30 C
Phnom Penh

ប៉ះ​ទង្គិច​គ្នា​ជា​មួយ​នគរបាលនៅពេល​អ្នក​ភូមិ​ចោទគណបក្ស​ប្រជាជន​កម្ពុជា​ថាចាប់​យក​ដី​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយ​ចំនួន ​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​បាន​និយាយ​កាលពី​ម្សិលមិញ​​ថា​ កាលពី​ថ្ងៃ​អាទិត្យ​ អ្នក​ភូមិ​ និង​នគរបាល​បាន​ប៉ះ​ទង្គិច​គ្នា​បន្ទាប់​ពី​គ្រឿង​ចក្រ​ឈូសឆាយដី​បាន​បរទៅ​កាន់​ទី​តាំងដីមាន​ជម្លោះមួយកន្លែង ​ដែល​​អាជ្ញាធរមាន​គម្រោង​សាង​សង់​ស្នាក់​ការ​គណ​បក្សប្រ​ជាជន​កម្ពុជាប្រចាំ​ឃំុ​​ ដែល​ស្ថិត​នៅ​ក្នុង​​ឃុំ​ព្រះ​បាទ​ ក្រុង​ស្ទឹង​ត្រែង​។

លោក​ ហូ​ សំអុល មន្ត្រីអង្កេតរបស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍ថា​ អាជ្ញាធរក្រុង​ស្ទឹង​ត្រែង​ បាន​បើក​គ្រឿងចក្រ​ឈូសឆាយដី​ពីរ​គ្រឿង និង​រយន្ត​ធុនធ្ងន់​ប្រមាណ១០​គ្រឿងចូលទៅក្នុងទីតាំង​ដី​មាន​ទំហំ​មួយ​ហិកតា​ កាល​ពី​អាទិត្យ ​ដើម្បីរៀបចំ​ការដ្ឋាន​សាង​សង់​ ថ្វីបើ​អ្នក​ភូមិ​មួយក្រុម​អះ​អាង​ថា​ ជាដីរបស់​ខ្លួនក៏ដោយ។

លោក​ សំអុល​ បាន​មាន​ប្រសាសន៍បន្ថែម​ថា​ “ អាជ្ញាធរ​ទាំង​នេះ​បាន​រំលោភ​សិទិ្ធ​​ប្រជា​ជន​ ពីព្រោះពួក​គេឈូសឆាយ​ដី​របស់​អ្នក​ភូមិ ​ដោយ​មិន​បាន​ពិភាក្សា​អំពី​បញ្ហាជា​មួយម្ចាស់​ដី​ទាំង​នោះឡើយ”។

លោក​បាន​បន្ថែម​ថា​ “ វា​គួ​រតែ​មិន​អីទេ​ បើ​សិន​ជា​អាជ្ញាធរសាង​សង់​នៅ​លើ​ដីជា​ទ្រព្យ​សម្បត្តិរបស់រដ្ឋ​ ប៉ុន្តែ​ពួក​គេ​បាន​យក​ដី​នេះ​ ដើម្បី​សាង​សង់​ស្នាក់​ការបក្ស ប្រចាំ​ឃំុ​ ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​”។ អ្នក​ភូមិម្នាក់​​​​ឈ្មោះ​ ម៉ែន ​ផូផង់​ អាយុ​៣១​ឆ្នាំ​ ថ្លែង​​កាលពីម្សិលមិញថា អ្នកស្រី​បាន​ដាក់​ពាក្យ​បណ្តឹងទៅ​សាលាដំបូង​ខេត្ត ដោយ​ចោទ​​ប្រកាន់​នគរ​បាល ​ពីបទ​ប្រើ​អំពើ​ហិង្សា​ ដើម្បី​បំភិត​បំភ័យ​អ្នក​ភូមិ ​និង​បញ្ឈប់​ពួក​គេមិនឲ្យរារាំងចំពោះការ​ឈូសឆាយយក​ដី​នេះ។

អ្នកស្រីផូផង់ ​បាន​និយាយ​ថា “ មន្ត្រី​នគរ​បាលឃុំ​ប្រហែល​ប្រាំបី​នាក់​បាន​ចាប់​ ទាញ​ដៃ​ខ្ញុំ ​ហើយ​រុញខ្ញុំផ្ទប់ទៅ​នឹង​​ដីនៅពេល​យើង​​ទាំង​អស់​គ្នា​ព្យាយាម​បញ្ឈប់​គ្រឿងចក្រ​”។អ្នកស្រីបាន​បន្ថែម​ថា រដ្ឋ​អំណាច​ឃំុបាន​ដឹង​ថា​ អ្នកស្រីគឺជា​ម្ចាស់​ដី​​ ដែល​មាន​ទទឹង​២២០​ម៉ែត្រ​ និង​បណ្តោយ​៦៥០ម៉ែត្រ​ ដោយបាន​កាន់កាប់​រយៈ​ពេល​២០ឆ្នាំ​មក​ហើយ​។

អភិបាល​ក្រុង​ស្ទឹង​ត្រែង លោក​ ភឿក​ សូបេន សមាជិក​របស​់គណបក្ស​ប្រជា​ជន​​កម្ពុជា ​បាន​ចោទ​ប្រកាន់​អ្នក​ភូមិ​ទាំង​នេះ​ថា បាន​វាយ​ដំ​មន្ត្រី​នគរបាល​ និង​ចាក់​​ប្រេង​សាំង​​ដាក់​ពួក​គេ​ ​អំឡុងការ​​​វាយ​គ្នា​មួយ​ប្រាវ។ លោក​ សូបេនបាន​អះ​អាងថា “ នេះ​ជា​ដីរដ្ឋ​ ដែល​បាន​បម្រុង​ទុក​សម្រាប់​សង់ទី​ស្នាក់​ការ​របស់​​គណបក្សប្រជាជនកម្ពុជា​​ ប្រចាំឃំុ​”។

​លោកសូបេនបាន​បដិ​សេធ​ថា ​អាជ្ញាធរ​បាន​ចាប់​យក​ដី​ពី​អ្នក​ភូមិ​ទាំង​នេះ​។ អធិការ​នគរបាល​ក្រុង​ស្ទឹង​ត្រែង​លោក​ឈូក គូម៉ាល់ បាន​បដិសេធ​ចំពោះការ​ចោទ​ប្រកាន់ថា នគរបាល​​​ប្រើ​កម្លាំងហួស​ហេតុ​៕

ប្រែ​សម្រួល​ដោយ  អូន ភាព

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស