កាលពីម្សិលមិញ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានអំពាវនាវឲ្យរដ្ឋាភិបាលធានាឲ្យមានឯករាជ្យ ចំពោះការស៊ើបអង្កេតរបស់ខ្លួនលើករណីបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងលោក អិុន រតនា មន្ត្រីកងរាជអាវុធហត្ថ ដោយសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃការបាញ់ប្រហារ មកលើជនស៊ីវិល និងក្រុមសកម្មជនការពារសិទ្ធិមនុស្ស។
អង្គការសហប្រជាជាតិបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ នៅពេលមិនទាន់ដឹងច្បាស់អំពីហេតុការណ៍ ដែលកើតឡើងពេលថ្មីៗនេះ យើងនៅតែព្រួយបារម្ភណាស់ថា ការបាញ់សម្លាប់លោក ឈុត វុទ្ធី គឺបង្ហាញឲ្យឃើញពីការបាញ់សម្លាប់ដ៏ឃោរឃៅ បំផុតនៅក្នុងករណីបាញ់សម្លាប់ជាបន្តបន្ទាប់មកលើសកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា”។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងបន្តទៀតថា “យើងទទូចឲ្យរាជរដ្ឋាភិបាលធានាថា ការស៊ើបអង្កេតនេះពិតជាប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ប្រកបដោយភាពត្រឹមត្រូវ និងឯករាជ្យ”។ ពាក់ព័ន្ធនឹងការស៊ើបអង្កេតចំពោះករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី ការិយាល័យឧត្តម
ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កំពុងតែស៊ើបអង្កេតការបាញ់ប្រហារបួនករណីផ្សេងទៀតនៅក្នុងឆ្នាំនេះ រួមទាំងការបាញ់ប្រហារលើអ្នកតវ៉ានៅខាងក្រៅរោងចក្រស្បែកជើង ដោយលោក ឈូកបណ្ឌិត អតីតអភិបាលក្រុងបាវិត និងការបាញ់ប្រហារមកលើអ្នកភូមិនៅក្នុងជម្លោះដីធ្លីមួយកន្លែង ដោយសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ នៅក្នុងខេត្តក្រចេះ។
ទោះបីជាអង្គការសហប្រជាជាតិស្នើឲ្យរដ្ឋាភិបាលធានាឲ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះករណីបាញ់សម្លាប់លោកឈុត វុទ្ធី និងលោក អិុន រតនា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅខេត្តកោះកុងក៏ដោយ ក៏ក្រុមសកម្មជនការងារសិទ្ធិមនុស្ស កាលពីម្សិលមិញនៅតែសំដែងការព្រួយបារម្ភចំពោះអធិបតេយ្យភាព របស់គណៈកម្មការពិសេស ដែលត្រូវបានបង្កើត ដើម្បីដឹកនាំការស៊ើបអង្កេត ចំពោះករណីការបាញ់សម្លាប់នេះ។
យោងតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចុះហត្ថលេខានៅថ្ងៃទី៣០ខែមេសា មានសមាជិកគណៈកម្មការចំនួនប្រាំរូប រួមមានមន្ត្រីជាន់ខ្ពស់មួយចំនួន មកពីក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌របស់ក្រសួងមហាផ្ទៃត្រូវបានចាត់តាំងជាអ្នកដឹកនាំគណៈកម្មការ រីឯលោកឧត្ដមសេនីយ៍ទោ ស៊ិន សុផានី្ន មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានចាត់តាំងជាអ្នកដឹកនាំទី២ ហើយអ្នកដឹកនាំទី៣ គឺលោក ទិត សុធា សមាជិកនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាត់តាំងគណៈកម្មការ ហើយការរួមចំណែកក្នុងការស៊ើបអង្កេតរបស់មន្ដ្រីមកពីកងរាជអាវុធហត្ថធ្វើឲ្យមានជម្លោះផលប្រយោជន៍យ៉ាងខ្លាំង ក្នុងការស៊ើបអង្កេតនេះ។
មន្ត្រីនៅក្នុងខេត្តកោះកុង បានលើកឡើងថា លោក ឈុត វុទ្ធី ត្រូវបានលោក អុិន រតនា មន្ត្រីកងរាជអាវុធហត្ថ បាញ់សម្លាប់ ដែលក្រោយមកបានយកកាំភ្លើងរបស់ខ្លួនធ្វើអត្តឃាតភ្លាមៗ។ កងរាជអាវុធហត្ថ និងទាហានមួយចំនួនផ្សេងទៀតមានវត្តមាននៅកន្លែងកើតហេតុនោះ។
នៅមុនពេលការបាញ់សម្លាប់កើតឡើង លោក ឈុត វុទ្ធី ត្រូវបានអមដំណើរជាមួយអ្នកយកព័ត៌មានរបស់កាសែត ខេមបូឌា ដេលីពីរនាក់ ដែលកំពុងយកព័ត៌មានអំពីបទល្មើសកាប់ឈើខុសច្បាប់នៅឯថ្នាក់មូលដ្ឋាន។ អ្នកយកព័ត៌មានទាំងពីរនាក់នេះមិនបានឃើញថានរណាជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធី នោះទេ។
លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា “ខ្ញុំមិនពេញចិត្តចំពោះការស៊ើបអង្កេត ដែលមានការចូលរួមពីកងរាជអាវុធហត្ថ ដែលគណៈកម្មការបានចាត់តាំងនោះទេ ពីព្រោះវាមិនមែនជារឿងល្អនោះទេ។ វាគួរតែមានការចាត់តាំងមន្ត្រីផ្សេងៗទៀតឲ្យធ្វើការទៅលើរឿងនេះដូចជាព្រះរាជអាជ្ញា ឬក៏អ្នកជំនាញមកពីស្ថាប័នផ្សេងៗ ដែលមានបទពិសោធក្នុងការស៊ើបអង្កេត”។
“នេះប្រហែលជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីបង្ហាញឲ្យសង្គមស៊ីវិល និងប្រជាពលរដ្ឋឃើញថា រដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះការស៊ើបអង្កេត ប៉ុន្ដែវាមិនដូច្នេះទេ។ វាគ្រាន់តែបង្ហាញតាមរយៈពាក្យសម្ដីប៉ុណ្ណោះ ប៉ុន្ដែមិនបានចាត់វិធានការនោះឡើយ”។
លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ បានអះអាងថា គណៈកម្មការបានចាប់ផ្ដើមការងាររបស់ខ្លួនហើយ ប៉ុន្ដែបដិសេធមិនផ្ដល់អត្ថាធិប្បាយបន្ថែមនោះទេ។ លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងថា “យើងបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីរកឲ្យឃើញការពិតនៃការបាញ់សម្លាប់នេះ”។ លោកបានបន្ដថា “ឥឡូវយើងត្រូវការបញ្ចប់ការស៊ើបអង្កេតរបស់យើងជាមុនសិន មុនពេលនិយាយប្រាប់អ្នកកាសែត”។ ពាក្យសម្ដីរបស់លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ត្រូវបានបន្ទរដោយមន្ត្រីនៅខេត្តក្នុងកោះកុង។
លោក ស៊ុន សាមឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុងបានមានប្រសាសន៍ថា “ក្រុមការងាររបស់យើងកំពុងតែស៊ើបអង្កេតរឿងនេះតាំងពីពេលកើតហេតុបាញ់សម្លាប់បានកើតឡើងមកម្លេះ ប៉ុន្ដែយើងមិនអាចប្រាប់អ្នកកាសែតនៅពេលនេះបានទេ”។
លោក ទិត សុធា មកពីទីស្ដីការគណៈរដ្ឋមន្ត្រីមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ប៉ុន្ដែលោក ឯក ថា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកជឿជាក់ថា ការស៊ើបអង្កេតនេះពិតជាម៉ត់ចត់។
លោក ឯក ថា បានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់អ្នកកាសែតទាំងអស់តាំងពីយូរមកហើយថា ការស៊ើបអង្កេតដ៏ពេញលេញ និងត្រឹមត្រូវមួយចាំបាញ់ត្រូវធ្វើ ដើម្បីរកឲ្យឃើញការពិតនៃសោកនាដ្ឋកម្បាញ់សម្លាប់សកម្មជនការពារព្រៃឈើ និងមន្ត្រីកងរាជអាវុធម្នាក់។ ពេលរកឃើញការពិតចាំបាច់ត្រូវតែបង្ហាញជាសាធារណៈ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង