28 C
Phnom Penh

ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ចំណោម​អ្នក​កាប់​ឈើ​ខុស​ច្បាប់បន្ត​កើន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ពីមាន​ករណី​បាញ់​សម្លាប់​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ម្នាក់ទៀត​ពី​សំណាក់​ទាហាន​ថៃ​កាល​ពី​ថ្ងៃសៅរ៍​ ចំនួន​ប្រជា​ពលរដ្ឋកម្ពុជា​ដែល​ត្រូវ​បាន​សម្លាប់​នៅតាមព្រំដែន​ថៃ​ចាប់​តាំងពី​ថ្ងៃ​ទី១​ខែមករា​មក​នោះ​ ប្រហែល​ជា​​អាច​លើស​ចំនួន​ជន​ស៊ីវិល​ និង​ទាហាន​ ដែល​ស្លាប់​ក្នុង​ហេតុការណ៍វាយប្រយុទ្ធ​គ្នាជា​ទ្រង់​ទ្រាយធំ​រវាងកងទ័ពថៃនិងកងទ័ពកម្ពុជា​ជុំ​វិញ​ទឹក​ដី​មានទំនាស់តាមព្រំដែន​កាល​ពី​ឆ្នាំ​មុន​។

ករណី​បាញ់​ប្រហារកាល​ពីថ្ងៃ​សៅរ៍នេះ​ ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​កាប់​ឈើ​​ជាជន​ជាតិ​កម្ពុជា ​ដែល​ត្រូវ​កង​កម្លាំង​ការពារ​ព្រំដែន​ថៃ​សម្លាប់​ ​បានកើន​ឡើង​ដល់​១៧​នាក់​អំឡុង​រយៈ​ពេល​បួន​ខែ​ដើម​ឆ្នាំ​នេះ​។ ចំនួន​សរុប​នៃ​ទាហាន​ និង​ជន​ស៊ីវិលកម្ពុជា ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​វាយប្រយុទ្ធ​គ្នា​ជា​មួយ​កង​ទ័ពថៃនៅលើទឹកដី​មាន​វិវាទ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ​ក្នុង​ឆ្នាំ​២០១១​ មាន​ប្រហែល​១៥នាក់​។

រហូត​មក​ទល់​ពេល​នេះ​ ក្នុង​ឆ្នាំ​នេះ ​ចំនួន​អ្នក​កាប់ឈើខុសច្បាប់ស្លាប់​សរុប ​បាន​កើន​ឡើង​លើស​រួច​ទៅ​ហើយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រជាពលរដ្ឋកម្ពុជា ១៥នាក់​ ដែល​ត្រូវ​​បាន​ទាហាន​ថៃសម្លាប់​ពេញ​មួយឆ្នាំ​២០១១​ ដោយសារកាប់​ឈើខុស​ច្បាប់​ក្នុង​ទឹកដីថៃ។

មន្ត្រី​រដ្ឋាភិបាល​ និងអង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា នៅ​តែ​​ពិបាក​បក​ស្រាយ​​ពីមូល​ហេតុ​ ដែល​ប្រជាពលរដ្ឋកម្ពុជា​ជា​ច្រើននាក់​ត្រូវបាន​សម្លាប់​ក្នុងទឹកដី​ថៃ ​ក្នុង​ឆ្នាំ​នេះ។

លោករ័ត្នសុភាអ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​វិហារ​ បាន​មាន​ប្រសាសន៍ថា​ យុវជន​ម្នាក់​ឈ្មោះ​ ឃុនរ៉ាំបូអាយុ​២២​ឆ្នាំ​ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ក្នុង​ទឹកដីថៃ​ជម្រៅ​ប្រហែល​បី​គីឡូម៉ែត្រ​​នៅវេលា​ម៉ោង​ប្រហែល​១១និង​៣០នាទី​ព្រឹក​ នៅពេល​កំពុងរក​កាប់​ឈើ​គ្រញូង​ ជា​ឈើ​ប្រណិតមួយ​ប្រភេទ ​ដែល​អាច​លក់​បាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រគូប​។

លោក​ រ័ត្ន សុភា បាន​មាន​ប្រសាសន៍​ទៀត​ថា “ សហការីរបស់​ខ្ញុំ​កំពុង​ទាក់​ទង​ទៅ​នគរ​បាល​ព្រំដែនថៃ​ ដើម្បី​យក​សាក​សពនោះ​ត្រឡប់​មក​វិញ​”។ លោក​បាន​បន្ត​ថា​ ពលរដ​្ឋកម្ពុជា​ពីរ​នាក់​ទៀត​ ដែល​បាន​ទៅ​ជាមួយ​យុវជន​ ឃុន​ រ៉ាំបូក៏បាន​រង​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ហេតុ​ការណ៍​​នោះ​ដែរ​ ដោយ​ម្នាក់​ត្រូវ​គ្រាប់​ត្រង់​ប្រអប់​ដៃ​ និង​ម្នាក់​ទៀត​ត្រូវ​គ្រាប់​ត្រង់​គូទ​​ ប៉ុន្តែ​អ្នក​ទាំ​ងពីរ​នោះ​បាន​រត់រួច​ចូល​មក​ទឹកដី​កម្ពុជា​វិញ​ និង​កំពុង​សម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ខេត្ត​សៀមរាប។ មនុស​្ស​ចំនួនបួន​នាក់​ទៀត ​ដែល​រួម​មាន​ស្ត្រី​ពីរនាក់​ផង​នោះ​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​។

លោករ័ត្នសុភាបាន​មាន​ប្រសាសន៍​ថាប្រជាពលរដ្ឋកម្ពុជា​ចំនួន​១០០នាក់​ទៀត​ មាន​គម្រោងឆ្លងដែន​ដោយ​ខុស​ច្បាប់​ កាល​ពី​​ចុង​សប្ដាហ៍កន្លង​ទៅ​នេះ​ ដើម្បី​រក​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ ប៉ុន្ដែ​ត្រូវបានអជ្ញាធរខេត្ត​​ឃាត់​ខ្លួន​ពួក​គេ​ និង​បញ្ជូន​ត្រឡប់​មក​

​វិញ​ហើយ​។

បណ្ដាអង្គការ​សិទ្ធិមនុស្ស​ និង​អង្គការ​ការ​ពារបរិស្ថាន​ បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍ពី​តម្រូវ​​ការឈើ​គ្រញូង ​ដែល​កំពុង​កើន​ឡើងនិង​ការ​ផ្គត់​ផ្គង់​ដែលកំពុង​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្ដែ​ ក្នុង​ចំណោម​អង្គការ​ទាំង​នេះ​ គ្មាន​អង្គការ​ណាមួយ​មាន​ចម្លើយ​សម្រាប់​​

បក​ស្រាយ​ទាក់ទិន​នឹង​ការ​កើន​ឡើង​គួរឲ្យ​កត់​សម្គាល់នូវ​ប្រជាពលរដ្ឋកម្ពុជា ​ដែល​ត្រូវ​បាន​ទាហាន​ព្រំ​ដែន​ថៃ​បាញ់​សម្លាប់នៅ​ឆ្នាំ​នេះ​ទេ។

លោកអេរិកប៊ឺសូល (Eric Berthold) នា​យក​​ប្រចាំ​ប្រទេស​កម្ពុជានៃអង្គការ​ PACT ជា​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​នា​នា​តាម​បណ្ដោយ​​ព្រំ​ប្រទល់​ខេត្ត​ឧត្តរមាន​ជ័យ​ជាប់​ប្រទេស​ថៃ​នោះបាន​មាន​ប្រសាសន៍ថា “ អ្វី​ដែល​យើង​​ឮនោះ​គឺថា​ ភាគច្រើន​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ក្នុងសហគមន៍​ទាំង​នេះ​មាន​ជន​ចំណាក​ស្រុក​ជា​ច្រើន ​ដែល​ស្វែង​រក​ការ​ងារ​ធ្វើ​ ហើយ​​នៅ​ពេល​ដែល​ពួក​គាត់​ចូល​ទៅ​តំបន់​នោះ​ ពួក​​គាត់ប្រហែល​ជា​មិន​អាច​រក​ការងារ​បាន​ធ្វើ​ទេ​នៅ​ទីនោះ”។

មន្ត្រីជាន់​ខ្ពស់​របស់កម្ពុជា​ និង​ថៃ​បាន​ជួប​ប្រជុំ​គ្នាចាប់​តាំង​ពី​ខែ​កុម្ភៈ​ ​ដើម្បី​ដោះ​ស្រាយ​

​បញ្ហាបាញ់​​សម្លាប់​ប្រជា​ពលរដ្ឋកម្ពុជា​នៅ​

តាម​​ព្រំដែន​  ចំពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ទប់​ស្កាត់ស​កម្ម​ភាពកុំ​ឲ្យ​មាន​​​អ្នកភូមិ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​។

មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​ថៃ​បាន​ច្រាន​ចោលម្ដងហើយ​ម្ដង​ទៀត​​​ថា វាមិន​មែន​ជា​គោល​នយោបាយ​បាញ់​សម្លាប់​របស់ខ្លួន​នោះ​ទេ​ ដោយ​អះ​អាង​ថា​ ខ្លួន​​ធ្លាប់ចាប់​ខ្លួន​បាន​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ជាច្រើនមក​ពី​ប្រទេស​កម្ពុជា ​ហើយ​បាន​បាញ់​​ប្រហារ​ តែ​នៅ​ពេល​ណា​ដែល​ខ្លួនទទួល​រង​ការបាញ់​ប្រហារមក​លើ​មុន​តែ​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​ដោយ តែមសុខុម

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស