ក្នុងបេសកកម្មលើកទី៧នេះ លោកសុរិយា ស៊ូបេឌី (Surya Subedi) បេសកជនអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាចង់ឃើញផ្ទាល់នូវស្ថានភាពក្នុងសហគមន៍មួយចំនួនដែលរងគ្រោះដោយការធ្វើសម្បទានដីសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។
ក្នុងកិច្ចសម្ភាសកាលពីម្សិលមិញលោកស៊ូបេឌី បានមានប្រសាសន៍អំពី ដំណើររបស់លោកទៅកាន់សហគមន៍ជនជាតិដើមមួយចំនួន ដែលបានរងផលប៉ះពាល់នៅក្នុងខេត្តរតនគិរី ក៏ដូចជាដីសម្បទានសម្រាប់សាងសង់ទំនប់វារីអគ្គិសនីតាមទន្លេសេសានក្នុងខេត្តស្ទឹងត្រែង និងចម្ការកៅស៊ូក្នុងខេត្តក្រចេះបន្ទាប់ពីលោក ទទួលបានពាក្យបណ្ដឹងជាច្រើនពីអ្នកភូមិ និងអ្នកភូមិជនជាតិដើម និងជនជាតិភាគតិចទាំងអស់ ដែលស្ថិតនៅក្នុងកន្លែងខាងលើ។ កាលពីថ្ងៃពុធ លោកក៏បានទៅកាន់សហគមន៍បុរីកីឡាក្នុងរាជធានីភ្នំពេញ ដែលនៅទីនោះក្រុមហ៊ុនបានបណ្ដេញអ្នកភូមិចេញដោយបង្ខំ កាលពីថ្ងៃទី៣ ខែមករានិងបានឲ្យគ្រឿងចក្រឈូសកម្ទេចលំនៅដ្ឋានរបស់អ្នកភូមិចំនួន១២០គ្រួរសារ។
លោកបានថ្លែងអំពីពេលវេលា ដែលលោកបានមកដល់ប្រទេសកម្ពុជាមួយសប្ដាហ៍កន្លងមកនេះថា “ខ្ញុំចង់ផ្ទៀងផ្ទាត់ព័ត៌មានដែលខ្ញុំបានទទួល និងអ្វីដែលខ្ញុំបានឃើញផ្ទាល់”។ លោកបានមានប្រសាសន៍ថា ប៉ុន្តែការធ្វើដូច្នេះបានធ្វើឲ្យលោកព្រួយបារម្ភអំពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសហគមន៍ទាំងនេះ។ លោកបានមានប្រសាសន៍បន្ដថា“ដីសម្បទានមួយកន្លែងនោះមានផ្ទៃដីទំហំ ២០.០០០ហិកតាដែលជាទីសម្រាប់សត្វពាហនៈនោះត្រូវបានប្រគល់ឲ្យទៅក្រុមហ៊ុនមួយឈូសឆាយសម្អាតហើយទិដ្ឋភាពនៃការបាត់បង់អ្វីៗទាំងអស់នេះ ពុំមានហេតុ
ផលច្បាស់លាស់នោះទេនេះហើយដែលធ្វើឲ្យខ្ញុំព្រួយបារម្ភខ្លាំងនោះ”។ លោកបានបន្ថែមថា លោកបានចូលទៅដល់ដីសម្បទានដែលកាន់កាប់ដោយក្រុមហ៊ុនទាំងនោះពិនិត្យមើលស្ថានភាពជាក់ស្តែង។
ហើយក្នុងខណៈពេលលោក ស៊ូបេឌី បានថ្លែងថាលោកគាំទ្រសេចក្ដីប្រកាសនាពេលថ្មីៗរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថានឹងលុបចោលដីសម្បទានទាំងនោះ លោកនឹងបន្ដពិនិត្យមើលស្ថានភាពនេះទៀត ដើម្បី ធ្វើឲ្យប្រាកដថាសារាចរថ្មីនេះត្រូវបានអនុវត្តត្រឹមត្រូវ។ប្រជាពលរដ្ឋមានជំនឿយ៉ាងខ្លាំងមកលើរូបខ្ញុំប៉ុន្តែខ្ញុំក៏បានពន្យល់ពួកគាត់យ៉ាងលម្អិតអំពីតួនាទីរបស់ខ្ញុំ។ខ្ញុំមិនមែនទៅទីនោះដើម្បីដោះស្រាយបញ្ហារបស់ពួកគាត់នៅពេលនេះទេប៉ុន្តែនឹងលើកទឹកចិត្តរដ្ឋាភិបាលឲ្យលើកយកទុក្ខកង្វល់របស់ពួកគាត់មកពិភាក្សា”។
យោងតាមព័ត៌មានពីមន្ត្រីនៅការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថាលោក ស៊ូបេឌី បានរៀបគម្រោងជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា លោកកំពុងរង់ចាំពិភាក្សាអំពីអ្វី ដែលលោកបានជួបប្រទះក្នុងពេលចុះសួរសុខទុក្ខនោះជាមួយនឹងរដ្ឋាភិបាល។
លោកបានមានប្រសាសន៍បន្ថែមថា“ខ្ញុំមានសហប្រតិបត្តិការល្អខ្ញុំអាចចុះទៅពិនិត្យមើលសហគមន៍ដែលខ្ញុំចង់ឃើញហើយលទ្ធភាពដែលខ្ញុំមានក្នុងពេលបេសកកម្មនេះក៏បានល្អដែរ”។
លោក ផៃសុីផានអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងអំពីដំណើរចុះសួរសុខទុក្ខរបស់លោក ស៊ូបេឌីថា “តាមគោលការណ៍ លោកស៊ូបេឌីគឺជាដៃគូរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងនេះ”។លោក សុីផាន បានមានប្រសាសន៍បន្ថែមទៀតថា“យើងកំពុងស្ថិតក្នុងដំណាក់កាលត្រូវការការកែទម្រង់។អង្គការសហប្រជាជាតិបានលើកឡើងនូវបញ្ហាមួយចំនួន យើងក៏យល់អ៊ីចឹងដែរហើយយើងព្យាយាមដោះស្រាយ”។ លោកស៊ូបេឌីនឹងសង្ខេបព័ត៌មាននៃបេសកកម្មរបស់លោកហើយលោកគ្រោងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៅក្នុងសន្និសីទកាសែតថ្ងៃនេះ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា