26 C
Phnom Penh

អតីត​នគរបាល​ព្រហ្ម​ទណ្ឌ​​ក្រុង​​ប្រគល់​ខ្លួន ក្រោយ​គេច​ខ្លួន​​​៦​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​ពី​បាន​​លាក់​​ខ្លួន​អស់​រយ:ពេល​ជិត​ប្រាំ​មួយ​ឆ្នាំ​រួច​មក ​លោក ​ហង្ស វុទ្ធី ​​អតីត​​នាយ​រង​ការិយា​ល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​រាជ​ធានីភ្នំពេញ​ ​បាន​ប្រ​គល់​ខ្លួន​ឲ្យ​នគរ​បាល​កាល​ពី​ថ្ងៃសុក្រ ​នៅ​ឯ​ទីស្នាក់​ការកណ្តាល​រប​ស់​អង្គ​ការ​សិទ្ធិ​មនុស្ស​​លីកាដូ។

លោកហង្សវុទ្ធី ​​​ត្រូវបាន​ចាប់​ខ្លួន​លើក​​ដំបូង​ក្នុង​ឆ្នាំ​២០០​៦​ ​ហើយ​ត្រូវបាន​ចោទ​ប្រកាន់​កាល​ពី​ខែ​កុម្ភ:ក្នុង​ឆ្នាំ​នោះពី​បទ​ធ្វើ​ឃាត​​លោកសុខ សេដ្ឋាមុនី ​ចៅ​ក្រម​សា​លា​ដំបូង​រាជ​ធានីភ្នំ​ពេញ។ រយ:ពេល​បួន​ខែ​ក្រោយមក​ គឺ​នៅ​ក្នុង​ខែមិថុនា ​លោកហង្សវុទ្ធី ​បាន​រត់​គេចខ្លួន​​ជាមួយ​ទណ្ឌិត​​១១​នាក់​ផ្សេងទៀត​​​ពី​ពន្ធ​នាគារ​ព្រៃ​ស​ ដោយ​​​ប្រើ​​​មុង​​ចងសម្រូត​​​ចុះ​​តាម​បង្អួច​នៃ​បន្ទប់​ជាន់​ទីពីរ​​។

លោក ​ហង្សវុទ្ធី ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅក្នុង​សន្និសីទ​​សារ​ព័ត៌មាន​មុន​​ត្រូវ​គេ​ចាប់​ខ្លួន​​​នៅឯ​​ការិយា​ល័យអង្គ​ការ​លីកាដូ ​​​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា​ “ ខ្ញុំកំពុង​ស្ថិត​នៅ​ក្នុង​​ពន្ធ​នាគារ ​ហើយ​នៅពេល​​នោះ​ មាន​​អ្នក​ទោស​​ជា​ច្រើន​​ចង់​ហែកគុករត់​​ ប៉ុន្តែ​ខ្ញុំ​គ្មាន​បំណង​​រត់​គេច​ខ្លួន​តាមគេ​ទេ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​បង្ខំ​ចិត្ត​​រត់គេច​​ជា​មួយ​​អ្នក​ទោស​ផ្សេងៗ​ទៀត ពីព្រោះ​បើ​ខ្ញុំ​ហា៊ន​នៅ ​​ពួកគេ​ប្រាកដ​ជា​សម្លាប់​ខ្ញុំ​ចោល​មិនខាន​។​ពួកគេ​​ខ្លាច​ខ្ញុំ​និយាយ​ប្រាប់មន្ត្រី​​​​ពន្ធនាគារ​អំពី​ផែន​ការ​រត់គេច​ខ្លួន​នេះ”។​ លោក​បាន​សម្រក់​ទឹក​ភ្នែក​​ម្តងៗ​​​ពេល​និយាយ។

លោក​​បាន​និយាយ​ថា “ សូម​ជួយ​ខ្ញុំ​ផង​​។​​ប្រ​សិន​បើ​ខ្ញុំ​ជា​អ្នក​​ប្រ​ព្រឹត្ត​ខុស​មែន​នោះ ខ្ញុំ​​ប្រាកដ​ជា​មិន​ហ៊ាន​វិល​ត្រ​ឡប់​មក​វិញ​​​​​នៅ​ថ្ងៃ​នេះ​ទេ”។ លោកហង្សវុទ្ធី ​​​​បាន​បន្ត​ថា ​​បន្ទាប់​ពី​បាន​​​ហែក​គុក​​រួច​ ​លោក​បាន​ភៀស​ខ្លួន​ទៅ​ខេត្ត​កំពត ធ្វើ​ជា​អ្នក​នេសាទ។ ក្នុង​រយ:ពេល​ប្រាំ​មួយ​ឆ្នាំ​បន្ទាប់​ ​លោក​​​​សម្ងំ​រស់​នៅ​ក្នុង​​ក្រុង​ប៉ោយប៉ែត ​​ខេត្ត​បន្ទាយ​​មាន​ជ័យ​​ ធ្វើ​ជាអ្នក​រុញ​រទេះ និង​​នៅ​​ខេត្ត​ក្រចេះ​​​ មុនពេល​ត្រ​ឡប់​​មក​រស់​នៅ​ក្នុង​ខេត្ត​កំពត​វិញ។​

​ពេល​​មកដល់​រាជធានីភ្នំពេញ​​​​វិញ​កាល​ពី​ថ្ងៃ​សុក្រ​ លោក ហង្ស វុទ្ធី ​​​បាន​ស្វះ​ស្វែង​​រក​សិទ្ធិ​ជ្រក​កោន​​​នៅ​ការិយាល័យ​ឧត្តម​ស្នង​ការ​​សហ​ប្រ​ជា​ជាតិ​​​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក្នុង​រាជ​ធានី​ភ្នំពេញ។​បន្ទាប់​ពី​ត្រូវ​គេ​​​​​បដិសេធ​មិន​​ទទួល​យក​ករណី​របស់​ខ្លួន​ លោក​ក៏​បាន​​ទៅកាន់​ការិយាល័យ​​របស់​អង្គ​ការ​លីកាដូ ​ក្នុង​ខណ្ឌ​ចំការមន​តែ​ម្តង​ទៅ​។​​​

បន្ទាប់​ពី​បាន​អះអាង​អំពី​ភាព​ស្អាតស្អំ​​​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឯ​ការិយាល័យ​របស់​អង្គការ​លីកាដូ​រួច​ ក្រុម​មន្ត្រី​នគរបាល​ប្រហែល​១២​រូប​​ រួម​ទាំង​ លោក​ ម៉ក់​ ជីតូ​ ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​យុត្ដ​ិធម៌​នៃ​ក្រសួង​មហាផ្ទៃ​ផង​ បាន​ឃាត់​ខ្លួន​លោក​​ វុទ្ធី​ ហើយ​បាន​នាំ​លោក​ទៅកាន់​ក្រសួង​មហាផ្ទៃ​ ដើម្បី​​ឃុំ​ខ្លួន​ចំពោះ​ការ​​​​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើឃាត​ចៅក្រម​រូប​នោះ​។​

លោក​ ជីតូ បាន​មាន​ប្រសាសន៍​ថា​ “លោក​វុទ្ធី​ ត្រូវ​បាន​នាំទៅ​​ឃុំ​ខ្លួន​នៅ​ក្រសួង​​​មហាផ្ទៃ​​ ហើយ​នឹង​ឡើង​តុលាការ​​នៅ​​​ថ្ងៃ​ស្អែក​នេះ​​​​​​​”។​

លោក​ កៅ​ ស៊ូផា​ មេធាវី​របស់​លោក​ វុទ្ធី​ បាន​​ឲ្យ​ដឹង​ថា​ កូនក្តី​របស់​ខ្លួន​នឹង​ប្តឹង​ឧទ្ធរ​ណ៍​​ជំទាស់​នឹង​ការ​ចោទ​ប្រកាន់​ដើម​ពីបទ​មនុស្ស​ឃាត​​ ព្រមទាំង​ការ​ចោទ​ប្រកាន់​​ពី​​បទ​រត់គេច​ខ្លួន​ពីពន្ធនាគារ​។​

ដោយឡែក​ លោក​ វុទ្ធីបាន​និយាយ​ថា​ “ ​ខ្ញុំ​ចង់​ឲ្យ​តុលាការ​រក​យុត្តិធម៌សម្រាប់​ខ្ញុំ​។​ ការ​ចោទប្រកាន់​ខ្ញុំ​ពីបទ​ទម្លាយ​គុករត់​ គឺ​មិន​ត្រឹម​ត្រូវ​ទេ​។​ ទណ្ឌិត​​នៅ​ទីនោះ​​អាច​ធ្វើ​​ជា​សាក្សី​ឲ្យ​ខ្ញុំ​បាន​។​ នៅ​ពេល​ដែល​ពួក​គេ​ទម្លាយ​គុក​រត់​ ខ្ញុំ​មិន​បាន​ចូលរួម​ទេ​”។​

លោក​ វុទ្ធី បាន​បន្ថែម​​​​ថា​ ពេល​ដែល​លោក​​ជាប់​នៅ​ក្នុង​​ពន្ធនាគារ​ លោក​ឧស្សាហ៍​ត្រូវ​ឆ្មាំ​ពន្ធនាគារ​​ធ្វើ​ទារុណកម្ម​ណាស់​។​ លោក​បាន​បញ្ជាក់​ប្រាប់​ថា​ “ ពួកគេ​វាយ​ដំ​ខ្ញុំ​។​ មាន​ពេល​ខ្លះ​ ពួកគេ​យក​ស្បោង​ប្លាស្ទិក​​គ្រប​ក្បាល​ខ្ញុំ​ក៏មាន​ដែរ​។​​​ ពួកគេ​ថែម​ទាំង​បង្ខំ​ឲ្យ​ខ្ញុំ​អង្គុយ​នៅ​លើ​ទឹកកក​ ហើយ​យក​ដំបង​ដែក​វាយ​ខ្ញុំ​ទៀត​ផង​”។​​

លោក​ វុទ្ធី ធ្លាប់ជា​​មនុស្ស​ជំនិត​របស់​លោក​ ហេង​ ពៅ​ ​អតីត​រដ្ឋ​លេខា​ធិការ​​ក្រសួង​​មហាផ្ទៃ​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​ពន្ធនា​គារ​​រយៈពេល​ជិត​១០០​ឆ្នាំ​ពី​បទ​​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជាច្រើន​ករណី​ ក្នុង​នោះ​រួមមាន​ទាំង​បទ​ធ្វើ​ឃាត​​លោក​ចៅក្រម​ សេដ្ឋាមុនី​ ដែល​ត្រូវ​បាន​បាញ់ស្លាប់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ ពេល​កំពុង​ស្ថិត​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​​តាម​បណ្តោយ​​​មហាវិថី​ សីហនុ​ ផងដែរ​៕

ប្រែសម្រួល​ដោយ  តែម សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស