38.8 C
Phnom Penh

សេដ្ឋ​វិទូរបស់ធនាគារ​ពិភពលោក​ថា​ក្រុម​ទំនិញឡើង​ថ្លៃ​ជាលំដាប់​គឺជា​ហានិភ័យ​ចំពោះ​កំណើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះ​បីជា​បាន​ព្យាករថា កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ក្នុង​ឆ្នាំនេះ​ក៏ដោយ ក្រុម​សេដ្ឋវិទូនៅ​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹងកាលពីម្សិលមិញថា សេដ្ឋកិច្ច​ប្រទេស​នេះ​នៅ​​តែ​អាច​ប្រែ​ប្រួល​ទៅ​តាម​តម្លៃ​របស់​ក្រុម​ទំនិញ​ ដែលឡើង​ថ្លៃ​ជាលំដាប់​ជាពិសេសម្ហូប​អាហារ​ និង​ប្រេងសាំងតែ​ម្តង។

ថ្លែងទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ា​ស៊ីហ្វិកសម្រាប់​ឆ្នាំ២០១២  លោក អេនរីក អាល់ដាស ខារ៉ូល (Enrique Aldaz-Carroll) សេដ្ឋវិទូ​​ជាន់ខ្ពស់​ប្រចាំ​ប្រទេស​របស់ធនាគារ​ពិភពលោក បាន​ថ្លែងថា តម្លៃ​ប្រេងសាំង​នៅ​​កម្ពុជា អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ទីផ្សារ​ទំនិញ​អន្តរជាតិ  ហើយ​អាចបង្កឲ្យ​មាន​អតិផរ​ណា​នៅ​ក្នុង​សេដ្ឋ​កិច្ច​ប្រទេសកម្ពុជា​ទៀត​ផង។

លោកថ្លែងថា “ដោយចាប់​ផ្តើម​តាំង​ពីដើម​ឆ្នាំ​២០១១​ រដ្ឋាភិ​បាលឈប់​គិត​ពន្ធ​លើ​ប្រេង​សាំង​នាំចូល​ដោយ​មានឧបត្ថម្ភធន​ពីសហភាព​អឺរ៉ុប​ ហើយ​ពួកគេ​ក៏បាន​កាត់​បន្ថយ​អត្រា​ពន្ធ​នាំចូល​ផងដែរ​ ដូច្នេះ​ បច្ចុប្បន្ន​តម្លៃ​ប្រេង​​សាំង​​គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​អំពី​តម្លៃ​ប្រេង​សាំង​​លើ​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ​”។

ធនាគារ​ពិភពលោក​បាន​ដំឡើង​អត្រា​ព្យាករសេដ្ឋកិច្ចរបស់ប្រទេស​កម្ពុជា ពី​៦,៥​ភាគរយ​ទៅ​៦,៦ភាគរយ​ ដោយ​សារ​ប្រទេស

នេះ​អាច​បញ្ចៀស​ខ្លួន​ចេញ​ពី​ស្ថានភាព​សេដ្ឋ​កិច្ច​​ធ្លាក​់ចុះ​ ដែល​ប៉ះ​ពាល់​ដល់បណ្តា​ប្រទេស​នៅ​លោក​ខាង​លិច និង​អាច​ចៀស​ផុត​ពីការ​ខូចខាតទ្រង់​ទ្រាយធំដោយសារ​គ្រោះ​ទឹក​ជំនន់​កាលពី ឆ្នាំមុនទៀត​ផង។

លោក អេនរីក អាល់ដាស-ខារ៉ូល​ ថ្លែង​ផង​ដែរ​ថា តាំងពីឆ្នាំ​២០០៤ ​សេដ្ឋកិច្ច​របស់​​កម្ពុជា​បាន​កើនឡើង​ភាគច្រើន ​ដោយសារ​តែមាន​ការ​ជំរុញ​ពី​ក្រុម​ទំនិញ​ជាច្រើន​ ហើយ​

​​បរិមា​ណ​លក់​ដែល​ចេះតែ​កើន​ឡើង​នៅ​ក្នុង​តំបន់ជនបទបង្ហាញអំពី​របៀប​ដែល​ អត្ថ​ប្រយោជន៍​ទាំងនេះ​បាន​រាលដាល​ដល់​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស។

លោកថ្លែងថា “ប្រសិន​បើ​លោកអ្នក​ក្រឡេក​មើល​ទីផ្សារ​លក់​ម៉ូតូ​នៅ​តាមតំបន់​ជនបទ អ្នកអាចនឹង​ឃើញ​ថា​ បរិមាណ​លក់នៅ​​ទីនោះ​មានកំណើន  ដូច្នេះតម្លៃ​ទំនិញនានា​ពិតជា​ប៉ះពាល់​ដល់តំបន់​ជនបទ។ នេះ​ជាមូល​​េហតុ​ដែល​ ត្រូវមាន​ភាពចម្រុះ​មុខនៃ​ទំនិញ​នៅ​លើទីផ្សារ​ ហើយ​ខ្ញុំគិតថា នេះគឺជាគោល​​បំណ​ង​​របស់រដ្ឋាភិបាល”។

លោក អេនរីក អាល់ដាស-ខារ៉ូល បាន​លើ​កអនុសាសន៍ថា កម្ពុជា​គួរតែ​កាត់​បន្ថយ​​បទ​បញ្ញត្តិ​ការិយាធិបតេយ្យ ដែល​បច្ចុប្បន្ន កំពុង​តែប៉ះពាល់ដល់ថ្លៃ​ដើម​ដឹក​ជញ្ជូន។

លោកបានថ្លែងថា “ប្រសិនបើយើង​​កាត់បន្ថយ​ពេលវេលាបាន​មួយ​ថ្ងៃ​​ មាន​ន័យថា ថ្លៃ​ដើម​ផលិតកម្មនឹង​ធ្លាក​់ចុះ១​ភាគ​រយ​។ ដូច្នេះការកាត់បន្ថយ​ការិយាធិបតេយ្យ គឺជា​​វិធី​សាស្ត្រ​មួយ​ដែល​អាច​ប្រើ​ប្រាស់​បាន​ ដើម្បី​កាត់​បន្ថយ​ពេលវេលា”។

របាយការណ៍ដែល​ធនាគា​រ​ពិភព​លោក​បានចេញ​ផ្សាយ​កាលពីថ្ងៃ​អង្គារ បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជាបាន​ធ្វើ​ការ​យ៉ាង​មានប្រសិទ្ធ​​ភាព​ ក្នុងការ​រក្សា​អត្រា​អតិផរណា​ឲ្យនៅ​ទាប​ជាង​៥ភាគរយ​ រហូត​មកដល់ឆ្នាំ២០១១ទោះ​បីជា តម្លៃ​ម្ហូបអាហារ​ និងប្រេងសាំងនៅ​ក្រៅ​ប្រទេ​ស​កើនឡើង​ក៏ដោយ។ ក៏ប៉ុន្តែ​ របាយ​ការ​ណ៍ដដែល​នេះ បានបង្ហាញផងដែរ​ថា តម្លៃ​​ម្ហូបអាហារ​មានចំណែក​ជិត​ពាក់​កណ្តាល​នៃ​អតិផរណា​ទំនិញ​ប្រើ​ប្រាស់នៅ​ប្រទេស​កម្ពុជា៕

ប្រែ​សម្រួល​ដោយ កង សុធា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស