28 C
Phnom Penh

មនុស្ស​​រាប់​រយ​នាក់​មកខេត្ត​កោះ​កុង ​​ដើម្បី​រំឭកវិញ្ញណក្ខន្ធ​​លោក​ ឈុត​ វុទ្ធី​​ សកម្មជន​ជនព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​ជាង​​៦០០​នាក់​ រួម​ទាំង​ព្រះ​សង្ឃ​ចំនួន​​៥០​អង្គ​​​ ដែ​ល​បាន​រង​ផល​បះពាល់​ដោយ​​សារ​ការ​កាប់​បំផ្លាញ​​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​​ទូទាំង​ប្រទេស​ បាន​មក​ដល់​​ខេត្ត​កោះ​កុង​កាល​ពី​ម្សិល​មិញ​​​​​មុនពេល​ធ្វើ​ពិធី​គោរព​វិញ្ញណ​ក្ខន្ធ​​​នៅ​ថ្ងៃ​នេះ​នៅកន្លែង​បាញ់​សម្លាប់​​សកម្ម​ជន​ព្រៃ​ឈើ​ដ៏​ល្បី​គឺ​ លោក​ ​ឈុត​ វុទ្ធី​​ ​​កាល​ពី​ថ្ងៃ​ទី​​២៦ ​​ខែ​​មេសា។

សកម្មជន​ការ​ពារ​​សិទ្ធិ​មនុស្ស​ និង​​អ្នក​ភូមិ​​​បាន​​ឲ្យ​ដឹង​ថាអ្នក​ភូមិ​​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ខេមរភូមិន្ទតាម​រថ​យន្ត​២៦​គ្រឿង​មកពី​​ខេត្ត​ចំនួន​​ប្រាំបី​​​ ដែល​មាន​ការ​កាប់​​ឈើ​ខុស​ច្បាប់ ​និងមាន​ការ​ផ្តល់​​ដី​សម្បទាន​​សេដ្ឋកិច្ច​ពី​សំណាក់​​​រដ្ឋា​ភិ​បាល​សម្រាប់​គម្រោង​កសិកម្មនោះ ​បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាពរស់​នៅ​របស់​​ប្រជាជន​​រាប់​សែន​​​នាក់។

លោក​ អ៊ូ​ វីរៈ ប្រធាន​មជ្ឈ​​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​រៀប​ចំ​ពិធី​​នេះ ​បាន​ថ្លែង​ថា​ “រថយន្ត​មួយ​ចំនួន​ដែល​ដឹក​មនុស្ស​មក​ពី​​ខេត្ត​កំពង់​ធំ​បាន​ឆ្លង​កាត់​របាំង​​បិទផ្លូវនៅ​ក្នុង​ខេត្ត​នោះ​ដោយ​ជោគ​ជ័យ”។​លោក​បាន​បន្ថែមថា ​កិច្ចប្រជំុ​មួយ​ជា​មួយ​អភិបាលរង​ខេត្ត​កោះកុង​ គឺ​លោក​ អ៊ុន ​ឆាលី​ កាល​ពី​ម្សិល​មិញ មិន​​ទាន់​មាន​ការ​សម្រេច​ថា ​តើ​នឹង​​អនុញ្ញាត​ឲ្យ​​ក្រុម​អ្នក​ភូមិ​​ប្រារព្ធ​ពិធី​​នេះ​នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា​ខេត្ត​កោះកុង​ ដែល​ស្ថិត​នៅ​ក្នុង​ព្រៃជួរភ្នំ​ក្រវាញដ៏​ជ្រៅ​នោះ ​ឬ​អត់​ទេ​។នៅ​មុន​ពេល​​ជួប​ជុំ​គ្នា​នេះ​ សកម្មជន​ព្រៃ​ឈើ​​បាន​​និយាយ​​ថា​ ពួក​គេក៏​នឹង​ប្រើ​ឱកាស​នេះ​ដើម្បី​ដើរ​ល្បាត​នៅ​តាម​ព្រៃ​​រកមើល​សកម្មភាព​​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ។

យោង​តាម​គណៈកម្មាធិការពិសេស​មួយ​ដែលរដ្ឋាភិបាល​បាន​បង្កើត​ឡើង​​បាន​ឲ្យ​ដឹង​ថា ​​​​លោក​ អិុន ​រតនា​ មន្ត្រី​កង​​រាជ​​អាវុធ​ហត្ថបាន​​​​បាញ់​សម្លាប់​លោក​ ឈុត​ វុទ្ធីក្រោយ​​ពី​មាន​ជម្លោះ​​ពាក្យ​សម្តី​ជា​មួយ​គ្នា។ នៅ​ពេល​នោះ លោក ឈុត​វុទ្ធី បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ជាមួយ​អ្នក​យក​ព័ត៌មាន​កាសែត ​ខេមបូឌាដេលី​​ ពីរ​នាក់​ដែល​បាន​ចុះ​ទៅ​​យក​ព័ត៌​មានអំ​​ពី​​ការ​ខិត​ខំ​របស់​ប្រជាជន​មូល​ដ្ឋាន​ក្នុង​ការ​ការពារ​​​ព្រៃឈើ​។

យោង​តាម​គណ​ៈកម្មាធិការ​​នេះ​បាន​ឲ្យ​ដឹងថា​ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នោះ​​មកឈ្មោះ​ រ៉ាន់​ បូរ័ត្ន​ ជា​សន្តិសុខ​ម្នាក់​របស់​ក្រុម​ហ៊ុន​ Timber Green ជាក្រុមហ៊ុន​ទទួល​បាន​សិទ្ធិកាប់​ឈើ​នៅ​តំបន់​​ស្តុកទឹក​​សម្រាប់​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​របស់​ចិន​​នោះ​បាន​ទៅ​ដណ្តើម​​កាំភ្លើង​​ពី​ អិុន​ រតនា ​ហើយ​កាំភ្លើង​នោះ​បាន​រាល​កៃ​​ត្រូវ​លោកឈុតវុទ្ធីស្លាប់​តែ​ម្តង។​ រ៉ាន់​ បូរ័ត្ន​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ ហើយ​ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​ឃំុខ្លួន​​​បណ្តោះ​អាសន្ន។

គេ​នៅ​មិន​ទាន់​ដឹង​ថា​ នឹង​មានអ្វី​កើត​ឡើង​​នោះ​ទេ ប្រសិន​បើ​អ្នក​ភូមិត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​​កន្លែង​បាញ់​សម្លាប់​នោះ។ លោកហឿន​ សុភាព តំណាង​សហគមន៍​ម្នាក់​មក​ពី​​ខេត្ត​កំពង់​ធំ​​ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្តាន់​បាន​កត់​ឈ្មោះ​ក្រុម​អ្នក​ភូមិ​ទាំង​អស់​ដែល​បាន​ចាក​ចេញ​ពីខេត្ត​ នេះ​ទៅ​កាន់​ខេត្ត​កោះកុង។

លោក​បាន​ថ្លែងថា​ “ទង្វើ​បែប​នេះ​​បង្ហាញ​​​ពី​ការ​បភិត​បំភ័យ​មក​លើ​ពួក​យើង ប៉ុន្តែ​យើង​មិន​ភ័យ​ខ្លាចឡើយបើ​មិន​ដូច្នោះទេ ​យើង​មិន​អាច​ជួយ​សង្គ្រោះ​​ព្រៃ​ឈើ​​បាន​ទេ​​”។ លោក​ ឆាលី អភិបាល​រង​ខេត្ត​បាន​ថ្លែង​កាល​ពីល្ងាច​​​ម្សិល​មិញ​​ថា​ ​អាជ្ញាធរ​មិន​ទាន់​បាន​សម្រេច​ថា ​តើ​​ក្រុម​អ្នក​ភូមិ​នឹ​ង​ត្រូវ​​អនុញ្ញាតឲ្យ​ចូល​ទៅ​​កន្លែង​នោះ​​ ឬ​​​ឲ្យ​ដើរ​ល្បាត​ក្នុង​ព្រៃ​ឬអត់​នោះទេ។​លោក​បាន​បន្ត​ថា “ឥឡូវ​នេះ​​យើង​កំពុង​​​ពិភាក្សា​គ្នា​អំពី​គម្រោង​ជួប​ជំុ​គ្នា​នេះ”​៕

                  ប្រែ​សម្រួល​ដោយ ​សុខសីុ​ដន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស