32 C
Phnom Penh

គណបក្ស​ប្រឆាំង​​ស្នើសុំ​ធ្វើ​​ការតវ៉ា​ចំពោះ​ការ​ផ្តាច់​ចរន្ត​អគ្គិសនី​ញឹកញាប់នៅក្នុង​ខេត្ត​កំពង់​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​កំពង់​ធំ​បាន​បដិសេធ​សំណើ​របស់​គណបក្ស​ សម​ រង្ស៊ី សុំ​ធ្វើ​បាតុកម្ម​អហិង្សា​​មួយ​ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​កាត់​ផ្ដាច់​ចរន្ដ​អគ្គិសនី​ជា​ញឹក​ញាប់​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​នៅ​ក្នុង​ខេត្ត​អស់​រយៈ​ពេល​ជិត​ពីរខែ​មក​ហើយ។

លោក ម៉ែន​ សុថាវរិន​ ​សមាជិក​ព្រឹទ្ធសភា​របស់គណបក្ស​ សម​ រង្ស៊ី ​ប្រចាំ​មណ្ឌល​កំពង់ធំ​បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​របស់​លោក​បាន​ទទួល​បណ្ដឹង​ពី​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​មួយ​ ដែល​មាន​ការ​កាត់​ផ្ដាច់​ចរន្ដ​អគ្គិសនី​រហូត​ដល់​ទៅចំនួន​២៦​ដង​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​។

លោកបាន​ឲ្យ​ដឹង​ថា នៅ​ទូ​ទាំង​ខេត្ត​​ អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​ជួប​ប្រទះ​នឹង​ចរន្ដ​អគ្គិសនី​​រអាក់​រអួល​អស់​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​ហើយ ​រួម​ទាំង​ទី​ស្នាក់​ការ​​ខេត្ត​​របស់​គណបក្ស​​ប្រឆាំង​ផង​ដែរ។

លោក​បាន​បន្ថែម​ថា លោក ​ឈុន ឈន់​ អភិបាល​ខេត្ត​កំពង់​ធំ​បាន​បដិសេធ​សំណើ​របស់​​គណបក្ស​ប្រឆាំង​សុំ​ធ្វើ​បាតុកម្ម​អហិង្សា​មួយ​​ តវ៉ា​នឹង​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ចរន្ដ​អគ្គិសនី​ក្នុង​ខេត្ត​ គឺ​ក្រុម​ហ៊ុន​ ប៊ីវីស៊ី (BVC)​ ដែល​បាន​ទិញ​​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម​ដើម្បី​ផ្គត់​ផ្គង់​ខេត្ត​នេះ។

លោក សោម ​សុផាត អភិបាល​រង​ខេត្ត​បាន​បញ្ជាក់​ថា​ លោក​បាន​ទទួល​សំណើសុំ​ធ្វើ​បាតុកម្ម​នេះ​។ ​លោកបាន​មាន​ប្រសាសន៍ថា​ លោក​បាន​ស្នើសុំ​ឲ្យ​គណបក្ស​ សម ​រង្ស៊ី ​ពន្យារ​ពេល​ធ្វើ​បាតុកម្ម​ រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នា​ថ្ងៃ​ទី​៣ ខែ​មិថុនា ខាង​មុខ​នេះ​ ពី​ព្រោះ​ក្រុម​ហ៊ុន​ ប៊ីវីស៊ី ​បាន​សន្យា​​បំពាក់​ម៉ាស៊ីន​ភ្លើង​ថ្មីៗ​ ដើម្បី​ធានា​ឲ្យ​អ្នក​ភូមិ​​មាន​អគ្គិសនី​ប្រើប្រាស់ រហូត​ដល់​ដំណាច់​ខែ​ឧសភានេះ​។

លោក​ សោម​ សុផាត​ ឲ្យ​ដឹង​ថា  “ យើង​​បាន​ស្នើ​សុំ​ឲ្យ​គណបក្ស​ សម​ រង្ស៊ី ផ្អាកការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ ប៊ីវីស៊ី​ សិន​ ខណៈ​​ពេល​​ក្រុមហ៊ុន​នេះ​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ដាក់​​​ម៉ាស៊ីន​ភ្លើង​មួយ​គ្រឿង​​ជំនួស​ម៉ាស៊ីនភ្លើង​​ចាស់​ ដែល​បាន​ខូច​ទៅ​ហើយ​នោះ​”។

លោក​​បាន​មាន​ប្រសាសន៍ថា​ គណបក្ស​ សម​ រង្ស៊ី ​យល់​ព្រម​​ពន្យារពេល​ធ្វើ​បាតុកម្ម​នោះហើយ​ ដើម្បី​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​ដាក់​​ម៉ាស៊ីន​ថ្មី​​ជំនួស​ម៉ាស៊ីន​ចាស់​របស់​ខ្លួន​។ លោក​បានមានប្រសាសន៍​ថា ប្រសិន​បើ​នៅ​តែ​គ្មាន​​​ដំណោះ​ស្រាយ​ទេនោះ​ យើង​នឹង​ធ្វើ​ការ​តវ៉ា​​ជាមិនខាន​​។

លោកបាន​មាន​ប្រសាសន៍ថា “ យើង​នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ពេល​ណា​មួយ​ ប្រសិន​បើ​ពួក​គេ​មិនដោះ​ស្រាយ​បញ្ហា​នេះ​”។ លោក ​ហ៊ុយ ថោ ប្រធានភូមិ​ក្នុង​សង្កាត់​​ កំពង់ធំ​ ក្រុង​ស្ទឹង​សែន​បាន​និយាយ​ថា ចរន្ដ​អគ្គិសនី​រអាក់​រអួល​​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ភូមិយ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ដើមខែ​មេសាកន្លង​មក​។ លោក​បាន​និយាយ​ថា “ ភ្លើង​ដាច់​​​ជិត​ពីរ​ខែ​កន្លង​មក​ហើយ ​ហើយ​វា​ធ្វើ​ឲ្យ​​មាន​ការ​លំបាក​ដល់​ការ​រស់​នៅក្នុង​ភូមិ​របស់​ខ្ញុំ​ ដោយ​សារ​គ្មាន​ភ្លើង​ប្រើ​​”៕

ប្រែសម្រួល​ដោយ  ហួង​ កុកទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស