ខណៈពេលអឺរ៉ុបបន្តរកវិធីដោះស្រាយវិបត្តិ បំណុលរបស់ខ្លួនអូសបន្លាយអស់រយៈពេលពីរឆ្នាំនោះ នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអាស៊ាន-សហភាពអឺរ៉ុប ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញលោកការ៉េលដេ ហ្គុច (Karel de Gucht) ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានព្យាយាមយកអនាគតរបស់អាស៊ីអាគ្នេយ៍ធ្វើជាចំណុចសំខាន់សម្រាប់ដោះស្រាយវិបត្តិរបស់ខ្លួន និងបានជំរុញឲ្យវិនិយោគិនអឺរ៉ុប ទទួលផលប្រយោជន៍ពីអត្រាកំណើនខ្ពស់នៅក្នុងតំបន់នេះ។
សហភាពអឺរ៉ុប បានក្លាយជាវិនិយោគិនធំបំផុតរួចទៅហើយ និងជាដៃគូពាណិជ្ជកម្មធំបំផុតទីពីរជាមួយប្រទេសនានានៅក្នុងអាស៊ាន បន្ទាប់ពីប្រទេសចិន។ ប៉ុន្តែក្រុមអ្នកបង្កើតគោលនយោបាយក្នុងទីក្រុងព្រុចសែល ចាត់ទុកបណ្តាប្រទេសរីកចម្រើនលឿននៅអាស៊ីអាគ្នេយ៍ថា ជាចំណុចសំខាន់សម្រាប់ធ្វើឲ្យអឺរ៉ុប ងើបផុតពីវិបត្តិនេះ។
លោក ការ៉េល ដេ ហ្គុច បានប្រាប់ក្រុមវិនិយោនគិន និងមន្ត្រីរដ្ឋាភិបាលមកពីបណ្តាប្រទេសអាស៊ាន និងសហភាពអឺរ៉ុប ដែលបានចូលរួមយ៉ាងច្រើនកកកុញក្នុងសាលសន្និសីទមួយនៅសណ្ឋាគារសូហ្វីតែល ថា“ នៅអឺរ៉ុប យើងដឹងថា ក្នុងពេលអនាគតកំណើនសេដ្ឋកិច្ច៩០ភាគរយក្នុងពិភពលោក នឹងកើតមានឡើងនៅក្រៅព្រំដែនរបស់យើង។ មួយភាគធំនៃកំណើននោះ នឹងកើតមានឡើងនៅក្នុងតំបន់អាស៊ាន។ដោយចាត់ទុកបញ្ហានេះ ថាជាការគំរាមកំហែងនោះ យើងជាពលរដ្ឋអឺរ៉ុប ចាត់ទុកតួលេខកំណើនគួរឲ្យភ្ញាក់ផ្អើលនៅអាស៊ីនេះ ថាជាផ្នែកនៃដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ចរបស់យើង”។
សញ្ញាមួយក្នុងចំណោមសញ្ញាដែលបង្ហាញឲ្យឃើញច្បាស់បំផុតអំពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អឺរ៉ុប នៅក្នុងតំបន់នេះ គឺប្រហែលជាសេចក្តីសម្រេចរបស់ខ្លួនកាលពីឆ្នាំមុន ដើម្បីបង្កើនវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា ឲ្យទៅជាបេសកកម្មការទូតពេញលេញ។
លោក ការ៉េលដេ ហ្គុច បានមានប្រសាសន៍ថា “ ការផ្លាស់ប្តូរនោះ គឺជាការទទួលស្គាល់ថា អឺរ៉ុប មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា រឹងមាំប៉ុណ្ណា។ប៉ុន្តែវាក៏ប្រហែលជាសញ្ញាមួយបង្ហាញឲ្យឃើញដែរថា តំបន់អាស៊ីអាគ្នេយ៍មានសារៈសំខាន់ប៉ុណ្ណានៅក្នុងទីក្រុងព្រុចសែល និងរដ្ឋធានីនៃប្រទេសផ្សេងៗទៀតនៅអឺរ៉ុប”។
ដោយគាំទ្រសម្តីរបស់លោកការ៉េលដេ ហ្គុច លោកស៊ូរិន ពិតស៊ូវ៉ាន់ អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា អាស៊ានចង់ឲ្យមានការនិយោគទុនបន្ថែមទៀតមកពីអឺរ៉ុប។ទោះជាយ៉ាងណា លោកក៏បានឆ្លៀតយកឱកាសនេះបង្ហាញថា តំបន់អាស៊ានមានទំនុកចិត្តប៉ុណ្ណា។ លោកបានមានប្រសាសន៍សំដៅដល់វិបត្តិហិរញ្ញវត្ថុអាស៊ានថា ”កាលពីឆ្នាំ១៩៩៧ សហភាពអឺរ៉ុប បានប្រាប់យើងឲ្យរៀបចំផ្ទះឲ្យមានសណ្តាប់ធ្នាប់”។
លោកស៊ូរិន ពិតស៊ូវ៉ាន់ បានមានប្រសាសន៍ថា “ ពេលនេះ យើងសូមអំពាវនាវឲ្យអឺរ៉ុប រៀបចំផ្ទះរបស់ខ្លួនឲ្យមានសណ្តាប់ធ្នាប់វិញ”
ហើយអ្នកចូលរួមក៏បានទះដៃឡើង។ លោកស៊ូរិនបានបន្តបង្ហាញថា អឺរ៉ុប មានសារៈសំខាន់ប៉ុណ្ណាចំពោះសេដ្ឋកិច្ចនៅអាស៊ាន និងបានគូសបញ្ជាក់ថាការវិនិយោគផ្ទាល់របស់បរទេសមកពីប្រទេសនានានៅអឺរ៉ុប ចូលមកអាស៊ាន បានឈានដល់១៧ពាន់លានដុល្លារហើយឬប្រហែល២៤ភាគរយនៃវិនិយោគទុនសរុបក្នុងឆ្នាំ២០១០។
ខណ:ពេលទំនាក់ទំនងរវាងតំបន់ទាំងពីរកាន់តែរឹងមាំ ហើយការនាំចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប បានកើនឡើង៦០ភាគរយដល់ទៅជាង១ពាន់លានដុល្លារកាលពីឆ្នាំមុននោះ ក្រុមហ៊ុននានានៅអឺរ៉ុប កំពុងតែជួបបញ្ហាលំបាកជាច្រើន ពេលធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
វិនិយោគិនចូលរួមក្នុងសន្និសីទកាលពីម្សិលមិញនេះបានលើកឡើងថា ការទាក់ទាញបណ្តាក្រុមហ៊ុនអឺរ៉ុប ឲ្យមកកាន់តំបន់នេះ ជាពិសេសចំពោះបណ្តាប្រទេសមានការអភិវឌ្ឍតិចតួចដូចជា ប្រទេសកម្ពុជា ភូមានិងលាវនោះនៅតែមានការលំបាក ដោយសារនៅតែមានបញ្ហាអំពើពុករលួយ ច្បាប់ធូររលុង និងហេដ្ឋារចនាសម្ព័ន្ធមិនល្អ។ក្រុមហ៊ុនអឺរ៉ុប ដែលមិនធ្លាប់រកស៊ីពីមុននៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក៏ត្រូវធ្វើការសិក្សាស៊ីជម្រៅផងដែរ។
លោកជីនពើរ៉េ ម៉េហ្វ្រូត (Jean Pierre Meyfroodt) នាយកប្រតិបត្តិក្រុមហ៊ុន Flanders Concrete ជាក្រុមហ៊ុនសំណង់របស់បែលហ្ស៊ិកធ្វើប្រតិបត្តិការនៅទូទាំងតំបន់នេះ បានមានប្រសាសន៍ថា”យើងធ្វើសកម្មភាពអស់រយ:ពេល៣០ឆ្នាំមកហើយនៅអាស៊ី។ប្រសិនបើអស់លោកមកកាន់ទីនេះ ហើយនេះជាលើកដំបូង ដែលអស់លោកឈានជើងមកកាន់ទីផ្សារនេះនោះ អស់លោកនឹងមិនទទួល
បានជោគជ័យឡើយ”។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលនេះលោក មេ៉ហ្វ្រូត បានមានប្រសាសន៍ថា ការធ្វើឲ្យធនាគារនៅអឺរ៉ុប មានទំនុកចិត្តក្នុងការឲ្យប្រាក់ខ្ចីដល់ក្រុមហ៊ុននានា ដែលមានបំណងវិនិយោគនៅបរទេសនោះ កំពុងតែជួបការលំបាកខ្លាំងនៅឡើយ។
លោកបានមានប្រសាសន៍ថា “ ប្រាក់ទាំងអស់ដែលយើងបានវិនិយោគនៅទីនេះ បានពីម្ចាស់ភាគហ៊ុនរបស់យើងផ្ទាល់។ខ្ញុំមានការជឿជាក់ថា មានមនុស្សជាច្រើនចង់វិនិយោគនៅអាស៊ីប៉ុន្តែពួកគេមិនទាន់មានប្រាក់ទេ”។ ភាពខុសប្លែកគ្នានៃវប្បធម៌ក៏ជាឧបសគ្គបន្ថែមទៀតដល់អ្នកចូលមករកស៊ីថ្មីៗដែរ។
លោក ក្លូស លែនហេស័រ (Klaus Land-haeusser) ជានាយកប្រចាំតំបន់របស់ក្រុមហ៊ុន Bosch បានលើកឡើងថា “ នៅក្នុងប្រទេសអាល្លឺម៉ង់ វាជារឿងធម្មតាទេ ក្នុងការចាប់ផ្តើមកិច្ចប្រជុំនិងផ្តើមនិយាយអំពីប្រធានបទភ្លាមៗ”។លោកបានមានប្រសាសន៍ថា “ នៅទីនេះ ក្នុងតំបន់អាស៊ាន សុទ្ធតែមានការជជែកគ្នាពីនេះពីនោះប្រហែលកន្លះម៉ោងសិន ដូចជានិយាយអំពីក្រុមគ្រួសារ អំពីអាកាសធាតុ អំពីវប្បធម៌ និងចាប់ផ្តើមសន្សឹមៗ។ការធ្វើដូច្នេះគឺជាការលំបាកខ្លាំងណាស់សម្រាប់ពលរដ្ឋអឺរ៉ុបជាច្រើន ព្រោះអ្នកមិននិយាយឲ្យចំៗចំណុចភ្លាមៗដូចនៅក្នុងប្រទេសអាល្លឺម៉ង់ ឬក្នុងប្រទេសផ្សេងៗទៀតនៅអឺរ៉ុបនោះទេ”។
ឲ្យចំៗចំណុចភ្លាមៗដូចនៅក្នុងប្រទេសអាល្លឺម៉ង់ ឬក្នុងប្រទេសផ្សេងៗទៀតនៅអឺរ៉ុបនោះទេ”។ លោកបានមានប្រសាសន៍ទៀតថា “ វាពិត ជាលំបាកណាស់សម្រាប់ពលរដ្ឋអឺរ៉ុប យល់ដឹងពីភាពខុសគ្នានៃការធ្វើពាណិជ្ជកម្មនៅទីនេះ។មានការអនុវត្តខុសគ្នានៅអឺរ៉ុប ប៉ុន្តែមិនខុសគ្នាខ្លាំងដូចនៅអាស៊ាននោះទេ”។
លោក អេរីក មូសេត (Eric Mousset) ប្រធានសភាពាណិជ្ជកម្មបារាំង-កម្ពុជា ក៏បានយល់ឃើញដូច្នេះដែរ។លោកបានមានប្រសាសន៍ថា “ ការធ្វើពាណិជ្ជកម្មនៅអឺរ៉ុប ផ្អែកខ្លាំងទៅលើច្បាប់ រីឯនៅទីនេះវិញ អ្វីៗផ្អែកលើបណ្តាញដែលគួរឲ្យទុកចិត្ត និងមានការអនុវត្តបែបនេះរាប់សតវត្សរ៍មកហើយ”។
កាលពីឆ្នាំមុន ក្រុមហ៊ុន Bosch បានបើកការិយាល័យមួយ នៅក្នុងប្រទេសកម្ពុជាហើយថ្មីៗនេះ បានសាងសង់រោងចក្រមួយក្នុងប្រទេសវៀតណាម។ ប៉ុន្តែនៅមានការសង្ស័យនៅឡើយនៅក្នុងអឺរ៉ុប អំពីថា តើប្រទេសមានការអភិវឌ្ឍតិចតួចនៅក្នុងតំបន់នេះ បានត្រៀមខ្លួនចាំទទួលស្វាគមន៍វិនិយោគិនធំៗរួចហើយឬនៅ។
លោក រ៉ាមេសកូដាម៉ាល (Ramesh Koddamal) ជាសមាជិកមួយរូបនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន បានថ្លែងថា លោកទទួលបានការសាកសួរពីក្រុមហ៊ុននានានៅអឺរ៉ុប ដែលបានសួរសំណួរថា តើហេដ្ឋារចនាសម្ព័ន្ធនិងនីតិរដ្ឋក្នុងប្រទេសក្រីក្រជាងគេនៃតំបន់នេះ មានគ្រប់គ្រាន់ហើយឬនៅ។
លោកបានមានប្រសាសន៍ថា “ នៅពេលដែលអ្នកសំឡឹងមើលកន្លែងដូចជាប្រទេសកម្ពុជា និងប្រទេសវៀតណាមជាដើមនោះវាជាទីផ្សារទើបលេចឡើងថ្មី។ការលំបាកនៅតែមាននៅឡើយ។ទីផ្សារទាំងនេះមិនទាន់ចាស់ទុំនៅឡើយទេ។ ក្នុងប្រទេសម៉ាឡេស៊ីសិង្ហបុរីនិងថៃ វាចាស់ទុំទៅហើយ”។ទោះជាយ៉ាងណា មានសញ្ញាបង្ហាញថាគំនិតដែលយល់ឃើញថា អាស៊ានជាគោលដៅវិនិយោគមួយនោះ កំពុងតែចាប់ផ្តើមមានការជឿជាក់ខ្លះៗហើយ។
លោកជែសុន ស៊ីមសុន មកពីក្រុមហ៊ុន Arup ជាក្រុមហ៊ុនពិគ្រោះយោបល់និងវិស្វកម្មអន្តរជាតិ ដែលកំពុងសាងសាង់អគារ VattanacTower ជាគម្រោងសង់អគារខ្ពស់កប់ពពកមួយក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ ទោះបីជាការិយាល័យកណ្តាលរបស់យើងស្ថិតនៅក្នុងទីក្រុងឡុងដ៍ ក្តី ក៏យើងកំពុងមានបំណងចង់ពង្រីកការរកស៊ីបន្ថែមទៀតនៅអាស៊ានដែរ”។លោក ស៊ីមសុន បានមានប្រសាសន៍ថា “យើងមានការិយាល័យក្នុងទីក្រុងហូជីមិញនិងនៅប្រទេសថៃហើយយើងកំពុងតែព្យាយាមផលិតផលិតផលក្នុងតំបន់”៕
ប្រែសម្រួលដោយ តែមសុខុម