33 C
Phnom Penh

ក្រុមអ្នកតវ៉ា​របស់​អ្នក​​​ភូមិ​​​មកពី​​​សហគមន៍​​​បឹង​​​កក់​​​គ្រោងនឹងដង្ហែក្បួនពេញ​​​មួយសប្ដាហ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​មកពី​​​សហគមន៍​​​បឹង​​​កក់ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ចំនួន​​​៣០០​​​នាក់​​​ ​​​ភាគ​​​ច្រើ​ន​​​ពាក់​មួក​កាតិប​​​​​ និង​​​អាវយឺត​​​ដៃខ្លី​​​ពណ៌​​​ខៀវ​​​ បាននាំ​​​គ្នា​​​ដើរ​​​ដង្ហែ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ កាលពី​​​ម្សិលមិញ ទាមទារប័ណ្ណ​កម្ម​​​​សិទ្ធិ​​​​​​ដី​​​ធ្លី​​​សម្រាប់​​​គ្រួសារ​​​មិត្ត​​​ភក្ដិរបស់​​​ខ្លួន​​​ចំនួន​​​៩០​​​គ្រួសារ។ 

គ្រួសារ​​​ទាំង​​​នេះ ត្រូវបាន​​​លុប​ឈ្មោះ​ចេញ​​​ពី​​​គម្រោង​​​របស់​​​រដ្ឋាភិបាល​​​ ដែល​​​បាន​​​ឲ្យសាលា​​​រាជធានី​​​ភ្នំពេញ​​ចេញប័ណ្ណ​កម្ម​​​​សិទ្ធិ​​​កាន់​​​កាប់​​​លំនៅដ្ឋាន​​​ឲ្យ​​​អ្នក​​​ភូមិ​​​បឹង​​​កក់​​​ជាង​​​៦០០គ្រួសារ បន្ទាប់​​​ពី​​​មាន​​​ការ​​​តវ៉ា​​​យ៉ាង​​​ជូរ​ចត់​​​ប្រឆាំង​​​នឹង​​​គម្រោង​​​អចល​​​ន​ទ្រព្យមួយ​​​​​​​​​​ដែល​​​បាន​​​បណ្ដាលឲ្យ​មាន​ការ​បណ្តេញ​អ្នក​​​ភូមិ​​​រាប់ពាន់​​​គ្រួសារចេញ​​​រួចហើយនោះ។

គ្រួសារ​​​មួយ​ចំនួន​ដែល​​​បាន​​​ទទួល​ប័ណ្ណ​​កម្ម​​​​សិទ្ធិ​​​កាន់​​​កាប់​​​ដីធ្លី​​​រួច​​​ហើយនោះ ​​​នៅ​​​តែ​​​ប្តេជ្ញា​​​​តវា៉​​​រហូត​​​ទាល់​​​តែអ្នក​​​ជិត​​​ខាង ​​​របស់​​​ខ្លួន​​​ដែល​​​ត្រូវ​​​បាន​​​លុបឈ្មោះ​ចេញ​​​ពី​​​គម្រោង​​​របស់​​​រដ្ឋា​​​ភិបាល​​​នោះ ទទួល​​​បាន​​​ប័ណ្ណ​កម្ម​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​របស់​ខ្លួន​។ ពួក​​​គាត់​​​ក៏​​​ចង់​​​ឲ្យ​​​រដ្ឋាភិបាល​​​វាស់​​​វែង​កំណត់​ព្រំ​​​​ដី​​​ទំហំ​១២,៤៤​​​ហិកតា​​​ ដែលគេ​លៃ​​ទុក​​​សម្រាប់​​​គម្រោង​នេះ​តាម​​​អនុក្រឹត្យមួយ ​ដែល​លោក​នាយករដ្ឋ​​​​​​មន្ត្រី​​​ ហ៊ុនសែនបាន​ចុះ​ហត្ថលេខា​កាល​ពី​​​ឆ្នាំ២០១១។

​​​មន្ត្រី​​​សាលារាជធានី​​​បានថ្លែងថា លំ​​​នៅ​​​ដ្ឋាន​​​របស់​​​អ្នក​​​ភូមិ​​​ទាំង​​​៩០​​​គ្រួសារ​​​​​​នេះ​ស្ថិត​នៅ​​​ក្រៅ​តំបន់​១២,៤៤​​​ហិកតា​ ប៉ុន្តែ​មិន​ព្រម​វាស់​វែង​កំណត់​ព្រំ​ដី​នេះទេរហូត​ទាល់​តែ​ដោះ​ស្រាយ​​​​ជម្លោះ​​​រួចរាល់​អស់​សិន។

ដោយ​​​មាន​​​ការ​​​ស្រែក​​​ទាមទារ​​​តាម​​​ឧ​​​គ្ឃោសនសព្ទ និង​​​គ្រវីទង់ជាតិ​​​របស់​​​ម្ចាស់​​​ជំនួយ​​​អន្ដរជាតិ​​​ក្នុង​​​ប្រ​​​ទេស​​​កម្ពុជាផង​​​នោះ អ្នក​​​តវ៉ាទាំងនេះ បាន​​​ចាប់ផ្ដើម​​​ការ​ហែ​ក្បួន​​​​របស់​​​ខ្លួន នៅ​​​ម៉ោង​​​ប្រ​​​ហែល​​​៨ព្រឹក សំដៅ​​​ទៅកាន់​​​​​​ស្ថានទូត​​​អាមេរិកមុន​គេ​ ​​​ដែល​​នៅ​​​ទីនោះ​ ពួកគាត់​​​ បាន​ដាក់​​​ញត្តិ​​​ស្នើ​សុំ​​​ឲ្យ​ស្ថាន​ទូត​​ជួយដោះ​ស្រាយ​​​​បញ្ហារបស់​​​ខ្លួន​​​។

​​​​​​​​​​​​​​​​​​​អ្នកស្រី ហេង មុំ ដែលស្ថិត​ក្នុង​ចំណោម​អ្នក​​​ប្រឈមមុខ​​​នឹង​​​ការ​​​បណ្ដេញចេញ​​​ និង​​​មនុស្ស​​បួន​នាក់​ផ្សេង​ទៀត ​បាន​​​ដឹក​​​នាំ​​​ការ​ដើរ​​​​ក្បួននេះ​ ហើយ​ពួកគាត់​បាន​​​យក​ច្រវាក់​ចាក់​សោ​​​​ដៃ​​ជាប់គ្នា។  អ្នក​​​ស្រី​​​ ហេង មុំ បាន​​​មាន​​​ប្រ​​​សាសន៍ថា “ យើង​​​ដាក់​ច្រវាក់​​​ខ្លួនឯង​​​ដូច​​​ជា​​​អ្នក​ទោស ​ពី​​​ព្រោះយើង​​​ចង់​​​បង្ហាញសាធារណជនថា ​​​ការ​​​​​​​រស់​នៅ​របស់​យើង​​​​​​​សព្វថ្ងៃនេះ ​ពុំ​មាន​​​​សិទ្ធិ ​​​ឬ​​​សេរីភាព​​​ក្នុង​​​ការ​​​ការពារដី​​​របស់​​​ខ្លួន​​​ឯង​​​ទេ”។

បន្ទាប់​​​ពីបាន​​​ប្រគល់​​​ញត្តិ​​​ឲ្យទៅ​​​ស្ថាន​​​ទូត​​​អាមេរិករួច​​​​ហើយក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ធ្វើ​​​​​​ដំណើរ​តាម​​​ផ្លូវ​​​លេខ​​​៥១ ​​​ដើម្បី​​​​ដាក់​​​ញត្តិ​​​នៅ​​​ឯភូមិ​​​គ្រឹះ​​​របស់លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុនសែន​​​នៅជិត​វិមាន​ឯករាជ្យ។

ទោះជា​​​យ៉ាង​​​ណា នៅពេល​ពួកគាត់​​​បាន​​​មក​ដល់​​​ភូមិគ្រឹះ​​​នោះ ​​​មាន​​​នគរ​​​បាលប្រ​​មាណ​​​​១០០​​​នាក់​​​ ​​​ខ្លះ​​​កាន់​​​អាវុធនិង​​​ដំបង​​​ឆក់បាន​រារាំង​​​​ពួកគាត់​​​មិន​​​ឲ្យទៅមុខ​ទៀត​ និង​​​បានឲ្យ​​​ពួកគាត់ធ្វើ​​​ដំណើរ​​​ទៅ​​​ខាង​​​ត្បូង ​​​តាម​​​មហា​​​វិថីព្រះ​នរោត្តមវិញ។ ពេល​​​មក​​​ដល់​​​ព្រឹទ្ធ​សភា ពួកគាត់​​​បាន​​​ដាក់​​​ញត្តិ​​​មួយ​​​ផ្សេង​​​ទៀត​​​នៅ​​​ទី​​​នោះមុន​​​ពេល​​​ត្រឡប់​​​ទៅ​​​លំនៅ​​​ដ្ឋាន​​រៀងៗ​​​ខ្លួន​​​​វិញ។​​​អ្នកស្រីទេពវន្នីអ្នក​​​ចូល​​​រួម​​​ក្នុង​​​ក្បួន​​​ដង្ហែដែល​​​បាន​​​ដាក់​​​ច្រវាក់ដៃ​​​ដែរ​​​នោះ បាន​​​មាន​​​ប្រសាសន៍ថាក្រុម​​​អ្នក​​​តវ៉ា​​​គ្រោង​​​នឹង​​​ដង្ហែ​ក្បួនរៀង​រាល់​ថ្ងៃ​ រហូត​​​ដល់​​​ថ្ងៃ​​​សៅរ៍។​​​​​​​​​

អ្នក​​​ស្រីបាន​​​លើក​​​ឡើងថា“ យើង​​​មាន​​​គម្រោង​​​​​​តវ៉ា​​​ពេញ​​​មួយ​​​សប្ដាហ៍ ​ដើម្បី​ឲ្យ​​​​រដ្ឋា​​​ភិបាលវាស់​​​វែងព្រំ​​​​​​ដីទំហំ​​​១២,៤៤​​​ហិកតា​​​ដែល​​​​សម្តេច​ ហ៊ុន សែន​​​ ទុក​សម្រាប់​​​យើង”។

លោក កើត ឆែ អនុប្រធាន​រដ្ឋបាល​​​​សា​​​លា​​​​រាជធានី​​​ភ្នំពេញបាន​​​មាន​​​ប្រសាសន៍​ថាការ​​​វាស់​​​វែង​​​ដី​​​នេះ​ នឹង​​​អាច​​​​ធ្វើ​​​ទៅ​​​បានដរាប​ណា​​​​​​​ជម្លោះដី​​​ធ្លី​​​រវាងអ្នក​​​ភូមិ​​​បឹង​​​កក់​​​ និង​​​សាលា​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ដោះ​​​ស្រាយ​​​រួច។

ក្រុម​​​ហ៊ុន ស៊ូកាគូ របស់លោក ឡៅ ម៉េង​​​ឃិនសមាជិក​ព្រឹទ្ធ​សភាមក​​​ពី​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា បាន​​​ទទួល​​​កិច្ចសន្យាជួល​​​ដី​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០០៧ ហើយចាប់​​​តាំង​​​ពីពេល​​​នោះ​​​មក អ្នក​​​ភូមិជាង​​​៣.០០០​​​គ្រួសារ​​​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់​​​ ត្រូវបាន​​​បណ្ដេញ​​​ចេញ​​​ ដែល​ជាការ​​រំលោភ​ច្បាប់​​​ភូមិបាល ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អចលនទ្រព្យដ៏​ធំមួយ។

បន្ទាប់​​​ពី​​​បានបូម​​ខ្សាច់​ចាក់​​​បំពេញ​​​បឹង​​​នេះនិង​​​បាន​​​បុក​​​គ្រឹះ​​​សម្រាប់​គម្រោង​នេះ​ កាលពី​​​ខែ​​​កក្តដានោះក្រុម​​​ហ៊ុន​​​ទំនង​​​ជាបាន​​​ផ្អាក​​​ដំណើរការ​​​ ក្នុង​​​រយៈពេល​​​ប៉ុន្មានខែ​​​ថ្មីៗនេះ៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

 ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស