នៅសល់ពេលតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះមុនការបោះឆ្នោតឃុំ-សង្កាត់ ចូលមកដល់ មានសមាជិករបស់គណបក្សប្រឆាំង និងក្រុមយុវជនទើបតែដល់អាយុបោះឆ្នោតលើកដំបូងចំនួនជាង៥.០០០នាក់ បាននាំគ្នាចេញមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃសៅរ៍ ដើម្បីបញ្ជាក់អំពីការគាំទ្ររបស់ពួកគេចំពោះគណបក្ស ដែលកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានទទួលអំណោយនៅក្នុងពិធីដ៏ធំមួយនៅក្នុងខេត្តកំពង់ចាម ដែលមានលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ជាអធិបត។
លោក នាង ណារិន អធិការរងនគរបាលស្រុកបាធាយ ជាកន្លែងបើកប្រារព្ធពិធីបានឲ្យដឹងថា ក្នុងឱកាសនេះ គេឃើញមានសមាជិកចំនួន៥.០៥៨នាក់មកពីគណបក្សនយោបាយនានា បានចុះចូលគណបក្សប្រជាជនកម្ពុជា។
លោក នាង ណារិន បានលើកឡើងថា “ លោក ហោ ណាំហុង បានមានប្រសាសន៍ទៅកាន់ក្រុមមនុស្សទាំងនោះ ព្រមទាំងបានចែកអំណោយជា [ សារុង និងក្រមាជាច្រើន ] ឲ្យប្រជាពលរដ្ឋ។
លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាមដែលជាបងប្រុសរបស់លោក ហ៊ុន សែន ក៏បានទទួលស្វាគមន៍ក្រុមអ្នកគាំទ្រថ្មីៗរបស់គណបក្សរបស់លោក ដោយផ្ទាល់ដែរ។ លោក ហ៊ុន ណេង បានមានប្រសាសន៍ថា “ មានការចុះចូលជាច្រើនពីគ្រប់ស្រុក-ក្រុង នៅក្នុងខេត្តកំពង់ចាម” ដោយលោកកត់សម្គាល់ថា ក្រុមអ្នកចុះចូលបានចេញមកពីគណបក្ស សម រង្ស៊ី គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ។
លោកបានបន្ថែមទៀតថា “ ក្រុមអ្នកចុះចូលភាគច្រើនបានមកចូលរួមជាមួយ[ គណបក្សប្រជាជនកម្ពុជា] កាលពីពីរ ឬបី ខែមុននេះ ប៉ុន្តែឥឡូវនេះយើងគ្រាន់តែមានឱកាសប្រារព្ធពិធីទទួលយកអ្នកចុះចូលដ៏ធំមួយតែប៉ុណ្ណោះ”។ ខណៈដែលពាក្យថា “ ចុះចូល” បានក្លាយជាផ្នែកមួយដ៏សំខាន់នៃដំណាក់កាលធ្វើយុទ្ធនាកាឃោសនាបោះឆ្នោត ជាពិសេសសម្រាប់គណបក្សកំពុងកាន់អំណាចនោះ ក្រុមអ្នកសង្កេតការណ៍ជាច្រើននាក់ បានហៅទង្វើនេះថាជាទម្រង់មួយនៃ“ការឃោសនា ” ហួសសម័យទៅហើយ មុនពេលបោះឆ្នោតនោះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បានមានប្រសាសន៍ថា ការចុះចូល និងពិធីទាំងនេះធ្វើឲ្យអន្តរាយដល់ការរីកចម្រើននៃដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជា។
លោក គល់ បញ្ញា បានមានប្រសាសន៍ថា “ ការប្រកួតប្រជែងខាងនយោបាយមិនគួរយកចិត្តទុកដាក់តែទៅលើផលប្រយោជន៍នយោបាយតែមួយមុខទេ ប៉ុន្តែគេគួរតែបង្កើតឲ្យមានវប្បធម៌នយោបាយមួយ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមក្នុងចលនានយោបាយ និងជជែកពិភាក្សាគ្នា ដើម្បីឲ្យពួកគេចូលរួមជាមួយអ្នកនយោបាយ ដែលស្ទាត់ជំនាញ នៅក្នុងការជជែកពិភាក្សាគ្នាស្ដីអំពីគោលនយោបាយ”។
លោកបានបន្ថែមថា “ការផ្សព្វផ្សាយអំពីការចុះចូល បង្ហាញឲ្យពលរដ្ឋកម្ពុជាដឹងថា មិនទាន់មានភាពចាស់ទុំទេ ខ្ញុំខ្មាស់គេណាស់”។
លោកស្រី ពង្ស ឈីវហ្គិច ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ និងជាប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងមិនលម្អៀង សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការផ្ទៀងផ្ទាត់ទៅអំពីការចុះចូលពិតប្រាកដ គឺពិបាកជាងការប្រារព្ធពិធី។
លោកស្រី ឈីវហ្គិច បានមានប្រសាសន៍ថា “ តាមពិត សកម្មភាពរបស់ពួកគេមានការលំបាកក្នុងការសង្កេតពិនិត្យ ពីព្រោះសកម្មភាពនេះ ជានិច្ចកាលអាចធ្វើទៅរួច”។ អ្នកចុះចូលត្រូវបានគេអូសទាញតាមរយៈឥទ្ធិពលនយោបាយ ដើម្បីធ្វើឲ្យគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន ក្នុងបរិយាកាសមួយដែលគ្រប់គ្រងដោយអ្នកមានអំណាច។ លោកស្រីថ្លែងថា ហេតុផលពិតប្រាកដនៃការចុះចូល ពិបាកដឹងណាស់”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី បានថ្លែងកាលពីម្សិលមិញថា អ្នកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយមិនស្មោះត្រង់ប៉ុន្មានទេ។ លោកបានមានប្រសាសន៍ថា “ យើងមិនចង់ផ្សព្វផ្សាយរឿងនេះទេ ប៉ុន្តែប្រសិនបើពួកគេចង់ដឹង ខ្ញុំនឹងប្រាប់ពួកគេថា អតីតសមាជិកគណបក្ស សម រង្ស៊ី ទាំងនោះ បានចុះចូលជាមួយគណបក្សគ្រប់គ្រងអំណាច ដើម្បីទទួលបានតួនាទី និងដើម្បីលុយកាក់ ប៉ុន្តែ សមាជិកគណបក្សប្រជាជនកម្ពុជា កំពុងចុះចូលជាមួយគណបក្ស សម រង្ស៊ី ដើម្បីអ្វីទៅ? ដើម្បីយុត្តិធម៌។ ដើម្បីជួយប្រជាជន”។
លោក ទុំ សម្បូរ អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ីនប៉ិច បានមានប្រសាសន៍ថា ការអះអាងរបស់គណបក្សប្រជាជន ជារឿងមិនពិតឡើយ។លោក សម្បូរ បានមានប្រសាសន៍ថា “ ខ្ញុំកំពុងតែធ្វើការនៅខេត្តកំពង់ចាម ខ្ញុំបានតាមដានព័ត៌មាន ហើយខ្ញុំមិនអាចបញ្ជាក់ថា សមាជិកណារបស់គណបក្សខ្ញុំបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាទេ។ ខ្ញុំសូមបដិសេធចំពោះព័ត៌មាននេះ”។
លោក នរាណារិទ្ធ អាណាន់ដាយា៉ត នាយកខុទ្ធកាល័យរបស់គណបក្សនរោត្តម រណ្ណឬទ្ធិ បានហៅពិធីរបស់គណបក្សប្រជាជនកម្ពុជាថា ជាយុទ្ធនាការបង្ខូចឈ្មោះ។ លោកបានថ្លែងថា “ តាមទស្សនៈរបស់ពួកយើង យើងមិនដែលបានឮថាសមាជិករបស់យើង ចុះចូលនោះទេ។ យើងមិនបានទទួលសេចក្តីរាយការណ៍ណាមួយពីមណ្ឌលបោះឆ្នោតរបស់យើងសោះឡើយ សូម្បីតែពីកំពង់ចាមក៏អត់ដែរ។ មាននៅលើទំព័រកាសែតប៉ុណ្ណោះ យើងមិនខ្វល់ឡើយ”។
លោកបានថ្លែងបន្ថែមទៀតថា “ ប្រជាពលរដ្ឋដឹងច្បាស់ថា គេពេញចិត្តអ្វី និងមិនពេញចិត្តអ្វី ពួកគេដឹងថា អ្នកណាដែលពួកគេចង់បោះឆ្នោតឲ្យ និងនរណា ដែលពួកគេមិនចង់បោះឆ្នោតឲ្យ ដូច្នេះយើងមិនបារម្ភអំពីរឿងនេះទេ”។
លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បានបដិសេធផងដែរ ចំពោះការចុះចូលរបស់ សមាជិកមកពីគណបក្សរបស់ខ្លួន៕
ប្រែសម្រួលដោយ ហួង កុកទៀន និង ចេវ ប៊ុននី