TAG
paywall
ទិន្នផលគ្រាប់ស្វាយចន្ទីត្រូវបានរំពឹងថា នឹងធ្លាក់ចុះក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន
ក្រុមមន្ត្រី និងកសិករដាំស្វាយចន្ទីបាននិយាយថា ខណៈដែលរដូវប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះកាន់តែខិតទៅរកការបញ្ចប់នោះ ទិន្នផលគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តដែលដាំស្វាយចន្ទីដ៏ធំជាងគេចំនួនពីរបានធ្លាក់ចុះ នេះបើប្រៀបធៀបជាមួយនឹងតួលេខទិន្នផលឆ្នាំមុន ចំណែកឯក្រុមឈ្មួញវិញបាននិយាយថា គ្រាប់ស្វាយចន្ទីក៏កំពុងតែធ្លាក់ថ្លៃចាប់តាំងពីឆ្នាំមុនមកដែរ។
លោកអ៊ូតាំងហ៊ីមន្ត្រីផ្នែកក្សេត្រសាស្ត្រនៅមន្ទីរកសិកម្មខេត្តកំពង់ចាម បាននិយាយថាការប្រមូលផលនៅខេត្តកំពង់ចាមក្នុងឆ្នាំនេះ ដែលជិតនឹងផុតហើយនោះ ត្រូវគេរំពឹងថានឹងមានទិន្នផល២០ភាគរយតិចជាងការប្រមូលផលកាលពីឆ្នាំ២០១១។
ដោយផ្អែកលើទិន្នផលមកទល់នឹងពេលនេះគាត់បាននិយាយថាផ្ទៃដីស្វាយចន្ទីនៅក្នុងខេត្តទំហំ២១.៨៩៣ហិកតា នឹងឲ្យផលគ្រាប់ស្វាយចន្ទីចំនួន២៣.១៩២តោន ចំណែកឯទិន្នផលកាលពីឆ្នាំមុនវិញមានចំនួន២៨.៩៩០តោនឯណោះ។
“បរិមាណធ្លាក់ចុះនេះ គឺដោយសារតែនៅពេលដើមស្វាយចន្ទីចាប់ផ្តើមចេញផ្កានៅចន្លោះពីខែវិច្ឆិកាដល់ខែធ្នូនោះបែរជាមានភ្លៀងធ្លាក់យ៉ាងជោកជាំ ហើយបំផ្លាញផ្កាស្វាយចន្ទីអស់ទៅវិញ។ ក្រោយមក នៅចន្លោះពីខែមករា ដល់ខែកុម្ភៈ គឺជាខែប្រាំង និងមានអាកាសធាតុក្តៅហែង ក៏បានបំផ្លាញដំណាំនេះដែរ”។
លោក តាំង ហេងហួ វ័យ៥០ឆ្នាំ កសិករដាំស្វាយចន្ទីនៅខេត្តកំពង់ចាម បាននិយាយថា ដីចម្ការទំហំប្រាំហិកតារបស់គាត់ឲ្យផលគ្រាប់ស្វាយចន្ទីតែប្រាំតោនប៉ុណ្ណោះក្នុងឆ្នាំនេះ ចំណែកឯឆ្នាំមុនវិញគឺបានប្រាំពីរតោន។
គាត់បាននិយាយបន្ថែមថា “ឆ្នាំមុន យើងអាចប្រមូលផលរហូតដល់ចុងខែឧសភាប៉ុន្តែនៅឆ្នាំនេះ យើងស្ទើរតែបង្ហើយការប្រមូលផលនៅក្នុងខែមេសាទៅវិញ”។ យោងតាមលោកសយសូណាប្រធានមន្ទីរកសិកម្មខេត្តរតនគិរីបានឲ្យដឹងថានៅក្នុងខេត្តរតនគិរីវិញ ដែលផ្ទៃដីទំហំ១៥.០០០
ហិកតា នៅក្នុងខេត្តនេះជាដីចម្ការស្វាយចន្ទី ក៏ត្រូវគេរំពឹងដែរថា នឹងមានទិន្នផលគ្រាប់ស្វាយចន្ទីទាបដែរ។
លោកបានថ្លែងថា ការប្រមូលផលនៅក្នុងខេត្ត នឹងទទួលបានទិន្នផលតែ៦.២៥០តោនប៉ុណ្ណោះ ចំណែកឯឆ្នាំមុនវិញបានចំនួន៨.០០០តោន។ លោកក៏បានចាត់ទុកការធ្លាក់ចុះនេះថា បណ្តាលមកពីភ្លៀងខុសរដូវនោះដែរ។
ប៉ុន្តែ លោកអ៊ែនឌ្រូមិកណូតុន (Andrew McNaughton) ប្រធានសមាគមកសិកម្មសរីរាង្គកម្ពុជា បានមានប្រសាសន៍ថា វាឆាប់ពេកហើយ ដែលនិយាយថាតើការប្រមូលផលគ្រាប់ស្វាយចន្ទីនៅទូទាំងប្រទេស នឹងមានទិន្នផលទាបនៅឆ្នាំនេះ ឬយ៉ាងណានោះព្រោះស្វាយចន្ទីដែលមានប្រភេទផ្កាខុសៗគ្នាក៏ឲ្យផលនៅរដូវកាលខុសៗគ្នាដែរ។
លោក ប៉េង ស្រូយ ឈ្មួញទិញលក់គ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ចាម បាននិយាយថា តម្លៃគ្រាប់ស្វាយចន្ទី ដែលបណ្តាឈ្មួញ
វៀតណាម ឲ្យគាត់នោះ គឺធ្លាក់ចុះពី៧.៣០០រៀល ឬប្រហែល១,៨០ដុល្លារក្នុងមួយគីឡូក្រាមមកត្រឹម៤.៣០០រៀល ឬ១,០៦ដុល្លារក្នុងមួយគីឡូក្រាម។ លោកណុចចំរើនឈ្មួញទិញ-លក់គ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី បាននិយាយថា តម្លៃដែលគាត់ទទួលបានពីគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះពី៦.២០០រៀល ឬ១,៥៣ដុល្លារមកត្រឹម ៣.៩០០រៀលឬ០,៩៦ដុល្លារក្នុងមួយគីឡូក្រាមតាំងពីឆ្នាំមុនមកម៉្លេះ។
លោក អ៊ែនឌ្រូ មិកណូតុន បានថ្លែងថាការធ្លាក់ចុះនៃតម្លៃគ្រាប់ស្វាយចន្ទីនេះ គឺគ្រាន់តែជាការប្រែប្រួលតូចមួយប៉ុណ្ណោះ ក្រោយពីតម្លៃគ្រាប់ស្វាយចន្ទីក្នុងពិភពលោក បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន៕
ប្រែសម្រួលដោយ ឌឿង សាវតា
ប៉ះទង្គិចគ្នាជាមួយនគរបាលនៅពេលអ្នកភូមិចោទគណបក្សប្រជាជនកម្ពុជាថាចាប់យកដីរបស់ខ្លួន
មន្ត្រីមួយចំនួន និងសកម្មជនសិទ្ធិមនុស្សបាននិយាយកាលពីម្សិលមិញថា កាលពីថ្ងៃអាទិត្យ អ្នកភូមិ និងនគរបាលបានប៉ះទង្គិចគ្នាបន្ទាប់ពីគ្រឿងចក្រឈូសឆាយដីបានបរទៅកាន់ទីតាំងដីមានជម្លោះមួយកន្លែង ដែលអាជ្ញាធរមានគម្រោងសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាប្រចាំឃំុ ដែលស្ថិតនៅក្នុងឃុំព្រះបាទ ក្រុងស្ទឹងត្រែង។
លោក ហូ សំអុល មន្ត្រីអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា អាជ្ញាធរក្រុងស្ទឹងត្រែង បានបើកគ្រឿងចក្រឈូសឆាយដីពីរគ្រឿង និងរយន្តធុនធ្ងន់ប្រមាណ១០គ្រឿងចូលទៅក្នុងទីតាំងដីមានទំហំមួយហិកតា កាលពីអាទិត្យ ដើម្បីរៀបចំការដ្ឋានសាងសង់ ថ្វីបើអ្នកភូមិមួយក្រុមអះអាងថា ជាដីរបស់ខ្លួនក៏ដោយ។
លោក សំអុល បានមានប្រសាសន៍បន្ថែមថា “ អាជ្ញាធរទាំងនេះបានរំលោភសិទិ្ធប្រជាជន ពីព្រោះពួកគេឈូសឆាយដីរបស់អ្នកភូមិ ដោយមិនបានពិភាក្សាអំពីបញ្ហាជាមួយម្ចាស់ដីទាំងនោះឡើយ”។
លោកបានបន្ថែមថា “ វាគួរតែមិនអីទេ បើសិនជាអាជ្ញាធរសាងសង់នៅលើដីជាទ្រព្យសម្បត្តិរបស់រដ្ឋ ប៉ុន្តែពួកគេបានយកដីនេះ ដើម្បីសាងសង់ស្នាក់ការបក្ស ប្រចាំឃំុ សម្រាប់បម្រើផលប្រយោជន៍ដល់គណបក្សកាន់អំណាច”។ អ្នកភូមិម្នាក់ឈ្មោះ ម៉ែន ផូផង់ អាយុ៣១ឆ្នាំ ថ្លែងកាលពីម្សិលមិញថា អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្ត ដោយចោទប្រកាន់នគរបាល ពីបទប្រើអំពើហិង្សា ដើម្បីបំភិតបំភ័យអ្នកភូមិ និងបញ្ឈប់ពួកគេមិនឲ្យរារាំងចំពោះការឈូសឆាយយកដីនេះ។
អ្នកស្រីផូផង់ បាននិយាយថា “ មន្ត្រីនគរបាលឃុំប្រហែលប្រាំបីនាក់បានចាប់ ទាញដៃខ្ញុំ ហើយរុញខ្ញុំផ្ទប់ទៅនឹងដីនៅពេលយើងទាំងអស់គ្នាព្យាយាមបញ្ឈប់គ្រឿងចក្រ”។អ្នកស្រីបានបន្ថែមថា រដ្ឋអំណាចឃំុបានដឹងថា អ្នកស្រីគឺជាម្ចាស់ដី ដែលមានទទឹង២២០ម៉ែត្រ និងបណ្តោយ៦៥០ម៉ែត្រ ដោយបានកាន់កាប់រយៈពេល២០ឆ្នាំមកហើយ។
អភិបាលក្រុងស្ទឹងត្រែង លោក ភឿក សូបេន សមាជិករបស់គណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់អ្នកភូមិទាំងនេះថា បានវាយដំមន្ត្រីនគរបាល និងចាក់ប្រេងសាំងដាក់ពួកគេ អំឡុងការវាយគ្នាមួយប្រាវ។ លោក សូបេនបានអះអាងថា “ នេះជាដីរដ្ឋ ដែលបានបម្រុងទុកសម្រាប់សង់ទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា...
អង្គរក្សរបស់លោក ហ៊ុន សែន ត្រូវបានឃុំខ្លួន ដោយសារ វាយគេ នៅក្នុងសណ្ឋាគារ
នគរបាលបាននិយាយថា មន្ត្រីជាន់ខ្ពស់ម្នាក់ នៅក្នុងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ ដោយបានដាក់ខ្នោះ និងវាយបុរសបួននាក់ ឲ្យរបួសយ៉ាងធ្ងន់ធ្ងរក្នុងសណ្ឋាគារមួយក្នុងខេត្តកោះកុងនៅពេលមានជម្លោះ។
លោកឧត្តមសេនីយ៍ទោប៊ុន សុខាអាយុ៣៨ឆ្នាំ នាយរងសេនាធិការនៃកងអង្គរក្សរបស់លោក ហ៊ុន សែនត្រូវបានចាប់ខ្លួននៅឯសណ្ឋាគារក្នុងក្រុងខេមរភូមិន្ទ កាលពីថ្ងៃអាទិត្យ ជាមួយនឹងអង្គរក្សពីរនាក់ទៀត នៅក្នុងកងអង្គរក្សរបស់លោក ហ៊ុន សែន ដែរ មានឈ្មោះ សម វាសនា អាយុ៣៧ឆ្នាំ និងឈ្មោះម៉េងឈាងលីអាយុ២១ឆ្នាំ។
លោកឡាយម៉េងឡាំងនាយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកោះកុង បានមានប្រសាសន៍ថា លោកឧត្តមសេនីយ៍ទោ សុខា និងអង្គរក្សពីរនាក់របស់លោកទទួលរងការចោទប្រកាន់ថា បានវាយបុរសបួននាក់ រាប់ទាំងសន្ដិសុខសណ្ឋាគារម្នាក់ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀតផងដែរ។
អំពើហិង្សានេះបានកើតឡើង បន្ទាប់ពីជនរងគ្រោះម្នាក់ ក្នុងចំណោមបុរស ដែលគេអះអាងថា ជាជនរងគ្រោះទាំងនោះ មានឈ្មោះ សៀងថៃរា៉ត់បានមកដល់សណ្ឋាគារនេះ នៅយប់ថ្ងៃអាទិត្យ ជាមួយនឹងមិត្តភក្ដិម្នាក់ ហើយបានសុំសន្តិសុខថា លោកអាចចូលមើលបន្ទប់ ដែលខ្លួនបានស្នាក់នៅកាលពីយប់មុនបានឬទេ ពីព្រោះលោកបានបាត់ខ្សែកមួយខ្សែ។
ដោយភរិយារបស់លោកឧត្តមសេនីយ៍ទោសុខាកំពុងស្នាក់នៅក្នុងបន្ទប់នោះបុរសទាំងនេះត្រូវបានបដិសេធមិនឲ្យចូលក្នុងបន្ទប់សណ្ឋាគារឡើយ ហើយត្រូវបានគេប្រាប់ថា ពួកគេត្រូវរង់ចាំរហូតដល់ស្វាមីរបស់គាត់វិលត្រឡប់មកវិញ។ បន្ទាប់ពីរង់ចាំរយៈពេលប្រហែល១ម៉ោង អ្នកទាំងពីរបានគោះទ្វារម្ដងទៀត។
លោកម៉េងឡាំងបានមានប្រសាសន៍ថា“ភរិយារបស់លោកឧត្តមសេនីយ៍ទោបានទូរស័ព្ទហៅប្ដីរបស់ខ្លួន ថាមានមនុស្សគោះទ្វារពីរដងហើយ។ នៅពេលប្ដីរបស់អ្នកស្រីមកដល់ លោកបានបញ្ជាឲ្យអង្គរក្សរបស់លោកឃាត់ខ្លួនបុរសទាំងពីរនាក់នេះ។ ក្រោយមក បានដាក់ខ្នោះលោក ថៃរ៉ាត់និងសន្តិសុខឈ្មោះផាត សុខា”។
យោងតាមលោក ម៉េងឡាំង បានឲ្យដឹងថា មិត្តភក្ដិរបស់លោក ថៃរ៉ាត់ បានទូរស័ព្ទហៅមន្ត្រីកងរាជអាវុធហត្ថម្នាក់ឲ្យជួយអន្ដរាគមន៍ ហើយពួកគេត្រូវបានអង្គរក្សវាយយ៉ាងធ្ងន់ធ្ងរ និងចាប់ដាក់ខ្នោះថែមទៀត។
លោក ម៉េងឡាំងបានមានប្រសាសន៍ថា“លោក សុខានិងអង្គរក្សពីរនាក់របស់លោកបានដាល់ពួកគេ និងដាក់ខ្នោះបុរសទាំងពីរនាក់នេះជាប់គ្នា។ ពួកគេវាយសន្តិសុខដល់សន្លប់ ហើយប្រើដំបងឆក់ឆក់មន្ត្រីកងរាជអាវុធហត្ថ។
មិត្តភក្ដិរបស់ម្ចាស់ខ្សែកត្រូវបានដាល់ត្រូវមាត់បាក់ធ្មេញមួយ”។ លោកបានបន្ថែមថាមន្ត្រីសន្ដិសុខរូបនេះ នឹងត្រូវបញ្ជូនទៅថៃ ដើម្បីព្យាបាល។
យោងតាមលោក ម៉េងឡាំង បានឲ្យដឹងទៀតថា លោកឧត្តមសេនីយ៍ទោសុខាបានសារភាពថា ខ្លួនពិតជាបានវាយមែន ក៏ប៉ុន្ដែបានទទូចថា លោកនិងអង្គរក្សរបស់លោកមិនបានប្រើដំបងឆក់ទេលោកបាននិយាយថា ពួកគេសម្រេចវាយបុរសទាំងបួននាក់នេះ ពីព្រោះពួកគេសង្ស័យថា អ្នកទាំងបួនជាចោរ។ លោក ម៉េងឡាំង បានបន្ថែមថា បន្ទាប់ពីនគរបាលចាប់ខ្លួនភ្លាម លោកឧត្តមសេនីយ៍ទោ សុខា បានបង្ហាញនគរបាលនូវប័ណ្ណសម្គាល់ខ្លួនរបស់លោក ដែលបញ្ជាក់ថា លោកជាជំនួយការរបស់លោក ហ៊ុន សែន និងជានាយរងសេនាធិការនៃកងអង្គរក្ស។
ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានឃុំខ្លួនក្នុងស្នងការដ្ឋាននគរបាលខេត្ត ហើយនឹងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។ នេះជាឧប្បតិ្ដហេតុហិង្សាទីពីរហើយក្នុងរយៈពេលជាងមួយសប្ដាហ៍នេះ ដែលពាក់ព័ន្ធនឹងបុគ្គលិករបស់លោកនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី១១ ខែមេសា លេខាម្នាក់ នៅក្នុងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី...
ប្រកាសទោស ហង្ស វុទ្ធី ហៅ យមរាជ ពីបទធ្វើឃាតចៅក្រម
មេធាវីរបស់លោក វុទ្ធីបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា សាលាដំបូងរាជធានីភ្នំពេញបានប្រកាសទោសជាប់ពន្ធនាគារ៤៥ឆ្នាំរបស់លោក ហង្ស វុទ្ធី អតីតនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញពីបទធ្វើឃាតចៅក្រមម្នាក់កាលពីឆ្នាំ២០០៦។
លោក វុទ្ធី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទធ្វើឃាតលោក សុខ សេដ្ឋាមុនីចៅក្រមសាលាដំបូងរាជធានីភ្នំពេញដោយកំបាំងមុខ កាលពីឆ្នាំ២០០៦បន្ទាប់លោកបានរត់ចេញពីពន្ធនាគារព្រៃស មុនពេលលោកត្រូវកាត់ទោស។
បន្ទាប់ពីរត់គេចខ្លួនពីពន្ធនាគារជាមួយទណ្ឌិត១១នាក់ផ្សេងទៀត លោក វុទ្ធី បានរស់នៅគេចខ្លួនអស់រយៈពេលប្រាំមួយឆ្នាំ ដោយរស់នៅក្នុងខេត្តកំពត និងបន្ទាយមានជ័យ ធ្វើជាអ្នកនេសាទត្រី និងជាងឈើ មុនពេលប្រគល់ខ្លួនឲ្យនគរបាល នៅទីស្នាក់ការអង្គការសិទ្ធិមនុស្សលីកាដូ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ។
លោក កៅ ស៊ូផា មេធាវី ការពារ លោក វុទ្ធី បានមានប្រសាសន៍ថា ខណៈពេលដែលតុលាការប្រកាសសាលក្រមចាស់កាលពីថ្ងៃសៅរ៍នោះ តុលាការមិនទាន់សម្រេច ថាតើត្រូវចោទប្រកាន់លោក វុទ្ធី ពីបទហែកពន្ធនាគារដែរឬអត់នោះទេ។
លោកបានថ្លែងថា“កាលពីថ្ងៃសៅរ៍ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសទោសរបស់លោក វុទ្ធី កាលពីលោកកំពុងលាក់ខ្លួន។ លោកវុទ្ធី នឹងប្ដឹងឧទ្ធរណ៍។ហើយខ្ញុំចង់ឲ្យតុលាការបង្ហាញភស្តុតាង និងសាកសួរសាក្សីឡើងវិញ ពីព្រោះលោក វុទ្ធី ពុំមានជាប់ពាក់ព័ន្ធក្នុងរឿងធ្វើឃាតកម្មនោះទេ”។ លោកបានបន្ថែមថា “យើងកំពុងរង់ចាំ សេចក្ដីប្រកាសរបស់តុលាការ ស្ដីអំពីការរត់គេចខ្លួននោះ។ ខ្ញុំមិនដឹង ថាតើលោក វុទ្ធី នឹងប្ដឹងឧទ្ធរណ៍ដែរឬទេ ពេលលោកត្រូវចោទប្រកាន់ពីបទហែកពន្ធនាគារយា៉ងដូច្នេះ”។
កាលពីថ្ងៃសុក្រ មុនពេលលោក វុទ្ធី ប្រគល់ខ្លួនលោកនិយាយថា ពេលជាប់ពន្ធនាគារបួនខែនោះ លោកត្រូវបានអ្នកយាមពន្ធនាគារវាយដំ និងច្របាច់កស្ទើរស្លាប់។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសអង្គការលីកាដូ បានថ្លែងថា អង្គការរបស់លោកនឹងពិនិត្យលើការអះអាងរបស់លោក វុទ្ធី៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
លោក ស្រ៊ូ ឡេង ប្រធានពន្ធនាគារព្រៃស
បានបដិសេធថា ពុំមានទណ្ឌិតណាម្នាក់ធ្លាប់ត្រូវបានទទួលរងទារុណកម្មនោះឡើយ។
លោកបានបន្ថែមថា “យើងទទួលការណែនាំ ពីក្រសួងមហាផ្ទៃ មិនឲ្យមានទណ្ឌិតណាម្នាក់ត្រូវទទួលរងទារុណកម្មឡើយ ប៉ុន្តែពួកគេមិនដែលនិយាយការពិតទេ នៅពេលចាកចេញពីពន្ធនាគារនោះ”។
លោក វុទ្ធី គឺជាមនុស្សជំនិតរបស់លោកហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារជិត១០០ឆ្នាំ ពីបទឧក្រិដ្ឋធ្ងន់ធ្ងរផ្សេងៗ ក្នុងនោះ មានទាំងការលួចធ្វើឃាតលោកចៅក្រម សេដ្ឋាមុនីផងដែរ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
ចំនួនអ្នកស្លាប់សរុបក្នុងចំណោមអ្នកកាប់ឈើខុសច្បាប់បន្តកើនឡើង
ក្រោយពីមានករណីបាញ់សម្លាប់អ្នកកាប់ឈើខុសច្បាប់ម្នាក់ទៀតពីសំណាក់ទាហានថៃកាលពីថ្ងៃសៅរ៍ ចំនួនប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានសម្លាប់នៅតាមព្រំដែនថៃចាប់តាំងពីថ្ងៃទី១ខែមករាមកនោះ ប្រហែលជាអាចលើសចំនួនជនស៊ីវិល និងទាហាន ដែលស្លាប់ក្នុងហេតុការណ៍វាយប្រយុទ្ធគ្នាជាទ្រង់ទ្រាយធំរវាងកងទ័ពថៃនិងកងទ័ពកម្ពុជាជុំវិញទឹកដីមានទំនាស់តាមព្រំដែនកាលពីឆ្នាំមុន។
ករណីបាញ់ប្រហារកាលពីថ្ងៃសៅរ៍នេះ ធ្វើឲ្យចំនួនសរុបនៃអ្នកកាប់ឈើជាជនជាតិកម្ពុជា ដែលត្រូវកងកម្លាំងការពារព្រំដែនថៃសម្លាប់ បានកើនឡើងដល់១៧នាក់អំឡុងរយៈពេលបួនខែដើមឆ្នាំនេះ។ ចំនួនសរុបនៃទាហាន និងជនស៊ីវិលកម្ពុជា ដែលបានស្លាប់ក្នុងហេតុការណ៍វាយប្រយុទ្ធគ្នាជាមួយកងទ័ពថៃនៅលើទឹកដីមានវិវាទក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ២០១១ មានប្រហែល១៥នាក់។
រហូតមកទល់ពេលនេះ ក្នុងឆ្នាំនេះ ចំនួនអ្នកកាប់ឈើខុសច្បាប់ស្លាប់សរុប បានកើនឡើងលើសរួចទៅហើយ បើប្រៀបធៀបទៅនឹងប្រជាពលរដ្ឋកម្ពុជា ១៥នាក់ ដែលត្រូវបានទាហានថៃសម្លាប់ពេញមួយឆ្នាំ២០១១ ដោយសារកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ។
មន្ត្រីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានា នៅតែពិបាកបកស្រាយពីមូលហេតុ ដែលប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ត្រូវបានសម្លាប់ក្នុងទឹកដីថៃ ក្នុងឆ្នាំនេះ។
លោករ័ត្នសុភាអ្នកនាំពាក្យសាលាខេត្តព្រះវិហារ បានមានប្រសាសន៍ថា យុវជនម្នាក់ឈ្មោះ ឃុនរ៉ាំបូអាយុ២២ឆ្នាំ ត្រូវបានទាហានថៃបាញ់ក្នុងទឹកដីថៃជម្រៅប្រហែលបីគីឡូម៉ែត្រនៅវេលាម៉ោងប្រហែល១១និង៣០នាទីព្រឹក នៅពេលកំពុងរកកាប់ឈើគ្រញូង ជាឈើប្រណិតមួយប្រភេទ ដែលអាចលក់បានតម្លៃរាប់ពាន់ដុល្លារក្នុងមួយម៉ែត្រគូប។
លោក រ័ត្ន សុភា បានមានប្រសាសន៍ទៀតថា “ សហការីរបស់ខ្ញុំកំពុងទាក់ទងទៅនគរបាលព្រំដែនថៃ ដើម្បីយកសាកសពនោះត្រឡប់មកវិញ”។ លោកបានបន្តថា ពលរដ្ឋកម្ពុជាពីរនាក់ទៀត ដែលបានទៅជាមួយយុវជន ឃុន រ៉ាំបូក៏បានរងការបាញ់ប្រហារនៅក្នុងហេតុការណ៍នោះដែរ ដោយម្នាក់ត្រូវគ្រាប់ត្រង់ប្រអប់ដៃ និងម្នាក់ទៀតត្រូវគ្រាប់ត្រង់គូទ ប៉ុន្តែអ្នកទាំងពីរនោះបានរត់រួចចូលមកទឹកដីកម្ពុជាវិញ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយក្នុងខេត្តសៀមរាប។ មនុស្សចំនួនបួននាក់ទៀត ដែលរួមមានស្ត្រីពីរនាក់ផងនោះ ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសថៃ។
លោករ័ត្នសុភាបានមានប្រសាសន៍ថាប្រជាពលរដ្ឋកម្ពុជាចំនួន១០០នាក់ទៀត មានគម្រោងឆ្លងដែនដោយខុសច្បាប់ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីរកកាប់ឈើគ្រញូងក្នុងទឹកដីថៃ ប៉ុន្ដែត្រូវបានអជ្ញាធរខេត្តឃាត់ខ្លួនពួកគេ និងបញ្ជូនត្រឡប់មក
វិញហើយ។
បណ្ដាអង្គការសិទ្ធិមនុស្ស និងអង្គការការពារបរិស្ថាន បានធ្វើសេចក្ដីរាយការណ៍ពីតម្រូវការឈើគ្រញូង ដែលកំពុងកើនឡើងនិងការផ្គត់ផ្គង់ដែលកំពុងធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែ ក្នុងចំណោមអង្គការទាំងនេះ គ្មានអង្គការណាមួយមានចម្លើយសម្រាប់
បកស្រាយទាក់ទិននឹងការកើនឡើងគួរឲ្យកត់សម្គាល់នូវប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានទាហានព្រំដែនថៃបាញ់សម្លាប់នៅឆ្នាំនេះទេ។
លោកអេរិកប៊ឺសូល (Eric Berthold) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ PACT ជាអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍នានាតាមបណ្ដោយព្រំប្រទល់ខេត្តឧត្តរមានជ័យជាប់ប្រទេសថៃនោះបានមានប្រសាសន៍ថា “ អ្វីដែលយើងឮនោះគឺថា ភាគច្រើនក្នុងចំណោមប្រជាពលរដ្ឋក្នុងសហគមន៍ទាំងនេះមានជនចំណាកស្រុកជាច្រើន ដែលស្វែងរកការងារធ្វើ ហើយនៅពេលដែលពួកគាត់ចូលទៅតំបន់នោះ ពួកគាត់ប្រហែលជាមិនអាចរកការងារបានធ្វើទេនៅទីនោះ”។
មន្ត្រីជាន់ខ្ពស់របស់កម្ពុជា និងថៃបានជួបប្រជុំគ្នាចាប់តាំងពីខែកុម្ភៈ ដើម្បីដោះស្រាយ
បញ្ហាបាញ់សម្លាប់ប្រជាពលរដ្ឋកម្ពុជានៅ
តាមព្រំដែន ចំពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអាជ្ញាធរទប់ស្កាត់សកម្មភាពកុំឲ្យមានអ្នកភូមិឆ្លងដែនទៅកាប់ឈើ។
មន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃបានច្រានចោលម្ដងហើយម្ដងទៀតថា វាមិនមែនជាគោលនយោបាយបាញ់សម្លាប់របស់ខ្លួននោះទេ ដោយអះអាងថា ខ្លួនធ្លាប់ចាប់ខ្លួនបានអ្នកកាប់ឈើខុសច្បាប់ជាច្រើនមកពីប្រទេសកម្ពុជា...
អ្នកភូមិនៅខេត្តកំពង់ឆ្នាំងដាក់ញតិសុំដកតំណែងនាយប៉ុស្តិ៍នគរបាលឃុំ ពាក់ព័ន្ធនឹងបញ្ហាអាវុធ
អ្នកភូមិជាង២០០នាក់ក្នុងខេត្តកំពង់ឆ្នាំងបានផ្ដិតមេដៃលើញតិមួយសុំឲ្យដកតំណែងនាយប៉ុស្តិ៍នគរបាលឃុំរបស់ខ្លួន ដោយសារតែគាត់ប្រកាន់បក្ខពួកនិយម។
អ្នកភូមិបានចោទលោក មុត យូ នាយប៉ុស្តិ៍នគរបាលឃុំជើងគ្រាវស្រុករលាប្អៀខេត្តកំពង់ឆ្នាំងថាបានហាមអ្នកភូមិមិនឲ្យកាន់ដំបងកាំបិតនិងដាវដើម្បីរក្សាសន្ដិសុខអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែ នៅក្នុងភូមិទឹកចាញ់ប៉ុន្តែបែរជាធ្វើមិនដឹងមិនឮ នៅពេលដែលក្មួយស្រីរបស់ខ្លួនត្រូវបានអ្នកភូមិចាប់បានជាមួយនឹងកាំបិតមួយ។
កាលពីសប្ដាហ៍មុន មុនពេលប្រារព្ធពិធីចូលឆ្នាំលោកយូបានចេញសេចក្តីណែនាំថា អ្នកណាក៏ដោយ ឲ្យតែមានកាន់អាវុធនៅក្នុងពិធីបុណ្យចូលឆ្នាំ អាវុធនោះនឹងត្រូវដកហូត និងពិន័យជាប្រាក់ចំនួន៣០.០០០រៀល (ប្រហែល៧៥ដុល្លារ)។
កាលថ្ងៃទី១៨ខែមេសា ក្មួយស្រីពីរនាក់របស់លោកយូត្រូវបានអ្នកភូមិរកឃើញថាមានកាំបិតនៅក្រោមកែបម៉ូតូ ក្នុងពិធីបុណ្យនោះនេះបើតាមលោក វ៉ែន សារ៉ាន់អនុប្រធានផ្នែកឃ្លាំមើលក្នុងភូមិនេះ។
លោក សារ៉ាន់ បាននិយាយថា អ្នកភូមិមិនសប្បាយចិត្តទេ នៅពេលដែលលោក យូ បានប្រគល់កាំបិតទៅឲ្យក្មួយស្រីរបស់ខ្លួនវិញ ដោយមិនដាក់ពិន័យអ្វីសោះ។
លោក សារ៉ាន់ បាននិយាយកាលពីម្សិលមិញថា “យើងបានប្រមូលស្នាមមេដៃរបស់អ្នកភូមិ២៤២នាក់ដើម្បីប្ដឹងដកលោក មុត យូចេញពីតំណែង ពីព្រោះ អ្វីដែលគាត់ធ្វើនោះ គឺជាទង្វើបក្ខពួកនិយម”។
លោក យូ បាននិយាយការពារទង្វើរបស់ខ្លួនថា “យើងបានប្រគល់កាំបិតទៅឲ្យក្មេងស្រីទាំងនោះវិញ ពីព្រោះ ពួកគេពុំបានបង្កបញ្ហាអ្វីឡើយ ហើយក្មេងស្រីទាំងនោះបាននិយាយថាពួកគេបានប្រើកាំបិតនេះដើម្បីជួយចិតបន្លែអ្នកភូមិក្នុងមូលដ្ឋានរៀបចំពិធីបុណ្យតែប៉ុណ្ណោះ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
សហជីពអំពាវនាវឲ្យកែប្រែបទចោទប្រកាន់ពាក់ព័ន្ធការបាញ់កម្មការិនីបីនាក់នៅស្វាយរៀង
សហជីពឈានមុខនៅក្នុងប្រទេសកម្ពុជា កាលពីម្សិលមិញ បានស្នើឲ្យតុលាការខេត្តស្វាយរៀងធ្វើការចោទប្រកាន់ឲ្យបានធ្ងន់ធ្ងរជាងនេះលើលោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិត ដែលកាលពីសប្តាហ៍មុនត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា ក្នុងការបាញ់បោះទៅលើការតវ៉ារបស់កម្មកររោងចក្រកាត់ដេរដែលបានធ្វើឲ្យកម្មការិនីបីនាក់រងរបួស។
ជនរងគ្រោះដោយការបាញ់បោះនៅតំបន់សេដ្ឋកិច្ចពិសេសនេះ (SEZ) ក៏បានសម្តែងការព្រួយបារម្ភជុំវិញការចោទប្រកាន់ស្រាលលើមន្ត្រីគណបក្សកំពុងកាន់អំណាចដ៏មានឥទ្ធិពលរូបនេះផងដែរ។ bនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញ កាលពីម្សិលមិញ សម្ពន្ធសហជីពប្រជាធិបតេយ្យកម្មកររោងចក្រកាត់ដេរកម្ពុជា បានអំពាវនាវឲ្យតុលាការនេះពិនិត្យឡើងវិញនូវបទចោទប្រកាន់លើលោក បណ្ឌិតដោយកត់សម្គាល់ថាៈ“ ប្រសិនបើបទចោទប្រកាន់នេះគ្រាន់តែជាបទមជ្ឈិមនោះ ក្រុមអ្នកការពារសិទ្ធិមនុស្សមិនអាចទទួលយកបានទេ”។
សហជីពនេះលើកឡើងទៀតថា“ មិនបានផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះឡើយ ហើយគឺជាគំរូអាក្រក់សម្រាប់សង្គមកម្ពុជាទៀតផង។ ការចោទប្រកាន់លោក បណ្ឌិត ត្រឹមតែបទល្មើសមជ្ឈិមនោះ នឹងមិនធ្វើឲ្យជនសង្ស័យនានាឈប់ប្រព្រឹត្តបទល្មើសឡើយ ហើយ អ្នកមានអំណាចបំភិតបំភ័យ ឬក៏បង្កអំពើហិង្សាថែមទៀត”។
លោកអាត់ធន់ប្រធានសហជីពនេះបានមានប្រសាសន៍កាលពីម្សិលមិញថា ប្រសិនបើការចោទប្រកាន់លើជនសង្ស័យនេះមិនត្រូវបានពិនិត្យសើរើឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីស្ថានទម្ងន់នៃបទឧក្រិដ្ឋនេះទេនោះនឹងមានការពិចារណាពីការតវ៉ាដ៏ធំមួយ។លោកអាត់ធន់បានមានប្រសាសន៍ថា “ នៅសប្តាហ៍នេះយើងនឹងបញ្ជូនលិខិតមួយច្បាប់ទៅក្រសួងយុត្តិធម៌ ស្នើសុំឲ្យក្រសួងនេះអន្តរាគមន៍ចំពោះបទចោទប្រកាន់ ដែលព្រះរាជអជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានចោទលោក បណ្ឌិត។ប្រសិនបើមិនមានដំណោះស្រាយចំពោះបញ្ហានេះទេនោះយើងនឹងពិចារណាធ្វើការតវ៉ាដ៏ធំមួយ នៅសាលាដំបូងនេះតែម្តង”។
នាងប៊ុនចិន្តាអាយុ២១ឆ្នាំ ដែលត្រូវបានបាញ់ចំសួតកាលពីខែកុម្ភៈនោះ បាននិយាយថា នាងខកចិត្តដោយបានឮពីការចោទប្រកាន់នេះ ព្រោះជនល្មើសមានទោសជាប់ពន្ធនាគារតែប៉ុន្មានថ្ងៃប៉៉ុណ្ណោះ និងត្រូវពិន័យ បើជនសង្ស័យរូបនេះត្រូវបានរកឃើញពិរុទ្ធភាពនោះ។
នាងចិន្តា បាននិយាយថា “ វាមិនត្រឹមត្រូវទេ ហើយខ្ញុំមិនអាចទទួលយកបទចោទចំពោះលោកឈូក បណ្ឌិត បានទេ។ខ្ញុំសង្ឃឹមថា នៅពេលរឿងក្តីនេះ បានធ្លាក់ដល់ដៃរបស់ចៅក្រមស៊ើបសួរនោះ ខ្ញុំអាចស្នើឲ្យចៅក្រមកែប្រែបទចោទប្រកាន់នេះទៅជាការដាក់ទោសធ្ងន់ធ្ងរជាងនេះ ចំពោះអ្វីដែលគាត់បានប្រព្រឹត្ត”។
ក្រុមមន្ត្រីតុលាការបានលើកឡើងកាលពីសប្តាហ៍មុនថា ជាសង្ស័យតែម្នាក់នៅក្នុងការបាញ់កម្មការិនីបីនាក់ អំឡុងការតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់នោះលោកបណ្ឌិតសារភាពថាបានទាញកាំភ្លើងខ្លីគ្រវី និងបានបញ្ចូលគ្រាប់ ប៉ុន្តែបន្ទាប់មកបានអះអាងថា លោកមិនដឹងថា តើលោកបានបាញ់ឬអត់ទេ។
លោកបណ្ឌិតដែលត្រូវបានដកចេញពីតួនាទី មុនពេលតុលាការធ្វើការសាកសួរនោះ មិនត្រូវបានចាប់ខ្លួនទេហើយមិនអាចទាក់ទងធ្វើការអត្ថាធិប្បាយបានឡើយ។
ចាប់តាំងពីមានការបាញ់នេះមកក្រុមអ្នកតំណាងរបស់អតីតអភិបាលក្រុងរូបនេះបានទាក់ទងកម្មការិនីរងរបួសទាំងបីនាក់នេះដោយផ្តល់ប្រាក់និងអំណោយមួយចំនួនដើម្បីឲ្យពួកគេដកពាក្យបណ្តឹងប្តឹងលោកបណ្ឌិត វិញ៕
ប្រែសម្រួលដោយ សោមសារុន
អតីតប្រធានអង្គការ ប្រឆាំងការជួញដូរមនុស្ស បដិសេធការ អះអាងរបស់អ្នកស្រី ម៉ម សូម៉ាលី
អតីតប្រធានអង្គការប្រឆាំងការជួញដូរមនុស្សអាហ្វេស៊ីប (Afesip) បានបដិសេធចំពោះការអះអាង ដែលបានធ្វើឡើងដោយនាយិកាអង្គការប្រឆាំងការជួញដូរមនុស្សអាហ្វេស៊ីប គឺអ្នកស្រីម៉មសូម៉ាលីដែលថាក្មេងស្រីចំនួនប្រាំបីនាក់ ត្រូវទាហានកម្ពុជាសម្លាប់ បន្ទាប់ពីមានហេតុការណ៍មួយបានកើតឡើងនៅមណ្ឌលសំចតរបស់អង្គការអាហ្វេសុីប ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០០៤។
អ្នកស្រី សូម៉ាលី បានធ្វើការអះអាងបែបនេះ កាលពីថ្ងៃទី៣ខែមេសានៅពេលថ្លែងទៅកាន់ អ្នកតំណាងរបស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងក្នុងចំណោមអង្គការអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានពិភាក្សាស្តីពីការជួញដូរមនុស្ស ក្នុងទីស្នាក់់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក។
នៅពេលរៀបរាប់ពីការឆ្មក់ចូលទៅក្នុងមណ្ឌលសំចតខ្លួនរបស់អ្នកស្រី កាលពីឆ្នាំ២០០៤អ្នកស្រី សូម៉ាលី មានប្រសាសន៍ថា“ទាហានបានឆ្មក់ចូលមណ្ឌល ហើយបាននាំក្មេងស្រីទាំងនោះ ចេញពីមណ្ឌលហើយក្មេងស្រីប្រាំបីនាក់ ត្រូវបានសម្លាប់”។
លោកភីយាលេហ្គ្រុស (Pierre Legros) ប្រធានអន្តរជាតិរបស់អង្គការអាហ្វេស៊ីប និងត្រូវជាអតីតស្វាមីរបស់អ្នកស្រី សូម៉ាលីដែលបានដឹងអំពីហេតុការណ៍ឆ្មក់ចូលនោះ បានមានប្រសាសន៍កាលពីម្សិលថា មិនមានស្រ្តី និងក្មេងស្រីណាម្មាក់ ត្រូវបានសម្លាប់ទាំងនៅក្នុងហេតុការណ៍ឆ្មក់ចូលកាលពីឆ្នាំ២០០៤ នៅឯមណ្ឌលក្នុងខណ្ឌទោលគោកនិងក្រោយពេលពេលឆ្មក់ចូលនោះទេ។
លោកលេហ្គ្រុសបានលើកឡើងនៅក្នុងកិច្ចសម្ភាសថា “ មិនមាននរណាម្មាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍នោះទេ”។ លោកលេហ្គ្រុស បានបន្តថា “ ខ្ញុំមិនដែលឮថាមាននរណាម្នាក់ត្រូវបានសម្លាប់នោះទេ។ យើងបានក្លាយជាអ្នកដើរតួក្នុងរឿងនយោបាយ នៅពេលនោះហើយសូម៉ាលីក៏ជាអ្នកដើរតួក្នុងរឿងនយោបាយនេះដែរ។ហេតុដូច្នេះ ការនិយាយថា មនុស្សប្រាំបីនាក់ត្រូវបានសម្លាប់ នៅក្នុងទីស្នាក់ការកណ្តាលរបស់អង្គការ គឺខ្ញុំគិតថាវាគឺជាកំហុសមួយដ៏ធំរបស់សូម៉ាលី។ គាត់មិនត្រូវនិយាយអ៊ីចឹងទេ”។
ការប្រកាន់ថា មានអំពើឃាតកម្មនោះបានកើតឡើងបន្ទាប់ពីមានការឆ្មក់ចូលជាទ្រង់ទ្រាយធំមួយកាលពីឆ្នាំ២០០៤ ទៅក្នុងសណ្ឋាគារឆាយហួ២នៅក្នុងរាជធានីភ្នំពេញជាទីកន្លែងដែលមានស្រ្តី និងក្មេងស្រីចំនួន៨៣នាក់ ត្រូវបានគេរំដោះចេញពីសណ្ឋាគារនោះ ហើយនាំយកទៅដាក់ក្នុងមជ្ឈមណ្ឌលរបស់អង្គការអាហ្វេស៊ីប។មួយថ្ងៃក្រោយមក បុរសមួយក្រុមប្រដាប់ដោយអាវុធ ព្រមទាំងសាច់ញាតិរបស់ស្ត្រី និងក្មេងស្រីជាប់ឃំុ បានសម្រុកចូលទៅក្នុងមជ្ឈមណ្ឌលសំចតនោះពេលនោះស្ត្រីនៅខាងក្នុង...
វាយតម្លៃពីផលប៉ះពាល់បរិស្ថានទំនប់វារីអគ្គិសនីជាយអារែងដ៏ចម្រូងចម្រាស នៅខេត្តកោះកុង
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយតម្លៃពីផលប៉ះពាល់បរិស្ថានសម្រាប់ទំនប់វារីអគ្គិសនីស្ទឹងជាយអារែងនៅ ក្នុងខេត្តកោះកុង បានបញ្ចប់ហើយ ដោយបង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសាងសង់។
លោកស៊ុនតារាអភិបាលរងខេត្តកោះកុងបានមានប្រសាសន៍ថា“ការសិក្សាពីការវាយតម្លៃផលប៉ះពាល់បរិស្ថានដែលធ្វើឡើងដោយក្រុមហ៊ុននេះ បានបញ្ចប់នៅពេលថ្មីៗនេះ”។
លោក តារា បានមានប្រសាសន៍ថា លោកមិនទាន់បានឃើញច្បាប់ចម្លងនៃរបាយការណ៍នេះទេ ប៉ុន្តែថា មានការព្រួយបារម្ភជាច្រើនអំពីបរិស្ថាន ហើយការព្រួយបារម្ភទាំងអស់នេះ ក្រុមហ៊ុន China Guodian Corporation ជាក្រុមហ៊ុនថាមពលដ៏ធំរបស់ចិនគ្រប់គ្រងដោយរដ្ឋ ដែលបានទទួលអាជ្ញាប័ណ្ណសាងសង់ទំនប់នេះ ជាអ្នកដោះស្រាយ។
លោកបានបន្ថែមថា “យើងមិនទាន់ដឹងថាតើក្រុមហ៊ុននេះមានសមត្ថភាពប៉ុណ្ណាក្នុងការដោះស្រាយផលប៉ះពាល់ដល់សង្គម និងបរិស្ថានទេ...ប៉ុន្តែខ្ញុំអាចបញ្ជាក់ថា តំបន់នេះ មានសារៈសំខាន់ណាស់សម្រាប់ប្រភេទសត្វនានា ពីព្រោះវាជាអាងទឹកសម្រាប់សត្វក្រពើ និងពពួកសត្វកម្រនិងសត្វការពារផ្សេងទៀត”។
លោក តារា បានមានប្រសាសន៍ថាបន្ទាប់ពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន ចប់ និងផលប៉ះពាល់ត្រូវបានដោះស្រាយនោះ ការសាងសង់អាចចាប់ផ្តើម ដោយគ្រាន់តែរង់ចាំការវាយតម្លៃពីផលប៉ះពាល់ដល់សង្គម(SIA)នៅពេលខាងមុខប៉ុណ្ណោះ។
លោកបានបន្ថែមថា “ តាមទស្សនៈរបស់ខ្ញុំ ក្រុមហ៊ុនចិននេះប្រញាប់ប្រញាល់ធ្វើការសិក្សាវាយតម្លៃពីផលប៉ះពាល់សង្គមបែបនេះពីព្រោះក្រុមហ៊ុននេះចង់បើកការដ្ឋានសាងសង់ទំនប់នេះនាពេលឆាប់ៗនេះតែម្តង”។
គម្រោងសាងសង់ទំនប់នេះ ត្រូវបានក្រុមអ្នកបរិស្ថាន អង្គការសិទ្ធិមនុស្ស និងប្រជាជនមូលដ្ឋានរិះគន់ ពីព្រោះគម្រោងនេះស្ថិតនៅចំកណ្តាលតំបន់មួយដែលសម្បូរណ៍ដោយជីវចម្រុះ រាប់ទាំងសត្វក្រពើសៀមដែលជិតផុតពូជនិងពពួកសត្វខ្លា ដំរីនិងសត្វទោចដែលទទួលការគំរាមកំហែងផងដែរ។
របាយការណ៍លើកមុនស្តីពីផលប៉ះពាល់ដែលក្រុមហ៊ុននេះបានធ្វើឡើងក្នុងឆ្នាំ២០០៧នោះ បង្ហាញថា ការសាងសង់ទំនប់នេះ នឹងធ្វើឲ្យមានការជន់លិចដីរាប់ពាន់ហិកតា បំផ្លាញជម្រកសត្វព្រៃសំខាន់ៗ និងធ្វើឲ្យប៉ះពាល់ដល់ការធ្វើកសិកម្ម និងការនេសាទនៅក្នុងតំបន់នេះ។
លោក ពេជ្រ ស៊ីយន់ ប្រធានមន្ទីរឧស្សាហកម្ម រែ៉ និងថាមពលខេត្ត បានបញ្ជាក់ថាការវាយតម្លៃពីផលប៉ះពាល់បរិស្ថានទើបតែបញ្ចប់នាពេលថ្មីៗនេះ។
លោកបានមានប្រសាសន៍បន្ថែមថា “នៅពេលថ្មីៗនេះមិនមានពត៌មានអ្វីឡើយដូច្នេះខ្ញុំមិនដឹងពីកាលបរិច្ឆេទសាងសង់នៅឡើយទេ”។ លោកបានបង្វែរសំណួរទៅក្រសួងឧស្សាហកម្មវិញ៕ប្រែសម្រួលដោយ ចេវប៊ុននី
អតីតនគរបាលព្រហ្មទណ្ឌក្រុងប្រគល់ខ្លួន ក្រោយគេចខ្លួន៦ឆ្នាំ
បន្ទាប់ពីបានលាក់ខ្លួនអស់រយ:ពេលជិតប្រាំមួយឆ្នាំរួចមក លោក ហង្ស វុទ្ធី អតីតនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានប្រគល់ខ្លួនឲ្យនគរបាលកាលពីថ្ងៃសុក្រ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសិទ្ធិមនុស្សលីកាដូ។
លោកហង្សវុទ្ធី ត្រូវបានចាប់ខ្លួនលើកដំបូងក្នុងឆ្នាំ២០០៦ ហើយត្រូវបានចោទប្រកាន់កាលពីខែកុម្ភ:ក្នុងឆ្នាំនោះពីបទធ្វើឃាតលោកសុខ សេដ្ឋាមុនី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។ រយ:ពេលបួនខែក្រោយមក គឺនៅក្នុងខែមិថុនា លោកហង្សវុទ្ធី បានរត់គេចខ្លួនជាមួយទណ្ឌិត១១នាក់ផ្សេងទៀតពីពន្ធនាគារព្រៃស ដោយប្រើមុងចងសម្រូតចុះតាមបង្អួចនៃបន្ទប់ជាន់ទីពីរ។
លោក ហង្សវុទ្ធី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមុនត្រូវគេចាប់ខ្លួននៅឯការិយាល័យអង្គការលីកាដូ ក្នុងរាជធានីភ្នំពេញថា “ ខ្ញុំកំពុងស្ថិតនៅក្នុងពន្ធនាគារ ហើយនៅពេលនោះ មានអ្នកទោសជាច្រើនចង់ហែកគុករត់ ប៉ុន្តែខ្ញុំគ្មានបំណងរត់គេចខ្លួនតាមគេទេ។ ប៉ុន្តែខ្ញុំត្រូវតែបង្ខំចិត្តរត់គេចជាមួយអ្នកទោសផ្សេងៗទៀត ពីព្រោះបើខ្ញុំហា៊ននៅ ពួកគេប្រាកដជាសម្លាប់ខ្ញុំចោលមិនខាន។ពួកគេខ្លាចខ្ញុំនិយាយប្រាប់មន្ត្រីពន្ធនាគារអំពីផែនការរត់គេចខ្លួននេះ”។ លោកបានសម្រក់ទឹកភ្នែកម្តងៗពេលនិយាយ។
លោកបាននិយាយថា “ សូមជួយខ្ញុំផង។ប្រសិនបើខ្ញុំជាអ្នកប្រព្រឹត្តខុសមែននោះ ខ្ញុំប្រាកដជាមិនហ៊ានវិលត្រឡប់មកវិញនៅថ្ងៃនេះទេ”។ លោកហង្សវុទ្ធី បានបន្តថា បន្ទាប់ពីបានហែកគុករួច លោកបានភៀសខ្លួនទៅខេត្តកំពត ធ្វើជាអ្នកនេសាទ។ ក្នុងរយ:ពេលប្រាំមួយឆ្នាំបន្ទាប់ លោកសម្ងំរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើជាអ្នករុញរទេះ និងនៅខេត្តក្រចេះ មុនពេលត្រឡប់មករស់នៅក្នុងខេត្តកំពតវិញ។
ពេលមកដល់រាជធានីភ្នំពេញវិញកាលពីថ្ងៃសុក្រ លោក ហង្ស វុទ្ធី បានស្វះស្វែងរកសិទ្ធិជ្រកកោននៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងរាជធានីភ្នំពេញ។បន្ទាប់ពីត្រូវគេបដិសេធមិនទទួលយកករណីរបស់ខ្លួន លោកក៏បានទៅកាន់ការិយាល័យរបស់អង្គការលីកាដូ ក្នុងខណ្ឌចំការមនតែម្តងទៅ។
បន្ទាប់ពីបានអះអាងអំពីភាពស្អាតស្អំរបស់ខ្លួននៅចំពោះមុខក្រុមអ្នកយកព័ត៌មាននៅឯការិយាល័យរបស់អង្គការលីកាដូរួច ក្រុមមន្ត្រីនគរបាលប្រហែល១២រូប រួមទាំង លោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្ដាលយុត្ដិធម៌នៃក្រសួងមហាផ្ទៃផង បានឃាត់ខ្លួនលោក វុទ្ធី ហើយបាននាំលោកទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីឃុំខ្លួនចំពោះការជាប់ពាក់ព័ន្ធនៅក្នុងការធ្វើឃាតចៅក្រមរូបនោះ។
លោក ជីតូ បានមានប្រសាសន៍ថា “លោកវុទ្ធី ត្រូវបាននាំទៅឃុំខ្លួននៅក្រសួងមហាផ្ទៃ ហើយនឹងឡើងតុលាការនៅថ្ងៃស្អែកនេះ”។
លោក កៅ ស៊ូផា មេធាវីរបស់លោក វុទ្ធី បានឲ្យដឹងថា កូនក្តីរបស់ខ្លួននឹងប្តឹងឧទ្ធរណ៍ជំទាស់នឹងការចោទប្រកាន់ដើមពីបទមនុស្សឃាត ព្រមទាំងការចោទប្រកាន់ពីបទរត់គេចខ្លួនពីពន្ធនាគារ។
ដោយឡែក លោក...
Latest news
© 2021, ដេលី. All rights reserved.

