27 C
Phnom Penh

សហជីពអំពាវនាវ​ឲ្យកែប្រែបទចោទប្រកាន់​ពាក់​ព័ន្ធការ​បាញ់​កម្មការិនីបីនាក់​នៅ​ស្វាយ​រៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីពឈានមុខនៅក្នុង​ប្រទេស​កម្ពុជា​ កាលពីម្សិលមិញ បាន​ស្នើឲ្យ​តុលា​ការ​ខេត្ត​ស្វាយរៀង​ធ្វើការ​ចោទ​ប្រកាន់​​ឲ្យ​បានធ្ងន់ធ្ង​រ​ជាង​នេះ​លើ​លោកឈូកបណ្ឌិតអតីត​អភិ​បាល​ក្រុង​បាវិត​ ដែល​​កាលពីសប្តាហ៍មុន​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បង្ករបួសស្នាម​ដោយ​អចេត​នា​​ ក្នុងការ​បាញ់​បោះ​ទៅលើ​ការ​តវ៉ា​របស់​កម្មករ​រោងចក្រកាត់ដេរដែល​បាន​ធ្វើ​ឲ្យ​កម្មការិនីបីនាក់​រងរបួស។

ជនរងគ្រោះដោយការ​បាញ់​បោះ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសនេះ​ (SEZ) ក៏បាន​សម្តែង​ការ​ព្រួយបារម្ភជុំ​វិញការ​ចោទ​ប្រកាន់​​ស្រាល​លើ​មន្ត្រីគណបក្ស​កំពុង​កាន់​អំណាច​ដ៏មាន​ឥទ្ធិពល​រូបនេះ​ផងដែរ។ bនៅក្នុង​សេចក្តីថ្លែងការណ៍មួយ​​ចេញ ​កាលពីម្សិលមិញ សម្ពន្ធ​សហ​ជីព​ប្រជាធិប​តេយ្យ​កម្មករ​រោងចក្រកាត់​ដេរ​កម្ពុជា បាន​អំពាវ​នាវ​​ឲ្យតុលាការ​នេះ​ពិនិត្យ​ឡើង​វិញនូវ​បទ​ចោទ​ប្រកាន់​លើ​លោក​ បណ្ឌិតដោយ​កត់​សម្គាល់​ថាៈ“ ប្រសិន​បើ​បទចោទ​ប្រកាន់​នេះ​គ្រាន់​តែ​​ជា​បទ​មជ្ឈិមនោះ ក្រុមអ្នកការពារ​សិទ្ធិ​មនុស្ស​មិន​អាច​ទទួល​យក​បានទេ”។

សហជីពនេះ​​លើកឡើង​ទៀតថា“ [បទ​ចោទប្រកាន់នេះ]​ មិនបាន​ផ្តល់​យុត្តិ​ធម៌​​ឲ្យ​​ជន​រងគ្រោះឡើយ ហើយ​គឺ​ជា​គំរូ​អាក្រក់​សម្រាប់​សង្គមកម្ពុជាទៀតផង។ ការ​ចោទ​ប្រកាន់​លោក បណ្ឌិត ត្រឹមតែ​បទល្មើស​មជ្ឈិម​នោះ នឹង​មិន​ធ្វើ​ឲ្យ​ជន​សង្ស័យ​នានា​ឈប់​ប្រព្រឹត្ត​បទល្មើស​ឡើយ​ ហើយ​ [វា​ធ្វើ​ឲ្យ] អ្នកមាន​អំណាច​បំភិត​បំភ័យ​ ឬក៏បង្ក​អំពើ​ហិង្សា​ថែមទៀត”។

លោកអាត់ធន់ប្រធាន​សហជីពនេះបាន​មាន​ប្រសាសន៍កាលពីម្សិលមិញថា ប្រសិន​បើ​ការ​ចោទប្រកាន់​លើ​ជន​សង្ស័យ​នេះមិន​ត្រូវបាន​ពិនិត្យ​សើ​រើ​ឡើង​​វិញ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ស្ថានទម្ងន់​នៃបទ​ឧក្រិដ្ឋនេះ​ទេ​នោះនឹង​មាន​ការ​​ពិចារ​​ណាពី​ការ​​តវ៉ា​ដ៏ធំ​មួយ។​លោកអាត់ធន់បាន​មាន​ប្រសាសន៍​ថា ​ “ នៅសប្តាហ៍នេះយើង​នឹង​បញ្ជូនលិខិត​មួយ​ច្បាប់​ទៅ​ក្រសួង​យុត្តិធម៌ ស្នើសុំ​ឲ្យ​ក្រសួង​នេះ​អន្តរាគមន៍ចំពោះ​បទ​ចោទ​ប្រកាន់ ​ ដែល​ព្រះ​​រាជអជ្ញា​អមសាលា​ដំបូង​ខេត្ត​ស្វាយ​រៀងបាន​​ចោទ​លោក បណ្ឌិត។ប្រសិនបើ​មិន​មាន​ដំណោះ​​ស្រាយចំពោះ​បញ្ហានេះទេនោះយើង​នឹង​ពិចារ​ណា​ធ្វើការ​តវ៉ា​ដ៏ធំ​មួយ ​នៅ​សាលា​ដំបូង​នេះតែម្តង”។

នាងប៊ុនចិន្តាអាយុ​២១ឆ្នាំ​ ដែល​ត្រូវ​បាន​បាញ់​ចំសួតកាល​ពី​ខែ​កុម្ភៈ​នោះ បាន​និយាយ​ថា នាងខកចិត្ត​ដោយ​​បាន​ឮ​ពី​ការ​ចោទ​ប្រកាន់​​នេះ ព្រោះ​ជន​ល្មើស​​មាន​​ទោស​ជាប់​ពន្ធនា​គារ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉៉ុណ្ណោះ​ និង​​ត្រូវពិន័យ បើ​ជនសង្ស័យរូប​នេះ​ត្រូវបាន​រកឃើញ​ពិរុទ្ធ​ភាពនោះ។

នាង​ចិន្តា បាន​និយាយថា “ វាមិន​ត្រឹម​ត្រូវ​​ទេ​ ហើយ​ខ្ញុំមិនអាច​ទទួលយក​​បទ​ចោទ​​ចំពោះ​លោកឈូក បណ្ឌិត បាន​ទេ​។ខ្ញុំ​សង្ឃឹម​​ថា នៅពេល​រឿងក្តីនេះ បាន​ធ្លាក់​ដល់​ដៃរបស់​ចៅក្រម​​ស៊ើបសួរ​នោះ ខ្ញុំអាច​ស្នើ​ឲ្យចៅក្រម​​​កែប្រែ​បទចោទប្រកាន់​​នេះ​ទៅ​ជា​​ការដាក់​ទោស​ធ្ងន់​ធ្ងរ​ជាង​នេះ ចំពោះអ្វីដែល​គាត់​បាន​ប្រព្រឹត្ត”។

ក្រុមមន្ត្រីតុលាការ​បាន​លើកឡើង​កាល​ពីសប្តាហ៍មុន​ថា ជាសង្ស័យតែម្នាក់​នៅក្នុង​ការបាញ់​កម្មការិនីបីនាក់​ ​អំឡុង​ការ​តវ៉ានៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់​ហាតតាន់​នោះលោកបណ្ឌិតសារ​ភាពថាបាន​ទាញ​កាំភ្លើង​ខ្លីគ្រវី និង​បាន​បញ្ចូល​គ្រាប់​ ប៉ុន្តែ​បន្ទាប់​មក​បាន​អះ​អាងថា លោក​មិន​ដឹង​ថា តើ​លោក​បាន​បាញ់ឬអត់​ទេ។

លោកបណ្ឌិតដែល​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី មុនពេល​តុលាការ​ធ្វើការ​សាក​សួរ​នោះ​ មិន​ត្រូវបាន​ចាប់​ខ្លួនទេហើយ​មិន​អាច​ទាក់​ទង​ធ្វើការ​អត្ថាធិប្បាយ​បានឡើយ។

ចាប់​តាំងពីមាន​ការ​បាញ់​នេះ​មកក្រុម​អ្នក​តំណាង​​របស់​អតីត​អភិបាល​ក្រុង​រូបនេះបាន​​ទាក់​ទង​កម្មការិនីរង​របួស​ទាំង​បី​នាក់​នេះដោយ​ផ្តល់​ប្រាក់​និង​អំណោយ​មួយ​​ចំនួន​ដើម្បី​ឲ្យ​ពួកគេដក​ពាក្យ​បណ្តឹង​​​​ប្តឹង​លោកបណ្ឌិត​ វិញ៕

   ប្រែសម្រួលដោយ សោមសារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស