TAG
paywall
ក្រុមសកម្មជនការពារសិទ្ធិមនុស្សថា ជនសង្ស័យពីរនាក់ ត្រូវបានឃុំខ្លួនដើម្បីសាកសួរ
សកម្មជនការពារសិទ្ធិមនុស្សបានអះអាងកាលពីម្សិលមិញថា ជនសង្ស័យពីរនាក់នៅក្នុងការបាញ់សម្លាប់លោកឈុត វុទ្ធីសកម្មជនការពារព្រៃឈើនិងលោកអិុនរតនា មន្ដ្រីកងរាជអាវុធហត្ថនោះ កំពុងត្រូវបានឃុំខ្លួន ដើម្បីសាកសួរនៅខេត្តកោះកុង ប៉ុន្តែមន្ដ្រីរដ្ឋាភិបាលមិនព្រមបញ្ជាក់ពីការអះអាងបែបនេះទេ។
លោកនាង បូរ៉ាទីណូអ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថា លោក រ៉ាន់ បូរ័ត្នអាយុ២៧ឆ្នាំត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងកងរាជអាវុធហត្ថចាប់តាំងពីថ្ងៃសុក្រមក ហើយជនសង្ស័យមិនស្គាល់ឈ្មោះម្នាក់ទៀតត្រូវបានឃុំខ្លួនតាំងពីថ្ងៃអង្គារ។
លោករ៉ាន់បូរ័ត្នត្រូវបានអះអាងថាជាសន្ដិសុខនៅក្រុមហ៊ុន ធីមបឺ ហ្គ្រីន (Timber Green) ជាក្រុមហ៊ុនដែលគេគិតថា មានអាជ្ញាប័ណ្ណកាប់ឈើនៅក្នុងតំបន់អនាគតអាងស្តុកទឹកជំុវិញទំនប់វារីអគ្គិសនីឫស្សីជ្រុំ ក្នុងខេត្តកោះកុងហើយក្រុមហ៊ុនចិន ហ៊ួឌានខប (Huadian Corp)ដែលជាក្រុមហ៊ុនថាមពលចិនគ្រប់គ្រងដោយរដ្ឋកំពុងសង់ទំនប់នេះ។
លោកបូរ៉ាទីណូ បានលើកឡើងថា “ បើតាមលោកហ៊ុនរ៉ាន់ដែលជាឪពុករបស់ជនសង្ស័យឈ្មោះ រ៉ាន់ បូរ័ត្ន បានឲ្យដឹងថារ៉ាន់ បូរ័ត្នត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនតាំងពីប្រាំថ្ងៃមុនម៉្លេះ ហើយឥឡូវនេះកូនប្រុសគាត់កំពុងត្រូវឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត”។ លោក បូរ៉ាទីណូបានបានបញ្ជាក់ថា រ៉ាន់ បូរ័ត្ន គឺជាមិត្តជិតស្និទ្ធរបស់លោក អិុន រតនា មន្ដ្រីកងរាជអាវុធហត្ថ ដែលត្រូវបានបាញ់សម្លាប់។
ការហៅទូរស័ព្ទជាច្រើនលើកច្រើនសាទៅកាន់លោក ហ៊ុន រ៉ាន់ មន្ត្រីរដ្ឋបាលព្រៃឈើចូលនិវត្តន៍ មិនមានការឆ្លើយតបទេ។
លោកចាន់សុវ៉េត អនុប្រធានកម្មវិធីសិទ្ធិមនុស្សរបស់អង្គការអាដហុកបានមានប្រសាសន៍ថា ក្រៅពី រ៉ាន់ បូរ័ត្ន សកម្មជនការពារសិទ្ធិមនុស្សជឿជាក់ថាជនសង្ស័យម្នាក់ផ្សេងទៀត
ត្រូវបានកងរាជអាវុធហត្ថឃុំខ្លួន ដើម្បីសាកសួរកាលពីថ្ងៃអង្គារ។
លោក ចាន់ សុវ៉េត បានលើកឡើងថា “ មេបញ្ជាការកងរាជអាវុធហត្ថបានចាប់ខ្លួនមនុស្សពីរនាក់ ហើយបានឃុំខ្លួនពួកគេនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ”។លោកបានបញ្ជាក់ថា លោកបាននិយាយជាមួយក្រុមគ្រួសាររបស់ រ៉ាន់ បូរ័ត្ន ពិតមែន ហើយលោកមិនស្គាល់ឈ្មោះជនសង្ស័យទីពីរនោះទេ។
លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា“ ជនសង្ស័យទាំងពីរនាក់នេះមិនទាន់ត្រូវបានបញ្ជូនទៅតុលាការនៅឡើយទេ”។
លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ ដែលកំពុងតែដឹកនាំក្រុមការងារពិសេស រួមមួយចាត់តាំងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ឲ្យធ្វើការស៊ើបអង្កេតលើការបាញ់សម្លាប់អ្នកទាំងពីរនេះ មិនប្រាប់ថា មានការនាំខ្លួនជនណាម្នាក់មកសាកសួរឬក៏អត់នោះទេ...
ប្រជាពលរដ្ឋមិនសប្បាយចិត្តចំពោះការផាកពិន័យដោយចេញសំបុត្រឲ្យទៅបង់លុយនៅពេលក្រោយ
ក្រុមមន្ត្រីបាននិយាយថា ខ្លួននៅមិនទាន់បូកសរុបនៅឡើយទេ នូវលទ្ធផលនៃការអនុវត្តគោលនយោបាយថ្មីមួយ នៅទូទាំងប្រទេស ដែលបានចូលជាធរមានកាលពីម្សិលមិញ ដែលក្នុងនោះនគរបាលចរាចរមិនត្រូវផាកពិន័យអ្នកបើកបររថយន្តគ្រប់ប្រភេទនៅនឹងកន្លែងឡើយ គឺត្រូវចេញសំបុត្រឲ្យពួកគេបង់ប្រាក់ជាក្រោយ។
បណ្តាអង្គការក្រៅរដ្ឋាភិបាល នៅតែមានការព្រួយបារម្ភថា វិធានថ្មីនេះនឹងកាន់តែផ្តល់ឱកាសឲ្យនគរបាលចរាចរ ដែលល្បីខាងពុករលួយស្រាប់ នូវលេសមួយសម្រាប់ទាមទារការសូកប៉ាន់ពីអ្នកបើកបរទៅវិញទេ។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសវិធានថ្មីនេះកាលពីខែមុន ក្នុងកិច្ចខំប្រឹងប្រែងមួយដើម្បីសម្រួលដល់កិច្ចការរបស់នគរបាលចរាចរក្នុងប្រទេសនិងធ្វើឲ្យប្រទេសកម្ពុជាជឿនលឿនដូចបណ្តាប្រទេសជិតខាងរបស់ខ្លួន។
ជំនួសឲ្យការផាកពិន័យអ្នកបើកបររថយន្តនៅ នឹងកន្លែង នគរបាលពេលនេះត្រូវចេញសំបុត្រឲ្យបង់ប្រាក់ក្នុងរយ: ពេល៣០ថ្ងៃ នៅតាមការិយាល័យនគរបាលចរាចរក្នុងមូលដ្ឋាន ឬនាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់។
លោក ចេវ ហាក់ នាយរងការិយាយល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ថ្ងៃនេះគឺជាថ្ងៃទីមួយហើយ...
ការតវា៉របស់សហគមន៍បឹងកក់នៅក្រៅរដ្ឋសភា ដើម្បីទាមទារប័ណ្ណកម្មសិទ្ធិដីសម្រាប់៩០គ្រួសារ
កាលពីម្សិលមិញ អ្នករស់នៅសហគមន៍បឹងកក់ក្នុងរាជធានីភ្នំពេញប្រមាណ៣០០នាក់ ដែលកំពុងទាមទារប័ណ្ណកម្មសិទ្ធិដី សម្រាប់ប្រជាជន៩០គ្រួសារនោះ បានធ្វើការតវា៉យ៉ាងយូរនៅរដ្ឋសភា ដែលនៅទីនោះ ស្ត្រីមួយចំនួនបានដោះសម្លៀកបំពាក់បង្ហាញខោស្ល៊ីបនិងអាវទ្រនាប់ទើបតែបោះពុម្ពថ្មីៗសម្រាប់ឱកាសនេះ និងមានសរសេរពាក្យថា “សាក្សីគ្មានសម្លៀកបំពាក់” នៅខាងក្រោយខ្នងរបស់ខ្លួន។
ប្រជាជនទាំង៩០គ្រួសារនេះត្រូវបានលុបឈ្មោះចេញពីគម្រោងមួយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តយល់ព្រមកាលពីឆ្នាំមុន ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់លំនៅដ្ឋានដល់ប្រជាជននៅសហគមន៍បឹងកក់។ នៅថ្ងៃទីពីរនៃការដើរក្បួនរបស់ពួកគេ ក្រុមអ្នកតវ៉ាទាំងនោះត្រូវបាននគរបាលរារាំងម្តងទៀតមិនឲ្យដាក់ញត្តិរបស់ខ្លួននៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ។នៅពេលទៅដល់រដ្ឋសភា ស្ត្រីប្រាំនាក់ដែលបានដាក់ច្រវាក់ដៃជាប់គ្នានោះ បានស្នើសំុចូលទៅក្នុងដើម្បីប្រគល់ញត្តិរបស់ខ្លួន។
ប៉ុន្តែនៅពេលដែលសន្តិសុខ បានទទូចសំុឲ្យអ្នកតវា៉ទាំងនេះ ដោះច្រវាក់ចេញពីដៃរបស់ខ្លួនជាមុនសិននោះ ស្ត្រីទាំងនោះបានសម្រេចនៅខាងក្រៅវិញ។ ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យស្ត្រីបីនាក់ក្នុងចំណោមស្រ្តីទាំងនោះស្រាតសារុងរបស់ខ្លួនដើម្បីបង្ហាញខោស្ល៊ីប និងអាវទ្រនាប់ដែលមាន
សរសេរក្រវេមក្រវាមថា “សាក្សីគ្មានសម្លៀកបំពាក់”ទាំងភាសាអង់គ្លេសនិងភាសាខ្មែរ នៅលើកំប៉េះគូថរបស់ខ្លួន។ អ្នកស្រី ហេង ស្រីមំុ ក្នុងចំណោមអ្នក
ដែលត្រូវបានបដិសេធមិនផ្តល់ប័ណ្ណកម្មសិទ្ធិដីនោះ បាននិយាយថា “ពួកយើងចង់ចូលទៅខាងក្នុងទាំងច្រវាក់ចាក់ជាប់ដៃ ពីព្រោះយើងចង់បង្ហាញសមាជិកសភាទាំងអស់ថាយើងកំពុងរស់នៅក្រោមការគាបសង្កត់ពីអាជ្ញាធរ”៕ប្រែសម្រួលដោយ អូន ភាព
អង្គការសហប្រជាជាតិថា ការស៊ើបអង្កេតករណីបាញ់សម្លាប់នៅខេត្តកោះកុងត្រូវតែឯករាជ្យ
កាលពីម្សិលមិញ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានអំពាវនាវឲ្យរដ្ឋាភិបាលធានាឲ្យមានឯករាជ្យ ចំពោះការស៊ើបអង្កេតរបស់ខ្លួនលើករណីបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងលោក អិុន រតនា មន្ត្រីកងរាជអាវុធហត្ថ ដោយសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃការបាញ់ប្រហារ មកលើជនស៊ីវិល និងក្រុមសកម្មជនការពារសិទ្ធិមនុស្ស។
អង្គការសហប្រជាជាតិបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ នៅពេលមិនទាន់ដឹងច្បាស់អំពីហេតុការណ៍ ដែលកើតឡើងពេលថ្មីៗនេះ យើងនៅតែព្រួយបារម្ភណាស់ថា ការបាញ់សម្លាប់លោក ឈុត វុទ្ធី គឺបង្ហាញឲ្យឃើញពីការបាញ់សម្លាប់ដ៏ឃោរឃៅ បំផុតនៅក្នុងករណីបាញ់សម្លាប់ជាបន្តបន្ទាប់មកលើសកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា”។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងបន្តទៀតថា...
សេដ្ឋវិទូរបស់ធនាគារពិភពលោកថាក្រុមទំនិញឡើងថ្លៃជាលំដាប់គឺជាហានិភ័យចំពោះកំណើន
ទោះបីជាបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងកើនឡើងក្នុងឆ្នាំនេះក៏ដោយ ក្រុមសេដ្ឋវិទូនៅធនាគារពិភពលោកបានឲ្យដឹងកាលពីម្សិលមិញថា សេដ្ឋកិច្ចប្រទេសនេះនៅតែអាចប្រែប្រួលទៅតាមតម្លៃរបស់ក្រុមទំនិញ ដែលឡើងថ្លៃជាលំដាប់ជាពិសេសម្ហូបអាហារ និងប្រេងសាំងតែម្តង។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីពិធីផ្សព្វផ្សាយរបាយការណ៍សេដ្ឋកិច្ចនៅតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០១២ លោក អេនរីក អាល់ដាស ខារ៉ូល (Enrique Aldaz-Carroll) សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសរបស់ធនាគារពិភពលោក បានថ្លែងថា តម្លៃប្រេងសាំងនៅកម្ពុជា អាស្រ័យយ៉ាងខ្លាំងទៅលើទីផ្សារទំនិញអន្តរជាតិ ហើយអាចបង្កឲ្យមានអតិផរណានៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជាទៀតផង។
លោកថ្លែងថា “ដោយចាប់ផ្តើមតាំងពីដើមឆ្នាំ២០១១ រដ្ឋាភិបាលឈប់គិតពន្ធលើប្រេងសាំងនាំចូលដោយមានឧបត្ថម្ភធនពីសហភាពអឺរ៉ុប ហើយពួកគេក៏បានកាត់បន្ថយអត្រាពន្ធនាំចូលផងដែរ ដូច្នេះ បច្ចុប្បន្នតម្លៃប្រេងសាំងគ្រាន់តែឆ្លុះបញ្ចាំងអំពីតម្លៃប្រេងសាំងលើទីផ្សារអន្តរជាតិប៉ុណ្ណោះ”។
ធនាគារពិភពលោកបានដំឡើងអត្រាព្យាករសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពី៦,៥ភាគរយទៅ៦,៦ភាគរយ ដោយសារប្រទេស
នេះអាចបញ្ចៀសខ្លួនចេញពីស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ដែលប៉ះពាល់ដល់បណ្តាប្រទេសនៅលោកខាងលិច និងអាចចៀសផុតពីការខូចខាតទ្រង់ទ្រាយធំដោយសារគ្រោះទឹកជំនន់កាលពី ឆ្នាំមុនទៀតផង។
លោក អេនរីក អាល់ដាស-ខារ៉ូល ថ្លែងផងដែរថា តាំងពីឆ្នាំ២០០៤ សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងភាគច្រើន ដោយសារតែមានការជំរុញពីក្រុមទំនិញជាច្រើន ហើយ
បរិមាណលក់ដែលចេះតែកើនឡើងនៅក្នុងតំបន់ជនបទបង្ហាញអំពីរបៀបដែល អត្ថប្រយោជន៍ទាំងនេះបានរាលដាលដល់តំបន់ដាច់ស្រយាលនៃប្រទេស។
លោកថ្លែងថា “ប្រសិនបើលោកអ្នកក្រឡេកមើលទីផ្សារលក់ម៉ូតូនៅតាមតំបន់ជនបទ អ្នកអាចនឹងឃើញថា បរិមាណលក់នៅទីនោះមានកំណើន ដូច្នេះតម្លៃទំនិញនានាពិតជាប៉ះពាល់ដល់តំបន់ជនបទ។ នេះជាមូលេហតុដែល ត្រូវមានភាពចម្រុះមុខនៃទំនិញនៅលើទីផ្សារ ហើយខ្ញុំគិតថា នេះគឺជាគោលបំណងរបស់រដ្ឋាភិបាល”។
លោក អេនរីក អាល់ដាស-ខារ៉ូល បានលើកអនុសាសន៍ថា កម្ពុជាគួរតែកាត់បន្ថយបទបញ្ញត្តិការិយាធិបតេយ្យ ដែលបច្ចុប្បន្ន កំពុងតែប៉ះពាល់ដល់ថ្លៃដើមដឹកជញ្ជូន។
លោកបានថ្លែងថា “ប្រសិនបើយើងកាត់បន្ថយពេលវេលាបានមួយថ្ងៃ មានន័យថា ថ្លៃដើមផលិតកម្មនឹងធ្លាក់ចុះ១ភាគរយ។ ដូច្នេះការកាត់បន្ថយការិយាធិបតេយ្យ គឺជាវិធីសាស្ត្រមួយដែលអាចប្រើប្រាស់បាន ដើម្បីកាត់បន្ថយពេលវេលា”។
របាយការណ៍ដែលធនាគារពិភពលោកបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា ប្រទេសកម្ពុជាបានធ្វើការយ៉ាងមានប្រសិទ្ធភាព ក្នុងការរក្សាអត្រាអតិផរណាឲ្យនៅទាបជាង៥ភាគរយ រហូតមកដល់ឆ្នាំ២០១១ទោះបីជា តម្លៃម្ហូបអាហារ និងប្រេងសាំងនៅក្រៅប្រទេសកើនឡើងក៏ដោយ។ ក៏ប៉ុន្តែ របាយការណ៍ដដែលនេះ បានបង្ហាញផងដែរថា តម្លៃម្ហូបអាហារមានចំណែកជិតពាក់កណ្តាលនៃអតិផរណាទំនិញប្រើប្រាស់នៅប្រទេសកម្ពុជា៕
ប្រែសម្រួលដោយ កង សុធា
រដ្ឋាភិបាលអាចចំណាយលើការបោះឆ្នោត ប៉ុន្ដែស្វាគមន៍ជំនួយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ កាលពីម្សិលមិញថា កម្ពុជាត្រៀមចេញការចំណាយទំាងមូលទៅលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងខែមិថុនា និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំក្រោយ ដែលត្រូវបានប៉ាន់ប្រមាណក្នុងការចំណាយរវាងទឹកប្រាក់៣៦ទៅ៣៨លានដុល្លារ ក៏ប៉ុន្ដែថា លោករីករាយទទួលជំនួយ។
លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងសុន្ទរកថាមួយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសរំឭកទិវាពលកម្មអន្ដរជាតិថា “ រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោត ហើយនឹងមិនពឹងផ្អែក ថាតើមានជំនួយសម្រាប់ការចំណាយទៅលើការបោះឆ្នោត ឬអត់នោះទេ”។
លោកបានមានប្រសាសន៍ថា “ វានឹងជាការប្រសើរ ប្រសិនបើយើងអាចមាននរណាម្នាក់ផ្ដល់ជំនួយឲ្យយើង។ ប្រសិនបើគ្មានទេ យើងនឹងចំណាយក៏បាន”។ មកទល់ពេលនេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនទាន់និយាយជាមួយក្រុមអ្នកផ្ដល់ជំនួយបរទេសក្នុងការស្វែងរកជំនួយសម្រាប់ការចំណាយទៅលើការបោះឆ្នោតនៅឡើយទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ វប្បធម៌នៃការពឹងផ្អែកទៅលើអ្នកដទៃគួរតែកាត់បន្ថយ ដើម្បីពង្រឹងខ្លួនឯងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យបានទៀងទាត់ក្នុងប្រទេសកម្ពុជា”។ លោកបានបន្ថែមថា ការចំណាយទៅលើការបោះឆ្នោត គ្រោងនឹងចំណាយពី១៨ទៅ១៩លានដុល្លារ សម្រាប់ទាំងការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ ទឹកប្រាក់នេះ យើងអាចរកបាន។ គ្មានបញ្ហាទេ។ ប៉ុន្ដែ ប្រសិនបើជាមិត្តយើងឲ្យ យើងនឹងអរគុណ”។
កាលពីពេលកន្លងទៅ ការចំណាយទៅលើការបោះឆ្នោតភាគច្រើននៅកម្ពុជាបានទទួលការឧបត្ថម្ភពីជំនួយបរទេស។ ការបោះឆ្នោតឆ្នាំ១៩៩៣ ត្រូវបានផ្ដល់មូលនិធិទាំងស្រុងដោយអង្គការសហប្រជាជាតិ តាមរយៈអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិសម្រាប់កម្ពុជា រីឯការបោះឆ្នោតផ្សេងទៀត ត្រូវបានផ្ដល់មូលនិធិដោយប្រទេសជប៉ុន សហគមន៍អឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ត្រឹមឆ្នាំ២០០៣ រដ្ឋាភិបាលកម្ពុជាបានជួយចំណាយទៅលើការបោះឆ្នោត៤០ភាគរយ...
មន្ត្រីយោធារបស់ប្រទេសថៃផ្ដល់អំណះអំណាងផ្ទាល់ខ្លួនទាក់ទិននឹងការបាញ់ប្រហារនៅព្រំដែន
ផ្ទុយគ្នាពីសេចក្តីរាយការណ៍ពីកងកម្លាំងប្រដាប់អាវុធកម្ពុជា យោធាថៃបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាជនកម្ពុជាដែលទាហានរបស់ខ្លួនបានបាញ់ប្រហារនៅតាមបណ្ដោយព្រំដែនក្នុងខេត្តព្រះវិហារកាលពីថ្ងៃអាទិត្យ គឺជាអ្នកកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើងភ្លាម ឧត្ដមសេនីយ៍កងយោធពលខេមរភូមិន្ទមួយរូបបានឲ្យដឹងថា រូបលោក និងទាហានរបស់លោកបានបោះជំរំនៅភាគខាងជើង ខេត្តព្រះវិហារដើម្បីបំពេញភារកិច្ចរារាំងអ្្នកកាប់ឈើខុសច្បាប់មិនឲ្យចូលទឹកដីថៃ ស្រាប់តែនៅពេលនោះទាហានថៃ បានបាញ់ប្រហារមកលើពួកគេ ដោយពួកគេមិនបានធ្វើអ្វីខុសឡើយ ហើយបានបណ្ដាលឲ្យទាហានម្នាក់រងរបួសត្រូវជើងម្ខាង។
ប៉ុន្ដែអ្នកនាំពាក្យយោធាថៃ វរសេនីយ៍ឯកសានសឺន កែវកាំណឺត (Sansern Kaewkamnerd) បានប្រាប់កាសែតបាងកកប៉ុស្ដិ៍អំពីហេតុការណ៍ផ្សេងទៅវិញកាលពីម្សិលមិញ។ វរសេនីយ៍ឯក សានសឺន បានថ្លែងថា ពលរដ្ឋកម្ពុជាទាំងនោះគឺជាអ្្នកកាប់ឈើខុសច្បាប់ មិនមែនជាទាហានទេ ហើយពួកគេបានចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់...
សមាជិកសហជីពជាង៧.០០០នាក់ ដង្ហែក្បួនទៅកាន់រដ្ឋសភា នៅថ្ងៃទិវាពលកម្មអន្តរជាតិ
សមាជិកសហជីពប្រមាណ៧.០០០នាក់បានដើរដង្ហែក្បួនតាមតីរវិថីស៊ីសុវត្ថិទៅកាន់រដ្ឋសភា កាលពីម្សិលមិញ ដោយស្រែកពាក្យស្លោក និងលើកបដាដើម្បីចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ។
ដោយមាន លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ជាអ្នកដឹកនាំការដើរក្បួននេះនោះ សមាជិកមកពីសហជីពផ្សេងបានដើរទៅកាន់រដ្ឋសភា ដើម្បីដាក់ញតិ្តទាមទារសំុឲ្យដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករធម្មតានិងដល់មន្ត្រីរាជការ ព្រមទាំងមានសំណើសំុផ្សេងៗទៀត។ អ្នករត់មូ៉តូឌុប និងអ្នករត់រុឺម៉កម៉ូតូ បានដោតទង់ជាតិនិងបដានៅពីក្រោយរុឺម៉កម៉ូតូ និងបានចុចស៊ីផ្លេកងរំពងព្រមៗគ្នា។លោក អាត់ ធន់ បានមានប្រសាសន៍ថា “យើងកំពុងស្នើសុំឲ្យរដ្ឋាភិបាល ដំឡើង
ប្រាក់ខែ ដែលអាចផ្គត់ផ្គង់ដល់ជីវភាពបានសម្រាប់កម្មករ គឺប្រហែល១៣១ដុល្លារ ក្នុងមួយខែ និង២០០ដុល្លារសម្រាប់មន្ត្រីរាជការ ព្រមទាំងបញ្ចុះតម្លៃសាំងមកត្រឹម៤.០០០រៀលក្នុងមួយលីត្រ”។
តាមបញ្ជីរាយឈ្មោះបញ្ហា ដែលលោក អាត់ ធន់ បានលើកឡើងថា រដ្ឋាភិបាលត្រូវតែដោះស្រាយនោះ មានការប្រើអំពើហិង្សាលើកម្មករតវ៉ាច្រើនណាស់។ ដោយពោលសំដៅដល់អតីតអភិបាលក្រុងបាវិត ដែលត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារកម្មការិនីបីនាក់ អំឡុងការតវ៉ានៅរោងចក្រមួយនោះ លោកបានឲ្យដឹងថា “យើងទាំងអស់គ្នាសូមអំពាវនាវដល់រដ្ឋាភិបាល និងសាលាដំបូងខេត្តស្វាយរៀង ឲ្យផ្តន្ទាទោស និងចោទប្រកាន់លើលោក ឈូក បណ្ឌិត ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរថែមទៀត”។ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារនោះលោកបណ្ឌិត ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា។កញ្ញា ចាន់នី អាយុ២៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរបាននិយាយថា អំពើហិង្សានៅក្រុងបាវិត បានធ្វើឲ្យកម្មករមានការព្រួយបារម្ភខ្លាំងណាស់។
កម្មករឈ្មោះ មឿន ចាន់ណា អាយុ៣៦ឆ្នាំបាននិយាយថា “ យើងសូមស្នើឲ្យរដ្ឋាភិបាលបើកភ្នែកមើលកម្មករផង។យើងរស់នៅយ៉ាងពិបាក ហើយយើងគ្មានប្រាក់ទេ ពីព្រោះប្រាក់ខែយើងតិចពេក”។
លោក ហេង សាមួន អគ្គលេខាធិការនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលជាអ្នករៀបចំការដើរក្បួននេះ បានមានប្រសាសន៍ថា នៅខេត្ត
ព្រះសីហនុ អ្នករត់ម៉ូតូឌុប និងអ្នករត់រឺុម៉កម៉ូតូប្រហែល២០០នាក់...
កងយោធពលខេមរភូមិន្ទនិងក្រសួងការពារជាតិសើុបអង្កេតទាហានថៃបាញ់ទាហានកម្ពុជា
មន្ត្រីកងយោធពលខេមរភូមិន្ទ និងមន្ត្រីក្រសួងការពារជាតិ បានចាប់ផ្ដើមការសើុបអង្កេតមួយទាក់ទិន នឹងហេតុការណ៍បាញ់ប្រហារទាហានខ្មែរមួយរូប ដោយទាហានថៃ នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរនៅភាគខាងជើងខេត្តព្រះវិហារកាលពីថ្ងៃអាទិត្យ។
តាមសេចក្តីរាយការណ៍ថា ទាហានថៃដែលដើរល្បាតនៅតំបន់នោះបានបាញ់ទៅលើជំរំមួយរបស់ទាហានកងយោធពលខេមរភូមិន្ទ ដែលឈរជើងនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីយល់ច្រឡំថាពួកគេថាជាអ្នកកាប់ឈើខុសច្បាប់ ដោយបណ្តាលឲ្យទាហានខ្មែរម្នាក់ឈ្មោះ គង់ រីម អាយុ៣២ឆ្នាំរបួសជើងម្ខាង។
ទាហានកងយោធពលខេមរភូមិន្ទទាំងនេះបានឲ្យដឹងថា ពួកគេនៅទីនោះដើម្បីរារាំងក្រុមអ្នកកាប់ឈើកុំឲ្យលួចឆ្លងចូលទៅក្នុងទឹកដីថៃ ទីដែលពលរដ្ឋកម្ពុជា១៧នាក់ត្រូវទាហានថៃ បាញ់សម្លាប់ រហូតទល់ពេលនេះក្នុងឆ្នាំនេះ។
លោកមាស យឿនវរសេនីយ៍ត្រីកងយោធពលខេមរភូមិន្ទបានថ្លែងថា លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ ប្រចាំការនៅខេត្តនេះ...
ក្រុមអ្នកតវ៉ារបស់អ្នកភូមិមកពីសហគមន៍បឹងកក់គ្រោងនឹងដង្ហែក្បួនពេញមួយសប្ដាហ៍
អ្នកភូមិមកពីសហគមន៍បឹងកក់ ក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ភាគច្រើនពាក់មួកកាតិប និងអាវយឺតដៃខ្លីពណ៌ខៀវ បាននាំគ្នាដើរដង្ហែក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ទាមទារប័ណ្ណកម្មសិទ្ធិដីធ្លីសម្រាប់គ្រួសារមិត្តភក្ដិរបស់ខ្លួនចំនួន៩០គ្រួសារ។
គ្រួសារទាំងនេះ ត្រូវបានលុបឈ្មោះចេញពីគម្រោងរបស់រដ្ឋាភិបាល ដែលបានឲ្យសាលារាជធានីភ្នំពេញចេញប័ណ្ណកម្មសិទ្ធិកាន់កាប់លំនៅដ្ឋានឲ្យអ្នកភូមិបឹងកក់ជាង៦០០គ្រួសារ បន្ទាប់ពីមានការតវ៉ាយ៉ាងជូរចត់ប្រឆាំងនឹងគម្រោងអចលនទ្រព្យមួយដែលបានបណ្ដាលឲ្យមានការបណ្តេញអ្នកភូមិរាប់ពាន់គ្រួសារចេញរួចហើយនោះ។
គ្រួសារមួយចំនួនដែលបានទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីរួចហើយនោះ នៅតែប្តេជ្ញាតវា៉រហូតទាល់តែអ្នកជិតខាង របស់ខ្លួនដែលត្រូវបានលុបឈ្មោះចេញពីគម្រោងរបស់រដ្ឋាភិបាលនោះ ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីរបស់ខ្លួន។ ពួកគាត់ក៏ចង់ឲ្យរដ្ឋាភិបាលវាស់វែងកំណត់ព្រំដីទំហំ១២,៤៤ហិកតា ដែលគេលៃទុកសម្រាប់គម្រោងនេះតាមអនុក្រឹត្យមួយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានចុះហត្ថលេខាកាលពីឆ្នាំ២០១១។
មន្ត្រីសាលារាជធានីបានថ្លែងថា លំនៅដ្ឋានរបស់អ្នកភូមិទាំង៩០គ្រួសារនេះស្ថិតនៅក្រៅតំបន់១២,៤៤ហិកតា ប៉ុន្តែមិនព្រមវាស់វែងកំណត់ព្រំដីនេះទេរហូតទាល់តែដោះស្រាយជម្លោះរួចរាល់អស់សិន។
ដោយមានការស្រែកទាមទារតាមឧគ្ឃោសនសព្ទ និងគ្រវីទង់ជាតិរបស់ម្ចាស់ជំនួយអន្ដរជាតិក្នុងប្រទេសកម្ពុជាផងនោះ អ្នកតវ៉ាទាំងនេះ បានចាប់ផ្ដើមការហែក្បួនរបស់ខ្លួន នៅម៉ោងប្រហែល៨ព្រឹក សំដៅទៅកាន់ស្ថានទូតអាមេរិកមុនគេ ដែលនៅទីនោះ ពួកគាត់ បានដាក់ញត្តិស្នើសុំឲ្យស្ថានទូតជួយដោះស្រាយបញ្ហារបស់ខ្លួន។
អ្នកស្រី ហេង មុំ ដែលស្ថិតក្នុងចំណោមអ្នកប្រឈមមុខនឹងការបណ្ដេញចេញ និងមនុស្សបួននាក់ផ្សេងទៀត បានដឹកនាំការដើរក្បួននេះ ហើយពួកគាត់បានយកច្រវាក់ចាក់សោដៃជាប់គ្នា។ អ្នកស្រី ហេង មុំ បានមានប្រសាសន៍ថា “ យើងដាក់ច្រវាក់ខ្លួនឯងដូចជាអ្នកទោស ពីព្រោះយើងចង់បង្ហាញសាធារណជនថា ការរស់នៅរបស់យើងសព្វថ្ងៃនេះ ពុំមានសិទ្ធិ ឬសេរីភាពក្នុងការការពារដីរបស់ខ្លួនឯងទេ”។
បន្ទាប់ពីបានប្រគល់ញត្តិឲ្យទៅស្ថានទូតអាមេរិករួចហើយក្រុមអ្នកតវ៉ាបានធ្វើដំណើរតាមផ្លូវលេខ៥១ ដើម្បីដាក់ញត្តិនៅឯភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននៅជិតវិមានឯករាជ្យ។
ទោះជាយ៉ាងណា នៅពេលពួកគាត់បានមកដល់ភូមិគ្រឹះនោះ មាននគរបាលប្រមាណ១០០នាក់ ខ្លះកាន់អាវុធនិងដំបងឆក់បានរារាំងពួកគាត់មិនឲ្យទៅមុខទៀត និងបានឲ្យពួកគាត់ធ្វើដំណើរទៅខាងត្បូង តាមមហាវិថីព្រះនរោត្តមវិញ។ ពេលមកដល់ព្រឹទ្ធសភា ពួកគាត់បានដាក់ញត្តិមួយផ្សេងទៀតនៅទីនោះមុនពេលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។អ្នកស្រីទេពវន្នីអ្នកចូលរួមក្នុងក្បួនដង្ហែដែលបានដាក់ច្រវាក់ដៃដែរនោះ បានមានប្រសាសន៍ថាក្រុមអ្នកតវ៉ាគ្រោងនឹងដង្ហែក្បួនរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃសៅរ៍។
អ្នកស្រីបានលើកឡើងថា“ យើងមានគម្រោងតវ៉ាពេញមួយសប្ដាហ៍ ដើម្បីឲ្យរដ្ឋាភិបាលវាស់វែងព្រំដីទំហំ១២,៤៤ហិកតាដែលសម្តេច ហ៊ុន សែន ទុកសម្រាប់យើង”។
លោក កើត ឆែ អនុប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថាការវាស់វែងដីនេះ នឹងអាចធ្វើទៅបានដរាបណាជម្លោះដីធ្លីរវាងអ្នកភូមិបឹងកក់ និងសាលារាជធានីភ្នំពេញបានដោះស្រាយរួច។
ក្រុមហ៊ុន ស៊ូកាគូ របស់លោក ឡៅ ម៉េងឃិនសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានទទួលកិច្ចសន្យាជួលដីនេះក្នុងឆ្នាំ២០០៧ ហើយចាប់តាំងពីពេលនោះមក អ្នកភូមិជាង៣.០០០គ្រួសារមកពីសហគមន៍បឹងកក់ ត្រូវបានបណ្ដេញចេញ ដែលជាការរំលោភច្បាប់ភូមិបាល ដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យដ៏ធំមួយ។
បន្ទាប់ពីបានបូមខ្សាច់ចាក់បំពេញបឹងនេះនិងបានបុកគ្រឹះសម្រាប់គម្រោងនេះ កាលពីខែកក្តដានោះក្រុមហ៊ុនទំនងជាបានផ្អាកដំណើរការ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
Latest news
© 2021, ដេលី. All rights reserved.

