31 C
Phnom Penh

អង្គរក្ស​របស់​លោក​ ហ៊ុន សែន ត្រូវ​បាន​ឃុំ​ខ្លួន ​ដោយ​សារ​ វាយគេ​ នៅក្នុងសណ្ឋាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​ថា មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ នៅ​ក្នុង​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែនត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​បាន​ដាក់​ខ្នោះ​ និងវាយ​បុរស​បួននាក់ ឲ្យ​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​កោះកុងនៅពេលមានជម្លោះ​​។

លោក​ឧត្តម​សេនីយ៍​ទោប៊ុន​ សុខាអាយុ​៣៨ឆ្នាំ នាយ​រង​សេនាធិការ​នៃ​កង​អង្គ​រក្ស​របស់​លោក​ ហ៊ុន​ សែនត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​សណ្ឋា​គារក្នុង​ក្រុងខេមរភូមិន្ទ កាលពីថ្ងៃ​អាទិត្យ ជាមួយ​នឹង​អង្គរក្ស​ពីរនាក់ទៀត​ នៅ​ក្នុង​កង​អង្គរក្ស​របស់​លោក​ ហ៊ុន​ សែន ដែរ​​ មានឈ្មោះ​ សម​ វាសនា អាយុ​៣៧ឆ្នាំ និង​ឈ្មោះម៉េងឈាងលីអាយុ​២១ឆ្នាំ។

លោកឡាយម៉េងឡាំងនាយនគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍ថា លោក​ឧត្តម​សេនីយ៍​ទោ​ សុខា និង​អង្គរក្ស​ពីរ​នាក់របស់លោក​​ទទួល​រង​ការចោទ​ប្រកាន់ថា​ បាន​វាយ​បុរស​បួន​នាក់ រាប់​ទាំង​សន្ដិ​សុខ​សណ្ឋាគារ​ម្នាក់​ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ទៀតផង​ដែរ។

អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង ​បន្ទាប់​ពី​ជន​រង​គ្រោះ​ម្នាក់ ​ក្នុង​ចំណោមបុរស ដែល​គេអះអាងថា ជាជន​រង​គ្រោះ​ទាំង​នោះ ​មានឈ្មោះ​ សៀងថៃ​រា៉ត់បាន​មក​ដល់​សណ្ឋាគារ​​នេះ នៅ​យប់​ថ្ងៃ​អាទិត្យ ជាមួយ​នឹង​មិត្ត​ភក្ដិ​ម្នាក់​ ហើយបានសុំ​សន្តិ​សុខ​ថា លោក​អាច​ចូល​​មើល​បន្ទប់​​ ដែល​ខ្លួនបាន​ស្នាក់​នៅ​កាលពី​យប់​មុន​បានឬទេ ពី​ព្រោះ​លោកបាន​បាត់​ខ្សែក​មួយ​ខ្សែ​។

ដោយ​ភរិយា​របស់លោក​ឧត្តម​សេនីយ៍​ទោសុខាកំពុងស្នាក់​នៅ​ក្នុង​បន្ទប់​នោះបុរស​ទាំង​នេះ​ត្រូវ​បាន​បដិ​សេធ​មិន​ឲ្យ​ចូល​ក្នុង​បន្ទប់​សណ្ឋាគារ​ឡើយ ហើយត្រូវ​បាន​គេ​ប្រាប់​ថា ពួកគេ​ត្រូវ​រង់ចាំ​រហូត​ដល់​ស្វាមី​របស់​​គាត់​វិល​ត្រឡប់​មកវិញ​។ បន្ទាប់​ពី​រង់​ចាំ​រយៈ​ពេល​ប្រហែល​១ម៉ោង អ្នក​ទាំង​ពី​រ​បាន​គោះ​ទ្វា​រម្ដង​ទៀត​។

លោកម៉េងឡាំងបាន​មានប្រសាសន៍​ថា“ភរិយា​របស់​លោក​ឧត្តម​សេនីយ៍​ទោ​បាន​ទូរ​ស័ព្ទ​ហៅប្ដី​របស់​ខ្លួន​ [ដោយប្រាប់​​] ថាមាន​មនុស្ស​គោះ​ទ្វា​រពីរដង​ហើយ។​ នៅ​ពេល​ប្ដី​របស់អ្នក​ស្រី​មក​ដល់​ លោកបាន​បញ្ជា​ឲ្យ​អង្គរក្ស​របស់​លោកឃាត់​ខ្លួន​បុរស​ទាំងពីរ​នាក់នេះ។ ក្រោយមក ​​បាន​ដាក់​​ខ្នោះលោក​ ថៃរ៉ាត់និង​សន្តិ​សុខ​​ឈ្មោះផាត​ សុខា”។

យោង​តាម​លោក ម៉េងឡាំង បាន​ឲ្យ​ដឹង​ថា មិត្ត​ភក្ដិ​របស់​លោក​ ថៃរ៉ាត់ បាន​ទូរស័ព្ទ​ហៅមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ឲ្យជួយ​អន្ដរា​គមន៍​ ហើយ​ពួក​គេ​ត្រូវ​បាន​អង្គ​រក្ស​វាយ​យ៉ាង​ធ្ងន់​ធ្ងរ​ និង​ចាប់ដាក់​ខ្នោះ​ថែមទៀត។

លោក​ ម៉េងឡាំងបានមាន​ប្រសាសន៍​ថា“លោក​ សុខានិង​អង្គរក្ស​ពីរនាក់របស់​លោក​បាន​ដាល់​ពួក​គេ​ និង​ដាក់​ខ្នោះបុរស​ទាំងពីរ​នាក់នេះជាប់គ្នា។ ពួក​គេ​វាយ​សន្តិ​សុខ​ដល់​សន្លប់​ ហើយ​​​​ប្រើ​ដំបង​ឆក់​ឆក់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​។

មិត្ត​ភក្ដិ​របស់​ម្ចាស់​ខ្សែក​ត្រូវ​បានដាល់​ត្រូវ​មាត់​​បាក់​ធ្មេញ​មួយ​”។ លោក​បាន​បន្ថែម​ថាមន្ត្រី​សន្ដិ​សុខ​រូប​នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​​ថៃ​ ដើម្បី​ព្យាបាល​។

យោង​តាមលោក ម៉េងឡាំង ​បានឲ្យ​ដឹង​ទៀតថា​ លោកឧត្តម​សេនីយ៍​ទោសុខាបាន​សារភាព​ថា ខ្លួនពិត​ជា​បាន​វាយ​មែន​ ក៏ប៉ុន្ដែ​បាន​ទទូច​ថា លោក​និង​អង្គរក្ស​របស់​លោក​មិន​បាន​ប្រើ​ដំបង​ឆក់​ទេលោក​បាន​និយាយ​​ថា ពួកគេ​​សម្រេច​វាយ​​បុរស​ទាំង​បួន​នាក់នេះ ពី​ព្រោះ​​ពួក​គេ​សង្ស័យ​ថា អ្នក​ទាំ​ង​បួន​ជា​ចោរ​។​ លោក​ ម៉េង​ឡាំង បានបន្ថែមថា បន្ទាប់​ពី​នគរ​បាល​ចាប់​ខ្លួនភ្លាម​ លោក​ឧត្តម​សេនីយ៍​ទោ​ សុខា បាន​បង្ហាញ​នគរបាល​នូវ​ប័ណ្ណ​សម្គាល​់​ខ្លួន​របស់​លោក ដែលបញ្ជាក់ថា​ លោកជា​ជំនួយការ​​របស់​លោក​ ហ៊ុន សែន និង​ជា​នាយ​រង​សេនា​ធិការ​​នៃ​កង​អង្គរក្ស​។

ជន​សង្ស័យ​ទាំង​បីនាក់នេះ ត្រូវ​​បាន​ឃុំ​ខ្លួនក្នុង​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ហើយ​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ​។ នេះជា​ឧប្បតិ​្ដហេតុ​ហិង្សា​ទី​ពីរ​ហើយក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍នេះ ដែល​ពាក់​ព័ន្ធ​នឹង​បុគ្គលិក​របស់លោក​នាយក​រដ្ឋ​មន្ត្រី។

កាលពី​ថ្ងៃ​ទី​១១ ខែមេសា លេខា​ម្នាក់​ នៅ​ក្នុង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនត្រូវ​បានចាប់​ខ្លួនដោយ​សារ​នៅពេលស្រវឹង​ខ្លាំង ​ដក​កាំភ្លើង​បាញ់​ឡើង​លើ​។ បុរសនោះ​ឈ្មោះ​ កែនសារ៉ាត្រូវ​បាន​​ចោទ​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​​ច្បាប់​។

លោកឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀងមេ​បញ្ជា​ការ​កង​អង្គរក្ស​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​មេរបស់​លោក​ឧត្តម​សេនីយ៍​ទោ សុខាបានមានប្រសាសន៍​កាលពី​ម្សិល​មិញថា លោក​​នឹង​ធ្វើ​អន្ដរាគមន៍ក្នុង​រឿង​នេះ។

លោកឧត្តម​សេនីយ៍ ប៊ុនហៀងបាន​មាន​ប្រសាសន៍ថា “ ខ្ញុំគិត​ថា វាមិន​មែន​ជា​បញ្ហា​ធំដុំទេពី​ព្រោះពួក​គេ​គ្រាន់តែដាល់​មួយដៃពីរ​ដៃ​ប៉ុណ្ណោះ។ ខ្ញុំសូម​ឲ្យ​ភាគី​ទាំង​ពីរ​ដោះ​ស្រាយ​បញ្ហានេះ​ ហើយ​សុំទោស​គ្នាទៅវិញ​ទៅ​មក​។ ខ្ញុំសូម​ឲ្យ​ពួក​គេ​ដោះ​លែង​លោក​ សុខា និង​អង្គរក្ស​របស់គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​។ប្រសិន​បើ​លោក​ សុខាជា​មនុស្ស​អាក្រក់​ ខ្ញុំមិនការ​ពារ​គាត់​ទេ ក៏​ប៉ុន្ដែ​គាត់​ជាមនុស្ស​ល្អ​”។

លោក​ឧត្តម​សេនីយ៍​ ប៊ុនហៀងបានទទូច​ថាតាម​ពិត លោក​ឧត្តម​សេនីយ៍ទោ​ សុខា ជា​ជំនួយ​ការ​ផ្ទាល់​របស់លោក​ មិនមែន​ជា​ជំនួយ​ការ​របស់លោកហ៊ុនសែនទេ៕

ប្រែ​សម្រួល​ដោយ ចេវប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស