30 C
Phnom Penh

មន្ត្រីយោធារបស់ប្រទេសថៃ​ផ្ដល់អំណះអំណាង​ផ្ទាល់​ខ្លួន​ទាក់​ទិន​នឹង​ការ​បាញ់​ប្រហារ​នៅ​ព្រំដែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្ទុយគ្នា​ពី​សេចក្តី​រាយការណ៍​ពី​កង​កម្លាំង​​​ប្រដាប់​អាវុធ​កម្ពុជា​ យោធា​ថៃ​បាន​ឲ្យដឹង​កាល​​​ពី​ម្សិល​មិញ​ថា ប្រជាជន​​កម្ពុជា​ដែល​ទាហាន​របស់​ខ្លួន​បាន​បាញ់​ប្រហារ​នៅ​តាម​បណ្ដោយ​ព្រំដែនក្នុង​​ខេត្ត​ព្រះ​វិហារ​កាល​ពី​ថ្ងៃអាទិត្យ​ គឺជាអ្នក​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ។

បន្ទាប់​ពី​ហេតុការណ៍នេះកើត​ឡើង​ភ្លាម ឧត្ដម​សេនីយ៍​កងយោធពល​ខេមរ​ភូមិន្ទ​មួយ​រូបបាន​ឲ្យ​ដឹង​ថា រូប​លោក​ និង​ទាហាន​របស់​លោកបាន​បោះ​ជំរំនៅ​ភាគ​ខាង​ជើង ​ខេត្ត​​​ព្រះ​វិហារ​ដើម្បី​បំពេញ​ភារកិច្ច​រារាំង​អ្្នកកាប់​ឈើ​ខុស​ច្បាប់​មិន​ឲ្យ​​ចូលទឹក​ដី​ថៃ​ ស្រាប់​តែ​នៅ​ពេល​នោះ​ទាហាន​ថៃ​ បាន​បាញ់​ប្រហារ​មក​​​​លើ​ពួកគេ​ ដោយ​ពួក​គេ​មិនបាន​ធ្វើ​​អ្វី​ខុស​ឡើយ ហើយ​បាន​បណ្ដាល​ឲ្យ​ទាហាន​ម្នាក់​រង​របួស​ត្រូវជើង​ម្ខាង​។

ប៉ុន្ដែ​អ្នកនាំ​ពាក្យ​យោធាថៃ​ វរសេនីយ៍ឯក​សានសឺន កែវកាំ​ណឺត​ (Sansern Kaewkamnerd) បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្ដិ៍អំពី​ហេតុ​ការណ៍​ផ្សេង​ទៅ​វិញ​កាល​ពី​ម្សិលមិញ​។ វរសេនីយ៍ឯក សានសឺន បាន​ថ្លែង​ថា ពល​​​រដ្ឋកម្ពុជា​ទាំងនោះគឺជា​អ្្នក​កាប់​ឈើ​ខុស​ច្បាប់​ មិនមែន​ជាទាហាន​ទេ​ ហើយ​ពួក​គេ​បាន​ចូលទៅ​ក្នុង​ទឹក​ដី​ថៃ​ ដោយ​ខុស​ច្បាប់​ នៅ​ពេល​​មាន​ហេតុការណ៍​បាញ់​ប្រហារ​នោះ​។ លោកក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទាហាន​ថៃ​បាន​បាញ់​តែក្រោយ​ពេល​​ខ្លួន​ដឹង​ថា​ត្រូវគេ​បាញ់​មកលើ​មុន​ប៉ុណ្ណោះ​។ លោក​បាន​បន្ដ​ថា “អ្នក​កាប់​ឈើ​ខុស​ច្បាប់​​​​ទាំង​​​នោះ​មាន​​​គ្នា​ច្រើន​ណាស់​​​ ដូច្នេះ​ពួក​គេ​បាន​រត់​គេច​​​ចេញ​។ គ្មាន​​​​ការ​បាញ់​គ្នា​នោះ​ទេ”។

លោក​បាន​សួរថា បើ​ជន​ទាំង​នោះ​គឺ​ជា​​​ទាហានមែននោះ “ មាន​មូល​​ហេតុអ្វីដែល​​យើងត្រូវ​​បាញ់​ទា​ហាន​កម្ពុជា​​?”​​​ មន្ដ្រី​កង​យោធពល​ខេមរភូមិន្ទ​ និង​​មន្ដ្រី​ក្រសួង​ការ​ពារ​ជាតិ​មួយក្រុម​ បានចុះ​​ទៅ​ពិនិត្យ​តំបន់​នោះ​​​​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​ស៊ើប​អង្កេត​ហេតុ​ការណ៍​​​បាញ់​ប្រហារ​នោះ​។ លោក​វរសេនីយ៍ត្រី​ មាស យឿន​ ​ដែល​មាន​វត្តមាន​អំឡុង​ហេតុ​ការណ៍បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ថ្លែង​ថា លោក​និង​ទាហាន​ប្រាំបួន​នាក់​ផ្សេង​ទៀត ​ស្ថិត​នៅ​ក្នុង​ទឹក​​​​ដី​កម្ពុជា និង​ស្លៀក​ពាក់​​ឯកសណ្ឋាន​ទាហាន​​​​ពេញលេញ​ នៅ​ពេល​ទាហាន​ថៃ ​បើក​​ការ​បាញ់​ប្រហារ​មក​លើ​ពួកគាត់​នោះ។

លោក​បាន​​ថ្លែង​ថា “ ខ្ញុំ​សូម​បដិសេធ​នូវ​អ្វី​ដែល​ភាគី​ថៃ​បាន​លើក​ឡើង​ថា ពួកគេ​​មិន​​​បានបាញ់ ​មក​លើ​ទាហាន​កង​យោធពល​ខេមរ​​​ភូមិន្ទ​នោះ”។ លោកថ្លែង​​ថា ទាហាន​ថៃ​បាន​​​បាញ់​មកលើ​ក្រុម​របស់លោក ​ដោយ​ក្រុម​​​របស់​លោក​មិន​បាន​ដឹង​ជាមុន​ឡើយ​ ហើយ​បាន​ថ្លែង​ថា ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ នឹង​ធ្វើ​ឲ្យ​ក្រុម​ទាហាន​កម្ពុជា​នៅ​ក្នុង​តំបន់​នោះ​រឹត​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​។

លោកបាន​បន្ដថា “ ​ចាប់​​ពី​ពេល​នេះ​តទៅ​យើង​ត្រូវ​តែ​ផ្ដោត​​ទៅ​លើ​​ទាហាន​ថៃ​ ហើយ​​​​​​​ប្រសិន​បើ​ពួក​គេ​បាញ់​មក​លើ​យើង​មុននោះ​ យើង​ត្រូវ​តែ​​បាញ់​តបវិញ​ ដើម្បីការ​ពារខ្លួន”។ លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក​ មេ​​​បញ្ជា​​​ការ​​​​រង​​កង​ពល​ធំ​លេខ៣ ដែល​បាន​ដឹកនាំ​គណៈប្រតិភូកម្ពុជា​មួយក្រុម​ទៅ​ជួប​មន្ដ្រី​យោធា​ថៃ​ នៅព្រំដែន​កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​ថ្លែង​​​​ថា វាជាការ​ធម្មតាទៅហើយ​ដែល​ភាគី​​ថៃ​បានទម្លាក់​កំហុស​មក​លើ​កម្ពុជា​។ លោកបាន​ថ្លែង​ថា “​ទាហាន​ថៃ​មិនដែល​សារភាព​ពី​ទង្វើ​របស់​ខ្លួន​នោះ​ទេ។ អ្នក​មាន​កំហុស​​មិនដែល​សារភាពឬ​ទទួល​ស្គាល់​​ទង្វើ​ដែលខ្លួនបាន​ប្រព្រឹត្ត​​នោះ​ទេ​​”។ ចំពោះ​​ការ​ស៊ើបអង្កេត​របស់​កម្ពុជា​អំពី​ហេតុការណ៍​បាញ់​ប្រហារនេះ​​ ដើម្បី​​កំណត់​ឲ្យ​បាន​ច្បាស់​លាស់ ​ថាតើ​ទាហាន​កង​យោធ​​​ពល​ខេមរភូមិន្ទ ​បានស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា

​មែន​ឬ​អត់នៅ​ពេល​​រងការ​បាញ់​ប្រហារនោះ​លោកបាន​ថ្លែង​ថា ការ​ស៊ើបអង្កេត​នេះ​នៅ​មិន​ទាន់​បាន​ធ្វើ​ការ​សន្និដ្ឋាន​នៅ​​ឡើយ​ទេ​។ លោកបាន​បន្ថែម​ថា ក្រុម​មន្ត្រី​​ថៃ​ និង​កម្ពុជា​នឹងកោះ​ប្រជុំ​ថ្នាក់​មន្ត្រី​ជាន់​ខ្ពស់​មួយទៀត ដើម្បី​ពិភាក្សា​អំពី​ហេតុ​ការណ៍​បាញ់​ប្រហារ​ពលរដ្ឋ​​កម្ពុជា​កាប់​ឈើ​ខុស​ច្បាប់​ពី​សំណាក់​ទាហាន​ថៃ​​នៅ​តាម​​ព្រំដែន​។ កិច្ចប្រជុំ​របស់​មន្ត្រី​ជាន់​ខ្ពស់​នេះ​​នឹង​ជា​កិច្ច​ប្រជុំ​លើក​ទី៣​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ ដែល​ប្រទេស​​​

​ទាំង​ពីរ​បាន​រៀប​ចំ​ធ្វើ​ឡើង​ដើម្បី​​ដោះ​ស្រាយ​​​​បញ្ហាេនះ​៕

ប្រែ​សម្រួលដោយ សុខ ស៊ីដន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស