TAG
paywall
នៅទីបំផុត ការតវ៉ានៅរោងចក្រកាត់ដេរមួយកន្លែងក្នុងខេត្តកណ្តាលបញ្ចប់ ក្រោយពីយល់គ្នា
ការធ្វើកូដកម្មមួយរបស់កម្មករកាត់ដេរក្នុងខេត្តកណ្តាលដែលបានបន្តអស់រយ:ពេលជាងមួយសប្តាហ៍ ដោយសារតែការយល់ច្រឡំរវាងគណ:គ្រប់គ្រងរោងចក្រ និងកម្មករនោះ បានបញ្ចប់កាលពីថ្ងៃសៅរ៍ នេះបើតាមការលើកឡើងរបស់អ្នកតំណាងសហជីព និងគណ:គ្រប់គ្រងរោងចក្រ។
យោងតាមលោក មាស សំណាងអ្នកតំណាងសហជីពសេរីកម្មករប្រចាំនៅរោងចក្រ ថៃ យ៉ាង ក្នុងស្រុងអង្គស្នួល បានឲ្យដឹងថា កម្មករបានធ្វើការតវ៉ាតាំងពីថ្ងៃទី៤ខែឧសភាមកម្លេ៉ះ ដោយសារតែពួកគេគិតថា រោងចក្រ ថៃ យ៉ាង បានប្តូរឈ្មោះរបស់ខ្លួន និងមានការព្រួយបារម្ភអំពីការបាត់បង់ប្រាក់បំណាច់ការងាររបស់ខ្លួន។ លោក មាស សំណាង បានមានប្រសាសន៍ថា “ខ្ញុំបានព្យាយាមប្រាប់កម្មករហើយថា ម្ចាស់រោងចក្រមិនបានផ្លាស់ប្តូរអ្វីទេ ប៉ុន្តែពួកគាត់មិនស្តាប់ការបកស្រាយរបស់ខ្ញុំឡើយ”។
លោកបានបន្តថា ការតវ៉ានេះមានកម្មករមួយចំនួនបានដើរក្បួនប្រវែងមួយគីឡូម៉ែត្រកាលពីថ្ងៃសៅរ៍ ដើម្បីជួបជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជាមួយរូប ដែលបានចុះទៅទីនោះ ហើយក៏បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួន។
លោក វូ លីងហួ នាយកគ្រប់គ្រងនៅរោងចក្រ ថៃ យ៉ាង បានបំភ្លឺថា គ្មានការផ្លាស់ប្តូរឈ្មោះទេ ប៉ុន្តែក្រុមហ៊ុនមេរបស់រោងចក្រនេះបានបើករោងចក្រមួយទៀតនៅក្បែរនោះកាលពីឆ្នាំ២០១០ ដោយដាក់ឈ្មោះថា ថៃ ណាន ដែលប្រហែលជាដើមហេតុបង្កឲ្យមានការយល់ច្រឡំនេះ។
លោក វូ លីងហួ បានលើកឡើងថា “យើងអាចធានាបានថា ប្រាក់បំណាច់ការងាររបស់ពួកគាត់នឹងមិនបាត់សូម្បីតែមួយសេន”។ លោកបន្តថា ក្រុមមន្ត្រីមកពីក្រសួងការងារបានពន្យល់ពីស្ថានភាពនេះប្រាប់កម្មករកាលពីថ្ងៃសៅរ៍ ហើយពេលនេះការយល់ច្រឡំនេះត្រូវបានដោះស្រាយហើយ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា កង្វះការចរចា និងការមិនទុកចិត្តគ្នារវាងកម្មករ និងគណ:គ្រប់គ្រងរោងចក្រ បណ្តាលឲ្យមានជម្លោះកើតឡើងជាញឹកញាប់៕
ប្រែសម្រួលដោយ តែម សុខុម
គណបក្សប្រឆាំងស្នើសុំធ្វើការតវ៉ាចំពោះការផ្តាច់ចរន្តអគ្គិសនីញឹកញាប់នៅក្នុងខេត្តកំពង់ធំ
អាជ្ញាធរខេត្តកំពង់ធំបានបដិសេធសំណើរបស់គណបក្ស សម រង្ស៊ី សុំធ្វើបាតុកម្មអហិង្សាមួយ ដើម្បីទាញចំណាប់អារម្មណ៍ចំពោះការកាត់ផ្ដាច់ចរន្ដអគ្គិសនីជាញឹកញាប់ ដែលបានធ្វើឲ្យមានការលំបាកនៅក្នុងខេត្តអស់រយៈពេលជិតពីរខែមកហើយ។
លោក ម៉ែន សុថាវរិន សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ប្រចាំមណ្ឌលកំពង់ធំបានមានប្រសាសន៍ថា គណបក្សរបស់លោកបានទទួលបណ្ដឹងពីអ្នកភូមិនៅក្នុងឃុំមួយ ដែលមានការកាត់ផ្ដាច់ចរន្ដអគ្គិសនីរហូតដល់ទៅចំនួន២៦ដងក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។
លោកបានឲ្យដឹងថា នៅទូទាំងខេត្ត អ្នកភូមិជាច្រើននាក់បានជួបប្រទះនឹងចរន្ដអគ្គិសនីរអាក់រអួលអស់រយៈពេលជាងមួយខែកន្លងមកហើយ រួមទាំងទីស្នាក់ការខេត្តរបស់គណបក្សប្រឆាំងផងដែរ។
លោកបានបន្ថែមថា លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំបានបដិសេធសំណើរបស់គណបក្សប្រឆាំងសុំធ្វើបាតុកម្មអហិង្សាមួយ តវ៉ានឹងក្រុមហ៊ុនផ្គត់ផ្គង់ចរន្ដអគ្គិសនីក្នុងខេត្ត គឺក្រុមហ៊ុន ប៊ីវីស៊ី (BVC) ដែលបានទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមដើម្បីផ្គត់ផ្គង់ខេត្តនេះ។
លោក សោម សុផាត អភិបាលរងខេត្តបានបញ្ជាក់ថា លោកបានទទួលសំណើសុំធ្វើបាតុកម្មនេះ។ លោកបានមានប្រសាសន៍ថា លោកបានស្នើសុំឲ្យគណបក្ស សម រង្ស៊ី ពន្យារពេលធ្វើបាតុកម្ម រហូតដល់ក្រោយការបោះឆ្នោតឃុំ-សង្កាត់នាថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ ពីព្រោះក្រុមហ៊ុន ប៊ីវីស៊ី បានសន្យាបំពាក់ម៉ាស៊ីនភ្លើងថ្មីៗ ដើម្បីធានាឲ្យអ្នកភូមិមានអគ្គិសនីប្រើប្រាស់ រហូតដល់ដំណាច់ខែឧសភានេះ។
លោក សោម សុផាត ឲ្យដឹងថា “ យើងបានស្នើសុំឲ្យគណបក្ស សម រង្ស៊ី ផ្អាកការធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុន ប៊ីវីស៊ី សិន ខណៈពេលក្រុមហ៊ុននេះជួបពិភាក្សាគ្នាអំពីការដាក់ម៉ាស៊ីនភ្លើងមួយគ្រឿងជំនួសម៉ាស៊ីនភ្លើងចាស់ ដែលបានខូចទៅហើយនោះ”។
លោកបានមានប្រសាសន៍ថា គណបក្ស សម រង្ស៊ី យល់ព្រមពន្យារពេលធ្វើបាតុកម្មនោះហើយ ដើម្បីទុកពេលឲ្យក្រុមហ៊ុនដាក់ម៉ាស៊ីនថ្មីជំនួសម៉ាស៊ីនចាស់របស់ខ្លួន។ លោកបានមានប្រសាសន៍ថា ប្រសិនបើនៅតែគ្មានដំណោះស្រាយទេនោះ យើងនឹងធ្វើការតវ៉ាជាមិនខាន។
លោកបានមានប្រសាសន៍ថា “ យើងនឹងដឹកនាំធ្វើបាតុកម្មនៅពេលណាមួយ ប្រសិនបើពួកគេមិនដោះស្រាយបញ្ហានេះ”។ លោក ហ៊ុយ ថោ ប្រធានភូមិក្នុងសង្កាត់ កំពង់ធំ ក្រុងស្ទឹងសែនបាននិយាយថា ចរន្ដអគ្គិសនីរអាក់រអួលកំពុងតែធ្វើឲ្យប៉ះពាល់ដល់អ្នកភូមិយ៉ាងខ្លាំងចាប់តាំងពីដើមខែមេសាកន្លងមក។ លោកបាននិយាយថា “ ភ្លើងដាច់ជិតពីរខែកន្លងមកហើយ ហើយវាធ្វើឲ្យមានការលំបាកដល់ការរស់នៅក្នុងភូមិរបស់ខ្ញុំ ដោយសារគ្មានភ្លើងប្រើ”៕
ប្រែសម្រួលដោយ ហួង កុកទៀន
ទំហំចំណាយលើគោលនយោបាយធានារ៉ាប់រងផ្នែកអគ្គិភ័យកើនឡើងក្នុងវិស័យកាត់ដេរនៅកម្ពុជា
ក្រុមឈ្មួញកណ្តាលបាននិយាយថា ទំហំចំណាយក្រុមហ៊ុនធនារ៉ាប់រងនៅក្នុងស្រុក បានបញ្ចេញ កាលពីឆ្នាំមុនទៅឲ្យរោងចក្រកាត់ដេរចំនួនពីរ និងទៅលើមហន្តរាយធម្មជាតិក្នុងតំបន់ បានកើនឡើងខ្ពស់ ដោយសារតែគោលនយោបាយធានារ៉ាប់រងផ្នែកអគ្គិភ័យឆាបឆេះអគាររោងចក្រកាត់ដេរនៅប្រទេសកម្ពុជា។
លោក ទី អាទិត្យ ជំនួយការប្រធានសមាគមធានារ៉ាប់រងទូទៅនៅកម្ពុជា បានថ្លែងថា ចំនួនទឹកប្រាក់ដែលត្រូវបានចំណាយក្នុងវិស័យធានារ៉ាប់រងផ្នែកអគ្គិភ័យនៅកម្ពុជា កាលពីឆ្នាំមុនមានប្រហែល២៤លានដុល្លារ ហើយចំនួនទឹកប្រាក់ទាំងនេះត្រូវបានដកចេញយកទៅចំណាយ ពី២៩,៧លានដុល្លារដែលជាចំនួនទឹកប្រាក់ចំណូលសរុប។
លោក ទី អាទិត្យ បានថ្លែងថា ទំហំទឹកប្រាក់ដ៏ច្រើននេះត្រូវបានចំណាយទៅលើម្ចាស់រោងចក្រមិថុនា (June Textile) នៅក្នុងរាជធានីភ្នំពេញ និងរោងចក្រ រីវវើរីជ ធិកថាយ...
CPPអួតអាងថា មានការចុះចូលយ៉ាងច្រើននៅជិតពេលបោះឆ្នោត
នៅសល់ពេលតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះមុនការបោះឆ្នោតឃុំ-សង្កាត់ ចូលមកដល់ មានសមាជិករបស់គណបក្សប្រឆាំង និងក្រុមយុវជនទើបតែដល់អាយុបោះឆ្នោតលើកដំបូងចំនួនជាង៥.០០០នាក់ បាននាំគ្នាចេញមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃសៅរ៍ ដើម្បីបញ្ជាក់អំពីការគាំទ្ររបស់ពួកគេចំពោះគណបក្ស ដែលកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានទទួលអំណោយនៅក្នុងពិធីដ៏ធំមួយនៅក្នុងខេត្តកំពង់ចាម ដែលមានលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ជាអធិបត។
លោក នាង ណារិន អធិការរងនគរបាលស្រុកបាធាយ ជាកន្លែងបើកប្រារព្ធពិធីបានឲ្យដឹងថា ក្នុងឱកាសនេះ គេឃើញមានសមាជិកចំនួន៥.០៥៨នាក់មកពីគណបក្សនយោបាយនានា បានចុះចូលគណបក្សប្រជាជនកម្ពុជា។
លោក នាង ណារិន បានលើកឡើងថា “ លោក ហោ ណាំហុង បានមានប្រសាសន៍ទៅកាន់ក្រុមមនុស្សទាំងនោះ ព្រមទាំងបានចែកអំណោយជា ឲ្យប្រជាពលរដ្ឋ។
លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាមដែលជាបងប្រុសរបស់លោក ហ៊ុន សែន ក៏បានទទួលស្វាគមន៍ក្រុមអ្នកគាំទ្រថ្មីៗរបស់គណបក្សរបស់លោក ដោយផ្ទាល់ដែរ។ លោក ហ៊ុន ណេង បានមានប្រសាសន៍ថា “ មានការចុះចូលជាច្រើនពីគ្រប់ស្រុក-ក្រុង នៅក្នុងខេត្តកំពង់ចាម” ដោយលោកកត់សម្គាល់ថា ក្រុមអ្នកចុះចូលបានចេញមកពីគណបក្ស សម រង្ស៊ី គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ។
លោកបានបន្ថែមទៀតថា “ ក្រុមអ្នកចុះចូលភាគច្រើនបានមកចូលរួមជាមួយ កាលពីពីរ ឬបី ខែមុននេះ ប៉ុន្តែឥឡូវនេះយើងគ្រាន់តែមានឱកាសប្រារព្ធពិធីទទួលយកអ្នកចុះចូលដ៏ធំមួយតែប៉ុណ្ណោះ”។ ខណៈដែលពាក្យថា “ ចុះចូល”...
ចង់ឲ្យរាជធានីភ្នំពេញ មាន សោភ័ណភាពស្រស់ស្អាត សូមស្ដាប់យោបល់សិស្សានុសិស្ស
ការធ្វើឲ្យមានទីវាលស្មៅខៀវស្រងាត់ច្រើន ការកាត់បន្ថយការបំពុលបរិយាកាសពង្រឹងការគ្រប់គ្រង និងកែឆ្នៃកាកសំណល់និងការទទួលទានអាហារប្រកបដោយអនាម័យខ្ពស់ គឺជាប្រធានបទសំខាន់ៗ ដែលបានលើកយកមកពិភាក្សាជាមួយលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក្នុងវេទិកានិយាយអំពីការអភិវឌ្ឍប្រកបដោយចីរភាពកាលពីថ្ងៃសៅរ៍។
ទោះបីជាមានអង្គការក្រៅរដ្ឋាភិបាលរាប់ពាន់បានចុះបញ្ជីធ្វើសកម្មភាពនៅកម្ពុជាទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដោយ ក៏វេទិកាស្តីពីការអភិវឌ្ឍកាលពីថ្ងៃសៅរ៍ មានការខុសប្លែកជាងលើកមុនៗ។
ជាជាងវេទិកា ដែលមានការចូលរួម ដោយបុគ្គលិករបស់អង្គការសហប្រជាជាតិ ដែលពាក់អាវធំ ក្រវាត់ក និងមានតំណាងរបស់អង្គការក្រៅរដ្ឋាភិបាល បានអ្នកចូលរួមក្នុងវេទិកាស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព កាលពីថ្ងៃសៅរ៍នោះ គឺមានសិស្សានុសិស្សចំនួន៤៥០នាក់ មកពីបណ្តាសាលារៀននៅក្នុងរាជធានីភ្នំពេញ បានពិភាក្សាគ្នាអំពីវិធីធ្វើយ៉ាងណាឲ្យទីក្រុងមានសោភ័ណភាពស្រស់ស្អាត ។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់សិស្សានុសិស្ស ដែលចូលរួមវេទិកាស្ដីពីបរិស្ថាន និងមនុស្សដែលរៀបចំដោយសាលាភាសាបារាំង នៅក្នុងរាជធានីភ្នំពេញ លីសេ រឺណេដេកាត (Lycee Francais Rene Descartes) ជាផ្នែកមួយនៃការផ្ដួចផ្ដើមគំនិតដោយទីភ្នាក់ងារសម្រាប់បង្រៀនភាសាបារំាងនៅឯបរទេសថា “ថ្ងៃនេះ អ្នកទាំងអស់គ្នានឹងអាចដោះស្រាយបញ្ហាមួយចំនួនក្នុងរាជធានីភ្នំពេញបាន”។
លោកអភិបាលបានមានប្រសាសន៍ក្នុងពេលបើកវេទិកាថា “យើងដឹងហើយថា រដ្ឋាភិបាលមានភារកិច្ចទទួលខុសត្រូវលើអាយុជីវិតរបស់យើងទាំងអស់គ្នា។ ប្រសិនបើគ្មានរដ្ឋាភិបាលល្អទេ យើងប្រាកដជាពិបាករស់នៅហើយ។ ខ្ញុំសប្បាយចិត្តណាស់ ដែលអ្នកទាំងអស់គ្នា ចាប់ផ្ដើមមានការគិតអំពីបញ្ហាទាំងអស់នេះ ទាំងនៅវ័យក្មេងដូច្នេះ”។
ខណៈពេលអ្នកភូមិ ដែលរងភាពអយុត្តិធម៌ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកតវ៉ាមកពីសហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា ទទូចសុំឲ្យលោក កែប ជុតិមា យកចិត្តទុកដាក់លើការទាមទាររបស់ពួកគាត់ ដែលតែងតែបរាជ័យនោះ លោកអភិបាលបានសន្យាថា យ៉ាងហោចណាស់ លោកបានត្រៀមខ្លួនស្ដាប់ការផ្ដល់គំនិតរបស់ពួកគេ។
លោក បានមានប្រសាសន៍ថា “ខ្ញុំនឹងអាន ព្រមទាំងវិភាគអំពីលទ្ធផលរបស់អ្នកទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចទទួលយកគំនិតអ្នកទាំងអស់គ្នាមកអនុវត្តក្នុងរាជធានី”។
សិស្សានុសិស្សមានអាយុចន្លោះពី១០ឆ្នាំនិង១៥ឆ្នាំ ចំនួន៤៥០នាក់មកពីសាលាភាសាបារាំង រឺណេ ដឺកាត វិទ្យាល័យព្រះសីុសុវតិ្ថ សាលាបថមសិក្សាព្រះនរោត្តម សាលាអន្តរជាតិសុីអាយអេ (Cambodian InternationalAcademy) វិទ្យាល័យបឹងកេងកង ព្រមទាំងសិស្សានុសិស្សខ្វះលទ្ធភាព ដែលជាសិស្សពិការមកពីសាលារបស់អង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត។ ហើយទោះបីជាពួកគេនៅក្មេងក៏ដោយ ក៏ការផ្ដល់គំនិតរបស់ពួកគេ ជូនលោក ជុតិមា ស្ដីពីវិធីដែលលោកអាចធ្វើឲ្យជីវិតក្នុងរាជធានីភ្នំពេញបានប្រសើរឡើងនោះ មានលក្ខណៈស្រួចស្រាវដែរ។
នៅពេលសួរថា តើពួកគេអាចផ្តល់យោបល់ដល់លោកអភិបាលឲ្យកែប្រែរាជធានីដោយរបៀបណានោះ សិស្សានុសិស្សមកពីសាលាអន្តរជាតិសុីអាយអេ បានឆ្លើយតបស្ទើរតែមិនចង់ ដកដង្ហើមឡើយ។
កុមារឈ្មោះ ផុន កែវស៊ុនលី អាយុ១១ឆ្នាំ បានឆ្លើយថា “ខ្ញុំនឹងប្រាប់គាត់ឲ្យធ្វើផ្លូវចាក់បេតុង”។ កុមារ ឈ្មោះ វីជីង សេរី អាយុ១២ឆ្នាំ បានឆ្លើយថា “ខ្ញុំនឹងប្រាប់គាត់ឲ្យដាំដើមឈើឲ្យបានច្រើន”។ កុមារឈ្មោះ លីហ្សា ខៀវ ក្រិតិកា អាយុ១១ឆ្នាំ បានឆ្លើយថា “ខ្ញុំគិតថា ប្រព័ន្ធលូទឹកស្អុយគួរតែកែលម្អ ពីព្រោះទឹកភ្លៀងលិចផ្លូវច្រើនណាស់”។ កុមារឈ្មោះ ហៃ ដែត រតនៈមុនីនាថ អាយុ១០ឆ្នាំ មកពីសាលាបឋមសិក្សា ព្រះនរោត្តមបានបន្ថែមថា “ បញ្ហាគឺថាពលរដ្ឋចោលសំរាមនៅតាមដងផ្លូវ”។
សិស្ស បេត សុភា អាយុ១៤ឆ្នាំ ដែលមកពីអង្គការភូមិកុមារសិអាមេត្រីភ្នំពេញជាអង្គការផ្ដល់ចំណីអាហារទៅឲ្យក្មេងៗ ដែលមកពីគ្រួសារក្រីក្របាននិយាយថា “ថ្ងៃនេះ ខ្ញុំរៀនអំពី ពេលជិះមូ៉តូត្រូវតែពាក់មួកសុវត្ថិភាពនិងខ្ញុំរៀនអំពីរុក្ខជាតិ ហើយប្រសិនបើយើងញ៉ាំអាហារពេលព្រឹក យើងត្រូវតែលាងដៃឲ្យស្អាតជាមុនសិន”។
សិស្ស គឹម សុច្ចលីដា អាយុ១៤ឆ្នាំមកពីអនុវិទ្យាល័យ បឹងកេងកងបាននិយាយថា “ខ្ញុំរៀនអំពីការញ៉ាំអាហារមានអនាម័យ។ ខ្ញុំចង់ឲ្យលោកអភិបាលរាជធានី យកចិត្តទុកដាក់អំពីបន្លែ ពីព្រោះបន្លែទាំងនោះពោរពេញទៅដោយសារធាតុគីមី ហើយវាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង និងការបំពុលបរិយាកាស ក្នុងរាជធានីភ្នំពេញ គឺមានសភាពធ្ងន់ធ្ងរណាស់”។
បន្ទាប់ពីបើកពិធី ដែលមានការចូលរួមដោយលោក គ្រីស្យង់ កូណង់ (Christian Connan) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំាប្រទេសកម្ពុជា មានក្មេងៗរាប់រយនាក់ ចែកជាក្រុមពិភាក្សាជាច្រើនខុសៗគ្នាតាមភាសា ហើយបានបញ្ជូនក្រុមនីមួយៗឲ្យចូលរួមក្នុងសកម្មភាពជាច្រើន ទៅតាមបញ្ជរព័ត៌មានផ្សេងៗ ដែលរៀបចំដោយអង្គការមនុស្សធម៌ នៅតាមទីធ្លាសាលា រៀន។
នៅក្នុងបញ្ជររបស់អង្គការជនពិការអន្ដរជាតិពួកគេរៀនអំពីស្លាកសញ្ញាចរាចរណ៍ហើយនៅក្នុងបញ្ជរផ្សេងៗទៀត ពួកគេរៀនអំពីរបស់របរស្អុយរលួយ ដែលជាទីជម្រករបស់មូសខ្លា ហើយនិងអំពីរបៀបដែលរុក្ខជាតិ បញ្ចេញអុកស៊ីសែន។ ក្មេងៗចូលរួមក្នុងសិក្ខាសាលាមួយដែលនិយាយភាសាចម្រុះមានដូចជា ភាសាខ្មែរ...
ការស្ទង់មតិ ៖ ពលរដ្ឋកម្ពុជាជឿថា មន្ត្រីមួយចំនួនតូចពុករលួយ
ការស្ទង់មតិថ្មីមួយ ទៅលើមតិសាធារណជនដោយវិទ្យាស្ថានអន្តរជាតិរបស់គណបក្សសាធារណរដ្ឋអាមេរិកបានរកឃើញថាពលរដ្ឋកម្ពុជាប្រហែល៥០ភាគរយជឿថា មានតែមន្ត្រីមួយចំនួនតូចប៉ុណ្ណោះ នៅក្នុងស្ថាប័នរបស់រដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ប្រព្រឹត្តអំពើពុករលួួយ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) ដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោនជាមួយមនុស្សចំនួន២.០០០នាក់នៅក្នុងខេត្តក្រុងទាំង២៤ របស់ប្រទេសកម្ពុជា រវាងខែវិច្ឆិកា និងខែធ្នូឆ្នាំ២០១១។
ឆ្លើយតបទៅនឹងសំណួរថា “ តើអ្នកគិតថា អំពើពុករលួយ និងការទទួលសំណូកក្នុងជួររដ្ឋាភិបាលថ្នាក់មូលដ្ឋាននិងថ្នាក់ក្រុង និងរដ្ឋាភិបាលថ្នាក់ជាតិក្នុងរាជធានីភ្នំពេញរីករាលដាលឬយ៉ាងណានោះ?” មានអ្នកឆ្លើយតបចំនួន៥៤ភាគរយ បានឆ្លើយថា មានមន្ត្រីតែមួយចំនួនតូចប៉ុណ្ណោះ នៅថ្នាក់មូលដ្ឋានប្រព្រឹត្តអំពើពុករលួយ និង៤៨ភាគរយនិយាយថា មានអំពើពុករលួយតិចតួចនៅថ្នាក់ជាតិ។
យោងតាមការស្ទង់មតិរបស់IRIបានឲ្យដឹងថា១៦ភាគរយក្នុងចំណោមអ្នកដែលត្រូវបានសម្ភាស បានលើកឡើងថា សឹងតែគ្មានមន្ត្រីប្រព្រឹត្តអំពើពុករលួយនៅថ្នាក់មូលដ្ឋាន និង១៦ភាគរយបានឆ្លើយថាសឹងតែគ្មានអំពើពុករលួយនៅថ្នាក់ជាតិឡើយ។
ពេលសួរសំណួរទៀតថា តើពួកគេធ្លាប់បានឃើញសកម្មភាពពុករលួយ ឬការទទួលសំណូករបស់មន្ត្រីណាម្នាក់ក្នុងរយៈពេល៦ខែមុននេះឬយ៉ាងណានោះមាន៨៥ភាគរយចំណោមអ្នកដែលត្រូវបានស្ទង់មតិឆ្លើយថាគ្មានទេ និងសួរសំណួរដដែលនេះ អំពីមន្ត្រីនគរបាល មាន៧១ភាគរយឆ្លើយថាគ្មានទេ។
ទោះជាយ៉ាងនេះក្តី នៅពេលមានចម្លើយផ្សេងៗគ្នាទៅនឹងសំណួរអំពីអំពើពុករលួយដោយសារតែការយល់ដឹងផ្សេងៗគ្នា អ្នកចេះដឹងភាគច្រើន បានមើលឃើញអំពើពុករលួយជាងអ្នកដែលចេះតិចតួច។ លោកស្រីមួរសុខហួរសមាជិកសភាមកពីគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថាលទ្ធផលនៃការស្ទង់មតិនេះ មិនអាចទទួលយកបានឡើយ។លោក ស្រី សុខហួរ បានថ្លែងថា “កន្លងមកការស្ទង់មតិរបស់ IRI មិនត្រឹម
ត្រូវសោះឡើយ”។លោកស្រីបានថ្លែងថា“យើងបានប្រាប់ពួកគេថា វានឹងប៉ះពាល់ដល់ភាពត្រឹមត្រូវ”។ លោកស្រីបានពន្យល់ថាគណបក្សរបស់លោកស្រី បានព្រមានIRIថា អ្នកឆ្លើយតបទៅនឹងសំណួរស្ទង់មតិនេះជារឿយៗមិននិយាយត្រង់ៗអំពីប្រធានបទដ៏រសើបនេះទេ។ លោកស្រីបានសួរថា“គ្រប់កន្លែងដែលអ្នកចុះទៅ ប្រធានភូមិនៅទីនោះតាមស្តាប់អ្នករហូត តើអ្នកអាចប្រើ ព័ត៌មានដូច្នេះដែរទេ?”។
លោកស្រីពង់ឈីវហ្គិចប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងថាដោយមិនគិតអំពីអ្វីដែល IRI បានរកឃើញនៅក្នុងការស្ទង់មតិរបស់ខ្លួននោះ អំពើពុករលួយនៅតែជាបញ្ហាធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។ លោកស្រីឈីវហ្គិច បានថ្លែងថា “វាស្តែងឲ្យឃើញថាអ្នកមិនចេះអក្សរ ដែលងាយរងគ្រោះមិនហ៊ាននិយាយការពិតនៅចំពោះមុខមន្ត្រីមូលដ្ឋានឡើយ”។
ការស្ទង់មតិនេះ ក៏បានរាប់បញ្ចូលសំណួរអំពីការចុះឈ្មោះបោះឆ្នោត បទល្មើស និងសាលាក្តីកាត់ទោសខ្មែរក្រហមផងដែរប៉ុន្តែលើកឡើងតែម្យ៉ាងប៉ុណ្ណោះ ដែលមិនមែនជាសំណួរសំដៅដល់បញ្ហាដីធ្លី មាន២១ភាគរយនៃអ្នកដែលបានគិតថាប្រទេសនេះដើរតាមផ្លូវខុស លើកឡើងអំពីការចាប់យកដី...
ពាក្យបណ្ដឹងជាច្រើនជំរុញឲ្យបេសកកម្មរបស់បេសកជនអង្គការសហប្រជាជាតិមានសន្ទុះខ្លាំងឡើង
ក្នុងបេសកកម្មលើកទី៧នេះ លោកសុរិយា ស៊ូបេឌី (Surya Subedi) បេសកជនអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាចង់ឃើញផ្ទាល់នូវស្ថានភាពក្នុងសហគមន៍មួយចំនួនដែលរងគ្រោះដោយការធ្វើសម្បទានដីសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។
ក្នុងកិច្ចសម្ភាសកាលពីម្សិលមិញលោកស៊ូបេឌី បានមានប្រសាសន៍អំពី ដំណើររបស់លោកទៅកាន់សហគមន៍ជនជាតិដើមមួយចំនួន ដែលបានរងផលប៉ះពាល់នៅក្នុងខេត្តរតនគិរី ក៏ដូចជាដីសម្បទានសម្រាប់សាងសង់ទំនប់វារីអគ្គិសនីតាមទន្លេសេសានក្នុងខេត្តស្ទឹងត្រែង និងចម្ការកៅស៊ូក្នុងខេត្តក្រចេះបន្ទាប់ពីលោក ទទួលបានពាក្យបណ្ដឹងជាច្រើនពីអ្នកភូមិ និងអ្នកភូមិជនជាតិដើម និងជនជាតិភាគតិចទាំងអស់ ដែលស្ថិតនៅក្នុងកន្លែងខាងលើ។ កាលពីថ្ងៃពុធ លោកក៏បានទៅកាន់សហគមន៍បុរីកីឡាក្នុងរាជធានីភ្នំពេញ ដែលនៅទីនោះក្រុមហ៊ុនបានបណ្ដេញអ្នកភូមិចេញដោយបង្ខំ កាលពីថ្ងៃទី៣ ខែមករានិងបានឲ្យគ្រឿងចក្រឈូសកម្ទេចលំនៅដ្ឋានរបស់អ្នកភូមិចំនួន១២០គ្រួរសារ។
លោកបានថ្លែងអំពីពេលវេលា ដែលលោកបានមកដល់ប្រទេសកម្ពុជាមួយសប្ដាហ៍កន្លងមកនេះថា “ខ្ញុំចង់ផ្ទៀងផ្ទាត់ព័ត៌មានដែលខ្ញុំបានទទួល និងអ្វីដែលខ្ញុំបានឃើញផ្ទាល់”។ លោកបានមានប្រសាសន៍ថា ប៉ុន្តែការធ្វើដូច្នេះបានធ្វើឲ្យលោកព្រួយបារម្ភអំពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសហគមន៍ទាំងនេះ។ លោកបានមានប្រសាសន៍បន្ដថា“ដីសម្បទានមួយកន្លែងនោះមានផ្ទៃដីទំហំ ២០.០០០ហិកតាដែលជាទីសម្រាប់សត្វពាហនៈនោះត្រូវបានប្រគល់ឲ្យទៅក្រុមហ៊ុនមួយឈូសឆាយសម្អាតហើយទិដ្ឋភាពនៃការបាត់បង់អ្វីៗទាំងអស់នេះ ពុំមានហេតុ
ផលច្បាស់លាស់នោះទេនេះហើយដែលធ្វើឲ្យខ្ញុំព្រួយបារម្ភខ្លាំងនោះ”។ លោកបានបន្ថែមថា លោកបានចូលទៅដល់ដីសម្បទានដែលកាន់កាប់ដោយក្រុមហ៊ុនទាំងនោះពិនិត្យមើលស្ថានភាពជាក់ស្តែង។
ហើយក្នុងខណៈពេលលោក ស៊ូបេឌី បានថ្លែងថាលោកគាំទ្រសេចក្ដីប្រកាសនាពេលថ្មីៗរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថានឹងលុបចោលដីសម្បទានទាំងនោះ លោកនឹងបន្ដពិនិត្យមើលស្ថានភាពនេះទៀត ដើម្បី ធ្វើឲ្យប្រាកដថាសារាចរថ្មីនេះត្រូវបានអនុវត្តត្រឹមត្រូវ។ប្រជាពលរដ្ឋមានជំនឿយ៉ាងខ្លាំងមកលើរូបខ្ញុំប៉ុន្តែខ្ញុំក៏បានពន្យល់ពួកគាត់យ៉ាងលម្អិតអំពីតួនាទីរបស់ខ្ញុំ។ខ្ញុំមិនមែនទៅទីនោះដើម្បីដោះស្រាយបញ្ហារបស់ពួកគាត់នៅពេលនេះទេប៉ុន្តែនឹងលើកទឹកចិត្តរដ្ឋាភិបាលឲ្យលើកយកទុក្ខកង្វល់របស់ពួកគាត់មកពិភាក្សា”។
យោងតាមព័ត៌មានពីមន្ត្រីនៅការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថាលោក ស៊ូបេឌី បានរៀបគម្រោងជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា លោកកំពុងរង់ចាំពិភាក្សាអំពីអ្វី ដែលលោកបានជួបប្រទះក្នុងពេលចុះសួរសុខទុក្ខនោះជាមួយនឹងរដ្ឋាភិបាល។
លោកបានមានប្រសាសន៍បន្ថែមថា“ខ្ញុំមានសហប្រតិបត្តិការល្អខ្ញុំអាចចុះទៅពិនិត្យមើលសហគមន៍ដែលខ្ញុំចង់ឃើញហើយលទ្ធភាពដែលខ្ញុំមានក្នុងពេលបេសកកម្មនេះក៏បានល្អដែរ”។
លោក ផៃសុីផានអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងអំពីដំណើរចុះសួរសុខទុក្ខរបស់លោក ស៊ូបេឌីថា “តាមគោលការណ៍ លោកស៊ូបេឌីគឺជាដៃគូរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងនេះ”។លោក សុីផាន បានមានប្រសាសន៍បន្ថែមទៀតថា“យើងកំពុងស្ថិតក្នុងដំណាក់កាលត្រូវការការកែទម្រង់។អង្គការសហប្រជាជាតិបានលើកឡើងនូវបញ្ហាមួយចំនួន យើងក៏យល់អ៊ីចឹងដែរហើយយើងព្យាយាមដោះស្រាយ”។ លោកស៊ូបេឌីនឹងសង្ខេបព័ត៌មាននៃបេសកកម្មរបស់លោកហើយលោកគ្រោងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៅក្នុងសន្និសីទកាសែតថ្ងៃនេះ៕
...
មនុស្សរាប់រយនាក់មកខេត្តកោះកុង ដើម្បីរំឭកវិញ្ញណក្ខន្ធលោក ឈុត វុទ្ធី សកម្មជនជនព្រៃឈើ
មនុស្សជាង៦០០នាក់ រួមទាំងព្រះសង្ឃចំនួន៥០អង្គ ដែលបានរងផលបះពាល់ដោយសារការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ទូទាំងប្រទេស បានមកដល់ខេត្តកោះកុងកាលពីម្សិលមិញមុនពេលធ្វើពិធីគោរពវិញ្ញណក្ខន្ធនៅថ្ងៃនេះនៅកន្លែងបាញ់សម្លាប់សកម្មជនព្រៃឈើដ៏ល្បីគឺ លោក ឈុត វុទ្ធី កាលពីថ្ងៃទី២៦ ខែមេសា។
សកម្មជនការពារសិទ្ធិមនុស្ស និងអ្នកភូមិបានឲ្យដឹងថាអ្នកភូមិបានធ្វើដំណើរទៅក្រុងខេមរភូមិន្ទតាមរថយន្ត២៦គ្រឿងមកពីខេត្តចំនួនប្រាំបី ដែលមានការកាប់ឈើខុសច្បាប់ និងមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាលសម្រាប់គម្រោងកសិកម្មនោះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់សែននាក់។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលរៀបចំពិធីនេះ បានថ្លែងថា “រថយន្តមួយចំនួនដែលដឹកមនុស្សមកពីខេត្តកំពង់ធំបានឆ្លងកាត់របាំងបិទផ្លូវនៅក្នុងខេត្តនោះដោយជោគជ័យ”។លោកបានបន្ថែមថា កិច្ចប្រជំុមួយជាមួយអភិបាលរងខេត្តកោះកុង គឺលោក អ៊ុន ឆាលី កាលពីម្សិលមិញ មិនទាន់មានការសម្រេចថា តើនឹងអនុញ្ញាតឲ្យក្រុមអ្នកភូមិប្រារព្ធពិធីនេះនៅក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុង ដែលស្ថិតនៅក្នុងព្រៃជួរភ្នំក្រវាញដ៏ជ្រៅនោះ ឬអត់ទេ។នៅមុនពេលជួបជុំគ្នានេះ សកម្មជនព្រៃឈើបាននិយាយថា ពួកគេក៏នឹងប្រើឱកាសនេះដើម្បីដើរល្បាតនៅតាមព្រៃរកមើលសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់នោះ។
យោងតាមគណៈកម្មាធិការពិសេសមួយដែលរដ្ឋាភិបាលបានបង្កើតឡើងបានឲ្យដឹងថា លោក អិុន រតនា មន្ត្រីកងរាជអាវុធហត្ថបានបាញ់សម្លាប់លោក ឈុត វុទ្ធីក្រោយពីមានជម្លោះពាក្យសម្តីជាមួយគ្នា។ នៅពេលនោះ លោក ឈុតវុទ្ធី បានធ្វើដំណើរទៅតំបន់នោះជាមួយអ្នកយកព័ត៌មានកាសែត ខេមបូឌាដេលី ពីរនាក់ដែលបានចុះទៅយកព័ត៌មានអំពីការខិតខំរបស់ប្រជាជនមូលដ្ឋានក្នុងការការពារព្រៃឈើ។
យោងតាមគណៈកម្មាធិការនេះបានឲ្យដឹងថា បន្ទាប់ពីការបាញ់ប្រហារនោះមកឈ្មោះ រ៉ាន់...
ការព្យាករអំឡុងពិធីច្រត់ព្រះនង្គ័លថា ពោតនិងសណ្តែកនឹងទទួលបានទិន្នផលខ្ពស់នៅឆ្នាំនេះ
ដោយស្នែងស្រោបសូតក្រហម និងមានអានពណ៌មាសលើខ្នងសម្បុរត្នោតនោះ គោឧសភរាជមួយនឹម ត្រូវបាននាំសំដៅទៅរកជើងពានប្រាក់ចំនួនប្រាំពីរពេញទៅដោយអាហារ ព្រមទាំងស្រានិងទឹក ដោយគោឧសភរាជទី១បានបរិភោគពោត ហើយគោឧសភរាជទី២បានបរិភោគសណ្តែក។ គោឧសភរាជទី១បានបរិភោគពោតច្រើន ប៉ុន្តែគោឧសភរាជទី២ក្រោយពីបរិភោគសណ្តែករួច ក៏បានងាកទៅបរិភោគស្មៅទើបច្រូតថ្មីៗពីរបីម៉ាត់។
ខ្សែភ្នែករបស់មនុស្សគ្រប់គ្នាបានសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ថា តើគោឧសភរាជចូលចិត្តបរិភោគអ្វីជាងគេក្នុងពិធីច្រត់ព្រះនង្គ័លកាលពីម្សិលមិញ ដែលមានអ្នកចូលរួមយ៉ាងច្រើនកកកុញចាប់ពីប្រជាកសិករជនបទរហូតដល់ថ្នាក់ដឹកនាំប្រទេស និងការយាងធ្វើជាព្រះអធិបតីពីសំណាក់ព្រះមហាក្សត្រ នរោត្តមសីហមុនី នៅវាលមេរុ ជាប់ព្រះបរមរាជវាំង។
ពិធីបុណ្យប្រចាំឆ្នាំនេះបង្ហាញពីការចាប់ផ្តើមរដូវបង្កបង្កើនផល ដែលនៅពេលនោះ គោឧសភរាជទាំងបីនឹមត្រូវបានទឹមឲ្យភ្ជួរជុំវិញព្រះស្រែ ដឹកនាំដោយតំណាងព្រះមហាក្សត្រនៅឆ្នាំនេះ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុទ្ធនិងអ្នកអង្គម្ចាស់ នរោត្តមចាន់ស៊ីថា និងមានស្ត្រីមួយចំនួនផ្សេងទៀតដើរតាមពីក្រោយបាចស្រូវលើដីដែលទើបភ្ជួររួចថ្មីៗ។
បន្ទាប់ពីភ្ជួរជុំវិញព្រះស្រែ គោឧសភរាជត្រូវនាំទៅកាន់ជើងពានប្រាក់ដាក់អាហារហើយអ្វីដែលគោឧសភរាជបានបរិភោគគឺ ស្រូវល្ង...
បេសកជនសិទ្ធិមនុស្សអង្គការសហប្រជាជាតិចុះទៅមើលសហគមន៍បុរីកីឡាដែលត្រូវបណ្ដេញ
បន្ទាប់ពីលោកបានចុះសួរសុខទុក្ខអ្នកភូមិសហគមន៍បុរីកីឡាកាលពីព្រឹកម្សិលមិញនេះ បេសកជនសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោក“ មានការព្រួយបារម្ភយ៉ាងខ្លាំង” អំពីស្ថានភាពរស់នៅរបស់អ្នកភូមិជាង១០០គ្រួសារ ដែលត្រូវបណ្តេញចេញទាំងបង្ខំពីលំនៅដ្ឋានរបស់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីខែមករា។
ចាប់តាំងពីនគរបាលបានបង្ខំអ្នកភូមិចំនួន១២០គ្រួសារ ចេញពីសហគមន៍បុរីកីឡា កាលពីថ្ងៃទី៣ ខែមករា និងបានឲ្យត្រាក់ទ័រឈូសកម្ទេចលំនៅដ្ឋានបណ្ដោះអាសន្នរបស់ពួកគាត់នោះ ពួកគាត់ភាគច្រើនបានស្នាក់នៅតាមច្រកជណ្ដើរក្នុងអគារ និងនៅតាមផ្លូវតូចៗនៅចន្លោះអគារដែលនៅក្បែរនោះ។ ពួកគាត់បានទាមទារឲ្យក្រុមហ៊ុនឯកជនផានអីុមិុច ដែលជាអ្នកកាន់កាប់កន្លែងដេញប្រជាជនចេញ និងជាម្ចាស់អគារទាំងនោះសាងសង់បង្ហើយអគារពីរទៀតដែលបានសន្យាថាផ្តល់ឲ្យពួកគាត់នោះ។
លោក សុរិយា ស៊ូបេឌី (Surya Subedi)បេសកជនអង្គការសហប្រជាជាតិ បានចុះដល់កន្លែងនោះ និងបានសំណេះសំណាលជាមួយគ្រួសារទាំងនោះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចចុងក្រោយរបស់លោករយៈពេលមួយសប្ដាហ៍នៅកម្ពុជា ដើម្បីពិនិត្យផលប៉ះពាល់ដោយសារដីសម្បទានមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។
លោកបានប្រាប់អ្នកភូមិថា “ បន្ទាប់ពីខ្ញុំបានចុះពិនិត្យមើលកាលពីព្រឹកមិញនេះខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់អំពីស្ថានភាពរបស់បងប្អូនទាំងអស់គ្នា។ ការបង្ខំឲ្យបងប្អូនរស់នៅក្នុងស្ថានភាពបែបនេះហាក់ដូចជាមិនសមសោះសម្រាប់សតវត្សរ៍ទី២១នេះ។ ខ្ញុំអាណិតអាសូរបងប្អូនខ្លាំងណាស់ដែលរស់នៅក្នុងស្ថានភាពបែបនេះ”។
លោក ស៊ូបេឌី មិនហ៊ានធានាទេ ប៉ុន្តែបានថ្លែងថា លោកនឹងលើកពីទុក្ខលំបាករបស់ពួកគាត់ទៅពិភាក្សាជាមួយរដ្ឋាភិបាល។ លោកគ្រោងនឹងដាក់ជូនរបាយការណ៍មួយអំពីលទ្ធផលនៃការសើុបអង្កេតរបស់លោកទៅអង្គការសហប្រជាជាតិនៅខែកញ្ញា។
គ្រួសារអ្នកភូមិបុរីកីឡា ដែលអ្នកខ្លះបានបង្ហូរទឹកភ្នែកពេលជួបលោក ស៊ូបេឌី បាននិយាយថា ពួកគាត់ត្រូវបានលើកទឹកចិត្តដោយដំណើរទស្សនកិច្ចនេះ។
អ្នកភូមិឈ្មោះ យ៉ាន ភឿន បាននិយាយថា “ខ្ញុំជឿថា លោក ស៊ូបេឌី នឹងដោះស្រាយបញ្ចប់ជម្លោះដីធ្លីរបស់យើង។ ខ្ញុំជឿជាក់លើលោក ស៊ូបេឌី ពីព្រោះលោកបានប្រាប់អ្នកភូមិថា លោកនឹងពាំនាំយករឿងនេះទៅពិភាក្សាជាមួយរដ្ឋាភិបាល”។
អ្នកភូមិម្នាក់ទៀតឈ្មោះ ជំុ ងា៉ន់ បានបន្ថែមថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានជួបជាមួយលោក ស៊ូបេឌី ពីព្រោះលោកគឺជាបេសកជនសិទ្ធិមនុស្សអង្គការសហប្រជាជាតិហើយយើងសង្ឃឹមថា បញ្ហារបស់យើងនឹងត្រូវបានដោះស្រាយ ហើយយើងអាចទទួលបានលទ្ធផលល្អក្នុងពេលឆាប់ៗនេះ”។ ប៉ុន្តែ ក្រុមហ៊ុនផានអុីមិុចនៅតែអះអាងថា គ្រួសារទាំងនេះពុំមានសិទ្ធិទទួលបានលំនៅដ្ឋានក្នុងអគាររបស់ក្រុមហ៊ុនទេ។
អ្នកស្រី ស៊ុយ សុផាន នាយិកាក្រុមហ៊ុននេះបាននិយាយថា “អ្នកតវ៉ាទាំងនោះពំុ មានឯកសារគ្រប់គ្រាន់ដើម្បីទទួលបានផ្ទះពីក្រុមហ៊ុនទេ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
Latest news
© 2021, ដេលី. All rights reserved.

