TAG
paywall
សហភាពអឺរ៉ុប ចាំសង្កេតមើលអាស៊ាន ដោះស្រាយបញ្ហានានា នៅក្នុងតំបន់
ខណៈពេលអឺរ៉ុបបន្តរកវិធីដោះស្រាយវិបត្តិ បំណុលរបស់ខ្លួនអូសបន្លាយអស់រយៈពេលពីរឆ្នាំនោះ នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអាស៊ាន-សហភាពអឺរ៉ុប ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញលោកការ៉េលដេ ហ្គុច (Karel de Gucht) ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានព្យាយាមយកអនាគតរបស់អាស៊ីអាគ្នេយ៍ធ្វើជាចំណុចសំខាន់សម្រាប់ដោះស្រាយវិបត្តិរបស់ខ្លួន និងបានជំរុញឲ្យវិនិយោគិនអឺរ៉ុប ទទួលផលប្រយោជន៍ពីអត្រាកំណើនខ្ពស់នៅក្នុងតំបន់នេះ។
សហភាពអឺរ៉ុប បានក្លាយជាវិនិយោគិនធំបំផុតរួចទៅហើយ និងជាដៃគូពាណិជ្ជកម្មធំបំផុតទីពីរជាមួយប្រទេសនានានៅក្នុងអាស៊ាន បន្ទាប់ពីប្រទេសចិន។ ប៉ុន្តែក្រុមអ្នកបង្កើតគោលនយោបាយក្នុងទីក្រុងព្រុចសែល ចាត់ទុកបណ្តាប្រទេសរីកចម្រើនលឿននៅអាស៊ីអាគ្នេយ៍ថា ជាចំណុចសំខាន់សម្រាប់ធ្វើឲ្យអឺរ៉ុប ងើបផុតពីវិបត្តិនេះ។
លោក ការ៉េល ដេ ហ្គុច បានប្រាប់ក្រុមវិនិយោនគិន និងមន្ត្រីរដ្ឋាភិបាលមកពីបណ្តាប្រទេសអាស៊ាន និងសហភាពអឺរ៉ុប ដែលបានចូលរួមយ៉ាងច្រើនកកកុញក្នុងសាលសន្និសីទមួយនៅសណ្ឋាគារសូហ្វីតែល ថា“ នៅអឺរ៉ុប យើងដឹងថា ក្នុងពេលអនាគតកំណើនសេដ្ឋកិច្ច៩០ភាគរយក្នុងពិភពលោក នឹងកើតមានឡើងនៅក្រៅព្រំដែនរបស់យើង។ មួយភាគធំនៃកំណើននោះ នឹងកើតមានឡើងនៅក្នុងតំបន់អាស៊ាន។ដោយចាត់ទុកបញ្ហានេះ ថាជាការគំរាមកំហែងនោះ យើងជាពលរដ្ឋអឺរ៉ុប ចាត់ទុកតួលេខកំណើនគួរឲ្យភ្ញាក់ផ្អើលនៅអាស៊ីនេះ ថាជាផ្នែកនៃដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ចរបស់យើង”។
សញ្ញាមួយក្នុងចំណោមសញ្ញាដែលបង្ហាញឲ្យឃើញច្បាស់បំផុតអំពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អឺរ៉ុប នៅក្នុងតំបន់នេះ គឺប្រហែលជាសេចក្តីសម្រេចរបស់ខ្លួនកាលពីឆ្នាំមុន ដើម្បីបង្កើនវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា ឲ្យទៅជាបេសកកម្មការទូតពេញលេញ។
លោក ការ៉េលដេ ហ្គុច បានមានប្រសាសន៍ថា “ ការផ្លាស់ប្តូរនោះ គឺជាការទទួលស្គាល់ថា អឺរ៉ុប មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា រឹងមាំប៉ុណ្ណា។ប៉ុន្តែវាក៏ប្រហែលជាសញ្ញាមួយបង្ហាញឲ្យឃើញដែរថា តំបន់អាស៊ីអាគ្នេយ៍មានសារៈសំខាន់ប៉ុណ្ណានៅក្នុងទីក្រុងព្រុចសែល និងរដ្ឋធានីនៃប្រទេសផ្សេងៗទៀតនៅអឺរ៉ុប”។
ដោយគាំទ្រសម្តីរបស់លោកការ៉េលដេ ហ្គុច លោកស៊ូរិន ពិតស៊ូវ៉ាន់ អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា អាស៊ានចង់ឲ្យមានការនិយោគទុនបន្ថែមទៀតមកពីអឺរ៉ុប។ទោះជាយ៉ាងណា លោកក៏បានឆ្លៀតយកឱកាសនេះបង្ហាញថា តំបន់អាស៊ានមានទំនុកចិត្តប៉ុណ្ណា។ លោកបានមានប្រសាសន៍សំដៅដល់វិបត្តិហិរញ្ញវត្ថុអាស៊ានថា "កាលពីឆ្នាំ១៩៩៧ សហភាពអឺរ៉ុប បានប្រាប់យើងឲ្យរៀបចំផ្ទះឲ្យមានសណ្តាប់ធ្នាប់"។
លោកស៊ូរិន ពិតស៊ូវ៉ាន់ បានមានប្រសាសន៍ថា “ ពេលនេះ យើងសូមអំពាវនាវឲ្យអឺរ៉ុប...
សាលាដំបូងច្រានចោលពាក្យបណ្ដឹងរួម ប្ដឹងភរិយារបស់លោករដ្ឋមន្ត្រីឧស្សាហកម្មម្ដងទៀត
កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងខេត្តកំពង់ឆ្នាំង បានបដិសេធម្តងទៀតមិនព្រមទទួលពាក្យបណ្តឹងរួមមួយរបស់អ្នកភូមិនៅក្នុងស្រុកកំពង់ត្រឡាច ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល។
លោកឈួន សីុវែ៉ន ប្រធានក្រឡាបញ្ជីសាលាដំបូងខេត្ត បានថ្លែងថា តុលាការមិនអាចទទួលយកពាក្យបណ្តឹងពីអ្នកភូមិឡពាងទាំង៣៧នាក់ ពីព្រោះ ពាក្យបណ្តឹងនេះធ្វើរួមគ្នា និងបានណែនាំឲ្យអ្នកភូមិប្តឹងម្តងទៀតរៀងៗខ្លួន។លោកបានមានប្រសាសន៍ថា “ តុលាការបានបដិសេធមិនទទួលពាក្យបណ្តឹងនេះទេ។យើងផ្តល់ឱកាសឲ្យពួកគេធ្វើពាក្យប្តឹងម្តងទៀត”។
ក្រុមអ្នកភូមិ កំពុងតែអះអាងថាអ្នកស្រី ជាខេងនិងក្រុមហ៊ុនអភិវឌ្ឍន៍ KDC របស់អ្នកស្រីបានធ្វើប័ណ្ណកម្មសិទ្ធិដីខុសច្បាប់ចំនួន១០៥គ្របដណ្តប់លើដីប្រជាពលរដ្ឋចំនួន៥១គ្រួសារនៅលើដី១៤៥ហិកតាក្នុងខេត្តនេះនៅក្នុងវិវាទដីធ្លីមួយដែលមានតាំងពីឆ្នាំ២០០៧មក។
តុលាការក៏បានបដិសេធមិនទទួលពាក្យបណ្តឹងរួមមួយរបស់ក្រុមអ្នកភូមិផងដែរ កាលពីដើមឆ្នាំមុន ដោយសារហេតុផលដូចគ្នានេះ ប៉ុន្តែការចំណាយប្រាក់ប្រដាប់ក្តីច្រើន មានន័យថា មានតែគ្រួសារមួយចំនួនតូចប៉ុណ្ណោះដែលអាចឡើងប្តឹងនៅតុលាការបាន។
លោកចាន់សុវេ៉តអនុប្រធានផ្នែកកម្មវិធីសង្កេតនៅឯអង្គការសិទិ្ធមនុស្សអាដហុកបានមានប្រសាសន៍ថា បើទោះជាអ្នកភូមិអាចធ្វើពាក្យបណ្តឹងរៀងៗខ្លួនក៏ដោយ ក៏ការបំបែករឿងក្តីនឹងធ្វើឲ្យរឿងក្តីរួមគ្នានេះចុះខ្សោយដែរ។
លោកបានមានប្រសាសន៍ថា “ តុលាការគួរតែទទួលពាក្យបណ្តឹងរបស់អ្នកភូមិ ប្តឹងជំទាស់នឹងប័ណ្ណកម្មសិទ្ធិដីរបស់ក្រុមហ៊ុន KDC និងប្តឹងឲ្យចាត់វិធានការសើុបអង្កេតរឿងនេះ ដើម្បីរកយុត្តិធម៌ឲ្យក្រុមអ្នកភូមិ”។
លោករាជសីមាអាយុ៣១ឆ្នាំអ្នកតំណាងឲ្យអ្នកភូមិបានបដិសេធថាអ្នកភូមិមិនដែលមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KDC ទេ។ លោកបានមានប្រសាសន៍ថា “ យើងបដិសេធ ចំពោះប័ណ្ណកម្មសិទ្ធិដីរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ KDC ពីព្រោះយើងមិនដែលលក់ដីឲ្យក្រុមហ៊ុននេះទេ ក្រុមហ៊ុននេះបានចាប់យកដីរបស់អ្នកភូមិ។ ខ្ញុំគិតថា តុលាការខ្លាចអ្នកមានអំណាច នៅពីក្រោយភរិយារបស់រដ្ឋមន្ត្រីរូបនេះ”។
ការបើកសវនាការជំនំុជម្រះរឿងក្តី រវាងក្រុមអ្នកភូមិខេត្តកំពង់ឆ្នាំង និងអ្នកស្រី ជាខេងជំុវិញជម្លោះដ៏អូសបន្លាយ ពេលនេះបានចាប់ផ្តើមកាលពីខែមុន បើទោះជាក្រុមមេធាវីរបស់អ្នកភូមិ មិនអាចចូលរួមសវនាការជាសាធារណៈនេះក៏ដោយ។ អ្នកភូមិទាមទារឲ្យប្រគល់ដីនោះ ទៅឲ្យពួកគេវិញ រួមជាមួយនឹងសំណងចំពោះការខូចខាតផងដែរ៕
ប្រែសម្រួលដោយ ចេវប៊ុននី
លោក ជុត វុទ្ធី មិននៅក្នុងក្រុមល្បាតព្រៃដោយផ្ទាល់ទេ ដោយសារតែមានការគំរាមសម្លាប់
លោកជុតវុទ្ធី គឺជាអ្នកប្រកាន់ជំហរមិនងាករេ។ ជាស្ថាបនិកនៃអង្គការការពារធនធានធម្មជាតិ (NRPG) ក្នុងវ័យ៤៥ឆ្នាំ លោកធ្លាប់បានចំណាយពេលជាច្រើនយប់ទាំងមិនបានសម្រាន្តនៅក្នុងព្រៃ ដោយត្រូវទ្រាំទ្រនឹងភ្លៀងមូសុង ព្រមទាំងការបាក់ដី។ លោកធ្លាប់បានប្រឈមនឹងការគំរាមចាប់ខ្លួន ហើយមានម្តងនោះ លោកជឿថា ខ្លួនបានគេចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្នុងតំបន់ជួរភ្នំក្រវាញទៀតផង។
ក៏ប៉ុន្តែលោក វុទ្ធី បានមានប្រសាសន៍ថា នោះគឺជាការងាររបស់គាត់។ លោក វុទ្ធី ដែលបានប្រែក្លាយជាអ្នកដឹកនាំប្រជាជនដើរល្បាតព្រៃក្នុងទ្រង់ទ្រាយធំដើម្បីប្រឆាំងនឹងការកាប់ឈើខុសច្បាប់និងការបំផ្លាញបរិស្ថាននោះ បានមានប្រសាសន៍ថា "នគរបាលដែលប្រដាប់ដោយអាវុធ អាកា AK-47 និងអាវុធស្វ័យប្រវតិ្ត M16 បានព្យាយាមទប់ស្កាត់ខ្ញុំ"។ លោកបានបន្តថា "ម្តាយរបស់ខ្ញុំតែងតែរអ៊ូរទាំ ដោយសួរខ្ញុំថា តើខ្ញុំដឹងថា ខ្លួនឯងកំពុងធ្វើអ្្វីឬអត់ ហើយនិយាយថា ខ្ញុំធ្វើការហត់នឿយជាងគេជាងឯង ក៏ប៉ុន្តែនៅតែក្រ។ ខ្ញុំមានការហត់នឿយ ហើយវាជាការងារដ៏លំបាក ប៉ុន្តែខ្ញុំគិតថា ប្រសិនបើខ្ញុំចង់ជួយប្រទេសរបស់ខ្ញុំ ខ្ញុំត្រូវតែជួយប្រជាជនក្រីក្រអ៊ីចឹងហើយ"។
លោក វុទ្ធី ដែលក៏ជាអតីតទាហានមួយរូបដែរនោះ បានមានប្រសាសន៍បែបនេះតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះពីទីតាំងដាច់ស្រយាលមួយនៅក្នុងខេត្តកំពង់ធំ ពេលកំពុងដឹកនាំក្រុមអ្នកភូមិក្នុងមូលដ្ឋានចំនួន៤០០នាក់ដើរល្បាតពាសពេញតំបន់ស្នូលព្រៃឡង់ ដែលមានទំហំ១៣៥.០០០ហិកតាដើម្បីស្វែងរកអ្នកកាប់ឈើខុសច្បាប់។
លោកទើបតែបានទទួលដំណឹងថា ក្រុមល្បាតបានរកឃើញ និងដុតបំផ្លាញឈើកាប់រួចខុសច្បាប់ចំនួន៣៧២ម៉ែត្រគូប។ បន្ទាប់មក លោកបានណែនាំ ក្រុមល្បាត ឲ្យបន្តដំណើរទៅរោងម៉ាស៊ីនអារឈើមួយកន្លែងនៅក្នុងស្រុកសណ្តាន់ ដែលជាប់សង្ស័យថាបានកាប់រំលំដើមជ័រទឹកការពារជាច្រើនដើមនៅក្នុងព្រៃឡង់។ អ្វីដែលពួកគាត់បានរកឃើញ គឺមានតែអាចម៍រណារនិងម៉ាស៊ីនមួយចំនួនប៉ុណ្ណោះ។
នេះគឺជាប្រតិបត្តិការលើកទីពីរហើយដែលរៀបចំឡើងដោយលោក វុទ្ធី ដោយមានការចូលរួមពីសំណាក់ប្រជាជនមូលដ្ឋានរាប់រយនាក់ដែលកំពុងតែចាត់វិធានការការពារបរិស្ថានដោយខ្លួនឯងតែម្តង។
កាលពីខែវិច្ឆិកាឆ្នាំមុន លោក វុទ្ធី បានរៀបចំក្រុមល្បាតទ្រង់ទ្រាយធំ ជាលើកទីមួយ ដោយប្រើឈ្មោះបណ្តាញប្រជាពលរដ្ឋព្រៃឡង់ ដែលមានសមាជិកជាជនជាតិដើមភាគតិចកួយរាប់រយនាក់ដើម្បីស្វែងរកគំនរឈើកាប់រួចខុសច្បាប់។ប្រតិបត្តិការល្បាតរបស់ប្រជាជនក្នុងមូលដ្ឋាននេះ បានឈានទៅដល់ការពពាក់ពពូនគ្នាចូលទៅក្នុងចម្ការកៅស៊ូ ដើម្បីស្វែងរកភស្តុតាងនៃការកាប់ឈើ ដោយបានរកឃើញរោងម៉ាស៊ីនអារឈើនិងឈើអារមួយចំនួន។
ជាបុរសដែលមានរូបរាងស្គមសម្បុរស្រអែម និងមានការប្រុងប្រយ័ត្នខ្ពស់នោះ លោកមានការចងចាំយា៉ងច្បាស់អំពីទីតាំងនៃ អូរ ព្រែក តំបន់ព្រៃ និងផ្លូវទាំងឡាយនៅក្នុងតំបន់ដែលលោកល្បាត ហើយប្រមូលបានព័ត៌មានសម្ងាត់អំពីក្រុមហ៊ុន ដែលជាគោលដៅជាច្រើនឆ្នាំមកហើយ។
លោកបានមានប្រសាសាន៍ថា ខ្លួនចូលចិត្តដើរល្បាតក្រៅក្រុម ហើយកម្រដើរជាមួយក្រុមល្បាតស្ម័គ្រចិត្តពេលចុះបំពេញបេសកកម្មណាស់ គឺលោកសុខចិត្តនៅក្បែរនោះចាំទទួលសេចក្តីរាយការណ៍តាមទូរស័ព្ទពីមនុស្សជំនិតរបស់ខ្លួនវិញ។ ពេលទទួលបានដំណឹងតាមទូរស័ព្ទអំពីបញ្ហាប្រឈមនានាដូចជាពេលខូចម៉ូតូ អ្នកល្បាតមានជំងឺ ត្រូវពស់ចឹក និង រន្ទះបាញ់នោះ លោក វុទ្ធី តែងបានឆ្លើយតបចំពោះស្ថានការណ៍លំបាកទាំងនោះយា៉ងប្រសប់។
លោកបានមានប្រសាសន៍ថា "ខ្ញុំនៅក្បែរពួកគាត់ណាស់ ហើយបើសិនជាមានបញ្ហាអ្វីកើតឡើងនោះ ខ្ញុំដឹងយា៉ងច្បាស់ថាពួកគាត់នៅទីណា។ខ្ញុំត្រូវតែធានាសុវត្ថិភាពរបស់ប្រជាជន ដែលចូលរួមល្បាតហើយក៏ត្រូវតែការពារខ្លួនឯងផ្ទាល់ផងដែរ។ អ្នករកស៊ី មានភាពរហ័សរហួនណាស់ ដូច្នេះប្រសិនបើមានអ្វីប្រែប្រួល យើងត្រូវតែបត់បែនឲ្យបានឆាប់រហ័សដែរ"។...
នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យមានវិធានការបង្កើនមូលនិធិជំនួយហិរញ្ញវត្ថុក្នុងតំបន់
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រី ហ៊ុនសែនបានជំរុញឲ្យថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃសហគមន៍អាស៊ាន ពិនិត្យគម្រោងមួយ ដើម្បីបង្កើនទ្វេដងនូវមូលនិធិជំនួយហិរញ្ញវត្ថុដែលមូលនិធិនេះមួយចំនួនធំបានមកពីប្រទេសចិនជប៉ុននិងកូរេ៉ខាងត្បូងដើម្បីទប់ស្កាត់កុំឲ្យមានវិបត្តិហិរញ្ញវត្ថុនាពេលអនាគតនៅក្នុងតំបន់។
នៅពេលបើកកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានក្នុងរាជធានីភ្នំពេញលោកហ៊ុនសែនបានបង្ហាញពីហានិភ័យនៃវិបត្តិហិរញ្ញវត្ថុនាពេលអនាគត ពីព្រោះសេដ្ឋកិច្ចក្នុងប្រទេសលោកខាងលិចនៅតែមានកំណើនសេដ្ឋកិច្ចយឺតនៅឡើយ។
លោកបានមានប្រសាសន៍ថា ថ្វីបើកំណើនសេដ្ឋកិច្ចអាស៊ាន បានកើនឡើង៤,៣ភាគរយកាលពីឆ្នាំមុនក៏ដោយ ក៏នៅតែមានការព្រួយបារម្ភថា ការនាំទំនិញចេញទៅសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប អាចមានការធ្លាក់ចុះដែរ។ លោកបានបន្ដថា “ ខ្ញុំសូមអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាស៊ានចាត់វិធានការជាបន្ទាន់ដើម្បីពិភាក្សាជាមួយនឹងធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាសុីនិងមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីរក្សាស្ថិរភាពក្នុងតំបន់និងក្នុងពិភពលោក”។
ដើម្បីកាត់បន្ថយហានិភ័យនៃវិបត្តិហិរញ្ញវត្ថុផ្សេងទៀតនោះ (ដែលនៅក្នុងឆ្នាំ២០០៩សេដ្ឋកិច្ចកម្ពុជា ក៏បានធ្លាក់ចុះផងដែរ) លោកហុ៊ន សែន បានមានប្រសាសន៍ថា ក្រុមអាស៊ានបូកបី ដែលរួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងអាស៊ាន បានយល់ព្រមជាគោលការណ៍កាលពីថ្ងៃពុធ ក្នុងការបង្កើនមូលនិធិនៅក្នុងមូលនិធិនៃគំនិតផ្តួចផ្តើមពហុភាគីឈៀងម៉ៃ ។
ការផ្តួចផ្តើមគំនិតនេះ គឺជាយន្តការដោះដូររូបិយប័ណ្ណ ដែលបានបង្កើតឡើងកាលពីឆ្នាំមុន សម្រាប់ផ្តល់សាច់ប្រាក់ទៅឲ្យប្រទេសដែលជួបវិបត្តិហិរញ្ញវត្ថុ ក្រោយពេលយន្តការនេះ បានបង្កើតឡើងក្នុងឆ្នាំ២០០០ ដើម្បីទប់ស្កាត់កុំឲ្យវិបត្តិហិរញ្ញវត្ថុអាស៊ី កើតឡើងម្តងទៀតដូចក្នុងឆ្នាំ១៩៩៧។
កាលពីថ្ងៃពុធរដ្ឋមន្ត្រីអាស៊ានបូកបីបានលើកសំណើបង្កើនមូលនិធិនេះពី១២០ពាន់លានដុល្លារទៅ២៤០ពាន់លានដុល្លារអាមេរិក។លោកបានមានប្រសាសន៍ថា “ ការបង្កើនទ្វេដងនូវមូលនិធិគំនិតផ្តួចផ្តើមពហុភាគីឈៀងម៉ៃ ពី១២០ពាន់លានដុល្លារអាមេរិក ទៅ២៤០ពាន់លានដុល្លារអាមេរិក នេះគឺជាការចាំបាច់ក្នុងការផ្តល់សន្ទនិយភាពគ្រប់គ្រាន់ ជាពិសេសក្នុងពេលមានវិបត្តិហិរញ្ញវត្ថុ។ ខ្ញុំសូមជំរុញឲ្យមានការយកចិត្តទុកដាក់ចំពោះការបញ្ចប់គំនិតផ្តួចផ្តើមនេះ”។
សេចក្ដីថ្លែងការណ៍រួមមួយចេញនៅចុងបញ្ចប់នៃកិច្ចប្រជុំកាលពីថ្ងៃសុក្រដែលមានលោក គាតឈន់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាប្រធាននោះបានលើកឡើងថារដ្ឋមន្ត្រីអាសា៊ាន “ទន្ទឹងរង់ចាំមើលការពង្រឹងមូលនិធិគំនិតផ្តួចផ្តើមពហុភាគីឈៀងម៉ៃ នៅកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាស៊ានបូកបី លើកក្រោយនៅខែឧសភាឆ្នាំ២០១២”ក្នុងទីក្រុងម៉ានីល។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតូចៗ ដែលចូលរួមចំណែកក្នុងមូលនិធិនេះ ដោយបានផ្តល់មូលនិធិចំនួន១២០លានដុល្លារចំណែកប្រទេសចិន និងជប៉ុនបានផ្តល់ចំនួន៣៨ពាន់លានដុល្លារដូចគ្នា។
នៅពេលមានការបង្កើនទំហំមូលនិធិនេះការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ជាអង្គការសង្កេតការណ៍ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីត្រូវបានបង្កើតឡើងស្របគ្នាជាមួយនឹងមូលនិធិជំនួយហិរញ្ញវត្ថុនេះដែរ ដើម្បីបង្ការវិបត្តិហិរញ្ញវត្ថុ។
លោកភិតធើប្រ៊ីមបល (Peter Bri mble) សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសរបស់ADB បានមានប្រសាសន៍ថាប្រទេសកម្ពុជា ទំនងជានឹងមិនត្រូវការប្រាក់ពីមូលនិធិនេះនាពេលឆាប់ៗនេះទេ។
លោកបានមានប្រសាសន៍ថា “ នៅពេលនេះ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅមានស្ថិរភាពល្អ ហើយប្រឈមនឹងទីផ្សារអន្តរជាតិតិចជាងប្រទេសថៃ និងឥណ្ឌូណេស៊ី”។
ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកម្ពុជាអាចជួបនឹងហានិភ័យដោយសារគម្រោងធំៗដូចជាគម្រោងសាងសង់ទំនប់វារីអគ្គិសនីដែលអាចមានហានិភ័យប្រសិនបើពុំមានការបង្វិលសាច់ប្រាក់គ្រប់គ្រាន់ទេនោះ។
លោកអិុន ចាន់នីប្រធានធនាគារអេសីុលីដា បានមានប្រសាសន៍ថា មូលនិធិជំនួយហិរញ្ញវត្ថុនេះនឹងដើរតួរជាបណ្តាញសុវត្ថិភាពល្អ ខណៈពេលប្រទេសកម្ពុជា កំពុងធ្វើសមាហរណកម្មចូលក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។
លោកបានមានប្រសាសន៍ថា “ ដោយមានការបង្កើតទីផ្សារភាគហ៊ុន យើងក្លាយជាផ្នែកមួយនៃទីផ្សារហិរញ្ញវត្ថុ និងទីផ្សារទុន”។
លោកបានបន្ថែមថា “ កម្ពុជានឹងមានបទពិសោធន៍ថែមទៀតលើទីផ្សារអន្តរជាតិ។វិបត្តិសន្ទនិយភាពបានកើតឡើងរួចហើយនៅអឺរ៉ុប ដូច្នេះនេះគឺជាគំនិតផ្តួចផ្តើមដ៏ល្អបំផុត”៕
ប្រែសម្រួលដោយ ហមសុផាណ្ណា
អាជ្ញាធររារាំងក្រុមអ្នកភូមិមិនឲ្យផ្ញើញតិ្តទៅលោក ហ៊ូ ជីនថាវ
គ្រាន់តែប៉ុន្មានម៉ោងប៉ុណ្ណោះមុនលោកប្រធានាធិបតី ហ៊ូ ជីនថាវ បានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃសុក្រនោះ អ្នកភូមិមួយក្រុមមកពីខេត្តកោះកុង ដែលដីធ្លីរបស់ពួកគាត់កំពុងទទួលរងការគំរាមកំហែងពីគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ក្រុមហ៊ុនចិនដ៏ធំនោះ ត្រូវបានអាជ្ញាធរចាប់រុញបញ្ចូលក្នុងរថយន្តក្រុងទាំងបង្ខំ ហើយដឹកពួកគាត់ត្រឡប់ទៅផ្ទះសម្បែងវិញដោយមិនឲ្យពួកគាត់ដាក់ញត្តិដល់ស្ថានទូតចិនបានឡើយ។
អ្នកភូមិ និងមន្ត្រីមានសមត្ថកិច្ច បាននិយាយថានគរបាលនិងមន្ត្រីកងរាជអាវុធហត្ថមួយក្រុមមានគ្នា១៥នាក់ បានឈរនៅខាងក្រៅផ្ទះសំណាក់អេ៥ ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ កាលពីព្រឹកព្រលឹម ហើយបានរារាំងអ្នកភូមិចំនួន៣៣នាក់ មិនឲ្យធ្វើដំណើរទៅកាន់ស្ថានទូតចិន ដែលស្ថិតនៅតាមមហាវិថីម៉ៅសេទុង។
ការបណ្តេញអ្នកភូមិចេញនេះកើតមានឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះក្នុងរាជធានីភ្នំពេញ ហើយបានបញ្ជូនសញ្ញាព្រមានដល់អ្នកតវ៉ា ឬសកម្មជនមួយក្រុមដែលសង្ឃឹមចង់ប្រើប្រាស់វត្តមានរបស់ថ្នាក់ដឹកនាំក្នុងតំបន់ឲ្យបានដឹងពីកង្វល់របស់ខ្លួន។
ក្រុមអ្នកភូមិដែលត្រូវបាននគរបាលចាប់រុញបញ្ចូលក្នុងរថយន្តនោះ ស្ថិតក្នុងចំណោមអ្នកភូមិប្រមាណ១.១០០គ្រួសារនៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង ដែលផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ វិស័យទេសចរណ៍ ដែលមានទឹកប្រាក់៣,៨ពាន់លានដុល្លារ របស់ក្រុមហ៊ុនយូឌីជី (UDG) លើផ្ទៃដីទំហំ៣៦.០០០ហិកតាដោយលាតសន្ធឹងតាមប្រជុំកោះស្តេច។
អ្នកភូមិ១៩៣គ្រួសារបន្តរស់នៅតាមបណ្តោយឆ្នេរ ហើយបានបដិសេធមិនព្រមរើលំនៅដ្ឋានចេញ ហើយអ្នកតំណាងរបស់គ្រួសារទាំងនោះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានគោលបំណងចង់ប្រគល់ញត្តិទៅស្ថានទូតចិន ដើម្បីស្វែងរកជំនួយពីលោក ហ៊ូ ជីនថាវ ពេលមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោកប្រធានាធិបតីចិនរូបនេះគ្រោងស្នាក់នៅក្នុងរាជធានីភ្នំពេញរហូតដល់ថ្ងៃច័ន្ទ ហើយមានគម្រោងចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ចូលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិនប្រធានរដ្ឋសភា និងលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា។
លោករំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជាមួយកម្ពុជាស្តីពីគម្រោង ដែលមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ។អ្នកស្រី មឿន អាន អាយុ៥២ឆ្នាំ តំណាងឲ្យអ្នកភូមិ ដែលកំពុងតស៊ូការពារផ្ទះសម្បែងខ្លួនបាននិយាយថា អាជ្ញាធរបានប្រាប់ពួកគាត់ថា ការព្យាយាមទៅកាន់ស្ថានទូតចិន នៅពេលនេះ ត្រូវចាត់ទុកជាទង្វើខុសច្បាប់។
អ្នកស្រីអានបាននិយាយថា“ អាជ្ញាធរឃាត់ខ្ញុំទុកនៅកន្លែងទទួលភ្ញៀវរបស់ផ្ទះសំណាក់ ហើយបានប្រាប់ពួកយើងថាយើងមិនអាចចាកចេញពីផ្ទះសំណាក់នេះបានទេ លុះណាពួកយើងបានយល់ព្រមត្រឡប់ទៅខេត្តរបស់ខ្លួនវិញ”។
លោក ស៊ុន តារា អភិបាលរងខេត្តកោះកុងបានមកដល់ផ្ទះសំណាក់នេះ នៅវេលាព្រឹកព្រលឹម ដើម្បីប្រាប់ក្រុមអ្នកភូមិថា ពួកគាត់ត្រូវតែចាកចេញពីរាជធានីភ្នំពេញ ហើយរង់ចាំដោះស្រាយបញ្ហានេះជាមួយក្រុមអាជ្ញាធរមូលដ្ឋាននៅក្នុងខេត្តកោះកុងវិញ។
អ្នកស្រីបានបន្ថែមថា “ លោកអភិបាលរងរូបនេះបានអះអាងថា គម្រោងដង្ហែក្បួនដើម្បីទៅដាក់ញត្តិនោះ គឺខុសច្បាប់ និងនាំឲ្យប៉ះពាល់ដល់សន្តិសុខ និងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំនេះ”។
ដោយត្រូវបានទាក់ទងកាលពីថ្ងៃសុក្រលោកស៊ុនតារាបានអះអាងថាលោកពិតជាបានប្រាប់ក្រុមអ្នកភូមិឲ្យវិលត្រឡប់់ទៅខេត្តកោះកុងវិញមែន បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញបានជូនដំណឹងដល់លោកថាអ្នកភូមិមកពីខេត្តរបស់លោក បានមកដល់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិនៅស្ថានទូតចិន។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនបានបង្ខំ ឬបំភិតបំភ័យអ្នកភូមិឲ្យឡើងរថយន្តក្រុងទេ។ខ្ញុំគ្រាន់តែពន្យល់ប្រាប់ពួកគាត់ថាយើងគួរដោះស្រាយបញ្ហានេះនៅក្នុងខេត្តវិញ ជាពិសេសការដើរក្បួនរបស់ពួកគាត់ទៅកាន់ស្ថានទូតចិន នឹងបង្កឲ្យមានបញ្ហាផ្នែកសណ្តាប់ធ្នាប់ និងបញ្ហាសន្តិសុខដល់ដំណើរទស្សនកិច្ចរបស់លោកហ៊ូជីនថាវ”។
មុនពេលត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ខ្លួននោះ អ្នកភូមិក្នុងខេត្តកោះកុង កំពុងតែរស់យ៉ាងសុខសាន្ត នៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងសម្បូរទៅដោយព្រៃកោងកាងនៅក្នុងឧទ្យានជាតិបទុមសាគរ ដែលមានផ្ទៃដីទំហំ១៧១.២៥០ហិកតា។
ភូមិនេសាទតូចៗហ៊ុមព័ទ្ធដោយដើមស្វាយដើមដូង និងដើមស្វាយចន្ទីនោះ បានជួយចិញ្ចឹមអ្នកភូមិ និងផ្តល់នូវប្រភពប្រាក់ចំណូលដល់ពួកគាត់ទៀតផង។
ប៉ុន្តែនៅពេលសហគមន៍នេសាទជួបនឹងបញ្ហា ឥឡូវនេះអ្នកភូមិត្រូវធ្វើដំណើរតាមម៉ូតូរាប់ម៉ោងទៅទិញស្បៀងអាហារ និងប្រេងសាំង ដោយសារផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានផ្លាស់ឲ្យទៅនៅចម្ងាយប្រហែល២០គីឡូម៉ែត្រនៅលើដីដែលគ្មានជីជាតិ៕
ប្រែសម្រួលដោយ សោមសារុន
ម្ចាស់សណ្ឋាគារ ផ្អាកវេទិកាប្រជាពលរដ្ឋអាស៊ាន មិនឲ្យ បន្ដ ដោយសាររឿងនយោបាយ
អ្នករៀបចំកម្មវិធី បានមានប្រសាសន៍ថាសិក្ខាសាលាចំនួនបួននៅក្នុងវេទិកាប្រជាពលរដ្ឋអាស៊ាន ដែលផ្តោតលើបញ្ហាបន្ទាន់នានា ដូចជា សិទ្ធិដីធ្លី និងព្រឹត្តិការណ៍នៅក្នុងប្រទេសភូមា ត្រូវបានរារាំងដោយម្ចាស់សណ្ឋាគារ ដែលជាកន្លែងរៀបចំវេទិកាអាស៊ាននេះកាលពីថ្ងៃសុក្រព្រោះគេគិតថាវេទិកានេះរសើបផ្នែកនយោបាយណាស់។
ក្នុងចំណោមសិក្ខាសាលាទាំង២៥ ដែលគ្រោងធ្វើឡើងនៅក្នុងវេទិការយៈពេលបីថ្ងៃ ហើយដែលនឹងបញ្ចប់នៅថ្ងៃសៅរ៍ កិច្ចប្រជំុនេះស្ដីអំពីសិទ្ធិដីធ្លី ការបណ្តេញប្រជាជនចេញពីដីធ្លីបញ្ហាបរិស្ថាន និងព្រឹត្តិការណ៍ថ្មីៗក្នុងប្រទេសភូមា ត្រូវបានម្ចាស់សណ្ឋាគារ ឡាក់គីស្តារ នៅខណ្ឌទួលគោក ចាត់ទុកថា មានភាពចម្រូងចម្រាសណាស់។
លោកស្រីធីតាឃិះនាយិការអង្គការសិទ្ធិមនុស្សក្នុងស្រុកសីលការ និងជាប្រធានគណៈកម្មាធិការរៀបចំផែនការសម្រាប់វេទិកានេះ បានមានប្រសាសន៍ថា “ ម្ចាស់សណ្ឋាគារបានលើកឡើងថា វេទិកានេះពាក់ព័ន្ធទៅនឹងរឿងនយោបាយ ហើយពួកគេមិនចង់ឲ្យមានការពិភាក្សាពីបញ្ហានេះនៅក្នុងសណ្ឋាគាររបស់គេទេ។ ម្ចាស់សណ្ឋាគារ និយាយថាបញ្ហានេះគឺសម្រាប់ថ្នាក់ដឹកនាំប្រទេសជាអ្នកដោះស្រាយ មិនមែនសម្រាប់យើងជាអ្នកដោះស្រាយនោះទេ”។
លោកស្រីធីតា ឃិះ បានមានប្រសាសន៍បន្តថា បុគ្គលិកនៅក្នុងសណ្ឋាគារនេះ បានប្រាប់គាត់ថា ពួកគេ ទទួលរងសម្ពាធពីអាជ្ញាធរមូលដ្ឋាន ឲ្យបិទសិក្ខាសាលាទាំងនេះ។
វេទិកានេះមិនត្រូវបានរដ្ឋាភិបាលទទួលស្គាល់ទេ ផ្ទុយទៅវិញរដ្ឋាភិបាលអនុញ្ញាតឲ្យមានការរៀបចំវេទិកាមួយ ដែលមានឈ្មោះដូចគ្នានេះនៅសាលសន្និសីទចតុមុខ ដែលមន្ត្រីរដ្ឋាភិបាលបាន ឧបត្ថម្ភនិងចូលរួមទៀតផង មុនកិច្ចប្រជំុកំពូលអាស៊ាននៅសប្តាហ៍ក្រោយ។
លោកស្រីប្រាញចិន្តាម្ចាស់សណ្ឋាគារ ឡាក់គីស្តារ បានបដិសេធថា អាជ្ញាធរមិនបានបង្ខំឲ្យគាត់បិទសិក្ខាសាលាពាក់ព័ន្ធនឹងនយោបាយនេះទេ ដោយអះអាងផ្ទុយពីនេះថា វាមានបញ្ហាក្នុងការផ្តល់ម្ហូបអាហារទៅវិញទេ។
លោកស្រី ចិន្តា បានមានប្រសាសន៍ថា“ ដំបូង អ្នករៀបចំកម្មវិធី បានប្រាប់ខ្ញុំថាមានមនុស្សចូលរួមសិក្ខាសាលានេះតែ២០នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលវេទិកា បានចាប់ផ្តើម វាបែរជាមានមនុស្សច្រើនជាងនេះទៅវិញ។សណ្ឋាគាររបស់ខ្ញុំមិនមានអាហារគ្រប់គ្រាន់ សម្រាប់អ្នកចូលរួមទាំងនោះទេ”។លោកស្រីបានលើកឡើងថា “ សណ្ឋាគាររបស់ខ្ញុំមិនបានបិទសិក្ខាសាលាទាំងនេះទេ។វាប្រហែលជាអ្នករៀបចំសិក្ខាសាលាបិទដោយខ្លួនឯង”។
ទោះជា អ្នករៀបចំវេទិកាត្រូវបានគេផ្តល់កន្លែងផ្សេងឲ្យរៀបចំសិក្ខាសាលាចំនួនបួននៅសណ្ឋាគារមួយផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញក៏ដោយ ក៏លោកស្រី ឃិនអូម៉ាអ្នកសម្របសម្រួលនៅអង្គការ Burma Partnership ដែលមានគម្រោងនិយាយអំពីប្រទេសភូមា នៅក្នុងសិក្ខាសាលាមួយក្នុងចំណោមសិក្ខាសាលាដែលគេបានរារាំងនេះបានមានប្រសាសន៍ថាអ្នករៀបចំកម្មវិធី បានសម្រេចមិនព្រមទទួលយកជម្រើសនេះទេ ពីព្រោះវាមានការលំបាកខ្លាំងពេក ក្នុងការឲ្យអ្នកមកចូលរួមជាច្រើនផ្លាស់ពីសណ្ឋាគារមួយទៅសណ្ឋាគារមួយទៀត។
លោកស្រីអូម៉ាបានមានប្រសាសន៍បន្តថា “ ហេតុផលផ្សេងទៀត ដែលយើងសម្រេចចិត្តមិនទៅកន្លែងថ្មី ពីព្រោះយើងចង់ឲ្យមានសាមគ្គីភាព។យើងចង់ពិភាក្សាអំពីបញ្ហាទាំងអស់នេះ ប៉ុន្តែឥឡូវយើងមិនត្រូវបានអនុញ្ញាតឲ្យធ្វើដូច្នោះទេ”។ លោកអោមមិុចអាយុ៤៨ឆ្នាំដែលជាជនជាតិភាគតិចកួយ មកពីស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានមានប្រសាសន៍ថា គាត់មានការខកចិត្តចំពោះការលុបចោលសិក្ខាសាលាស្តីពីការបណ្តេញប្រជាជនចេញពីដី ព្រោះវាជាបញ្ហាមួយប៉ះពាល់ទៅដល់សហគមន៍ជនជាតិភាគតិចនៅទូទាំងប្រទេស។
លោកមិុចបានបន្តថា “ ខ្ញុំពិតជាខកចិត្តណាស់ ពីព្រោះខ្ញុំមិនមែននិយាយរឿងនេះសម្រាប់ខ្លួនខ្ញុំទេ ប៉ុន្តែខ្ញុំនិយាយរឿងនេះសម្រាប់សហគមន៍អាស៊ានទាំងមូល។ លោកធនសារាយប្រធានអង្គការសិទ្ធិមនុស្ស អាដហុកបានរិះគន់ចំពោះការដាក់សម្ពាធលើវេទិកានិងអ្នកចូលរួមវេទិកា។ លោកបានមានប្រសាសន៍ថា “ ប្រទេសរបស់យើងគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។
ប្រសិនបើរដ្ឋាភិបាលធ្វើដូច្នេះ ប្រទេសរបស់យើងគ្រាន់តែពាក់ស្លាកលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែយើងមិនបានដើរតាមលទ្ធិប្រជាធិបតេយ្យនោះទេ”។
លោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថាលោក “ មិនដឹង”ថាតើមន្ត្រីរដ្ឋាភិបាល...
សាកសួរកម្មការិនីពីរនាក់ អំពីការបាញ់ប្រហារកាលពីម្សិលមិញ
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា សាលាដំបូងខេត្តស្វាយរៀង កាលពីម្សិលមិញបានសាកសួរកម្មការិនីរោងចក្រកាត់ដេរពីរនាក់ ចំណោមកម្មការិនីបីនាក់ ដែលត្រូវបានបាញ់ប្រហារ អំឡុងការតវ៉ាមួយនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិត កាលពីខែកុម្ភៈ។
នាងកែវនា អាយុ១៨ឆ្នាំ នាងប៊ុនចិន្តាអាយុ២១ឆ្នាំ និងនាង នុត សុខន អាយុ២៣ឆ្នាំ បានប្តឹងលោក ឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិត ថាជាជនសង្ស័យតែម្នាក់គត់ទទួលខុសត្រូវក្នុងការបាញ់ប្រហារកាលពីថ្ងៃទី២០ខែកុម្ភៈនៅតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ ដោយទាមទារជំងឺចិត្តពី៤០.០០០ដុល្លារ ទៅ៥០.០០០ដុល្លារ។
លោកហ៊ឹងប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកាលពីម្សិលមិញ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលទ្ធផលនៃការសាកសួរទេប៉ុន្តែបានលើកឡើងថា នាងសុខន ធ្លាក់ខ្លួនឈឺពេលកំពុងសម្ភាសនាង ហើយត្រូវបានបញ្ជូនទៅគ្លីនិកឯកជន។ លោកប៊ុនជា បានមានប្រសាសន៍បន្ថែមថា តុលាការនៅមិនទាន់ចេញដីកាចាប់ខ្លួនលោក...
អ្នកភូមិនៅខេត្តព្រៃវែង តវ៉ាការដំឡើងថ្លៃចរន្តអគ្គិសនីផ្គត់ផ្គង់ដោយក្រុមហ៊ុន អេលីហ្សា ហួរ
ប្រជាពលរដ្ឋជាង២០០គ្រួសារនៅក្នុងខេត្តព្រៃវែង បានប្រមូលផ្តុំគ្នានៅខាងក្រៅអធិការដ្ឋាននគរបាលស្រុកពារាំង កាលពីថ្ងៃពុធ ដើម្បីតវា៉ចំពោះក្រុមហ៊៊ុនផ្គត់ផ្គង់ភ្លើងអគ្គិសនី អេលីហ្សា ហួរ(Elisa Hour) និងក្រុមហ៊ុនអគ្គិសនីកម្ពុជា(EDC)ដែលសុទ្ធតែមិនព្រមបញ្ចុះថ្លៃអគ្គិសនី បើទោះជាខ្លួនបានសន្យាកាលបីខែមុនហើយក៏ដោយ។
អ្នកភូមិបាននិយាយកាលពីម្សិលមិញថា កាលពីក្នុងខែមករា ក្រុមហ៊ុនEDCដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបានសន្យា ចំពោះអ្នកភូមិថា តម្លៃអគ្គិសនីនឹងបញ្ចុះពី៣.០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង មកត្រឹម១.៧០០រៀលវិញ។ ប៉ុន្តែតម្លៃនេះនៅតែមិនទាន់ចុះដដែល។
ឈ្មោះ ជឿ ចាយ ដែលស្ថិតក្នុងចំណោម អ្នកតវ៉ាទាំងនោះបានលើកឡើងថា “តម្លៃនេះ ខ្ពស់ណាស់សម្រាប់យើង"។ លោក ជឿ ចាយ បាននិយាយថា ក្រុមហ៊ុន EDC ក៏បានសន្យាដែរ ថានឹងមានការដំឡើងបណ្តាញអគ្គិសនីបន្ថែម ដើម្បីឲ្យលំនៅដ្ឋានបន្ថែមទៀតអាចភ្ជាប់បណ្តាញរបស់រដ្ឋបាន។
លោក ជឿ ចាយ បាននិយាយថា លោកប្រមូលស្នាមមេដៃបានចំនួន៥០០ពីអ្នកភូមិ ដើម្បីបញ្ជូនញត្តិមួយទៅខុទ្ទកាល័យខេត្តព្រវែងនៅថ្ងៃច័ន្ទ។ ប្រសិនបើអ្នកភូមិមិនទទួលបានការឆ្លើយតបទេនោះ ញត្តិនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តតែម្តង។
ឈ្មោះ ស៊ុន សូនី ជាអ្នកតវា៉ម្នាក់ទៀតបាននិយាយថា “ការផ្គត់ផ្គង់អគ្គិសនីឲ្យអ្នកភូមិមិនមែនជារឿងលំបាកទេ ប្រសិនបើ ចង់នោះ ”។
លោកយ៉ាឫទ្ធី អ្នកបចេ្ចកទេសនៅEDC បាននិយាយថា ការពន្យារពេលបញ្ចុះតម្លៃអគ្គិសនីនៅក្នុងតំបន់នេះ គឺដោយសារតែការពង្រីកផ្លូវជាតិលេខ៦ ដែលបានបង្អាក់ដំណើរការដំឡើងបណ្តាញអគ្គិសនីថ្មីរបស់ក្រុមហ៊ុន។
លោក យ៉ាបានមានប្រសាសន៍ថា “បើទោះជាគម្រោងរបស់រដ្ឋាភិបាលកំពុងបង្អាក់ការងាររបស់យើងក៏ដោយ ក៏៏EDCនៅតែធ្វើការងារបស់ខ្លួន ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីឆាប់ៗនេះដែរ”។
លោក យ៉ា ក៏បានឲ្យដឹងផងដែរថា EDCនិងក្រុមហ៊ុនថ្មីមួយឈ្មោះ TLPC កំពុងតែដំឡើងបណ្តាញអគ្គិសនីក្នុងបំណងបញ្ចុះតម្លៃអគ្គិសនីសម្រាប់អ្នកភូមិ។
លោក ព្រៃ ឡេង ឪពុករបស់ម្ចាស់ក្រុមហ៊ុន អេលីហ្សា ហួរ បាននិយាយថា ក្រុមហ៊ុនមិនអាចបញ្ចុះតម្លៃអគ្គិសនីបានទេ ពីព្រោះតម្លៃប្រេងមា៉ស៊ូតបច្ចុប្បន្ននេះថ្លៃខ្លាំងណាស់ គឺដល់ទៅ១.៣២០ដុល្លារក្នុងមួយតោនឯណោះ៕
ប្រែសម្រួលដោយ ចេវប៊ុននី
សមាជិកគណបក្ស សម រង្ស៊ី ដើរចេញពីសម័យប្រជុំព្រឹទ្ធសភា ព្រោះខឹងមិនបានតំណែង
នៅក្នុងសម័យប្រជុំលើកដំបូងនៃអាណត្តិថ្មីរបស់ខ្លួនកាលពីម្សិលមិញ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីចំនួន១១រូប បានដើរចេញជាការតវ៉ា បន្ទាប់ពីសមាជិកភាគច្រើននៃគណបក្សប្រជាជនកម្ពុជាបានរារាំងមិនឲ្យមានការតែងតាំងតួនាទីធំៗនៅក្នុងគណៈកម្មការ ព្រឹទ្ធសភាទាំងប្រាំបួន។
លោកគង់គាំសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីបានថ្លែងនៅសន្និសីទកាសែតមួយធ្វើនៅខាងក្រៅព្រឹទ្ធសភាថា“ឥឡូវនេះប្រទេសកម្ពុជា ដូចប្រទេសវៀតណាម និងប្រទេសលាវអ៊ីចឹងដែលនៅប្រទេសទាំងពីរនេះសភាត្រូវបានគ្រប់គ្រងដោយគណបក្សតែមួយ។រដ្ឋសភានិងព្រឹទ្ធសភាត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។គណបក្សមួយជាអ្នកសម្រេចហើយគណបក្សមួយទៀតជាអ្នកអនុវត្ត”។
លោកគង់គាំ បានមានប្រសាសន៍ថាគណបក្សសមរង្ស៊ីបានដាក់បេក្ខជនសម្រាប់តួនាទីអនុប្រធានប៉ុន្តែត្រូវបានបដិសេធតួនាទីទាំងនេះដោយការបោះឆ្នោតដែលធ្វើឲ្យមានការបែកបាក់គ្នានៅក្នុងគណបក្ស។
លោកបានមានប្រសាសន៍ថា“គណបក្សប្រជាជនកម្ពុជាបង្ហាញពីឆន្ទៈមិនល្អនៅពេលគណបក្សនេះបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភាអនុប្រធានទីមួយនិងអនុប្រធានទីពីរចេញពីគណបក្សរបស់ខ្លួនហើយលុបឈ្មោះបេក្ខជនមកពីគណបក្ស សមរង្ស៊ី។ទង្វើនេះបង្ហាញឲ្យឃើញថាពួកគេចង់គ្រប់គ្រងស្ថាប័ននេះតែឯង។ពួកគេមិនអនុញ្ញាតឲ្យគណបក្សសមរង្ស៊ីចូលរួមក្នុងគណៈកម្មការណាមួយឡើយ”។
បើទោះជាមានការដើរចេញបែបនេះក៏ដោយក៏កិច្ចប្រជុំកាលពីម្សិលមិញបានបន្តធ្វើដោយគ្មានសមាជិកគណបក្សសមរង្ស៊ីដែរ។ លោកជាជេដ្ឋសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថា“ទោះជាគណបក្ស សមរង្ស៊ីដើរចេញក៏ដោយក៏យើងនៅមានសមាជិកគ្រប់គ្រន់សម្រាប់បោះឆ្នោតគាំទ្រដែរ។វាគ្មានបញ្ហាទេនៅពេលសមាជិកមកពីគណបក្ស សមរង្ស៊ី ដើរចេញនោះ”។
យោងតាមលោកសាយឈុំអនុប្រធានទីមួយព្រឹទ្ធសភាបានឲ្យដឹងថាលោក ជាស៊ីមប្រធានព្រឹទ្ធសភាដែលអវត្តមានពីកិច្ចប្រជុំនេះ ទើបតែបានត្រឡប់មកពីការពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី។ លោកសាយឈុំបានមានប្រសាសន៍នៅពេលបើកសម័យប្រជុំនេះថា“ឋខ្ញុំដឹកនាំសម័យប្រជុំនេះក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ពីព្រោះសម្តេចប្រធានព្រឹទ្ធសភាអវត្តមាន”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា“ សម្តេចប្រធានត្រូវ ធ្វើដំណើរទៅជួបវេជ្ជបណ្ឌិតជារៀងរាល់ប្រាំមួយខែម្តង”។
មានការលើកឡើងពីការព្រួយបារម្ភក្នុងរយៈពេលមួយឆ្នាំមកនេះអំពីសុខភាពរបស់លោកជាស៊ីមដែលមានអាយុ៧៩ឆ្នាំទៅហើយនោះហើយលោកខកខានមិន បានចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗជាច្រើន។
លោកឧត្តមសេនីយ៍ឯកយឹមលាងមេបញ្ជាការកងអង្គរក្សលោកជាស៊ីមបានមានប្រសាសន៍កាលពីម្សិលមិញថាការធ្វើដំណើរទៅប្រទេសសិង្ហបុរីនោះគឺដើម្បីទៅពិនិត្យសុខភាពតាមការគ្រោងទុកជាប្រចាំមិនមែនដោយសារលោកជាស៊ីមមានជំងឺធ្ងន់ធ្ងរនោះទេ៕
ប្រែសម្រួលដោយសោមសារុន
អ្នកភូមិស្វែងរកជំនួយពីប្រធានាធិបតី ហ៊ូ ជិនតាវ ឲ្យជួយដោះស្រាយក្នុងជម្លោះដីធ្លីខេត្តកោះកុង
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងគម្រោងទេសចរណ៍ទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនចិនមិនឲ្យលេបត្របាក់យកលំនៅដ្ឋានរបស់ខ្លួន អ្នកភូមិនៅខេត្តកោះកុង បាននិយាយថានឹងនាំគ្នាដាក់ញត្តិជូនស្ថានទូតចិននៅថ្ងៃនេះដោយអំពាវនាវសុំឲ្យមានការអន្តរាគមន៍ ពីសំណាក់ប្រធានាធិបតីចិនហ៊ូជិនតាវ។
អ្នកស្រី ទិត្យ ថេន អាយុ៥៤ឆ្នាំ ជាតំណាងអ្នកភូមិមកពីឃុំព្រែកខ្សាច់ ស្រុកគិរីសាគរខេត្តកោះកុង បាននិយាយថា អ្នកភូមិមួយក្រុមមានគ្នា២០នាក់គ្រោងនឹងនាំយកញត្តិ ដែលផ្ដិតមេដៃ ដោយប្រជាពលរដ្ឋចំនួន៣៤៩នាក់ដាក់ជូនស្ថានទូតចិន ក្នុងរាជធានីភ្នំពេញ ខណៈពេលលោក ហ៊ូ ជិនតាវ មកបំពេញទស្សនកិច្ចប្រទេសកម្ពុជាស្របពេលជាមួួយនឹងកិច្ចប្រជុំកំពូលអាស៊ាននៅសប្ដាហ៍ក្រោយនេះ។
ដោយមានការអនុញ្ញាត ពីរដ្ឋាភិបាលតាំងពីឆ្នាំ២០០៨មក គម្រោងទេសចរណ៍ទ្រង់ទ្រាយធំរបស់ចិន ដែលគ្រប់គ្រងដោយ ក្រុមហ៊ុនយូ ឌី ជី (UDG) បាននិងកំពុងកាប់ឆ្ការព្រៃលើផ្ទៃដីទំហំ៣៦.០០០ហិកតា នៅតាមឆ្នេរសមុទ្រខេត្តកោះកុង ដើម្បីសាងសង់តំបន់ទេសចរណ៍មួយ ដែលមានសណ្ឋាគារទីលានវាយកូនហ្គុលហ្វ៍និងអាកាសយានដ្ឋានដែលត្រូវចំណាយអស់ទឹកប្រាក់ចំនួន៣,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ប្រជាពលរដ្ឋចំនួន១.១០០គ្រួសារ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន និងព្រមទទួលសំណងថ្លៃដីជាទឹកប្រាក់រាប់ម៉ឺនដុល្លារ និងផ្ទះឈើថ្មី ព្រមទាំងដីសម្រាប់ធ្វើស្រែចម្ការ ក្នុងមួយគ្រួសារចំនួនពីរហិកតា នៅទីតាំងថ្មីចម្ងាយប្រហែល១៥គីឡូម៉ែត្រពីមាត់សមុទ្រ។ ទោះជាយា៉ងណា អ្នកភូមិខ្លះ បាននិយាយថា ពួកគាត់ត្រូវអាជ្ញាធរបង្ខិតបង្ខំឲ្យចាកចេញពីដីរបស់ខ្លួន។
អ្នកស្រី ទិត្យថេនបានបន្ថែមថាអភិបាលស្រុកគិរីសាគរបានបង្គាប់ឲ្យប្រជាពលរដ្ឋចំនួន១៩៣គ្រួសារ ដែលបន្តរស់ នៅក្នុងសហគមន៍នោះ ឲ្យចាកចេញនៅត្រឹមថ្ងៃអង្គារនេះ បុ៉ន្តែគ្រួសារទាំងនោះ បានទាមទារមិនព្រមចាកចេញឡើយ។ អ្នកស្រីនិយាយថា "យើងចង់ដាក់ញត្តិនិយាយអំពីបញ្ហារបស់អ្នកភូមិដូច្នេះ នៅពេលលោក មកដល់ លោកនឹងដឹងអំពីបញ្ហានេះហើយលោកនឹងរកដំណោះស្រាយសមរម្យសម្រាប់ពួកយើង"។
អ្នកស្រីបាននិយាយថា កាលពីខែមុនស្ថានទូតចិន បានទាត់ចោលញត្តិរបស់ពួកគាត់ម្តងហើយ ប៉ុន្តែពេលនេះ អ្នកភូមិនឹងចាំមើលទាល់តែស្ថានទូតព្រមទទួលញតិ្តនេះ។
អ្នកស្រីបាននិយាយថា “ប្រសិនបើមិនទទួលទេ យើងនឹងបន្តប្ដឹង នៅខាង។អ្នកស្រីបានបន្ដថា គ្រួសារទាំងនោះនឹង "ប្រឆាំងរហូតដល់ស្លាប់ ប្រសិនបើពួកគាត់មិនបានរស់នៅកន្លែងចាស់របស់ពួកគាត់ទេនោះ”។
លោកឆេងឆែអភិបាលស្រុកគិរីសាគរបានមានប្រសាសន៍ថា រឿងនេះហួសពីសមត្ថកិច្ចរបស់លោក ក្នុងការសម្រេចចិត្តថា តើគ្រួសារទាំងនោះអាចបន្តរស់នៅក្នុងភូមិចាស់របស់ពួកគាត់ឬអត់នោះ។ លោកបានបន្ថែមថា វាអាស្រ័យលើគណៈកម្មការអន្តរក្រសួង ដែលទទួលបន្ទុករកដំណោះស្រាយចំពោះការផ្លាស់ទីតាំងថ្មីនេះ។
លោកបានមានប្រសាសន៍ថា "ពួកគាត់មិនអនុញ្ញាតឲ្យបន្តរស់នៅក្នុងទីតាំងចាស់នោះទៀតទេ"។ លោកបានបញ្ជាក់ថាប្រជាពលរដ្ឋប្រហែល២០០គ្រួសារកំពុងតែរស់នៅនៅទីនោះនៅឡើយ។"នេះគឺជាគោលការណ៍របស់អន្តរក្រសួង”។
លោកវ៉ាងចាវអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនយូឌីជី ថ្លែងថាលោកមិនអាចធ្វើអត្ថាធិប្បាយបានទេ ហើយលោកក៏មិនដឹងអំពីញត្តិផ្ញើជូនលោក ហ៊ូ ជិនតាវ ដែរ៕
(រាយការណ៍បន្ថែមដោយ Simon Lewis )
ប្រែសម្រួលដោយហមសុផាណ្ណា
Latest news
© 2021, ដេលី. All rights reserved.

