38.8 C
Phnom Penh

អ្នក​ភូមិ​ស្វែងរក​ជំនួយពី​ប្រ​ធានា​ធិបតី ហ៊ូ ជិនតាវ ​ឲ្យ​ជួយដោះស្រាយ​​ក្នុង​ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​កិច្ចខិត​ខំ​ប្រឹង​ប្រែង ដើម្បី​រា​រាំងគម្រោង​ទេសចរណ៍​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុមហ៊ុនចិនមិន​ឲ្យ​លេបត្របាក់​យក​លំនៅដ្ឋានរបស់ខ្លួន អ្នក​ភូមិ​នៅ​ខេត្តកោះកុង​ បាន​និយាយ​ថានឹងនាំគ្នា​ដាក់​ញត្តិជូន​ស្ថានទូត​ចិន​នៅ​ថ្ងៃ​នេះដោយ​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​អន្តរាគមន៍​ ពី​សំណាក់​ប្រធានាធិបតីចិនហ៊ូជិនតាវ។

អ្នក​ស្រី​ ទិត្យ ថេន អាយុ​៥៤​ឆ្នាំ ជាតំណាង​អ្នក​ភូមិ​មកពី​ឃុំ​ព្រែក​ខ្សាច់ ស្រុកគិរី​សាគរខេត្តកោះ​កុង បាន​និយាយថា អ្នក​ភូមិមួយក្រុម​មាន​គ្នា​២០​នាក់គ្រោង​នឹង​នាំ​យក​​ញត្តិ​ ដែល​ផ្ដិត​មេដៃ​ ដោយ​ប្រ​ជា​ពលរដ្ឋ​ចំនួន៣៤៩នាក់​​ដាក់​ជូន​ស្ថាន​ទូត​ចិន​​ ក្នុង​រាជធានី​ភ្នំ​ពេញ ខណៈ​ពេល​លោក ហ៊ូ ជិនតាវ មក​បំពេញទស្សនកិច្ចប្រទេស​កម្ពុជា​ស្រប​ពេល​ជា​មួួយ​នឹង​កិច្ចប្រ​ជុំ​កំ​ពូល​អាស៊ាន​នៅ​សប្ដាហ៍​ក្រោយ​នេះ។

ដោយ​មាន​ការ​អនុញ្ញាត ពី​រដ្ឋាភិបាលតាំងពី​ឆ្នាំ២០០៨មក គម្រោង​ទេសចរណ៍​ទ្រង់ទ្រាយ​ធំរបស់​ចិន​ ដែល​គ្រប់​គ្រង​ដោយ​ ក្រុម​ហ៊ុនយូ ឌី ជី (UDG)​​​ បាន​និង​កំពុង​កាប់​ឆ្ការ​ព្រៃ​លើផ្ទៃ​ដី​ទំហំ៣៦.០០០​ហិកតា ​នៅតាម​ឆ្នេរ​សមុទ្រ​ខេត្ត​កោះ​កុង  ដើម្បីសាងសង់​តំបន់​ទេសចរណ៍​មួយ ដែល​មាន​សណ្ឋាគារទីលាន​វាយ​កូន​ហ្គុលហ្វ៍និង​អាកាស​យាន​ដ្ឋាន​ដែល​ត្រូវ​ចំណាយអស់ទឹក​ប្រាក់​ចំនួន​៣,៨ពាន់​​​លាន​​​ដុល្លារ​សហរដ្ឋអាមេរិក។

ប្រជាពលរដ្ឋ​ចំនួន​១.១០០​គ្រួសារ ​បាន​ចុះ​​​​កិច្ចសន្យាជាមួយ​ក្រុម​ហ៊ុន​ និង​ព្រម​​ទទួល​សំណង​ថ្លៃ​ដីជាទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ និងផ្ទះ​ឈើថ្មី ព្រមទាំងដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ ក្នុង​មួយ​គ្រួសារ​ចំនួនពីរ​ហិកតា ​​​នៅ​ទី​តាំង​ថ្មីចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ​ពី​មាត់​សមុទ្រ។ ទោះ​ជា​យា៉ងណា អ្នក​ភូមិ​ខ្លះ ​បាន​និយាយ​ថា ពួកគាត់​ត្រូវ​អាជ្ញាធរបង្ខិត​បង្ខំ​ឲ្យចាកចេញ​​ពីដី​របស់​ខ្លួន។

អ្នក​ស្រី​ ទិត្យថេនបាន​បន្ថែម​ថាអភិបាល​ស្រុកគិរី​សាគរ​បាន​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋចំនួន​១៩៣​គ្រួសារ​  ដែល​បន្តរស់ នៅក្នុងសហ​គមន៍នោះ ឲ្យចាក​ចេញ​នៅត្រឹម​ថ្ងៃ​អង្គារនេះ បុ៉ន្តែគ្រួ​សារ​ទាំង​នោះ បានទាមទារ​មិនព្រម​ចាក​ចេញឡើយ។​ អ្នកស្រីនិយាយ​ថា​ “យើង​ចង់​ដាក់​​ញត្តិនិយាយ​អំពី​បញ្ហា​របស់អ្នក​​ភូមិដូច្នេះ​ នៅ​ពេលលោក [ហ៊ូ ជិនតាវ]​​​​ មក​ដល់​ លោក​នឹង​ដឹងអំពីបញ្ហានេះហើយ​លោក​នឹងរក​ដំ​ណោះ​ស្រាយ​សមរម្យ​សម្រាប់​ពួក​យើង”។

អ្នក​ស្រី​បាន​និយាយ​ថា​ កាល​ពី​ខែ​មុនស្ថាន​​ទូត​ចិន​ បាន​ទាត់ចោល​ញត្តិរបស់ពួកគាត់ម្តងហើយ ប៉ុន្តែ​ពេល​នេះ អ្នក​ភូមិនឹង​ចាំ​មើល​ទាល់​តែ​ស្ថានទូត​ព្រមទទួល​ញតិ្តនេះ។

អ្នក​ស្រី​បាន​និយាយ​ថា “ប្រ​សិន​បើ​មិន​ទទួល​ទេ យើង​នឹង​បន្ត​ប្ដឹង នៅខាង[ក្រៅបរិ វេណ​​ស្ថាន​ទូត]។អ្នក​ស្រីបាន​បន្ដ​ថា ​គ្រួសារ​ទាំង​នោះ​នឹង ​ ”ប្រ​ឆាំងរហូតដល់ស្លាប់ ប្រសិនបើ​ពួកគាត់​មិន​បាន​រស់​នៅ​កន្លែង​ចាស់​របស់​ពួកគាត់​ទេ​នោះ”។

លោកឆេងឆែអភិបាល​ស្រុកគិរី​សាគរ​បាន​មាន​ប្រ​សាសន៍​ថា  រឿង​នេះ​ហួស​ពីសមត្ថ​កិច្ច​របស់​លោក ក្នុង​ការ​សម្រេច​ចិត្ត​ថា​ តើ​គ្រួសារ​ទាំងនោះអាច​បន្តរស់នៅ​ក្នុង​ភូមិ​ចាស់​របស់​ពួកគាត់​ឬអត់​នោះ។ លោក​បាន​បន្ថែម​ថា​ វា​អា​ស្រ័យ​លើ​គណៈ​កម្មការ​អន្តរ​ក្រសួង ដែល​ទទួល​បន្ទុករកដំណោះ​ស្រាយ​ចំពោះការ​ផ្លាស់ទី​តាំង​ថ្មី​នេះ។

លោក​បាន​មាន​ប្រ​សាសន៍​ថា ”ពួកគាត់​មិនអនុញ្ញាតឲ្យ​បន្ត​រស់​នៅ​ក្នុង​ទី​តាំង​ចាស់​នោះទៀត​ទេ”។​​​​ លោក​បាន​បញ្ជាក់​ថាប្រ​ជា​ពល​រដ្ឋ​ប្រហែល​២០០​គ្រួសារ​កំពុង​តែ​រស់​នៅ​នៅ​ទី​នោះ​នៅ​ឡើយ។​​”​នេះ​គឺជាគោល​ការណ៍​របស់​អន្តរ​ក្រសួង”។

លោកវ៉ាងចាវអ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់​​​​ទំនង​របស់ក្រុម​ហ៊ុនយូឌីជី ថ្លែង​ថាលោក​​​​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​បាន​ទេ ហើយ​​​លោកក៏មិន​ដឹង​​​​​​​អំពី​​ញត្តិផ្ញើជូន​លោក ហ៊ូ ជិនតាវ ដែរ៕

(រាយការណ៍​បន្ថែម​ដោយ Simon Lewis )

                  ប្រែ​សម្រួល​ដោយហមសុផាណ្ណា

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស