ អាយុ​​​៥៧ឆ្នាំ​​​ សៀង សារិន អាយុ​​​៥៨ឆ្នាំ និង​​​ កា សាក់ អាយុ​​​៤៧ឆ្នាំ​​​ ជា​​​សន្តិ​​​សុខ​​​យាម​​​សក្យ​​​មុនី​​​ចេតិយ លោក ផា សុខែម អាយុ​​​៥៩ឆ្នាំ​​​ជា​​​ប្រធាន​​​សន្តិសុខ និង​​​ កាន់ សុភក្ត្រ អាយុ​​​៣៩ឆ្នាំ​​​ ជា​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប ត្រូវ​​​បាន​​​ឃុំខ្លួន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​កណ្តាល​​​បន្ទាប់ពី​​​បាត់​​​ព្រះ​​​បរម​​​សារីរិកធាតុ​​​កាលពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន។

កាលពី​​​ខែ​​​កុម្ភៈ នគរបាល​​​បាន​​​រក​​​ឃើញ​​​ព្រះ​​​បរម​​​សារីរិកធាតុ​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​លោក កែវ រស្មី​​​ ជា​​​កសិករ​​​រស់នៅ​​​ខេត្ត​​​តាកែវ ដែល​​​បាន​​​សារ​​​ភាព​​​ថា ជា​​​អ្នក​​​លួច ហើយ​​​បន្ទាប់មក ត្រូវ​​​បាន​​​ចោទ​ប្រកាន់ ហើយ​​​ឃុំខ្លួន​​​ក្នុង​​​ពន្ធនាគារ។ ចាប់តាំង​​​ពី​ពេល​នោះ​​​មក​​​​​​ព្រះបរមសារីរិកធាតុ​​​ត្រូ​​​វ​បាន​​​យក​​​មក​​​តម្កល់​​​នៅ​ក្នុង​​​ព្រះ​បរម​​​រាជ​​​វាំង។

កាលពី​​​ថ្ងៃ​ទី​​​២០​​​ខែ​វិច្ឆិកា លោក លឹម សុគន្ថា ចៅក្រម​​​ស៊ើប​​​សួរ​​​​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​​​​បាន​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​បុរស​​​ទាំង​​​៥នាក់នេះ ប៉ុន្តែ​​​ លោក សម រិទ្ធីវាសនា ព្រះ​​​រាជ​​​អាជ្ញា​រង​​​​​​បាន​​​ជំទាស់​​​​​​សេចក្តី​​​សម្រេច​​​នេះ ខណៈ​ដែល​​​បុរស​​​ទាំង​​​នេះ​​​នៅ​ក្នុង​​​ពន្ធនាគារ​​​នៅឡើយ។

លោក សេង ស៊ីវុត្ថា ចៅក្រម​​​​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំជម្រះ​​​សាលាឧទ្ធរណ៍ បាន​មាន​​​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​​​ថា រឿង​​​ក្តី​​​របស់​​​ពួកគេ​​​​​​នឹង​​​ត្រូវ​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ ប៉ុន្តែ​​​មិន​​​បាន​​​លើក​​​ឡើង​​​ថា តើ​​​តុលាការ​​​មាន​​​ភ័ស្តុ​តាង​​​អ្វី​​​ដើម្បី​ដាក់​បន្ទុក​​​លើ​​​ចុង​​​ចោទ​​​នោះ​ឡើយ។

លោក ស៊ីវុត្ថា​​​ បាន​​​មាន​​​ប្រសាសន៍​ថា “យើង​​​បាន​​​សម្រេច​​​​​​ចោទប្រកាន់​​ពួកគេ”។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំងនេះ​​​ប្រឈម​​​ការ​​​ចោទ​ប្រកាន់​ពី​​​បទ​​​ចោរកម្ម។

លោក តាន់ សេណារ៉ុង ព្រះរាជ​​​អាជ្ញា​​​នៅ​​​សាលា​​​ឧទ្ធរណ៍​​​បាន​មាន​​​ប្រសាសន៍​ថា ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​មិន​​​ត្រូវ​​​បាន​ដោះ​លែង​​​ពី​​​ពន្ធនាគារ​​​ភ្លាមៗ​​​បន្ទាប់ពី​​​ការ​​​លើកលែង​​​ការ​​​ចោទ​ប្រកាន់​ទេ ពីព្រោះ​​​មាន​​​ភ័ស្តុ​តាង​​​ភ្ជាប់​ពួកគេ​​​ទៅ​​​នឹង​​​បទ​​​ឧក្រិដ្ឋ។

លោក​​​បាន​មាន​​​ប្រសាសន៍​ថា “មាន​​​ស្នាម​​​ជើង និង​​​មាន​​​ដៃ​​​ជន​​​ទាំង​​​នេះ​​​ជាប់​នៅ​លើ​​​កម្រាល ទ្វារ និង​​​ជញ្ជាំង​​​សក្យមុនីចេតិយ។ ពួកគេ​​​មិន​​​មាន​​​សិទ្ធិ​ចូល​ទៅ​​​ក្នុង​​​ព្រះសក្យ​មុនី​ចេតិយទេ ពីព្រោះ​​​ពួកគេ​​​យាម​នៅ​ខាង​ក្រៅ​​​តែប៉ុណ្ណោះ”។

លោក សឿង ពិសិដ្ឋ មេធាវី​​​តំណាង​​​អ្នក​​​ទាំង​​​ប្រាំ​នាក់​​​​​​មិន​អាច​​​ទាក់ទង​​​សុំ​អត្ថាធិប្បាយ​​​បានទេ។

នៅ​ក្នុង​​​បរិវេណ​​​សាលាឧទ្ធរណ៍​​​កាលពី​​​ម្សិលមិញ លោក សុខែម ប្រធាន​​​សន្តិសុខ​​​​​​នៅ​​​សក្យមុនីចេតិយ​​​បាន​​​អះ​​​អាង​​​ថា លោក​​​មិន​​​មានទោស​​​ទេ ហើយ​​​បាន​​​អះ​​​អាង​​​ថា លោក​​​មិន​​​បាន​​​ឃុប​​​ឃិត​​​ជាមួយ​​​លោក រស្មី ជា​​​កសិករ​​​នោះ​​​ទេ។

លោក​​​បាន​​​និយាយ​​​ថា “វា​​​អយុត្តិ​​​ធម៌​​​ណាស់​​​សម្រាប់​​​ពួក​​​យើង ពីព្រោះ​​​យើង​​​មិន​​​បាន​ជាប់​ពាក់ព័ន្ធ​​​ក្នុង​​​ការ​​​លួច​​​ព្រះ​​​បរម​​​សារីរិក​​​ធាតុ​​​ទេ”។

អ្នកស្រី សុខ ខេង អាយុ​​​៤១ឆ្នាំ ជា​​​ប្រពន្ធ​​​របស់​​​ កា សាក់ ជា​​​ជន​​​សង្ស័យ​​​ម្នាក់ទៀត​​​​​​បាន​​​និយាយ​​​ថា តុលាការ​​​គួរ​​​ដោះលែង​​​អ្នក​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ ពីព្រោះ លោក រស្មី បាន​​​សារភាព​​​ថា ជា​​​អ្នក​​លួច​​​រួចហើយ ហើយ​​​ថា គាត់​បាន​​​ធ្វើ​​​សកម្មភាព​​​តែ​​​ម្នាក់ឯង។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “ពួកគេ​​​​​​គ្មាន​​​ទោស​​​ទេ​​​ ហើយ​​​អ្នក​​​លួច​​​ក៏​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ដែរ”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស