30 C
Phnom Penh

អាជ្ញាធររារាំងក្រុមអ្នកភូមិមិនឲ្យផ្ញើញតិ្តទៅលោក ហ៊ូ ជីនថាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រាន់តែប៉ុន្មានម៉ោងប៉ុណ្ណោះ​មុន​លោក​ប្រធានាធិបតី ហ៊ូ ជីនថាវ បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ​កាលពីថ្ងៃសុក្រនោះ អ្នកភូមិ​មួយក្រុមមកពីខេត្ត​កោះកុង​ ដែលដីធ្លីរបស់​ពួកគាត់​កំពុងទទួលរងការ​គំរាម​កំហែង​ពីគម្រោងអភិវឌ្ឍន៍វិស័យ​ទេស​ចរណ៍​របស់​ក្រុមហ៊ុនចិន​ដ៏ធំនោះ ត្រូវបាន​អាជ្ញាធរ​ចាប់​រុញបញ្ចូលក្នុង​រថយន្តក្រុងទាំងបង្ខំ​ ហើយដឹក​ពួកគាត់ត្រឡប់ទៅផ្ទះសម្បែងវិញដោយ​មិន​ឲ្យពួកគាត់​ដាក់ញត្តិដល់ស្ថាន​ទូត​ចិនបានឡើយ។

 

អ្នកភូមិ និង​មន្ត្រីមានសមត្ថកិច្ច បាន​និយាយ​ថានគរបាលនិងមន្ត្រី​កងរាជអាវុធហត្ថមួយ​ក្រុមមានគ្នា១៥នាក់ ​បាន​ឈរនៅខាងក្រៅ​ផ្ទះសំណាក់​អេ៥ ក្នុង​ខណ្ឌទួលគោករាជធានី​ភ្នំពេញ កាលពី​ព្រឹកព្រលឹម ហើយ​បាន​រា​រាំង​អ្នកភូមិ​ចំនួន​៣៣នាក់​ មិន​ឲ្យ​ធ្វើដំណើរ​ទៅ​កាន់​ស្ថានទូត​ចិន​ ដែលស្ថិតនៅតាម​មហាវិថីម៉ៅសេទុង​។

ការបណ្តេញអ្នកភូមិចេញនេះ​កើតមាន​ឡើង​នៅមុនកិច្ច​ប្រជុំកំពូល​អាស៊ាន​ ដែល​គ្រោងធ្វើឡើង​នៅសប្តាហ៍ក្រោយនេះក្នុង​រាជ​ធានីភ្នំពេញ ហើយ​បាន​បញ្ជូន​សញ្ញា​ព្រមាន​ដល់អ្នកតវ៉ា ឬសកម្មជន​មួយក្រុម​ដែល​​សង្ឃឹមចង់ប្រើប្រាស់​វត្តមានរបស់​ថ្នាក់​ដឹកនាំក្នុងតំបន់ឲ្យបាន​ដឹងពីកង្វល់របស់ខ្លួន។

ក្រុមអ្នកភូមិដែលត្រូវបាននគរបាល​ចាប់​​រុញបញ្ចូលក្នុង​រថយន្តនោះ ស្ថិតក្នុងចំណោម​អ្នកភូមិប្រមាណ​១.១០០គ្រួសារ​នៅក្នុង​ស្រុកគិរីសាគរ និងស្រុកបទុមសាគរ​ ខេត្ត​កោះកុង​ ដែល​ផ្ទះសម្បែងរបស់​ពួកគាត់​ត្រូវបាន​រងផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍ ដែលមានទឹក​ប្រាក់​​​៣,៨ពាន់លានដុល្លារ របស់​ក្រុមហ៊ុន​យូឌីជី (UDG) ​លើ​ផ្ទៃដីទំហំ​៣៦.០០០​ហិកតា​​ដោយលាតសន្ធឹង​តាម​ប្រជុំ​កោះស្តេច​។

អ្នកភូមិ១៩៣គ្រួសារបន្តរស់​នៅតាម​បណ្តោយឆ្នេរ ហើយបានបដិសេធមិន​ព្រម​រើលំនៅដ្ឋានចេញ ហើយ​អ្នកតំណាង​របស់​គ្រួសារ​ទាំងនោះ​ បាន​ធ្វើដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញ ​កាលពីថ្ងៃព្រហស្បតិ៍ ដោយ​មាន​​គោលបំណង​ចង់ប្រគល់​ញត្តិ​ទៅ​ស្ថាន​ទូត​ចិន​ ដើម្បី​ស្វែងរក​ជំនួយ​ពី​លោក ហ៊ូ ជីនថាវ ពេលម​កបំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា។

លោកប្រធានាធិបតីចិនរូបនេះ​​គ្រោង​ស្នាក់​នៅក្នុង​រាជធានីភ្នំពេញ​រហូតដល់​ថ្ងៃច័ន្ទ ហើយ​មាន​គម្រោងចូលគាល់​ព្រះមហា​ក្សត្រ​ នរោត្តម សីហមុនី ចូលជួប​លោកនាយក​រដ្ឋ​មន្ត្រី  ហ៊ុន សែន លោក ហេង សំរិនប្រធាន​រដ្ឋ​សភា និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា។

លោករំពឹង​ថានឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងមួយ​ចំនួន​ជាមួយ​កម្ពុជា​​ស្តីពី​គម្រោង ដែល​មិន​ទាន់​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​នៅឡើយទេ។អ្នកស្រី មឿន អាន អាយុ​៥២ឆ្នាំ តំណាង​​​ឲ្យអ្នកភូមិ​ ដែល​កំពុង​តស៊ូការពារ​ផ្ទះ​សម្បែង​ខ្លួន​បាន​និយាយថា អាជ្ញាធរ​បាន​ប្រាប់​ពួកគាត់​ថា ការព្យាយាម​ទៅកាន់​ស្ថាន​ទូត​ចិន នៅ​​ពេល​នេះ ត្រូវចាត់​ទុកជា​ទង្វើខុស​ច្បាប់​។

អ្នកស្រីអានបាននិយាយថា“ អាជ្ញាធរ​ឃាត់ខ្ញុំទុកនៅកន្លែងទទួលភ្ញៀវរបស់​ផ្ទះ​សំណាក់​ ហើយបាន​ប្រាប់​ពួកយើងថាយើង​មិន​អាច​ចាកចេញ​ពីផ្ទះសំណាក់​នេះ​បានទេ​ លុះណា​ពួកយើង​បាន​យល់​ព្រម​ត្រឡប់​ទៅ​ខេត្ត​របស់​ខ្លួនវិញ”។

លោក ស៊ុន តារា អភិបាល​រង​ខេត្ត​កោះកុង​បាន​មកដល់​ផ្ទះសំណាក់​នេះ នៅវេលាព្រឹក​ព្រលឹម ដើម្បី​ប្រាប់​ក្រុមអ្នក​ភូមិថា ពួកគាត់​ត្រូវ​តែ​ចាកចេញ​ពី​រាជ​ធានី​ភ្នំពេញ ហើយ​រង់ចាំដោះស្រាយ​បញ្ហានេះ​ជាមួយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាននៅ​ក្នុង​ខេត្ត​កោះកុងវិញ។

អ្នកស្រី​បាន​បន្ថែមថា “ លោកអភិបាលរង​រូបនេះ​បាន​អះអាង​ថា គម្រោង​ដង្ហែក្បួន​​ដើម្បីទៅដាក់​ញត្តិនោះ គឺ​ខុស​ច្បាប់​ និង​នាំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ និង​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ក្នុង​ឋានៈជា​ប្រធានអាស៊ាននៅឆ្នាំនេះ”។

ដោយត្រូវបាន​ទាក់​ទង​កាលពីថ្ងៃសុក្រលោកស៊ុនតារាបាន​អះអាង​ថាលោក​ពិត​ជា​​បាន​ប្រាប់​ក្រុមអ្នកភូមិ​ឲ្យវិល​ត្រឡប់់​ទៅ​ខេត្ត​កោះកុង​វិញមែន  បន្ទាប់​ពីអាជ្ញាធររាជធានី​ភ្នំពេញ​បានជូនដំណឹងដល់លោក​ថាអ្នកភូមិ​មកពី​ខេត្ត​របស់​លោក បាន​មកដល់​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន។

លោកបាន​មាន​ប្រសាសន៍ថា “ ខ្ញុំមិន​បាន​បង្ខំ ឬបំភិតបំភ័យអ្នកភូមិ​ឲ្យ​ឡើង​រថយន្ត​ក្រុង​ទេ​។ខ្ញុំគ្រាន់តែពន្យល់​ប្រាប់​ពួកគាត់​ថាយើង​គួរ​ដោះស្រាយ​បញ្ហានេះ​នៅ​ក្នុង​ខេត្ត​វិញ ជាពិសេស​ការ​ដើរក្បួនរបស់​ពួកគាត់​ទៅកាន់​ស្ថានទូត​ចិន នឹង​បង្កឲ្យមាន​បញ្ហា​ផ្នែក​សណ្តាប់​ធ្នាប់​ និង​បញ្ហាសន្តិសុខ​ដល់​ដំណើរទស្សនកិច្ច​របស់​លោកហ៊ូជីនថាវ”។

មុនពេល​ត្រូវ​បាន​បណ្តេញចេញ​ពីផ្ទះ​សម្បែង​របស់​ខ្លួននោះ អ្នកភូមិ​ក្នុង​ខេត្ត​កោះកុង កំពុង​តែរស់​យ៉ាងសុខសាន្ត នៅ​តាម​​បណ្តោយ​ឆ្នេរ​​សមុទ្រដ៏ស្រស់ស្អាត​ និង​សម្បូរ​ទៅដោយ​ព្រៃកោងកាង​នៅក្នុង​ឧទ្យាន​ជាតិបទុមសាគរ​​ ដែលមានផ្ទៃដី​ទំហំ​១៧១.២៥០ហិកតា​។

ភូមិនេសាទ​តូចៗហ៊ុមព័ទ្ធដោយ​ដើម​ស្វាយដើមដូង​ និង​ដើម​ស្វាយ​ចន្ទី​នោះ​ បាន​ជួយ​ចិញ្ចឹម​អ្នក​ភូមិ​ និង​ផ្តល់​នូវ​ប្រភព​ប្រាក់​ចំណូល​ដល់​ពួកគាត់​ទៀត​ផង។

ប៉ុន្តែ​នៅពេល​សហគមន៍នេសាទ​ជួប​នឹង​បញ្ហា ឥឡូវនេះ​អ្នកភូមិ​ត្រូវ​ធ្វើដំណើរ​តាម​ម៉ូតូ​រាប់​ម៉ោង​ទៅ​ទិញ​ស្បៀង​អាហារ​ និង​ប្រេង​សាំង​ ដោយសារ​ផ្ទះ​សម្បែង​របស់​ពួកគាត់​ត្រូវបាន​ផ្លាស់​ឲ្យ​ទៅនៅ​ចម្ងាយប្រហែល​​២០​គីឡូ​ម៉ែត្រ​នៅ​លើ​ដីដែល​គ្មាន​ជីជាតិ៕

        ប្រែសម្រួល​ដោយ សោមសារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស