TAG
paywall
សកម្មជនបរិស្ថាននិយាយថា ពួកគេនឹងមិនបញ្ឈប់សកម្មភាពទេ
រយៈពេលបួនថ្ងៃ បន្ទាប់ពីការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងជាអ្នកនិយាយឥតសំចៃ ក្រុមអ្នកគាំទ្រប្រឆាំងការកាប់ឈើក្នុងស្រុកបានលើកឡើងកាលពីម្សិលមិញថា ពួកគេនឹងមិនបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ។
លោកសេងសុខេងអ្នកសម្របសម្រួលប្រចាំបណ្ដាញការពារព្រៃឡង់ ដែលរៀបចំការដើរល្បាតការពារព្រៃឈើជាហូរហែដោយមានការចូលរួមពីអ្នកភូមិជាច្រើនក្រុមធំៗ ដើម្បីលុបបំបាត់ការកាប់ឈើខុសច្បាប់នៅក្នុងមូលដ្ឋាននេះបានមានប្រសាសន៍ថា“ការស្លាប់របស់លោក ឈុត វុទ្ធី មិនអាចបញ្ចប់សកម្មភាពប្រឆាំងការកាប់ឈើបានឡើយ”។
លោក សុខេង បានមានប្រសាសន៍ថានៅមាន ឈុត វុទ្ធី រាប់រយនាក់ទៀត។ យើងមានសកម្មជនការពារព្រៃឈើរាប់រយនាក់ ដែលមានឆន្ទៈពិតប្រាកដ ដើម្បីតស៊ូការពារព្រៃឈើ និងប្រយុទ្ធប្រឆាំងនឹងការកាប់ឈើ”។ កាលពីថ្ងៃព្រហស្បតិ៍ លោក ឈុត វុទ្ធីត្រូវបានមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់ នៅេពលលោកកំពុងស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងខេត្តកោះកុង។
អង្គការសិទ្ធិមនុស្សបានប្រតិកម្មយ៉ាងរហ័ស ដោយអំពាវនាវឲ្យរដ្ឋាភិបាលស៊ើបអង្កេតឲ្យបានហ្មត់ចត់។ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងអំពីការព្រួយបារម្ភរបស់ខ្លួនថា ការស្លាប់របស់លោក ឈុត វុទ្ធី អាចជះឥទ្ធិពលយ៉ាងខ្លាំង ដល់ចលនាការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
លោក ភីល រ៉ូប៊ើតសុន (Phil Robertson) អនុប្រធានក្រុមបញ្ចុះបញ្ចូលរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ី បានថ្លែងថា “ការស្លាប់របស់សកម្មជនដ៏លេចធ្លោម្នាក់នេះ ពិតជាបានបញ្ជូនសារព្រមានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដល់អ្នកផ្សេងទៀត ដែលចង់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងព្យាយាមជួយសង្គ្រោះព្រៃឈើនៅក្នុងកម្ពុជា។រដ្ឋាភិបាលកម្ពុជាត្រូវតែស៊ើបអង្កេតឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត”។
ការអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ចំពោះការស្លាប់របស់លោកឈុត វុទ្ធី ត្រូវបានបន្ទរដោយលោក ចាន់សុវេ៉ត អនុប្រធានផ្នែកកម្មវិធីសិទ្ធិមនុស្សរបស់អង្គការអាដហុក ដែលបាននិងកំពុងស៊ើបអង្កេតចំពោះការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍នេះ។
លោកសុវ៉េតបានមានប្រសាសន៍ថា“ខ្ញុំព្យាយាមសាកសួរអ្នកដែលធ្វើការជាមួយលោក ឈុត វុទ្ធី ហើយពួកគេទំនងជាខ្លាចមិនហ៊ានធ្វើសកម្មភាព។ តែវាមិនបញ្ហាទេនៅពេលពួកគេមានជម្លោះ។ ពេលនេះពួកគេខ្លាចគេសម្លាប់”។ លោកបន្ថែមថាលោកបានជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានខ្លាំងក្លាប្រឆាំងនឹងជនល្មើស ដើម្បីបញ្ជូនសញ្ញាមួយថា សកម្មជនអាចបន្ដការងាររបស់ខ្លួន ដោយគ្មានការគំរាមកំហែង។
សកម្មជនខ្លះបានទទូចថា ពួកគេមិនខ្លាចការគាបសង្កត់បែបនោះទេ ថ្វីបើមានការភ័យខ្លាចផ្ទាល់ខ្លួនកាន់តែកើនឡើងក៏ដោយ។ លោក គុច វ៉េង អ្នកការពារបរិស្ថានមានមូលដ្ឋាននៅក្នុងខេត្តពោធិ៍សាត់បានថ្លែងថា“ពិតមែនហើយខ្ញុំខ្លាច ហើយខ្ញុំព្រួយណាស់បារម្ភណាស់ អំពីសុវត្ថិភាពរបស់មេដឹកនាំសកម្មជនការពារព្រៃឈើផ្សេងទៀត ដែលប្រឈមនឹងសោកនាដកម្ម នៅពេលខ្ញុំបានឮដំណឹងអំពីការស្លាប់របស់លោក ឈុត វុទ្ធីភ្លាម។ក៏ប៉ុន្ដែឧត្តមគតិរបស់ខ្ញុំបានលើកឡើងថាក្រុមអ្នកកាប់ឈើ និងឧក្រិដ្ឋជនកាប់ឈើតាមពិតខ្លាចយើងវិញទេ។នេះជាមូលហេតុដែលពួកគេសម្លាប់លោក ដើម្បីគំរាមអ្នកផ្សេងទៀតឲ្យខ្លាច”។
លោក គុច វ៉េង ដែលធ្លាប់បានសហការយ៉ាងជិតស្និទជាមួយលោក ឈុត វុទ្ធី ចាប់តាំងពីមានការតស៊ូប្រឆាំងនឹងការបំផ្លាញព្រៃឈើនាឆ្នាំ២០០៦ នៅតាមជួរភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ថ្លែងថាការបំភិតបំភ័យកើតមានជាទូទៅទៅហើយក្នុងការងាររបស់លោក។
លោក ទីល ធី សមាជិកជនជាតិដើមភាគតិចព្នង ដែលពាក់ព័ន្ធក្នុងសកម្មភាពប្រឆាំងការកាប់ឈើនៅក្នុងខេត្តមណ្ឌលគិរី និយាយថាការសម្លាប់នេះនឹងមិនអាច “ បំបិទមាត់ និងទប់ស្កាត់យើងមិនឲ្យតបតវិញនោះទេ”។
លោកនិយាយថា“នៅពេលមានការដៅសម្លាប់សកម្មជនការពារព្រៃឈើនោះ ពេលនោះនឹងមានសកម្មជនក្រោកឈរកាន់តែច្រើនឡើងដើម្បីតវ៉ាប្រឆាំងការកាប់ឈើខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីនោះ ”។
នៅក្នុងសេចក្ដីប្រកាសមួយចេញកាលពីម្សិលមិញ អង្គការសម្ពន្ធភាពប្រជាពលរដ្ឋដើម្បីគណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជាបានសន្និដ្ឋានថាការបាញ់សម្លាប់នេះគឺជា“ការគំរាមកំហែងដល់សកម្មជនការពារព្រៃឈើនិងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត”។ក្រុមនេះបានបន្ថែមថា “យើងជំរុញឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវកិច្ចសន្យាសម្បទានទាំងអស់ ដែលពាក់ព័ន្ធជាមួយការកាប់បំផ្លាញព្រៃឈើ”។
បណ្ដាញសកម្មជនការពារព្រៃឈើនៅក្នុងខេត្តកោះកុង មណ្ឌលគិរី រតនគិរី និងព្រៃឡង់ នៅក្នុងខេត្តកំពង់ធំបានលើកឡើងថា ពួកគេមានផែនការដើរក្បួននៅក្នុងរាជធានីភ្នំពេញ ដើម្បីអំពាវនាវឲ្យមានការកែទម្រង់ច្បាប់ និងការពារសកម្មជនការពារបរិស្ថានឲ្យបានខ្លាំងក្លាជាងនេះ។
លោក សុខេងអ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ បានថ្លែងថា “យើងកំពុងតែមានផែនការដើរក្បួនមួយ ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលចាប់ខ្លួនជនដៃដល់ និងបក្ខពួកដែលពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោក ឈុត វុទ្ធីនិងសកម្មជនការពារព្រៃឈើផ្សេងទៀត។យើងមិនបោះបង់ទេ។ធនធានធម្មជាតិគឺជាជីវិតរបស់យើង វាជាឆ្នាំងបាយរបស់អ្នកជំនាន់ក្រោយរបស់យើង”។
អង្គការអាដហុក បានអំពាវនាវឲ្យរដ្ឋាភិបាល “ បង្ហាញពីការតាំងចិត្តរបស់ខ្លួន ដើម្បីការពារសកម្មជនផ្នែកបរិស្ថាន ព្រមទាំងការពារតំបន់ធនធានធម្មជាតិនានា ហើយតាមចាប់ខ្លួនអ្នកទាំងឡាយណាដែលទទួលខុសត្រូវចំពោះទង្វើខុសច្បាប់ ដោយមិនគិតពីបុណ្យសក្ដិ ឬឋានៈឡើយ”។ អង្គការ Global Witness...
មនុស្សរាប់រយនាក់កាន់ទុក្ខសពលោក ឈុត វុទ្ធី នៅពេល នគរបាលបន្តការស៊ើបអង្កេត
កាលពីព្រឹកម្សិលមិញ មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខេត្តកណ្ដាលដើម្បីចូលរួមពិធីបញ្ចុះសពលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដែលត្រូវបានមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់ កាលពីថ្ងៃព្រហស្បតិ៍នៅពេលចុះស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅភ្នំក្រវាញ ក្នុងខេត្តកោះកុង។
លោក ជួន ភិរម្យ ត្រូវជាក្មួយរបស់សពបានមានប្រសាសន៍ថា “ មានមនុស្សជាច្រើននាក់បានចូលរួមដង្ហែសពពីលំនៅដ្ឋានរបស់ម្ដាយលោកឈុត វុទ្ធី ទៅកាន់កន្លែងបញ្ចុះសព”។លោកបានបន្តថា លោកមានការសោកស្តាយណាស់ពេលឃើញមានការគាំទ្រច្រើនពីមិត្តភក្ដិ និងអ្នករួមការងារ របស់ឪពុកមាលោក។
បន្ទាប់ពីការបាញ់សម្លាប់អស់រយៈពេលប្រាំថ្ងៃមកនេះ មានលេចឮព័ត៌មានតិចតួចណាស់ពាក់ព័ន្ធនឹងការស្លាប់របស់លោកឈុតវុទ្ធី និងលោក អិុន រតនា មន្ត្រីកងរាជអាវុធហត្ថដែលគេសង្ស័យថា បានបាញ់សម្លាប់លោកឈុតវុទ្ធីរួចហើយបាញ់សម្លាប់ខ្លួនឯងទៀតនោះ។
កងរាជអាវុធហត្ថខេត្តកោះកុង បានលើកឡើងថាលោកអិុនរតនាបានបាញ់ខ្លួនឯងចំនួនពីរគ្រាប់ដោយកាំភ្លើងអាកាដែលគាត់បានប្រើបាញ់សម្លាប់លោកឈុត វុទ្ធី។ការបកស្រាយបែបនេះ បានធ្វើឲ្យសាច់ញាតិរបស់អ្នកស្លាប់ទាំងពីរ និងអង្គការសិទ្ធិមនុស្សនានាមានការសង្ស័យយ៉ាងខ្លាំង។
តំណាងអង្គការសិទ្ធិមនុស្ស អាដហុក អង្គការលីកាដូ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញបានលើកឡើងថាពួកគេកំពុងតែធ្វើការស៊ើបអង្កេតលើហេតុការណ៍បាញ់សម្លាប់នេះដោយខ្លួនឯង ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលទេ។
លោកនាងបូរ៉ាទីណូអ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថា “ ករណីបាញ់សម្លាប់លោក ឈុត វុទ្ធី គឺពិតជាមានជនទីបីចូលរួមពាក់ព័ន្ធនៅក្នុងការបាញ់សម្លាប់ជនរងគ្រោះទាំងពីរនេះ ហើយឥឡូវនេះ ខ្ញុំកំពុងតែផ្ដោតទៅលើបញ្ហានេះ”។
លោកខេងទីតូអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថាអាជ្ញាធរនៅមិនទាន់អាចនិយាយអំពីការបាញ់សម្លាប់នេះបានទេ ដោយសារ “យើងត្រូវការពេលវេលា ដើម្បីធ្វើការស៊ើបអង្កេតពីព្រោះរឿងនេះគឺជារឿងរសើប”។
លោកថុង ណារ៉ុងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានមានប្រសាសន៍ថា “ កងកម្លាំងរបស់យើងកំពុងតែធ្វើការស៊ើបអង្កេតការបាញ់សម្លាប់នេះ ប៉ុន្ដែលទ្ធផលនៅមិនទាន់អាចបង្ហាញនៅឡើយទេ ពីព្រោះការស៊ើបអង្កេតកំពុងតែបន្ដ។ យើងនឹងបង្ហាញជាសាធារណៈ នៅពេលការស៊ើបអង្កេតរបស់យើងចប់រួចរាល់”។
បុគ្គលិកអង្គការសិទ្ធិមនុស្សបានលើកឡើងកាលពីម្សិលមិញថា ការភ័យខ្លាចរបស់ប្រជាជនដែលរស់នៅកន្លែងលោក ឈុតវុទ្ធីត្រូវគេបាញ់សម្លាប់នោះ បានរារាំងដល់ការស៊ើបអង្កេតនេះ។ និយាយដោយមិនបញ្ចេញឈ្មោះដោយសារខ្លាចមានការធ្វើទុក្ខបុកម្នេញ អ្នកភូមិពីរនាក់ពីតំបន់វាលបី ស្រុកមណ្ឌលសីមា កន្លែងកើតហេតុបាញ់សម្លាប់នេះ បានលើកឡើងថា ពួកគាត់មានការភ័យខ្លាចចំពោះកងកម្លាំងសន្ដិសុខដែលឈរជើងក្នុងតំបន់នោះ។
អ្នកភូមិម្នាក់បាននិយាយថា “ អ្នកភូមិរបស់យើងបារម្ភពីសុវត្ថិភាពរបស់ខ្លួន ហើយមិនហ៊ាននិយាយច្រើនអំពីការបាញ់សម្លាប់នេះទេ”។ អ្នកភូមិរូបនេះបានបន្ដថា កងរាជអាវុធហត្ថត្រូវបានក្រុមហ៊ុនឯកជនមួយដែលគាត់មិនបញ្ចេញឈ្មោះ ហៅឲ្យទៅកន្លែងនោះបន្ទាប់ពីលោកឈុតវុទ្ធីនិងអ្នកយកព័ត៌មានពីររូបរបស់កាសែត ខេមបូឌា ដេលីបានទៅដល់តំបន់នោះកាលពីថ្ងៃព្រហស្បតិ៍។
លោក ចាន់ សុវ៉េត អនុប្រធានកម្មវិធីសិទ្ធិមនុស្សនៃអង្គការអាដហុកបានមានប្រសាសន៍ថា លោកដឹងថា មានក្រុមហ៊ុនមួយកំពុងតែធ្វើប្រតិបត្តិការនៅកន្លែងនោះ ហើយបានជួលកម្លាំងប្រដាប់អាវុធរបស់រដ្ឋឲ្យជួយការពារ។
លោក សុវ៉េត បានសួរថា “ ពួកគេទាំងនេះគឺជាមន្ត្រីរាជការធ្វើការដើម្បីការពារដីរដ្ឋ។ ហេតុអ្វីបានជាពួកគេការពារក្រុមហ៊ុនឯកជន ហើយបង្កជម្លោះជាមួយនឹងអ្នកការពារព្រៃឈើទៅវិញ”។ លោក បានបន្ដថាអង្គការសិទ្ធិមនុស្សកំពុងតែជំរុញឲ្យមានការស៊ើបអង្កេតពីថ្នាក់លើ បន្ទាប់ពីមើលឃើញមានចំណុចខ្វះខាតជាច្រើននៅក្នុងការស៊ើបអង្កេតដំបូងរបស់អាជ្ញាធរខេត្តកោះកុង។
អ្នកយកព័ត៌មានពីររូប របស់កាសែតខេមបូឌា ដេលី មានវត្តមាននៅកន្លែងកើតហេតុ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្ដែមិនបានឃើញនរណាជាអ្នកបាញ់សម្លាប់លោកឈុតវុទ្ធីនោះទេ៕
ប្រែសម្រួលដោយ ស៊ាស៊ុយឈាង
អញ្ជើញអ្នកកាសែតចូលរួមស្ដាប់សុន្ទរកថារបស់លោក ហ៊ុន សែន តែបែរជាបង្ខំឲ្យចេញក្រៅវិញ
សមាជិកកងអង្គរក្សលោកនាយករដ្ឋមន្ត្រីបានហែកកំណត់ត្រារបស់អ្នកសែតម្នាក់ លុបចោលសុន្ទរកថារបស់លោក ហ៊ុនសែនពីម៉ាសុីនថតសម្លេងរបស់អ្នកយកព័ត៌មានរូបនេះ និងបានបណ្តេញគាត់ចេញមិនឲ្យចូលរួមពិធី ដែលក្រសួងការងារបានអញ្ជើញគាត់ឲ្យចូលរួមកាលពីថ្ងៃសៅរ៍ នៅក្នុងពិធីនោះលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងយូរពីស្នាដៃរបស់គណបក្សកំពុងកាន់អំណាច។
ទោះបីជាអ្នកយកព័ត៌មានរបស់កាសែត ខេមបូឌា ដេលីរូបនេះត្រូវបានបណ្តេញចេញក្រោយពីការស្ដាប់សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីអស់រយៈពេល១ម៉ោងនិង១០នាទីក៏ដោយក៏អ្នកកាសែតមកពីស្ថានីយទូរទស្សន៍គាំទ្ររដ្ឋាភិបាលដូចជាទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍បាយ័ននិងទូរទស្សន៍អប្សរាអាចចូលរួមបានទាំងអស់។
ក្រសួងការងារដែលបានរៀបចំព្រឹត្តិការណ៍នោះមុនទិវាពលកម្មអន្ដរជាតិនៅថ្ងៃអង្គារបានចេញប័ណ្ណសារព័ត៌មានមួយ កាលពីសប្ដាហ៍មុនឲ្យកាសែត ខេមបូឌា ដេលី ដើម្បីចូលក្នុងបន្ទប់ប្រជុំ នៅកោះពេជ្រ ដែលនៅទីនោះលោកហ៊ុនសែនបានថ្លែងទៅកាន់កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាលោកហ៊ុន សែនបានចាប់ផ្ដើមពីការនិយាយបង្អាប់គណបក្សប្រឆាំងគឺគណបក្ស សម រង្សុី បន្ទាប់មករិះគន់អតីតនាយករដ្ឋមន្ត្រីថៃលោក
អភិស៊ីតវីចាជីវ៉ាដែលជាគោលដៅមួយផ្សេងទៀតដើម្បីការពារការអះអាងអំពីការកាន់កាប់ប្រាសាទព្រះវិហាររបស់កម្ពុជានិងសម្ដែងការសោកស្ដាយចំពោះគ្រោះមហន្ដរាយទឹកជំនន់កាលពីឆ្នាំមុន។
លោកក៏បានព្រួយបារម្ភផងដែរថាវិនិយោគិនបរទេសដូចជាជប៉ុន និងចិនអាចដកចេញពីប្រទេសកម្ពុជាដោយព្រួយបារម្ភអំពីកូដកម្មតាមរោងចក្រនៅក្នុងប្រទេសដើម្បីចូលទៅប្រទេសភូមាវិញ ព្រោះប្រទេសនេះបានចាប់ផ្ដើមបើកទទួលវិនិយោទុនពីខាងក្រៅបន្ទាប់ពីមានការដាក់ទណ្ឌកម្មជាច្រើនឆ្នាំពីសំណាក់បស្ចិមប្រទេសមក។
នៅពេលលោកហ៊ុនសែនផ្ដោតទៅលើលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលបានថ្លែងថា លោកទើបតែត្រឡប់មកពីអូស្ត្រាលីជាមួយនឹងប្រាក់ជាច្រើន ដើម្បីឧបត្ថម្ភដល់គណបក្សប្រឆំាងរបស់លោកនិងផ្តោតលើគណបក្សសម រង្សុី ដែលលោកបានមានប្រសាសន៍ថា បានប្រដូចលោកទៅនឹងវរសេនីយ៍ឯក កាដាហ្វី អតីតមេដឹកនាំប្រទេសលីប៊ីនោះស្រាប់តែអង្គរក្សស្លៀកពាក់ខ្មៅម្នាក់បាននាំអ្នកយកព័ត៌មានកាសែត ខេមបូឌាដេលីចេញពីក្រុមមនុស្សនោះហើយបានប្រាប់គាត់ឲ្យចាកចេញដោយពុំបានប្រាប់ហេតុផលអ្វីឡើយ។
នៅពេលមកដល់ខាងក្រៅសាលប្រជុំ មានអង្គរក្សពីរនាក់ទៀតនិងអ្នករៀបចំព្រឹត្តិការណ៍ម្នាក់ បានព្រួតគ្នាដណ្តើមយកលិខិតអញ្ជើញរបស់អ្នកយកព័ត៌មានរូបនេះបានហែកកំណត់ក្នុងសៀវភៅកត់ត្រារបស់គាត់ និងលុបចោលនូវសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី។គ្មាននរណាម្នាក់បានប្រាប់ហេតុផលនោះទេដោយគ្រាន់តែនិយាយថា“បញ្ជាពីថ្នាក់លើ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
ល្បីណាស់ វីដេអូបង្ហាញអំពីអង្គរក្សរបស់លោក ហ៊ុន សែន វាយគេនៅសណ្ឋាគារខេត្តកោះកុង
មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីទាហានចំនួនបួននាក់មកពីកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចាប់ខ្លួនពីបទវាយបុរសបួននាក់ យ៉ាងសាហាវរួមមានមន្ត្រីនគរបាលម្នាក់ផងដែរនោះ រូបភាពវីដេអូបង្ហាញពីការវាយប្រហារនេះ ត្រូវបានគេបង្ហោះនៅលើទំព័រអុីនធើណិត ហើយគ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ត្រូវបានចាត់ទុកក្នុងចំណាត់ថ្នាក់ដាច់គេនៅលើទំព័រអុីនធើណិត ព្រមទាំងល្បីសុះសាយយ៉ាងខ្លាំងដោយធ្វើឲ្យមានការបញ្ចេញយោបល់បែបកំហឹងយ៉ាងច្រើនពីសំណាក់មនុស្សរាប់ម៉ឺននាក់ ដែលបានមើលរូបភាពវីដេអូនោះរហូតមកទល់ពេលនេះ។
នគរបាល និងម្ចាស់សណ្ឋាគារបានបញ្ជាក់កាលពីម្សិលមិញថា រូបភាពវីដេអូ ដែលត្រូវបានគេបង្ហោះតាមប្រព័ន្ធអុីនធើណិតចែកជាបីភាគនោះត្រូវម៉ាស៊ីនថតការពារសុវត្ថិភាពរបស់សណ្ឋាគារ ក្នុងខេត្តកោះកុងថតបានដោយបានចាប់យករូបភាពស្ទើរតែទាំងស្រុង អំពីការវាយដំយ៉ាងសាហាវនេះ។
រូបភាពវីដេអូ ដែលគ្មានសំឡេងនេះ ទំនងជាបង្ហាញឲ្យឃើញនូវព័ត៌មានដែលអាចបញ្ជាក់ស្ទើរតែអំពីភស្តុតាងទាំងមូល ដែលមន្ត្រីនគរបាលប្រមូលបាននៅពេលនេះ។
លោក ឡាយ ម៉េងលាង នាយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកោះកុងបានមានប្រសាសន៍ថា “ប្រហែលជាមិត្តភក្តិរបស់ម្ចាស់សណ្ឋាគារ បានយកពីសណ្ឋាគារ ហើយបង្ហោះតាមអុីនធើណិត ក៏ប៉ុន្តែវាមិនមែនជាបញ្ហា របស់ក្រុមមន្ត្រីនគរបាលទេ ចំពោះ
ការបង្ហោះរូបភាពវីដេអូនេះ”។ លោកបន្ថែមថា ការវាយដំ ដែលត្រូវថតបានក្នុងរូបភាពវីដេអូនេះ មានភាពសាហាវឃោរឃៅខ្លាំងពេក។
លោក ឡាយ ម៉េងលាង បានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា រូបភាពវីដេអូនេះ គឺជាភស្តុតាងសម្រាប់ឲ្យនគរបាលធ្វើការស៊ើបអង្កេតករណីនេះ...លោកអាចមើលឃើញសកម្មភាពដ៏អាក្រក់ ដែលលោកឧត្តមនីយ៍ទោប្រព្រឹត្តទៅលើជនរងគ្រោះ”។
នៅក្នុងរូបភាពវីដេអូតាមប្រព័ន្ធយូធ្យូប(YouTube)នោះបង្ហាញឲ្យឃើញ...
រដ្ឋាភិបាល និងក្រុមហ៊ុនស៊ូកាគូ ស្ងាត់ស្ងៀមចំពោះគម្រោងអភិវឌ្ឍន៍បឹងកក់នៅពេលអនាគត
រយ:ពេលប្រាំបួនខែ បន្ទាប់ពីក្រុមហ៊ុនស៊ូកាគូ ដែលគាំទ្រដោយក្រុមហ៊ុនចិន របស់លោកឡៅម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានបញ្ចុះបឋមសិលាសាងសង់គម្រោងអចលនទ្រព្យដ៏ចម្រូងចម្រាសរបស់លោកនៅលើដីអតីតបឹងកក់ក្នុងរាជធានីភ្នំពេញមក គម្រោងសាងសង់របស់ការដ្ឋាននេះទំនងជាបានផ្អាកទៅហើយ។
នៅទីបំផុតក្រុមហ៊ុនស៊ូកាគូ បានបញ្ចប់ការបូមខ្សាច់ជាច្រើនលានតោនចាក់ដើម្បីបំពេញបឹងនេះ កាលពីសប្តាហ៍មុន គឺប្រហែលបីឆ្នាំកន្លះ ក្រោយពីបានចាប់ផ្តើម និងក្រោយពីការបណ្តេញប្រជាពលរដ្ឋប្រមាណ៣.០០០គ្រួសារចេញ ដោយរំលោភច្បាប់ភូមិបាល។
នៅក្នុងការឆ្លើយតបដូចសព្វមួយដងមន្ត្រីក្នុងរាជធានីភ្នំពេញបាននិយាយកាលពីសប្តាហ៍មុនថាខ្លួនមិនដឹងអ្វីទេ អំពីជោគវាសនារបស់ដីបឹងដែលត្រូវបានចាក់បំពេញនេះឬក៏បដិសេធមិនព្រមនិយាយតែម្តង។
នៅលើវាលខ្សាច់ដ៏ធំល្វឹងល្វើយ មានតែត្រាក់ទ័រចតទុកចោលពីរគ្រឿងប៉ុណ្ណោះដោយគ្មានបន្សល់ទុកអ្វីទាំងអស់ ក្រៅតែការិយាល័យធ្វើការមួយកន្លែងរបស់ក្រុមហ៊ុននេះ ដែលគេទុកចោល អំឡុងពេលចុះទៅពិនិត្យមើលដល់ការដ្ឋានរបស់ក្រុមហ៊ុនស៊ូកាគូ កាលពីសប្តាហ៍មុន។
ពីមុន ធ្លាប់មានសកម្មភាពមមាញឹកខ្លាំងណាស់នៅពេលលោកឡៅម៉េងឃិន ចាប់ផ្តើមដាក់ម៉ាស៊ីនបុកគ្រឹះដ៏ធំមួយឲ្យដំណើរការនៅក្នុងការដ្ឋាននេះ កាលពីខែកក្កដាឆ្នាំមុន។នាពេលនោះ លោកកែបជុតិមា អភិបាលរាជធានីភ្នំពេញ និងភ្ញៀវរាប់សិបនាក់ទៀតបានត្រៀមខ្លួន ដើម្បីបង្ហាញផ្ទាំងប៉ាណូមួយបង្ហាញពីទស្សនវិស័យរបស់ខ្លួនសម្រាប់បឹងនេះនៅពេលអនាគត ដោយមានអគារកញ្ចក់ខ្ពស់ៗនិងភូមិគ្រឹះលម្អដោយដើមឈើដ៏ស្រស់ស្អាត និងប្រព័ន្ធលូទឹកខ្វាត់ខ្វែង។ព្រះសង្ឃក៏ត្រៀមប្រោះព្រំដល់គម្រោងអភិវឌ្ឍន៍តំបន់នេះដែរ។
តែទោះជាយ៉ាងណា...
គ្រួសារអ្នកសា្លប់សង្ស័យចំពោះការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាល
នៅពេលមានការអំពាវនាវកាន់តែខ្លាំងឡើងថែមទៀត ទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់នោះ មន្ដ្រីពាក់ព័ន្ធ កាលពីម្សិលមិញ បានមានប្រសាសន៍ថាពួកគេកំពុងតែបង្កើតក្រុមការងារពិសេសមួយ ដើម្បីស៊ើបអង្កេតករណីបាញ់សម្លាប់សកម្មជនការពារព្រៃឈើ គឺលោក ឈុត វុទ្ធី ស្របពេលក្រុមគ្រួសាររបស់មន្ដ្រីកងរាជអាវុធហត្ថ ដែលសង្ស័យថាបានបាញ់សម្លាប់លោកឈុត វុទ្ធី មុនពេលបាញ់សម្លាប់ខ្លួនឯង នៅតែមិនអស់ចិត្តចំពោះការបកស្រាយជាផ្លូវការរបស់មន្ត្រីនគរបាល។
លោកឧត្ដមសេនីយ៍ឯកសៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា “ ករណីបាញ់សម្លាប់នៅខេត្តកោះកុង គឺកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ហើយកងរាជអាវុធហត្ថដែលទទួលបន្ទុកផ្នែកស៊ើបអង្កេតរបស់យើង គឺកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំចំពោះករណីនេះផងដែរ ដើម្បីស្វែងរកការពិតអំពីហេតុផលនៃបាញ់សម្លាប់បុរសពីរនាក់នេះ”។ លោកឧត្តមសេនីយ៍ឯកសៅ សុខាបានបន្ដថា “ គណៈកម្មការពិសេសមួយ ត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតអំពីការស្លាប់របស់បុរសទាំងពីរនាក់នេះ”។ ប៉ុន្ដែលោកឧត្តមសេនីយ៍ឯកសៅ សុខាបានបដិសេធមិនព្រមបកស្រាយលម្អិតនោះទេ។
ទោះបីជាករណីនេះនៅតែបើកចំហក៏ដោយ មន្ត្រីកងរាជអាវុធហត្ថបានផ្ដល់ការពន្យល់ជាផ្លូវការមួយ អំពីមូលហេតុនៃការស្លាប់ទាំងពីរនេះ ដោយហៅថា ជាករណីបាញ់សម្លាប់ រួចធ្វើអត្តឃាត។ ពួកគេបាននិយាយថារឿងនេះបានកើតឡើង បន្ទាប់ពីមានការទាស់ទែងពាក្យសម្ដីគ្នាខ្លាំងៗ រវាងលោកឈុតវុទ្ធី និងលោកអិុនរតនាអាយុ៣២ឆ្នាំជាមន្ត្រីកងរាជអាវុធហត្ថ។
លោកអិុន រតនា ត្រូវបានគេចោទប្រកាន់ថាបានបាញ់លោកឈុតវុទ្ធីនៅពេលលោកកំពុងអង្គុយលើកៅអីអ្នកបើកបរក្នុងរថយន្ដរបស់លោក មុនពេលបាញ់សម្លាប់ខ្លួនឯង ដោយកាំភ្លើងអាកា-៤៧របស់ខ្លួន។ លោកឈុតវុទ្ធី ត្រូវបានបាញ់ចំជង្គង់ ហើយធ្លាយទៅដល់ពោះ រីឯលោកអិុន រតនាត្រូវបានបាញ់ពីរគ្រាប់ចំទ្រូង និងពោះ។
ឪពុកម្ដាយរបស់លោក អិុន រតនា បានមានប្រសាសន៍ថា ពួកគាត់មានការសង្ស័យចំពោះការស្លាប់នេះ។ អ្នកស្រី ប៉ែន សេង ម្ដាយរបស់លោកអិុនរតនា បានបន្ដថា “ អ្នកភូមិជាច្រើនបានសួរយើងថា ហេតុអ្វីបានជា អិុន រតនា បាញ់សម្លាប់ខ្លួនឯង។ អ្នកភូមិភាគច្រើន ដែលបានទៅចូលរួមបុណ្យសព មិនជឿថាគាត់បាញ់សម្លាប់ខ្លួនឯងនោះទេ”។សពរបស់លោក អិុនរតនាត្រូវបានបូជាកាលពីថ្ងៃសុក្រ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
អ្នកស្រីបានបន្ថែមទៀតថា “ យើងមានការសង្ស័យថា ហេតុអ្វីពួកគេស្លាប់ដោយសារតែគ្រាប់កាំភ្លើងដូចគ្នា”។ សាច់ញាតិរបស់លោក អិុន រតនា បាននិយាយទាំងកំហឹងតាមទូរស័ព្ទអំពីទុក្ខសោករបស់ពួកគេ ប៉ុន្ដែពួកគេនៅតែមានការប្រុងប្រយ័ត្ន។
អ្នកស្រីអុិនវណ្ណាត្រូវជាម្ដាយមីងរបស់សពលោកអុិន រតនា បានមានប្រសាសន៍ថា “ ក្មួយប្រុសរបស់ខ្ញុំត្រូវគេសម្លាប់ ហើយខ្ញុំមិនអាចនិយាយច្រើនអំពី ថាតើនរណាជាអ្នកបាញ់ក្មួយខ្ញុំស្លាប់នោះទេ ប៉ុន្ដែខ្ញុំអំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកយុត្ដិធម៌ឲ្យក្មួយរបស់ខ្ញុំ។ ខ្ញុំមិនអាចនិយាយច្រើនអំពីការបាញ់សម្លាប់ ពីព្រោះខ្ញុំមិនបានឃើញហេតុការណ៍នេះផ្ទាល់ ប៉ុន្ដែក្មួយប្រុសរបស់ខ្ញុំ...
ការរាំចង្វាក់ម៉ាឌីហ្សុនក្រោមដំណក់ទឹកភ្លៀង ភ្នំពេញអាចបំបែកឯតទគ្គកម្មពិភពលោកថ្មី
ឈានជើងឆ្វេង ឈានជើងស្ដាំ ទះដៃ លោត បង្វិលខ្លួន និងធ្វើសាឡើងវិញ នេះជាចង្វាក់រាំម៉ាឌីហ្សុន។ បើទោះជាមានផ្ទៃមេឃខ្មៅជិតភ្លៀងក៏ដោយក៏យុវជនជាង១.០០០នាក់បានចូលរួមរាំចង្វាក់ម៉ាឌីហ្សុន ដែលមានមនុស្សចូលចិត្តច្រើន នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ ជាចង្វាក់រាំមួយ ដែលអ្នករៀបចំព្រឹត្តិការណ៍នេះនិយាយថា អាចបំបែកឯតទគ្គកម្មពិភពលោក។
នៅឯសួនច្បារមុខវត្តបទុមវតី មានក្រុមយុវជន យុវនារីជាច្រើននាក់ពាក់មួកកាតិបពណ៌ភ្លឺ និងចងសក់ទម្លាក់ទៅក្រោយ បានចាក់បទភ្លេងរ៉ុកកម្ពុជាទសវត្សរ៍ឆ្នាំ១៩៦០រាំ ហើយពួកគេក៏បានរាំចង្វាក់ម៉ាឌីហ្សុន ក្នុងកាយវិការព្រមៗគ្នា និងមានទឹកមុខរីករាយយ៉ាងខ្លាំងផងដែរ។
ជាវណ្ណារ័ត្នអាយុ២២ឆ្នាំនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលមានទឹកមុខក្រហម បាននិយាយថា “ខ្ញុំមកទីនេះ ដើម្បីទទួលឯតទគ្គកម្មហ្គីនណេសពិភពលោកសម្រាប់កម្ពុជា (Guinness World Record )។ខ្ញុំរៀនរាំចង្វាក់ម៉ាឌីហ្សុន តាំងពីខ្ញុំរៀននៅថ្នាក់ទី៦ម្លេ៉ះ។ ប្រជាជនកម្ពុជាចូលចិត្តរាំចង្វាក់ម៉ាឌីហ្សុនពីព្រោះរាំចង្វាក់នេះសប្បាយ និងងាយស្រួលទៀតផង”។
បើទោះការចូលចិត្តរាំកម្សាន្ដរបស់ប្រជាជនកម្ពុជានៅខាងក្រៅ ជាការបង្ហាញដល់អ្នកដើរកាត់សួនក្នុងទីក្រុងនៅពេលល្ងាច និងនៅពេលយុវជន និងចាស់ៗហាត់ប្រាណ ដោយការរាំរួមគ្នាក៏ដោយ ក៏ព្រឹត្តិការណ៍កាលពីថ្ងៃសៅរ៍នេះ គឺជាព្រឹត្តិការណ៍លើកដំបូងដើម្បីបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការរាំចង្វាក់ម៉ាឌីហ្សុន ដ៏ធំបំផុតដែលមិនធ្លាប់មាន។
ព្រឹត្តការណ៍នេះ គឺជាគំនិតរបស់ BBC Media Action ផ្នែកអភិវឌ្ឍន៍អន្ដរជាតិរបស់សាជីវកម្មផ្សព្វផ្សាយអង់គ្លេស (BBC) និងត្រូវបានថតជាឈុតមួយនៃខ្សែភាពយន្ដភាគចុងក្រោយចាក់ផ្សាយតាមទូរទស្សន៍របស់កម្មវិធីឡូយ៩ ជាផលិតកម្មរបស់ BBC Media Action ដែលផ្ដោតលើយុវជនកម្ពុជា និងពលរដ្ឋ្ក្នុងទីក្រុង។
លោក កូលីន ស្ពើវ៉េ (Colin Spurway) ប្រធានកម្មវិធីឡូយ៩ បានមានប្រសាសន៍ថា “ យើងដឹងថា មនុស្សជាង១.០០០នាក់ បានរាំនៅថ្ងៃនេះ ដូច្នេះយើងជឿជាក់ថា យើងអាចបំបែកឯតទគ្គកម្មបាន។ យើងមិនទាន់ដឹងទេរហូតដល់ហ្គីនណេស ទទួលបានខ្សែវីដេអូនេះ និងបានឮពាក្យសម្តីរបស់សាក្សីសិន”។
យោងតាមគេហទំព័រឯតទគ្គកម្មហ្គីនណេសពិភពលោកបានបង្ហាញថាឯតទគ្គកម្មហ្គីនណេសពិភពលោកលើកមុនសម្រាប់ការរំាចង្វាក់ម៉ាឌីហ្សុន ត្រូវបានធ្វើឡើងកាលពីឆ្នាំមុនបន្ទាប់ពីមនុស្សចំនួន៤៥៩នាក់បានរាំចង្វាក់នេះនៅទីក្រុងហ្វឺឆឺរ៉ូឡេស (Feuchrolles)ប្រទេសបារាំង។ ដោយរាំាំឈានជើងទៅមុខ
ទៅក្រោយ ប៉ុន្ដែបង្វិលខ្លួន ហើយលោតនោះចង្វាក់ម៉ាឌីហ្សុននេះ មានប្រភពដើមនៅក្នុងសហរដ្ឋអាមេរិក នៅចុងទសវត្សរ៍ឆ្នាំ១៩៥០និងពេញនិយមនៅក្នុងប្រទេសបារាំង មុនពេលមកដល់ប្រទេសកម្ពុជា។ វានៅតែជាចង្វាក់រាំដ៏ពេញនិយមមួយនៅតាមពិធីមង្គលការក្នុងស្រុក។
ភ្នាក់ងារម្នាក់ ក្នុងចំណោមភ្នាក់ងាររបស់កម្មវិធីឡូយ៩បានស្រែកតាមឧគ្ឃោសនសព្ទ ខណៈពេលភ្លៀងចាប់ផ្ដើមធ្លាក់លើក្រុមអ្នករាំ ដែលប្រមូលផ្ដុំគ្នានៅក្នុងសួននេះថា “ តើអស់លោកអ្នកព្រមរាំហាលភ្លៀងទេ?” អ្នករាំបានឆ្លើយថា ព្រម ហើយបានចាប់ផ្ដើមរាំរយៈពេលប្រាំនាទី។
ភ្នាក់ងារទូរទស្សន៍ក្នុងស្រុកបានថតការរាំរួមគ្នានេះពីដំបូលអគារមួយនៅក្បែរនោះព្រោះនេះជាកម្មវិធីឡូយ៩ចុងក្រោយ និងបញ្ជូនទៅហ្គីនណេស ជាភស្ដុតាងនៃឯតទគ្គកម្ម ខណៈដែលក្រុមអ្នកមើលឯករាជ្យ និងសាក្សីបានឈរមើលជួរអ្នករាំនីមួយៗ ដើម្បីចង់ដឹងថាតើពួកគេរាំត្រូវចង្វាក់ឬអត់។
ខណៈដែលអ្នករាំខ្លះក្នុងចំណោមអ្នករាំនៅឯសួននោះមានចង្វាក់ភ្លេងពីរោះជាង និងឈានជើងបានស្ទាត់ជាងអ្នកផ្សេងទៀតនោះ ការពេញនិយមនៃចង្វាក់រាំនេះក្នុងចំណោមជនកម្ពុជាបញ្ជាក់ថា គ្រប់ៗគ្នាបានរាំស្ទើរតែព្រមៗគ្នាទាំងអស់។
លឹម ដាវីនអាយុ១៨ឆ្នាំ ជានិស្សិតបាននិយាយបន្ទាប់ពីបញ្ចប់ការប៉ុនប៉ងបំបែកឯតទគ្គកម្មនេះថា “ នេះជាបទពិសោធដ៏អស្ចារ្យមួយ។ខ្ញុំមិនហត់ទេ ខ្ញុំសប្បាយណាស់។ ខ្ញុំរៀនរាំចង្វាក់ម៉ាឌីហ្សុន កាលពីខ្ញុំអាយុ១០ឆ្នាំ។ ខ្ញុំចូលចិត្តរាំចង្វាក់ម៉ាឌីហ្សុន ពីព្រោះសម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់ៗគ្នាចូលចិត្តរាំចង្វាក់នេះ។ វាជាការហាត់ប្រាណដ៏ល្អ”។ មិត្តភក្ដិរបស់ ដាវីនឈ្មោះប៉ែនវីសាអាយុ១៨ឆ្នាំ បានបន្ថែមថា “ថ្ងៃនេះមនុស្សជាច្រើនបានចូលរួមរាំចង្វាក់នេះ ដូច្នេះខ្ញុំ
គិតថា យើងបំបែកឯតទគ្គកម្មបារាំងបានហើយ។វីសាក៏ដូចជាអ្នករាំក្មេងៗភាគច្រើនដែរនោះ ទំនងជាមិនដឹងថាចង្វាក់រាំនេះនាំចូលពីអាមេរិក និងបារាំង ៥០ឆ្នាំមកហើយនោះទេ៕
ប្រែសមួលដោយ ចេវ ប៊ុននី
អ្នកនេសាទ និងអ្នកជំនាញខាងជលផលថា បទល្មើសនេសាទខុសច្បាប់នៅក្នុងបឹងទន្លេសាបកើនឡើង
កាលពីម្សិលមិញប្រជានេសាទនៅតាមបឹងទន្លេសាប និងអ្នកជំនាញខាងជលផលបានលើកឡើងថាបទល្មើសនេសាទខុសច្បាប់នៅក្នុងបឹងទន្លេសាប មានការកើនឡើងច្រើន ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលឡូត៍នេសាទ កាលពីខែមីនា ហើយជំរុញឲ្យអាជ្ញាធរចុះបង្ក្រាបបទល្មើសនេសាទទាំងនោះ។
លោកនាយករដ្ឋមន្ដ្រីហ៊ុនសែន បានលុបចោលឡូត៍នេសាទនៅទូទាំងប្រទេសកាលពីឆ្នាំមុនដោយសង្ឃឹមថានឹងធ្វើឲ្យត្រីក្នុងបឹងទន្លេសាប កើនឡើងវិញ សម្រាប់ប្រជានេសាទ អាចប្រកបរបរចិញ្ចឹមជីវិតហើយបានចុះហត្ថលេខាលើអនុក្រឹត្យលុបឡូត៍នេសាទទាំងស្រុងនៅខែមីនា។
លោកឡុង សុចិត្តនាយកសម្ពន្ធអ្នកនេសាទកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីអនុក្រឹត្យត្រូវបានចុះហត្ថលេខារួចមកបទល្មើសនេសាទខុសច្បាប់នៅជុំវិញបឹងទន្លេសាប មានការកើនឡើង។
សម្ពន្ធអ្នកនេសាទកម្ពុជា របស់លោកសុចិត្តនិងក្រុមសម្ពន្ធសម្របសម្រួលការនេសាទ បានរៀបចំសន្និសីទរយៈពេលពីរថ្ងៃនៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនឹងបញ្ចប់ក្នុងថ្ងៃនេះ ដើម្បីឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
លោកសុចិត្តបានបន្ដថា“យើងបានឃើញបទល្មើសនេសាទ ខុសច្បាប់នៅជុំវិញបឹងទន្លេសាបកើនឡើងទ្វេដង បន្ទាប់ពីរដ្ឋាភិបាលបានលុបឡូត៍នេសាទ។យើងរៀបចំសន្និសីទនេះដើម្បីសម្តែងការព្រួយបារម្ភ និងពិភាក្សាគ្នារកដំណោះស្រាយ ដើម្បីទប់ស្កាត់បទល្មើសនេះ”។ លោកសុចិត្តក៏បានចោទប្រកាន់អាជ្ញាធរថា...
អ្នកជំនាញផ្នែកសុខាភិបាលនិយាយថា ជំងឺមិនអាចឆ្លង អាចប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល
អ្នកជំនាញផ្នែកសុខាភិបាល បានលើកឡើងក្នុងសន្និសីទមួយកាលពីពេលកន្លងមកនេះថា ជំងឺមិនឆ្លង (NCDs) ដូចជាជំងឺទឹកនោមផ្អែម និងជំងឺមហារីកប្រភេទ២ កំពុងតែធ្វើឲ្យប្រព័ន្ធសុខាភិបាលមានការលំបាកកាន់តែខ្លាំង និងធ្វើឲ្យអ្នកក្រីក្រមានជម្រើសតិចតួចក្នុងការព្យាបាលខ្លួន។
លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិអង្គការសម្ពន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA)បានមានប្រសាសន៍នៅឯសន្និសីទក្នុងរាជធានីភ្នំពេញ ដែលផ្តោតលើវិធីបង្ការកុំឲ្យមានការកើនឡើងនៃករណីជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺសួតរាុំរៃ៉ និងជំងឺបេះដូងនោះថា គួរតែមានការលប់បំបាត់ចោលនូវការនិយាយតៗគ្នាថា ជំងឺបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាជននៅក្នុងប្រទេសអភិវឌ្ឍន៍។
លោកបានមានប្រសាសន៍ថា “ការផឹកស្រា ការជក់បារី កង្វះអាហារូបត្ថម្ភ និងការមិនហាត់ប្រាណ សុទ្ធតែជាហេតុនាំឲ្យមានជំងឺមិនឆ្លងនេះ។វាមិនពាក់ព័ន្ធនឹងការមានក្រនោះទេ។ ប៉ុន្តែនៅពេលមនុស្សក្រីក្រកើតមានជំងឺនេះ ពួកគេកាន់តែក្រទៅៗ រីឯអ្នកមានវិញ គេមានលុយព្យាបាល ដូច្នេះពួកគេមានលទ្ធភាពរស់នៅបានយូរជាង”។
ខណៈដែលជំងឺឆ្លងដូចជាហ៊ីវ/អេដស៍ជំងឺគ្រុនចាញ់ និងមេរោគ H5N1ជារឿយៗកើតមានច្រើននោះ លោកវេជ្ជបណ្ឌិត សុភាពបានមានប្រសាសន៍ថា ជំងឺ ដូចជាជំងឺទឹកនោមផ្អែម មានសភាពធ្ងន់ធ្ងរ ហើយត្រូវបានគេចាត់ទុកថាជា “ ឃាតករស្ងាត់ៗ” ក្នុងសង្គមកម្ពុជា។ លោកបានមានប្រសាសន៍ថា“ជាឧទាហរណ៍ យើងសង្កេតឃើញថាមានករណីជំងឺមិនឆ្លងបែបនេះច្រើនជាងជំងឺអេដស៍ដែលឆ្លងទៅទៀត”។
ដោយលើ់កឡើងពីតួលេខឆ្នាំ២០១០របស់អង្គការពិភពលោក លោកវេជ្ជបណ្ឌិត សុភាព មានប្រសាសន៍ថា ជំងឺមហារីកកើតមាន៧ភាគរយ ជំងឺបេះដូងកើតមាន២១ភាគរយ និងជំងឺសួតរាុំរ៉ៃ មាន៥ភាគរយនៃប្រជាពលរដ្ឋកម្ពុជាប្រមាណ១៤លាននាក់។
ជាសរុបជំងឺមិនឆ្លងបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៥៦.៦០០នាក់ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១០ ដែលក្នុងនោះមានប្រមាណ២៥.០០០នាក់ ជាស្ត្រី។
លោក វេជ្ជបណ្ឌិត សុភាពបានមានប្រសាសន៍ថា ហេតុផលមួយផ្នែកចំពោះអត្រាជំងឺមហារីក គឺដោយសារតែបុរសកម្ពុជាយ៉ាងហោចណាស់៤៨ភាគរយ ជាអ្នកជក់បារី ហើយថា ៥០ភាគរយនៃប្រជាពលរដ្ឋក្នុងប្រទេសជាអ្នកទទួលរងផ្សែងបារីពីគេ។
ខណៈដែលក្រុមមន្ត្រីសុខាភិបាលនិយាយថា ខ្លួនទទួលបានជោគជ័យខ្លះៗក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងនោះ ជំងឺមិនឆ្លង គឺជាបន្ទុកដ៏ធំមួយរបស់សេវាសុខាភិបាល ដែលមិនមានបំពាក់ឧបករណ៍ទំនើបរបស់កម្ពុជា។
លោកវេជ្ជបណ្ឌិត ឡោវាសនា គិរីប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅក្រៅសន្និសីទនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា “ មានជោគជ័យក្នុងការគ្រប់គ្រងជំងឺឆ្លង ប៉ុន្តែជំងឺមិនឆ្លង ក្លាយជាបញ្ហាធំមួយ”។ ខណៈដែលការអប់រំប្រជាពលរដ្ឋអំពីការធ្វើឲ្យរបៀបរស់នៅរបស់ខ្លួនប្រសើរឡើង អាចជួយកាត់បន្ថយអត្រាជំងឺមិនឆ្លងនោះ លោកវេជ្ជបណ្ឌិត វាសនា គិរី ក៏បានលើកឡើងផងដែរថាអ្នកជំងឺត្រូវមានប្រាក់ច្រើនទើបទទួលបានការគាំពារសុខភាពពីពេទ្យមានជំនាញល្អ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។ថវិកាជាតិឆ្នាំនេះ ត្រូវបានលៃទុកចំនួន១៩៣លានដុល្លារសម្រាប់ក្រសួងសុខាភិបាល បើប្រៀបធៀបនឹង៣៤១លានដុល្លារសម្រាប់ក្រសួងការពារជាតិ។
លោកវេជ្ជបណ្ឌិត វាសនា គិរីបានមានប្រសាសន៍ថា “ ជាទូទៅ ជំងឺមិនឆ្លងភាគច្រើនអាចបង្ការបាន។វិធីទីមួយក្នុងការតាមដានជំងឺនេះ គឺតាមរយៈបុគ្គលដែលអាចផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន”។
លោកបានមានប្រសាសន៍បន្ថែមថា “ វិធីទីពីរគឺតាមរយៈប្រព័ន្ធសុខាភិបាល។ជំងឺមិនឆ្លងនេះគឺជាបន្ទុកធំមួយរបស់ប្រព័ន្ធសុខាភិបាលពាក់ព័ន្ធនឹងការចំណាយ និងក៏ដោយសារតែជំងឺឆ្លងនេះ តម្រូវឲ្យមានការព្យាបាល និងថែទាំរយៈពេលយូរផងដែរ”។
លោកវេជ្ជបណ្ឌិត ទូចឃុនប្រធានផ្នែកទឹកនោមផ្អែមនៅមន្ទីរពេទ្យព្រះកុសមៈដែលមានអ្នកជំងឺទឹកនោមផ្អែមប្រហែល៧.០០០នាក់ ចូលមកព្យាបាលនោះ បានមានប្រសាសន៍ថា ការព្យាបាលជំងឺនេះស្ទើរតែគ្មាននៅតាមតំបន់ជនបទឡើយ។
លោកបានមានប្រសាសន៍ថា “ ប្រជាពលរដ្ឋកម្ពុជាមានធនធានតិចតួច សេវាមិនល្អ ហើយពួកគេប្រឈមនឹងការចំណាយប្រាក់ច្រើន បើទោះជាពួកគេរកចំណូលបានតិចតួចក៏ដោយ”។
ដោយមានមនុស្សអាយុពី២៥ឆ្នាំទៅ៦៤ឆ្នាំចំនួន២,៩ភាគរយនៅទូទាំងប្រទេសមានកើតជំងឺទឹកនោមផ្អែមនោះ ចាំបាច់ត្រូវមានសេវាព្យាបាលថែមទៀត ប្រសិនបើរដ្ឋាភិបាលមានបំណងដោះស្រាយបញ្ហានេះ។ លោកវេជ្ជបណ្ឌិត ឃឹមសំអាតមន្ត្រីផ្នែកបច្ចេកទេសទទួលបន្ទុកជំងឺមិនឆ្លងនៅអង្គការសុខភាពពិភពលោកក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “វាហាក់ដូចជាមានចំនួនតិចតួចទេ ប៉ុន្តែវាជាបញ្ហាធំមួយ។មិនមែនតែនៅប្រទេសកម្ពុជាទេ គឺនៅទូទាំងពិភពលោក យើងនឹងឃើញជំងឺឆ្លងធ្លាក់ចុះ រីឯជំងឺមិនឆ្លងនឹងកើនឡើង។ កម្មវិធីជំងឺមិនឆ្លងក្នុងប្រទេសកម្ពុជាគឺជាអាទិភាពមួយ”។
កម្មវិធីនោះ ដែលជាផែនការយុទ្ធសាស្រ្តជាតិ កើតចេញពីការកើនឡើងនៃករណីជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីកស្បូននិងជំងឺមហារីកដោះដំណើរការបួនឆ្នាំហើយហើយនឹងចប់នៅឆ្នាំ២០១៥។
តាមគម្រោងនេះលោកវេជ្ជបណ្ឌិត សំអាតបានមានប្រសាសន៍ថាចាប់តាំងពីឆ្នាំ២០០៧មកក្រសួងសុខាភិបាលបានបង្កើតក្លីនិកព្យាបាលជំងឺទឹកនោមផ្អែមចំនួនប្រាំបួនកន្លែងនៅតាមមន្ទីរពេទ្យខេត្តទូទាំងប្រទេស។
លោកបានមានប្រសាសន៍ថា"ទោះជាយ៉ាងណានេះមិនទាន់ល្អប៉ុន្មានទេ...
មន្ត្រីកងរាជអាវុធហត្ថធ្វើអត្តឃាត បន្ទាប់ពីបាញ់សម្លាប់ឈុត វុទ្ធី
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា មន្ត្រីកងរាជអាវុធហត្ថដែលបានបាញ់សម្លាប់លោក ឈុត វុទ្ធី អាយុ៤៦ឆ្នាំជាសកម្មជនការពារព្រៃឈើដ៏ល្បីឈ្មោះ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងខេត្តកោះកុង បានបង្វែរកាំភ្លើងអាកា៤៧បាញ់សម្លាប់ខ្លួនឯងភ្លាម បន្ទាប់ពីបានបាញ់សម្លាប់សកម្មជនការពារព្រៃឈើរូបនេះ។
មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អិុន រតនា អាយុ៣២ឆ្នាំ បានបាញ់សម្លាប់លោក ឈុត វុទ្ធី ពេលលោកអង្គុយនៅកន្លែងអ្នកបើកបរក្នុងរថយន្ដរបស់លោក បន្ទាប់ពីសកម្មជនការពារព្រៃឈើរូបនេះត្រូវបានទាហានមួយក្រុមឃាត់ខ្លួនទារយកម៉ាសុីនថតពីរូបលោក និងអ្នកកាសែតពីរនាក់មកពីកាសែត ខេមបូឌា ដេលី ដែលអ្នកទាំងពីរបានប្រើ ដើម្បីថតសកម្មភាពកាប់ឈើ ដោយគេសង្ស័យថាខុសច្បាប់ក្នុងស្រុកមណ្ឌលសីមា។
លោក ស៊ុន សាមឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកមិនបានដឹងពីមូលហេតុ ឈ្មោះ អុិន រតនា បាញ់សម្លាប់ លោក វុទ្ធី ឬក៏បាញ់សម្លាប់ខ្លួនឯងភ្លាមនោះទេ ប៉ុន្តែមន្ត្រីកងរាជអាវុធហត្ថរូបនេះ និងសកម្មជនការពារព្រៃឈើរូបនេះ មានជម្លោះពាក្យសម្ដីគ្នាយ៉ាងខ្លាំង មុនពេលមានការបាញ់ប្រហារនោះ។
លោកវរសេនីយ៍ឯក សាមឿន បានមានប្រសាសន៍ថា “នៅពេលពួកគាត់មានជម្លោះពាក្យសម្ដីនោះ លោក ឈុត វុទ្ធី បានប្រើពាក្យអសុរសដាក់មន្ត្រីកងរាជអាវុធហត្ថរូបនេះដូច្នេះហើយធ្វើឲ្យលោក រតនា ខឹងយ៉ាងខ្លាំងហើយបានបាញ់បីគ្រាប់ ប៉ុន្តែត្រូវចំលោក វុទ្ធី តែមួយគ្រាប់ប៉ុណ្ណោះ”។
លោក សាមឿន បានបន្ដថា “ បន្ទាប់ពីលោក រតនា បាញ់សម្លាប់លោក វុទ្ធី ហើយ គាត់ក៏បាញ់សម្លាប់ខ្លួនឯងតែម្តង។ លោក វុទ្ធី បានស្លាប់នៅក្នុងរថយន្ដរបស់លោក ចំណែកឯមន្ត្រីកងរាជអាវុធហត្ថរូបនេះបានស្លាប់នៅមុខរថយន្ដនោះ”។
លោកបានថ្លែងថា “ មានមនុស្សតែម្នាក់គត់ដែលបានបាញ់ ហើយពេលនេះបានស្លាប់ទៅហើយ”។ លោកបានបន្ថែមថា ការស៊ើបអង្កេតកំពុងតែបន្ដ។
យោងតាមលោក ម៉ាត់លី ហ្សៃណុប(Mathly Zaynop) ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹងថាការធ្វើកោសល្យវិច័យសាកសពបង្ហាញថា លោក ឈុត វុទ្ធី ត្រូវគ្រាប់កាំភ្លើងអាកា-៤៧
មួយគ្រាប់ត្រង់ជង្គង់ ហើយបានទម្លុះទៅបៀមនៅក្នុងពោះរបស់លោក។ ប៉ុន្តែលោក អុិន រតនា ត្រូវគ្រាប់កាំភ្លើងពីរគ្រាប់ចំទ្រូងធ្លាយចេញតាមខ្នង។
លោក ជួន ភិរម្យ ក្មួយប្រុសរបស់លោក វុទ្ធីបានជំទាស់ចំពោះសេចក្តីរាយការណ៍អំពីការធ្វើអត្តឃាតនេះ កាលពីម្សិលមិញ និងមានការសង្ស័យថា តើមន្ត្រីរូបនេះអាចយកកាំភ្លើងវែងបាញ់ចំទ្រូងសម្លាប់ខ្លួនឯងដល់ទៅពីរគ្រាប់បានយ៉ាងដូចម្ដេ៉ចទៅ?
លោក ភិរម្យ បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា មានជនទីបីម្នាក់បាញ់សម្លាប់ពូ វុទ្ធី របស់ខ្ញុំ និងបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថនេះទៀត ដើម្បីបំបាត់ភស្តុតាង។ខ្ញុំសូមស្នើឲ្យអាជ្ញាធរស្វែងរកឧក្រិដ្ឋជន និងមនុស្សនៅពីក្រោយហេតុការណ៍នេះ”។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា លោក រតនា ទំនងជាសម្លាប់ខ្លួនឯងដោយសារមានវិប្បដិសារី។ nលោកបានមានប្រសាសន៍ថា “គាត់ពិតជាដឹងថា គាត់មានកំហុស។ ខ្ញុំមិនជឿថា មានជនទីបីនោះទេ”។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក បានមានប្រសាសន៍ថា លោកបានទៅដល់កន្លែងកើតហេតុបាញ់សម្លាប់អ្នកទាំងពីរនេះ កាលពីព្រឹកថ្ងៃសុក្រ ហើយលោកជឿជាក់ថា មានសាក្សីជាច្រើនបានឃើញហេតុការណ៍នេះ ប៉ុន្តែពួកគេមិនហ៊ាននិយាយទេ។
លោក សុវ៉េត បានមានប្រសាសន៍ថា “ពួកគេមិនហ៊ាននិយាយ ពីព្រោះ ពួកគេបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន”។ លោកបានបន្ថែមថា កន្លែងដែល លោក ឈុត វុទ្ធី និង ឈ្មោះ អិុន រតនា ស្លាប់នោះ ល្បីថាជាកន្លែងកាប់ឈើខុសច្បាប់។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការចុះសាកសួរសាក្សីដទៃទៀត ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ពីព្រោះរឿងនេះស្មុគស្មាញណាស់”។ កាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សជាច្រើនបានថ្កោលទោសចំពោះហេតុការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី នោះ ហើយបានជំរុញឲ្យមានការស៊ើបអង្កេតភ្លាមៗ អំពីស្ថានការណ៍នៅជំុវិញរឿងនេះ។ ក្លឹបអ្នកកាសែតថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា“យើងទាមទារឲ្យអាជ្ញាធរស៊ើបអង្កេត និងចាប់ខ្លួនជនដៃដល់ ព្រមទាំងអ្នកជាប់ពាក់ព័ន្ធនានាឲ្យបាន។
អង្គការអាដហុក បានអំពាវនាវឲ្យរដ្ឋាភិបាល “ បង្ហាញពីការតាំងចិត្តរបស់ខ្លួន ដើម្បីការពារសកម្មជនផ្នែកបរិស្ថាន ព្រមទាំងការពារតំបន់ធនធានធម្មជាតិនានា ហើយតាមចាប់ខ្លួនអ្នកទាំងឡាយណាដែលទទួលខុសត្រូវចំពោះទង្វើខុសច្បាប់ ដោយមិនគិតពីបុណ្យសក្ដិ ឬឋានៈឡើយ”។
អង្គការ Global Witness បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ មរណភាពដ៏សោកសង្រេងរបស់លោក ឈុត វុទ្ធី ស្ដែងឲ្យឃើញនូវភស្ដុតាងថ្មីមួយទៀត អំពីគ្រោះថ្នាក់ ដែលអ្នកផ្សេងទៀតអាចជួបប្រទះនៅពេលព្យាយាមការពារដី និងព្រៃឈើក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញឲ្យឃើញពីអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សដែលកំពុងតែកើតមានដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
Latest news
© 2021, ដេលី. All rights reserved.

