31.8 C
Phnom Penh

សមាជិកគណបក្ស សម រង្ស៊ី ដើរ​ចេញ​ពី​សម័យប្រជុំ​ព្រឹទ្ធសភា ព្រោះខឹងមិនបានតំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុង​សម័យប្រជុំ​លើក​ដំបូង​នៃ​អាណត្តិថ្មីរបស់ខ្លួនកាលពីម្សិលមិញ សមា​ជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីចំនួន​១១រូប ​បានដើរចេញជាការតវ៉ា បន្ទាប់​ពី​សមា​ជិកភាគ​ច្រើន​នៃ​គណបក្ស​ប្រជាជន​កម្ពុជាបាន​រារាំង​មិនឲ្យ​មាន​ការ​តែង​តាំង​​តួនាទីធំៗ​នៅក្នុង​គណៈកម្មការ​ ព្រឹទ្ធសភា​ទាំង​ប្រាំបួន។

លោកគង់គាំសមាជិកព្រឹទ្ធសភា​គណ​បក្ស​សមរង្ស៊ីបាន​ថ្លែង​នៅ​សន្និសីទ​កាសែតមួយធ្វើនៅខាងក្រៅព្រឹទ្ធ​សភាថា“ឥឡូវនេះប្រទេសកម្ពុជា ​ដូច​ប្រទេស​វៀតណាម ​និង​ប្រទេសលាវអ៊ីចឹងដែល​នៅ​ប្រទេស​ទាំង​ពីរ​នេះ​​​សភាត្រូវបាន​គ្រប់​គ្រង​ដោយ​គណ​បក្សតែមួយ។រដ្ឋសភានិង​ព្រឹទ្ធ​សភា​ត្រូវ​បានគ្រប់គ្រង​ដោយ​គណបក្សប្រជាជន​កម្ពុជា។គណបក្សមួយជាអ្នក​សម្រេចហើយ​គណ​​​បក្ស​​​មួយ​​​ទៀតជាអ្នកអនុវត្ត”។

លោកគង់គាំ​ បានមានប្រសាសន៍ថាគណ​​​​បក្សសមរង្ស៊ីបាន​ដាក់​បេក្ខជន​សម្រាប់​​តួ​​​នាទី​​​​អនុប្រធានប៉ុន្តែ​ត្រូវបាន​បដិសេធ​តួនាទីទាំង​នេះ​ដោយការ​បោះ​ឆ្នោត​​ដែល​ធ្វើ​ឲ្យ​មាន​ការ​​​​បែក​បាក់​គ្នា​នៅក្នុង​គណ​បក្ស។

លោកបាន​មាន​ប្រសាសន៍ថា“គណ​បក្ស​ប្រជាជន​កម្ពុជាបង្ហាញពីឆន្ទៈមិនល្អនៅ​ពេល​​​​គណ​បក្ស​នេះ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ព្រឹទ្ធសភាអនុ​ប្រធាន​ទីមួយនិង​អនុប្រធាន​​​ទីពីរចេញពី​គណ​បក្ស​របស់​ខ្លួនហើយ​លុប​ឈ្មោះ​បេក្ខជន​មកពី​គណបក្ស​ សមរង្ស៊ី។ទង្វើនេះបង្ហាញ​ឲ្យ​ឃើញ​​ថាពួកគេ​ចង់​គ្រប់​គ្រង​ស្ថាប័ន​​​នេះ​តែឯង។ពួកគេ​មិនអនុញ្ញាត​ឲ្យគណបក្ស​សមរង្ស៊ី​ចូលរួម​ក្នុងគណៈកម្មការ​ណា​មួយ​​ឡើយ”។

បើទោះជា​មានការ​ដើរ​ចេញ​បែប​នេះ​ក៏ដោយក៏កិច្ច​ប្រជុំ​កាលពីម្សិលមិញបាន​បន្តធ្វើ​ដោយ​គ្មាន​សមាជិក​គណបក្ស​សមរង្ស៊ីដែរ។ លោកជាជេដ្ឋសមា​ជិក​ព្រឹទ្ធ​សភាមកពី​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសា​សន៍​​នៅក្នុង​​​កិច្ច​ប្រជុំនោះថា“ទោះជា​គណ​បក្ស​ សមរង្ស៊ីដើរចេញក៏ដោយក៏យើង​នៅមាន​​​សមា​​​ជិក​​​​​​គ្រប់​គ្រន់​សម្រាប់បោះឆ្នោតគាំទ្រដែរ។វាគ្មាន​​​បញ្ហាទេនៅពេល​​​សមាជិកមកពីគណបក្ស​ សមរង្ស៊ី ​​​ដើរ​​​ចេញនោះ”។

យោងតាមលោកសាយឈុំអនុ​ប្រធាន​ទីមួយ​ព្រឹទ្ធសភា​បាន​ឲ្យដឹងថាលោក ​ជាស៊ីមប្រធានព្រឹទ្ធសភាដែល​អវត្តមានពីកិច្ច​ប្រជុំ​នេះ​ ទើបតែបាន​ត្រឡប់​មក​ពី​ការពិនិត្យសុខភាព​នៅ​​ប្រទេស​សិង្ហបុរី។ លោកសាយឈុំបាន​មាន​ប្រសាសន៍​នៅ​​​ពេលបើកសម័យប្រជុំ​នេះ​ថា“ឋខ្ញុំដឹក​​​នាំ​សម័យ​​​​ប្រជុំនេះក្នុងនាម​ជា​ប្រធាននៃ​កិច្ច​ប្រជុំ​ ពី​​​ព្រោះ​សម្តេច​ប្រធាន​ព្រឹទ្ធ​សភា​អវត្តមាន”។ លោកបានមានប្រសាសន៍​បន្ថែមទៀត​​​ថា“ ​សម្តេច​ប្រធាន​ត្រូវ ធ្វើដំណើរទៅជួបវេជ្ជបណ្ឌិតជា​​​រៀង​​​រាល់​ប្រាំ​មួយ​ខែម្តង”។

មានការលើកឡើង​ពី​ការ​ព្រួយបារម្ភ​ក្នុង​​​រយៈពេល​មួយ​ឆ្នាំ​​មក​នេះអំពី​សុខភាព​របស់​លោកជាស៊ីមដែល​​មាន​អាយុ៧៩​​​ឆ្នាំ​​​​​​ទៅ​​​ហើយនោះហើយ​លោកខកខាន​​មិន​ បាន​ចូលរួម​ក្នុងកិច្ច​​​ប្រជុំ​សំខាន់ៗជាច្រើន។

លោកឧត្តមសេនីយ៍ឯកយឹមលាងមេ​​​បញ្ជាការ​កង​អង្គរក្ស​លោកជាស៊ីមបាន​មាន​​​​ប្រសា​សន៍​កាល​​​ពី​​​ម្សិលមិញថាការ​ធ្វើ​​​ដំណើរ​ទៅ​ប្រទេស​សិង្ហ​​​បុរីនោះគឺដើម្បី​ទៅ​ពិនិត្យ​សុខ​ភាព​តាមការ​គ្រោង​​​ទុកជា​​​ប្រចាំមិនមែនដោយសារ​លោកជាស៊ីម​មាន​ជំងឺធ្ងន់ធ្ងរ​​​នោះទេ៕

ប្រែសម្រួលដោយសោមសារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស