26 C
Phnom Penh

បេសកជន​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រ​​​ជាជាតិចុះ​ទៅ​មើល​សហគមន៍​​​​បុរី​​​កីឡា​​​ដែល​​​ត្រូវ​​​បណ្ដេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​​​បន្ទាប់​​​ពី​​​លោក​​​បាន​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​អ្នក​ភូមិ​សហគមន៍បុរីកីឡា​កាលពី​​​ព្រឹក​​​ម្សិល​​​មិញនេះ បេសកជន​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រ​​​ជា​ជាតិប្រចាំ​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​“ មាន​ការ​ព្រួយបារម្ភ​យ៉ាង​​​ខ្លាំង” អំពី​​​ស្ថាន​ភាព​​​​រស់​​​នៅ​​​របស់​​​អ្នក​​​ភូមិ​​​ជាង​​​១០០​​​គ្រួសារ ​​​ដែល​​​ត្រូវ​​​បណ្តេញ​ចេញ​ទាំង​បង្ខំ​​​​​​ពី​​​លំនៅដ្ឋានរបស់ខ្លួន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​កាលពី​​​ខែ​​​មករា។

​​​ចាប់​តាំង​ពី​​​​នគរបាល​​​បាន​​​បង្ខំ​​​អ្នក​​​ភូមិ​​​ចំនួន​​​១២០​​​គ្រួសារ ​​​ចេញ​​​ពី​​​សហគមន៍​​​បុរី​​​កីឡា​​​ កាលពី​​​ថ្ងៃទី​​​៣ ខែ​​​មករា និង​​​បាន​​​ឲ្យ​​​ត្រាក់ទ័រ​ឈូសកម្ទេច​លំនៅ​​​ដ្ឋាន​​​បណ្ដោះ​​​អាសន្ន​​​របស់​​​ពួក​​​គាត់​​នោះ ពួកគាត់​​​ភាគ​​​ច្រើន​​​បាន​ស្នាក់​នៅ​​​តាម​​​​ច្រក​​​ជណ្ដើរ​ក្នុង​​​​​​អគារ​​​ និង​នៅ​​តាម​ផ្លូវតូច​​​ៗនៅ​​ចន្លោះ​​​អគារដែល​នៅ​ក្បែរ​នោះ។ ពួកគាត់​​​បាន​​​ទាមទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ឯក​ជន​​​ផានអីុមិុច ​​​ដែល​​​ជា​​​​​អ្នក​កាន់​កាប់​កន្លែង​ដេញ​ប្រជាជន​ចេញ និង​​​ជាម្ចាស់អគារទាំង​នោះ​​សាងសង់​​​បង្ហើយ​​​អគារ​​​ពីរទៀត​​​ដែល​​​​​​បានសន្យា​​​ថា​​​ផ្តល់ឲ្យ​​​ពួក​​​គាត់នោះ​​​។

លោក​​​ សុរិយា ស៊ូបេឌី (Surya Subedi)បេសកជន​​​អង្គការ​​​សហ​​​ប្រ​​​ជាជាតិ បាន​​​ចុះ​​​ដល់​កន្លែងនោះ​​​​ និង​​​បានសំណេះ​​​សំណាល​​​​ជាមួយ​​​គ្រួសារទាំង​​​នោះ ជាផ្នែក​មួយ​នៃ​ដំណើរ​​​ទស្សនកិច្ច​​ចុង​ក្រោយ​​របស់​​​លោក​​​រយៈពេល​​​មួយ​​​សប្ដាហ៍​​​នៅ​​​កម្ពុជា ដើម្បី​​ពិនិត្យ​​​ផល​​​ប៉ះ​​​ពាល់​​​​ដោយ​សារ​​​​ដី​​​សម្បទាន​​​មក​​​លើ​​​ប្រ​​​ជាពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​នេះ។

លោក​​​បាន​​​ប្រាប់​​​អ្នក​​​ភូមិថា “ បន្ទាប់​​​ពីខ្ញុំ​បាន​ចុះ​ពិនិត្យ​មើល​កាល​ពី​​​ព្រឹក​​​មិញ​នេះខ្ញុំ​​​មាន​ការ​ព្រួយ​បារម្ភខ្លាំង​ណាស់​​​​​អំពី​​​ស្ថាន​​​ភាព​​​របស់​​​បងប្អូន​ទាំង​​​អស់​​​គ្នា។ ការ​បង្ខំ​​​​ឲ្យ​បងប្អូន​​​​រស់​​​នៅ​​ក្នុង​ស្ថាន​ភាព​បែប​នេះហាក់ដូច​​​ជា​​​មិន​​​សមសោះ​​​សម្រាប់​សតវត្សរ៍ទី២១​នេះ។ ខ្ញុំ​អាណិត​​​អាសូរ​បងប្អូន​ខ្លាំង​ណាស់​ដែល​រស់​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​​​”។

លោក​​​ ស៊ូបេឌី មិន​​​ហ៊ាន​​​ធានាទេ​​​ ប៉ុន្តែ​​​​បានថ្លែងថា លោក​​​នឹង​​​លើកពី​​​ទុក​​​្ខ​លំបាក​​​​របស់​​​ពួកគាត់​​​ទៅ​​​ពិភាក្សា​​​ជាមួយ​​​រដ្ឋា​ភិបាល​​​។ លោក​​​គ្រោង​​​នឹង​​​ដាក់​ជូនរបាយ​ការណ៍​​​មួយ​​​​​អំពី​លទ្ធ​ផល​នៃ​ការ​សើុប​អង្កេត​របស់​លោក​​​ទៅ​​​អង្គការ​​​​សហ​​​ប្រជា​​​ជាតិ​​​នៅ​ខែ​​​កញ្ញា​​​។

គ្រួសារ​​​អ្នកភូមិ​​​បុរីកីឡា​​​ ​​​​​​ដែល​​​អ្នក​ខ្លះ​បាន​​​​​​បង្ហូរ​​​ទឹក​​​ភ្នែក​​​ពេល​​​ជួប​​​លោក ​​​ស៊ូបេឌី បាន​​​និយាយ​​​ថា​​​ ពួក​​​គាត់​​​ត្រូវ​​​បាន​​​លើក​​​ទឹកចិត្ត​​​ដោយ​​​​ដំណើរទស្សនកិច្ចនេះ​​​។

អ្នក​​​ភូមិ​​​ឈ្មោះ​​​ យ៉ាន ​​ភឿន បាន​​​និយាយថា​​​ “​​​ខ្ញុំ​ជឿថា លោក ​​​ស៊ូបេឌី នឹង​​​ដោះស្រាយ​​​បញ្ចប់​​​ជម្លោះដីធ្លី​​​របស់​​​យើង​​​។ ខ្ញុំជឿជាក់​​​លើលោក​​​ ស៊ូបេឌី ពីព្រោះ​​​លោក​​​បាន​​​ប្រាប់​អ្នក​​​ភូមិ​​​ថា លោកនឹង​​​ពាំ​នាំ​យក​​​រឿង​​​នេះ​​​ទៅ​ពិភាក្សា​​​ជាមួ​​​យ​រដ្ឋាភិបាល​​​”។

អ្នកភូមិម្នាក់​​​ទៀត​​​ឈ្មោះ​​​ ជំុ ងា៉ន់ បាន​​បន្ថែម​​​​ថា​​​ “ខ្ញុំសប្បាយចិត្ត​​​ខ្លាំង​​​ណាស់​​​ដែល​​​បាន​​​ជួប​​​ជាមួយលោក​​​ ស៊ូបេឌី  ពីព្រោះ​​​លោកគឺជា​​​បេសកជន​​​សិទ្ធិមនុស្ស​​​អង្គការ​​​សហ​ប្រជា​ជាតិ​​​ហើយ​​​យើង​​​សង្ឃឹមថា  ​​​បញ្ហារបស់យើងនឹងត្រូវបានដោះស្រាយ  ​​​ហើយ​​​យើង​​​អាច​ទទួល​​បាន​​​លទ្ធផល​ល្អក្នុង​ពេល​​​ឆាប់ៗនេះ​​​”។  ប៉ុន្តែ​​​ ក្រុមហ៊ុន​​​ផានអុីមិុច​​​នៅតែ​​​អះ​អាង​ថា គ្រួសារ​​​ទាំង​​​នេះ​​​ពុំមាន​​​សិទ្ធិ​​​ទទួល​​​បាន​​​លំនៅដ្ឋានក្នុងអគាររបស់ក្រុម​​​ហ៊ុន​​​ទេ​​​។

អ្នក​ស្រី ស៊ុយ សុផាន នាយិកាក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​និយាយ​​​ថា​​​ “អ្នក​​​តវ៉ាទាំង​​​នោះ​​​ពំុ​​​ មាន​​​ឯកសារ​​​គ្រប់គ្រាន់​​​ដើម្បី​​​ទទួល​​​បាន​​​ផ្ទះ​​​ពី​ក្រុមហ៊ុនទេ”៕

       ប្រែសម្រួលដោយ​​​ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស