28.1 C
Phnom Penh

TAG

paywall

ម៉ូតូ​អម​ក្បួនប្រតិ​ភូ​អាស៊ាន​ ប៉ះ​​​រថយន្ត​បុរស​វ័យ​៧១​ឆ្នាំ

កាល​ពី​ថ្ងៃ​ពុធ​ បុរស​អាយុ​៧១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​មួយ​រយៈ​ពេលខ្លី​  បន្ទាប់​ពី​រថយន្ត​​​​របស់​គាត់​ប៉ះ​ទង្គិច​ជា​មួយ​ម៉ូតូ​កង​រាជ​អាវុធ​ហត្ថ ដែល​កំពុង​អម​ដំណើរ​គណៈ​ប្រតិ​ភូ​ថៃ​ មកចូល​រួម​កិច្ចប្រជុំ​អាស៊ាន។ ​លោក​ ខេង​ ទីតូ​ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថជាតិ​បាន​មាន​ប្រសាសន៍​ថា​ រថ​យន្ត​​​​​​​តូយ៉ូ​តា​រ៉េ​ហ្វ័រ ​របស់​លោក​ ឡាយកៃម៉ាន់​ បាន​បុក​​​​ម៉ូតូ​អម​ដំណើរ​គណៈ​ប្រតិភូ​នៅ​កាច់​ជ្រុង​ផ្លូវ​លេខ​៥១​ និង​ផ្លូវ​លេខ​១៤១​ក្នុង​ខណ្ឌ​ដូន​ពេញ។​ មិន​មាន​គណៈ​ប្រតិ​ភូ​ថៃ​ណា​ម្នាក់​​រង​របួស​ទេ ​ហើយ​សំណាង​ល្អ​ កង​រាជ​អាវុធហត្ថ ដែល​​បើកបរ​ម៉ូតូនោះ បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​គាត់​បាន​លោត​ចេញ​ពី​ម៉ូតូ​របស់​គាត់​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ​មុន​ពេល​ប៉ះ​ទង្គិច​​ជា​មួយ​រថយន្ត​របស់​លោក​ កៃម៉ាន់។​ លោក​ ខេងទី​តូ​ បាន​និយាយ​អំ​ពី​បុរស​​នេះ​​​ថា​ "​បន្ទាប់​ពី​សាកសួរ​​រួច​...​គាត់​ត្រូវ​បាន​គេ​ដោះ​លែង​វិញ​ ដោយ​សារ​តែ​គាត់​មិន​មាន​បំណង​ធ្វើ​ឲ្យ​ប៉ះ​ទង្គិចទេ ​ហើយ​គាត់​ក៏​យល់​ព្រម​ចេញ​សង​ថ្លៃ​ជួស​ជុល​ម៉ូតូ​នោះ​ដែរ"។ ចរាចរណ៍នៅ​រាជ​ធានី​ភ្នំ​ពេញ​បាន​ចាប់​ផ្តើម​មាន​ការ​លំបាក​ ហើយពេល​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជិត​​ឈាន​ចូល​មកដល់​ ដោយ​មាន​មន្ត្រី​នគរ​បាល ព្រម​ទាំង​សមាជិកអង្គភាព​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​សែន​ ​រាប់​រយ​នាក់​ បិទ​ផ្លូវ​​​​សំខាន់ៗ​នៅក្នុង​រាជ​ធានី​ ដើម្បី​សម្រួល​ផ្លូវ​ឲ្យ​ឥ​ស្សរជន​សំខាន់ៗ​ដែល​កំពុង​ធ្វើ​ទស្សន​កិច្ច។​ អ្នក​បើកបរ​យានយន្ត​​ទាំង​ឡាយ​​ត្រូវ​បានផ្សព្វផ្សាយ​ប្រាប់​​អំពី​​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​នៅ​​សប្តាហ៍ក្រោយនៅ​ជុំ​វិញ​​វិមាន​សន្តិ​ភាព​របស់​នាយក​រដ្ឋមន្ត្រី តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ដែល​ជា​កន្លែង​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាននៅ​អង្គារ​ និង​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។ ប្រែ​សម្រួល​ដោយ​ ហួង​ កុក​ទៀន

នៅ​រាជធានីភ្នំពេញ​ មាន​វេទិកាប្រជាពលរដ្ឋ​អាស៊ាន​ដល់ទៅ​ពីរ

​វេ​ទិ​កា​ប្រ​ជា​ពល​រដ្ឋ​​អាស៊ាន ​ដែល​​​សមា​ជិក​​​​អង្គ​ការ​សង្គម​ស៊ីវិល​​​​ជាង​១.៥០០​នាក់​​​​​បាន​​រៀបចំធ្វើ​​ឡើង​​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​​ ដើម្បី​​ពិភាក្សា​​អំពី​បញ្ហា​បន្ទាន់​នានា​ ដូចជា​​​​បញ្ហា​​​​សិទ្ធិ​មនុស្ស ​ការ​ចាប់​យក​ដីធ្លី​ ភាព​ក្រី​ក្រ​ និង​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ​នោះ​ គ្មាន​ការ​ចូលរួម​ពីសំណាក់​​​មន្ត្រី​រដ្ឋា​ភិបាល​​ទេ​ហើយ​​និស្សិតលាវ ​​​​ក៏​មិន​​អាច​​ចូល​​រួម​ដែរ​​​​។ វេទិកា​រយ:ពេល​​បី​ថ្ងៃ​ ដែល​​​​​​ទាំង​កម្ពុជា ​​និង​​រដ្ឋា​ភិបាល​នៃ​ប្រទេស​ផ្សេងៗ​​ទៀត ​មិន​បាន​​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​​​​នេះ​​ បាន​ប្រព្រឹត្ត​ទៅ​ដំណាល​គ្នា​​​នឹង​​ "វេទិ​កា​ប្រ​ជាពល​រដ្ឋ​​​អាស៊ាន​​"​រយ:ពេល​បី​ថ្ងៃ​​មួយ​​ផ្សេង​ទៀត​​នៅ​សាល​សន្និ​សីទ​ចតុ​មុខ​ ដែល​ត្រូវ​បាន​រៀប​ចំ​​ គាំទ្រ​និង​ចូល​រួមដោយ​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់។ ការ​រៀបចំ​វេទិ​កា​​ប្រ​ជា​ពលរដ្ឋ​អាស៊ាន​ចំនួន​ពីរ​ក្នុង​ពេល​​ដំណាលគ្នា​នៅ​​រាជ​ធានី​ភ្នំ​ពេញ​​​ក្នុង​​សប្តាហ៍​នេះ​ ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​​ពី​ការ​បែក​បាក់គ្នា​​យ៉ាង​ខ្លាំង​រវាង​អង្គ​ការ​សង្គម​​ស៊ីវិល​​ក្នុង​តំបន់​ ដែល​ម្ខាង​​​​រិះ​គន់​រដ្ឋា​ភិបាល​របស់​​ខ្លួន​ ហើយ​ម្ខាង​ទៀត​​ជា​អង្គ​ការ​ទទួល​​បាន​ការ​ឧ​បត្ថ​ម្ភ​គាំទ្រ​ពី​រដ្ឋា​ភិ​បាល ​​ដូច​ដែល​យើង​បាន​ឃើញ​នៅក្នុង​សប្តាហ៍​នេះ​មុន​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ានស្រាប់​។ អ្នក​ចូល​រួម​​វេទិកា​​​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​​រដ្ឋាភិបាល​ និង​ដែល​​​មាន​ការ​ចូលរួម​ពី​​​​តំណាង​​អង្គការ​នានា​មក​​ពី​​ប្រទេស​កម្ពុជា​​ ហ្វីលីពីន ​សិង្ហ​បុរី ​ថៃនិង​ឥណ្ឌូណេស៊ី ​​កាលពី​ម្សិលមិញ​​នេះ​​ បាន​​លើក​ឡើង​អំ​ពី​ស្ថាន​ភាព​ដ៏​ធ្ងន់​ធ្ងរ​ដែល​ពល​ករ​ចំណាក​ស្រុក​កំពុងប្រ​ឈម​ និង​ការ​ចាប់​យក​ដីធ្លី​​​​គ្រប់​ទី​កន្លែង​ក្រោម​​ការ​អនុ​ញ្ញាត​របស់​​រដ្ឋា​ភិបាល ​​​​ដែល​បាន​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​នៅ​ក្នុង​​តំបន់​យា៉ងខ្លាំង​។ លោក Nathaniel Don E Marquez ​នាយក​ប្រ​តិ​បត្តិ​នៃ​សម្ព័ន្ធ​អង្គ​ការ​​ក្រៅ​រដ្ឋាភិបាល​អាស៊ាន ​ដើម្បី​កំណែ​ទម្រង់​កសិកម្ម​និង​​អភិ​វឌ្ឍន៍​ជនបទ​​ បាន​​មាន​ប្រ​សាសន៍​ថា “ដីធ្លី​មិន​មែន​គ្រាន់​តែ​ជា​ទំនិញ​សេដ្ឋ​កិច្ច​ទេ​។​វាជា​ប្រភព​សម្រាប់​ផ្គត់ផ្គង់​​​ជី​វភាព​រស់​នៅ ជា​​ប្រ​ភព​ថាម​ពល​ ​ហើយ​សម្រាប់​អ្នក​​​មាន​ដី​តិចតួច​​​និង​ជន​ជាតិ​ភាគ​តិចវិញ ​វាជា​ប្រ​ភព​​នៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ពួក​គេ”។ លោក Marquez បាន​​លើកជា​សំណួរ​​ថា “ហេតុ​អ្វី​បាន​ជា​ប្រទេស​នីមួយៗ​​​ផ្តល់​ដី​​យ៉ាង​ច្រើន​​ដល់​ជន​​បរទេស​ នៅ​ពេល​ដែល​​​គេ​ត្រូវ​​​ការ​វា​ជា​​​ចាំ​បាច់​ដើម្បី​​ផ្គត់ផ្គង់​ស្បៀង​អា​ហារ​សម្រាប់​ប្រទេសជាតិ​​ទាំង​មូល​​នោះ​​?” ​លោក​​បាន​គូសបញ្ជាក់​ថា រដ្ឋា​ភិ​បាល​នានា​នៅ​ក្នុង​តំបន់​ច្រើន​តែ​មាន​ការ​យល់​ឃើញ​អំពី​​​សារ:​សំខាន់​នៃ​ដី​ធ្លី​ ​​ខុសពី​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​​លើ​ដី​នោះផ្ទាល់​។ ថ្លែង​នៅ​ក្រៅ​វេទិ​កា​នេះ ​លោក​ស្រី ​ធីតាឃិះ ​នាយិកាអង្គការ​សិទ្ធិ​មនុស្ស​​​​សីលការ​ ​​ ​បាន​​លើក​ឡើង​អំពី​បញ្ហា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​​អាស៊ាន​ គឺ​​សេរី​ភាព​នៃ​ការ​​ជួប​ជុំ​​​ ដែល​លោក​​ស្រី​ជឿ​ថា ​​មិន​ត្រូវ​​បាន​យក​ទៅ​​ពិ​ភាក្សា​​​ឲ្យ​បាន​​ល្អិត​ល្អន់​ក្នុង​​​វេទិ​កា​ដំណាលគ្នា​នៅឯ​​​សាល​​សន្និសីទ​ចតុ​មុខ​​ កាល​ពី​ម្សិល​មិញ​ឡើយ។ លោកស្រីធីតាឃិះ ​បាន​មាន​​ប្រ​​សាស​ន៍​ថា​ "ខ្ញុំ​គិត​ថា ​​សិទ្ធិសេរីភាព​របស់​សង្គម​​ស៊ីវិល​ស្ថិត​នៅ​ក្នុង​ចំណោម​​​កត្តា​សំខាន់​ៗ​ដែល​អាស៊ាន​​ចាំបាច់​​តែ​​ធានា​ឲ្យ​​បាន។ ​ អាច​​​​​បញ្ចេញ​មតិ​ជា​សាធារណ: ដើម្បី​ឲ្យ​​គេដឹង​ពី​កង្វល់​របស់​យើង​ ដើម្បី​​ទទួល​​បាន​សេរី​ភាព​នៃ​ការ​​ជួប​ជុំ​​និង​សេរី​ភាពនៃ​ការ​​​​ទទួល​បាន​ព័ត៌​មាន"។ លោក​ស្រី​បាន​មាន​ប្រ​សាសន៍​អំពី​វេទិ​កា​ដំណាល​គ្នា​​ទាំង​ពីរ​នេះ​ថា "មិន​ចាំ​​បាច់​​​​បែង​​ចែក​​គ្នា​បែប​នេះ​ ហើយ​​ដាក់សម្ពាធ​​គ្រប់​ប្រ​ភេទ​​​មក​លើ​យើង​ ទាក់​ទិ​ន​នឹង​សេរី​ភាព​នៃ​ការ​ជួប​ជុំ ​និង​សេរី​ភាព​​នៃ​ការ​បញ្ចេញ​មតិ​​របស់​យើង​នោះទេ"។ វេទិ​កា​ដែល​លោក​ស្រី ​ធីតា ឃិះ និង​សមា​ជិក​អង្គ​ការ​សង្គម​ស៊ីវិល​​ឯក​រាជ្យ ចំនួន​១.៥០០នាក់​​​បាន​​ចូល​រួមនេះ​ ​គឺ​បាន​ប្រព្រឹត្ត​ទៅ​​នៅ​ឯ​សណ្ឋា​គារ ឡាក់គី ស្តារ ​ក្នុង​ខណ្ឌ​ទួលគោក។ លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណ:​រដ្ឋ​មន្ត្រី​​​បា​​ន​​មាន​ប្រ​សាសន៍​​ថា ក្រុម​​ដែល​​បាន​រៀប​ចំ​វេទិកា​"ក្រៅ​ផ្លូវ​ការ" ​កាល​ពី​ម្សិលមិញ​នេះគ្មាន​​ឆន្ទ:​​​​​ចាប់​​ដៃ​គូ​​ជា​មួយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​ដែល​​រដ្ឋា​ភិបាល​ទទួល​ស្គាល់​​​ឡើយ។ លោក​បាន​មាន​ប្រ​សាស​ន៍​ទៀត​ថា "អ្វី​ដែល​​យើង​ត្រូវ​ធ្វើ​​ គឺ​​​ចូល​រួម​ជា​មួយ​​ក្រុម​ផ្លូវ​ការ។រី​ឯ​ក្រុម​​ក្រៅ​ផ្លូវ​ការវិញ​​ គឺ​អាច​ធ្វើ​​ដោយ​​ខ្លួន​ឯង​បាន​។ពួកគេ​ត្រូវ​តែ​បង្ហាញ​​ឲ្យ​ឃើញ​ថា ​​ខ្លួន​​ចង់​ធ្វើ​ការ​រួម​គ្នា​មុន​ពេល​រដ្ឋា​ភិបាល​​អាច​ចូល​រួម​​ជា​មួយ​ពួក​គេបាន"៕ ​ប្រែស​ម្រួល​ដោយតែមសុខុម​​​​  

១៥ឆ្នាំកន្លង នៅ​តែគ្មាន​យុត្តិធម​៌​​សម្រាប់ជនរង​គ្រោះ​​ក្នុង​ការ​​វាយ​​ប្រហារ​ដោយ​គ្រាប់​បែក

ក្នុង​ការដង្ហែក្បួនតវ៉ា នា​ពេល​ថ្ងៃ​កំពុង​​រះ​លោក ចន្ទី សុភី បាន​ចូលរួម​ជាមួយនឹ​ងសមាជិក​​​រាប់រយនាក់ ផ្សេងទៀត ​របស់​គណ​បក្ស​​ជាតិ​ខ្មែរ​ ដើម្បី​តវ៉ា​ប្រឆាំង​ទៅ​នឹង​ប្រព័ន្ធ​យុត្តធម៌ ដែលគេគិតថា គ្មាន​ប្រសិទ្ធ​ភាព។​ ក្រុម​បាតុករ ​ដង្ហែក្បួន​យ៉ាងវែង​តាមបណ្តោយ​​មហារវិធីព្រះសុធារស ព្រម​ទាំង​មាន​កាន់​បដាថា"បរាជ័យ​ប្រពន្ធ​យុត្តិធម៌​កម្មុយនីស្ត!" និង "យើងមិន​ទទួល​ស្គាល់​តុលា​ការ​​បច្ចុប្បន្ន​នេះ​ទេ!"។ ក្រុមបាតុករ​ ដែលភាគ​ច្រើន​ជា​ស្រ្តី មានចំនួនកាន់តែច្រើនឡើង នៅ​ពេល​​ទៅ​ដល់​មុចរដ្ឋសភា។ ប៉ុន្មាន​នាទី បន្ទាប់ពីម៉ោងប្រាំបីព្រឹក លោក​ ​សមរង្ស៊ីនៅពេលនោះជាប្រធាន​គណបក្ស​ជាតិខ្មែរ បានចាប់ផ្តើម​និយាយ អំពីអំពើ​ពុក​រលួយនៅ​ក្នុងប្រព័ន្ធតុលាការរបស់​កម្ពុជា។បន្ទាប់​មក​បាន​ប្រគល់​ក្បាល​មេក្រូ​ទៅឲ្យ​ក្រុម​បាតុករ​និយាយ​ម្នាក់ម្តងៗ ដោយរៀប​រាប់​អំពីការឈឺ​ចាប់​របស់គេ។ នៅក្នុងខ្សែវីដេអូ បង្ហាញរូបភាព​ក្រុម​​បាតុករ​ចូលរួម​ធ្វើបាតុកម្ម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ១៩៩៧ មាន​ស្ត្រី​វ័យ​កណ្តាល​ម្នាក់ចាប់ផ្តើម​បង្ហូរ​ទឹកភ្នែក នៅពេលគាត់​កំពុង​​មានប្រសាសន៍។ គាត់បានស្រែកថា"គេ​បង្ខំ​ឲ្យ​ខ្ញុំចេញ"។ នៅពេលនោះ ស្រាប់​តែមាន​ឮ​សំឡេង​​ផ្ទុះយ៉ាងខ្លាំង ហើយ​ខ្សែ​វីដេអូ​នោះ​ត្រូវ​បាន​ផ្អាក។ មក​ទល់​​ថ្ងៃនេះ គឺមានរយៈពេល១៥​ឆ្នាំ​ ប៉ុន្តែស្នូរគ្រាប់​បែកដំបូង និងបីគ្រាប់​ក្រោយ​ទៀត​ ដែល​បានគប់​ចូល​ទៅ​ក្នុង​ក្រុមបាតុករ ដោយ​ជនមិន ស្គាល់​មុខ នៅ​តែ​តាម​លង​លោក សុភី និង ជនរង​គ្រោះ​ផ្សេងទៀត។ លោកសុភី​ បានមានប្រសាសន៍ថា "ការ​ចងចំាអំពីហេតុការណ៍ដែលបានកើតឡើងគឺវានៅដិតជាប់នឹងភ្នែក និងក្នុងខួរក្បាល​របស់ខ្ញុំ។ពេលខ្ញុំបាន ​ឮ​សំឡេង​ផ្ទុះយ៉ាងខ្លាំងខ្ញុំតក់ស្លុតភ្លាមនិងភ័យខ្លាច​ខ្លាំងណាស់"។ បុរសចំនួន១៦នាក់ ស្រ្តី និងក្មេងៗ ជា​ច្រើន​នាក់ទៀតបានស្លាប់ និងជាង១០០​នាក់​ទៀតបានរងរបួសនៅនឹងក​ន្លែង​។ មនុស្ស​ជា​ច្រើន ​បានរងរបួស មានខ្លះដាច់ដៃ ខ្លះ​ដាច់​ជើង ក្នុង​ការវាយ​ប្រហារ​ដោយ​គ្រាប់បែក​នេះ អ្នកខ្លះនៅ មានរបួសរហូតមកដល់​សព្វ​ថ្ងៃ​នេះ។ លោក សុភី ដែលកាលនោះ ទើប​មាន​អាយុ​២០ឆ្នាំ បានរងរបួសដោយ​អំបែង​គ្រាប់បែក នៅត្រង់ពោះ ដៃ ភ្លៅ និងក ។ឥឡូវ​​គាត់​នៅតែមានរបួសធំៗ បី​កន្លែង​នៅ​លើ​ខ្លួនរបស់គាត់។ ប៉ុន្តែវា​នៅមានរឿង​អាក្រក់​ជាងអ្វី​​ ដែលគាត់​បានរង​របួស​ទៅ​ទៀត។ លោកបានបន្តថា "ប្អូនស្រី​របស់ខ្ញុំ អាយុ​១៣​ឆ្នាំម្នាក់ និង​បងប្អូនជីដូនមួយ​របស់​ខ្ញុំ​អាយុ២០ឆ្នាំម្នាក់ទៀត បានស្លាប់​ពេល​បញ្ជូន​ដល់មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ខ្ញុំបាន​អំពាវ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាប់ខ្លួន​ជន​សង្ស័យ​​ក្នុង​ការ​វាយប្រហារ និងដាក់ទោស​ពួកគេ​ឲ្យ​សម​តាមអ្វី​ដែលពួក​គេបានប្រព្រឹត្ត។ តើ​នរណា​សម្លាប់ប្អូនស្រីនិង​បង​ប្អូនជីដូនមួយ​របស់ខ្ញុំ"។ មកទល់នឹងថ្ងៃនេះ នៅមិនទាន់​មាន​នរណា​ម្នាក់​ទទួល​ខុលត្រូវ​ក្នុងការ​សម្លាប់​រង្គាល​​នេះ​ទេ។ តើមានអ្វីបានកើតឡើង ក្នុងពេល​ប៉ុន្មាន​ខែ ប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់​ពីការ​វាយ​ប្រហារ? គឺគ្មានទេ។ រដ្ឋាភិបាល​ពិតជា​បានបើក​ការ​ស៊ើប​អង្កេត​ជាផ្លូវ​ការ តែ​រហូតមកទល់​នឹងពេលនេះមិន​មានការចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ទេ។ ការិយាល័យស៊ើប​អង្កេតរបស់នគរបាល​សហព័ន្ធអាមេរិក​ ក៏​បានបើកការ​ស៊ើប​អង្កេត​​ផ្ទាល់ខ្លួន​ផងដែរ ប៉ុន្តែ​នៅតែទទួល​បាន​លទ្ធផល​​"មិនប្រាកដប្រជា"។ ក្នុងប្រទេស​បារាំង បណ្តឹង​ឧក្រិដ្ឋកម្ម​មួយត្រូវ​បាន​ធ្វើ​ឡើង​ ប៉ុន្តែបានលុបចោលវិញ។ ប៉ុន្តែ​ បើសម្លឹង​មើល​មធ្យោបាយ​ផ្សេង​ទៀត តាមរយៈ​សំណុំ​ឯកសារ​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋ​អាមេរិក ដែល​កាសែត ខេមបូឌាដេលី ​ទទួលបាន ​គឺវា​ជារឿងផ្សេងទៅវិញ។ សំណុំ​ឯកសារ​ ដែលបាន​កត់ត្រា​ក្នុង​ឆ្នាំ​២០០៩​ បានបង្ហាញថា ភ្នាក់ងារ នគរបាល​សហព័ន្ធរបស់សហរដ្ឋអាមេរិក ក្រោយ​មក​បាន​លើក​ឡើងថា ការស៊ើប​អង្កេត របស់ FBI គឺ​ទទួល​រងនូវ​ការគាប​សង្កត់ពី​ កងកម្លាំង​សន្តិសុខ​របស់ គណបក្សប្រជាជន ហើយ​ការស៊ើប​អង្កេត​នេះត្រូវ​បានផ្អាក​ ដោយ​សារ​តែ​មាន​ការ​គំរាម​កំហែងផ្នែក​សន្តិសុខ។ ក្រុម​មន្ត្រី​បានរិះរកគ្រប់​មធ្យោបាយ ដើម្បី​រារាំង​ការ​ស៊ើប​​អង្កេតនេះ។ សាក្សី​បានឃើញអំពើ​ដ៏ឃោរឃៅនេះបានផ្តល់នូវភស្តុតាង​ដល់ភ្នាក់ងារFBIថាអ្នកគប់​គ្រាប់បែក បាន​រត់គេច​យ៉ាងលឿនតម្រង់ទៅកាន់មូលដ្ឋាន​យោធា​របស់​គណបក្ស​​ប្រជាជន ដែលមានទីតាំងនៅក្បែរវត្តបទុម​ ដោយ​មានការ​ជួយការពារពី​កងយោធា​​របស់​រដ្ឋាភិបាល​ ដើម្បីជួយបើកទ្វារឲ្យអ្នក​គប់គ្រាប់បែក​រត់ចូលទៅខាងក្នុង។ អ្នកស្រីពៅហេងអាយុ៦៥ឆ្នាំកាល​ពីម្សិលមិញ បានមាន​ប្រសាសន៍ថា “ទោះ​បី​ជា​វា​កន្លង​ហួស១៥ឆ្នាំ​ហើយក៏ដោយខ្ញុំ​នៅ​តែចង​ចំាអ្វីៗ​ទាំងអស់​ ដែលបាន​កើតឡើង​នៅក្នុងថ្ងៃនោះ" ។ វាបាន​ដក់ជាប់​ក្នុងអារម្មណ៍​របស់អ្នកស្រីពៅហេង។វាច្បាស់ណាស់​គឺ​គ្រាប់​បែក​ផ្ទុះ​នៅ​ម៉ោង៩ព្រឹក។គេទូរស័ព្ទ​មក​ប្រាប់​គាត់​ថាក្មួយស្រី​របស់​គាត់បានស្លាប់ និងកូន​របស់​គាត​់បាន​រងបួសក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែកនេះ។ អ្នកស្រីពៅហេងបា​ន​មាន​ប្រ​សាសន៍ថា​​ "នា​​ង​កំ​ពុង​ធ្វើ​បាតុកម្ម​​ដើម្បីទាម​ទា​រ​ឲ្យ​តម្លើង​ប្រាក់​ខែពីព្រោះ​ពួកគេ​គឺជា​កម្មក​រ​រោង​ចក្រ​កា​ត់​ដេរ ហើយ​ប្រាក់​ខែ​​របស់​ពួកគេ​ ទា​ប​ណា​ស់​  ​ហេតុ​ដូចនេះ នា​ង​បា​ន​​សម្រេច​ចិត្ត​ចូល​​រួម​ធ្វើ​បា​ត​ុ​កម្ម​នៅ​ក្នុង​​ថ្ងៃនោះ។កូន​ស្រី​ និ​ង​ក្មួយ​របស់​ខ្ញុំបា​ន​​ស្លាប់​​ដោយ​សារ​តែ​ចូលរួមធ្វើ​បាតុកម្មនៅ​ថ្ងៃនោះដើម្បី​ទាម​ទា​រសិទ្ធិសេរីភាពនិង​លទ្ធិប្រជា​ធិបតេយ្យ​”។ អ្នកស្រី​បា​ន​មា​ន​ប្រ​សាសន៍​បន្ត​ថា “​យើង​​ចង់​ឲ្យ​រដ្ឋាភិបា​ល​បន្តកា​រ​​ស៊ើប​អង្កេត​​។យើង​​ចង់​ដឹងថាអ្នកបោក​គ្រាប់​បែ​ក​នោះ​ មា​ន​មុខ​មា​ត​់​​យ៉ា​ង​ដូ​ច​ម្តេច”។ ប្រែ​សម្រួល​ដោយ​ ស៊ា​ ស៊ុយឈាង    

នារីផ្សព្វផ្សាយ​ស្រាបៀរស្វែ​ង​រកប្រាក់​ខែ​ខ្ពស់ និងកា​រ​គោរព

ស្រី្តផ្សព្វផ្សាយស្រាបៀរកំពុង​​សង្ឃឹម​ថា ​​​ខ្សែ​ភាព​យន្តឯក​សារ​​ថ្មី​​មួយ​ស្តី​​អំពី​ស្ថាន​ភាពការងារ​​ដ៏​លំបាក​ដែល​ខ្លួន​ត្រូវ​​ប្រឈម​នៅ​កន្លែង​ធ្វើ​ការ​ នឹង​ដាក់​គំនាប​ឲ្យ​ក្រុម​ហ៊ុន​ស្រា​បៀរ​ ដំឡើង​ប្រាក់​ខែ​របស់​ខ្លួន​ និង​កាត់​បន្ថយ​ការ​បៀតបៀន​​ពី​អតិថិជន​។ ខ្សែ​ភាព​យន្ត​ឯក​សារ​នេះដែល​បាន​ចាក់បញ្ចាំងជា​លើក​ដំបូង​​​​​កាល​ពី​ម្សិល​មិញនៅឯ​កិច្ច​ប្រជំុ​មួយ​ជាមួយ​និង​សមាជិកនៃ​​សហព័ន្ធ​សហជីព​​កម្មករ​ចំណី​​អាហារ​និង​សេវា​កម្ម​កម្ពុជា ហៅកាត់ថា​​CFSWF​ នោះ​ ពណ៌នា​អំពី​ការលំបាក​​របស់​​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ ​​​តាម​រយៈ​ការ​រៀបរាប់​រឿង​រ៉ាវ​​​របស់​ស្ត្រី​ចំនួន​ប្រាំ​​មួយ​រូប​ផ្សេង​គ្នា។ នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ឈ្មោះ គង់ សុផល បានរៀប​រាប់​​នៅ​ក្នុង​ខ្សែ​ភាព​យន្តឯក​សារ​នេះ​ថា “ បច្ចុប្បន្នប្រាក់​ខែ​មិន​អាច​ធា​នា​ជីវភាព​របស់​ខ្ញុំ​បាន​ទេ​ដូច្នេះ​ខ្ញុំ​សូមសំណូមពរឲ្យ​ក្រុម​ហ៊ុនដំឡើង​ប្រាក់​ខែ​ ដើម្បី​​ទ្រទ្រង់​ជីវភាពរស់នៅ​របស់​យើង​​​ឲ្យ​បាន​សម​រម្យ​ជាង​នេះ"។នាង​​បន្ថែម​ទៀតថា "អតិថិជន​បៀតបៀន​​កេរ្តិ៍​ខ្មាស់​របស់​​ខ្ញុំ​។ ពួក​គេ​ស្ទាប​​ខ្ញុំ ហើយ​​ប្រើ​​ពាក្យ​អសុរស​ជាមួយ​​ខ្ញុំ​"។ យោង​តាម​​លោកសម៉ូរ៉ាប្រ​ធាន​CFSWF បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​ស្រា​បៀរ​ទាំង​​ប្រាំ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ផ្តល់​ប្រាក់​ខែ​ឲ្យ​ចន្លោះ​ពី​៥០​ដុល្លារទៅ​៧០​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​នៅ​មាន​កម្រៃ​ជើង​សា​រ​ផ្សេងទៀត​ ហេតុ​ដូច្នេះ​​​​​ទើបបាន​ជា​​នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ភាគ​ច្រើន​នាំគ្នា​ ផ្គាប់​ចិត្ត​អតិថិ​ជន ​ទោះ​ជា​ពួក​គេ​​​​​រំលោភ​បំពាន​ ឬ​​ចង់រួមភេទ​ក៏​ដោយ។ នៅ​ក្នុង​ឆ្នាំ​២០០៩​ ឧស្សា​ហកម្ម​លក់​ស្រា​បៀ​រ​​កម្ពុជា ដែលជាសមាគម​រោងចក្រស្រា​បៀរបាន​​​ផ្តួច​ផ្តើម​គំនិត​មួយ​ដោយ​​ផ្តល់​ស្លាក​សញ្ញា​ឲ្យ​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​ពាក់បញ្ជាក់​ថា​​​ ពួកគេ​​ត្រូវ​បាន​ហាម​មិន​ឲ្យ​ផឹក​ស្រា​បៀរ​ឡើយ។ លោកម៉ូរ៉ាបាន​មាន​ប្រសាសន៍ថា​ ​បើទោះជា​ស្លាក​សញ្ញា​នេះបាន​ជួយ​នារី​ទាំង​នេះក្នុង​ការ​បដិសេធ​មិន​​ផឹកស្រាបៀរ​តាម​ការ​បង្គាប់​របស់​​អតិថិជន​​ក៏​ដោយ ក៏​វា​មិន​អាច​ដោះ​ស្រាយ​ឫសគល់​នៃ​បញ្ហា​បានទេ​​​។ លោក​ ម៉ូរ៉ាថ្លែងថា"នារី​ជា​ច្រើន​មិន​ប្រើ​ស្លាក​សញ្ញា​នេះ​ទេ ​ព្រោះ​ពួក​គេ​ចាំ​បាច់​ត្រូវ​​​​ផ្គាប់​ចិត្ត​អតិថិជន​ ដោយ​អង្គុយ​ក្បែរហើយ​​ផឹក​ជាមួយ​ពួក​គេ ដើម្បី​លក់​ស្រាបៀរ​ឲ្យ​បាន​កាន់តែ​ច្រើន​។ បញ្ហា​សំខាន់​ គឺ​ប្រាក់​ខែ​តិចដូច្នេះ​ស្លាកសញ្ញា​នេះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​​​បាន​ឡើយ។នេះ​ហើយ​ជា​មូល​េហតុ​ដែល​យើង​សំុ​ឲ្យ​ក្រុម​ហ៊ុន​ផ្តល់​​ប្រាក់​ខែ​ឲ្យ​ពួក​គឲ្យ​បាន​សមរម្យ​​ដើម្បី​​ទ្រ​ទ្រង់​ជីវ​ភាព​"។ លោកថ្លែងថាលោក​សង្ឃឹម​ថាខ្សែ​ភាពយន្ត​ឯកសារ​នេះ​ ​នឹង​ជួយ​ឲ្យ​អ្នក​ទស្សនា​បានជ្រួត​​ជ្រាបអំពី​ការ​លំបាក​​​របស់​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​​ដែល​ភាគច្រើន ​គឺ​មក​ពី​តំបន់​ជន​បទ​ដាច់​ស្រយាល​និង​មិន​អាច​អាន​ឬ​សរសេរ​បាន​។ លោកស្រី​ ហោ ម៉ាលីន អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​កិច្ច​ការ​នារីបាន​មាន​ប្រសាសន៍​នៅ​ឯ​កិច្ច​ប្រជំុ​នេះ​ថា លោក​ស្រី​នឹង​ស្នើ​ឲ្យ​មាន​ការ​ដាក់​បញ្ចាំ​ង​ខ្សែ​ភាព​យន្ត​ឯកសារ​នេះនៅ​ឯ​សិក្ខា​សាលា​​រៀបចំ​ឡើង​​សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន និង​នគរ​បាល​ ប៉ុន្តែ​លោក​ស្រី​​បាន​ថ្លែង​ថាក្រសួង​ការងារទើបជា​​អ្នក​​ទទួលបន្ទុក​​​ពិនិត្យ​តាមដាន​​ស្ថាន​ភាព​ការងារ​ នៅ​តាម​កន្លែង​លក់​ស្រា​បៀរ។ លោក​ ម៉ូរ៉ា ថ្លែង ថា"យើង​ចង់​ដាក់​គំនាប​លើ​ក្រុម​ហ៊ុន​ធំៗ។​ ពួក​គេ​រក​ប្រាក់​បាន​រាប់​រយ​លាន​ដុល្លារ ​ហើយ​អាច​ផ្តល់​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​បន្ថែម​ទៀត​។​ពួក​គេ​គួរតែ​បង្ហាញការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​របស់​បុគ្គលិក​ខ្លួន​ ដែល​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​រក​ប្រាក់​ចំណេញ​ឲ្យ​​ក្រុមហ៊ុន​ទាំងនោះ​៕ ប្រែ​សម្រួល​ដោយចេវប៊ុននី​​​

​ក្រុមអង្គការ​ក្រៅរដ្ឋាភិបាល ចាប់ផ្តើមខ្វែងគំនិត​គ្នា អំពីរបៀបវារៈ នៅមុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​

មន្ត្រីរដ្ឋាភិបាលនិង​សមាជិកអង្គការ​​សង្គម​ស៊ីវិល​​ជាង​១.០០0នាក់បាន​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាននៅក្នុង​រាជ​ធានី​ភ្នំពេញ​កាលពីម្សិលមិញ​ ដើម្បី​ពិភាក្សា​​អំពី​បញ្ហាសិទ្ធិមនុស្ស​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​​​នៅ​សប្តាហ៍​ក្រោយ​នេះ។ នៅ​ថ្ងៃនេះមនុស្ស​ប្រមាណ​៩០០​នាក់ ​​ក៏​​​នឹង​មក​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​នេះ។​អង្គការ​សង្គម​ស៊ីវិល​ ​មកពី​ប្រទេស​​​​ជា​សមាជិក​អាស៊ាន​កំពុង​រៀបចំ​​វេទិកាមួ​យ​​​មាន​ឈ្មោះ​ដូចគ្នា​នេះ​ដែរនិង​បាន​លើក​​​ឡើង​​​ថា ​រដ្ឋាភិបាល​ព្រងើយកន្តើយ​ចំពោះ​​​ទស្សន​របស់​ខ្លួន​។ លោកស្រី ធីតា ឃិះ នាយិការបស់​អង្គការ​​​​សីលការ​ ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាលក្នុង​ស្រុក​​​​​ផ្នែក​សិទ្ធិមនុស្សនិង​ជា​នាយិកា​គណៈ​កម្មា​​​ធិការ​​​​​​​រៀបចំផែនការ​សម្រាប់​វេទិកា​នៅ​ថ្ងៃ​នេះ​​​បានមាន​ប្រសាសន៍ថាខណៈ​ដែល​​វេទិកា​​​ដំបូង​​​​ត្រូវបាន​រៀប​ចំជា​ផ្លូវ​ករ​​ដោយ​រដ្ឋា​​​ភិបាល​​​​នោះវេទិកា​លើក​ទីពីរនេះ​ មិន​​​ត្រូវ​​​បាន​​​រៀបចំដោយ​រដ្ឋា​ភិបាល​​ឡើយហើយ​ផ្តោតលើ​បញ្ហា​ខ្វែង​គំនិត​គ្នានានាដូចជា​សិទ្ធិ​​​ដី​​​ធ្លីជាដើម។ លោកស្រីធីតាឃិះបាន​មាន​ប្រសា​សន៍​​​ពីវេទិកា​​រៀបចំ​ដោយរដ្ឋាភិបាល​នេះ​ថា"មិន​​​មាន​បញ្ហាធ្ងន់​ធ្ងរទ។ពួកគេមិន​បាន​​ពិភាក្សា​​​អំពី​​​​បញ្ហាដីធ្លី​​​ ឬបញ្ហា​យេនឌ័រ​ឡើយ។​​​ខ្ញុំ​​​គិត​​​ថា“វាគ្មិនមួយចំនួន”​​​​ នឹង​មិន​សូវ​រិះគន់ទេហើយ​​​​វាគ្មិន​ភាគ​ច្រើន​​មកពី​ជួរ​​​មន្ត្រី​រដ្ឋា​​​ភិបាល"។ កាលពីឆ្នាំមុនរដ្ឋាភិបាល​បាន​ជ្រើស​រើស​​លោកស្រី ហួយ សុជីវណ្ណី នាយិកា​អង្គ​ការ​បម្លាស់​ប្តូរ​ជាវិជ្ជមាននៅកម្ពុជានិង​លោក​ សុខ ធាវុធ ប្រធាន​សមាគម​យុវជន​កម្ពុជា-អាស៊ានជា​​អង្គការនិង​សមាគម​ដែល​​​គេ​​​មិន​​​សូវស្គាល់ឲ្យ​តំណាង​​សង្គម​ស៊ីវិល​នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែលធ្វើ​​ការ​រិះ​​​គន់​​​​ចំពោះ​ការ​ជ្រើសរើស​នេះលើក​ឡើង​ថាអ្នក​​​តំណាង​ទាំងពីរនាក់នេះ​នឹង​មិន​លើក​ឡើង​ពី​បញ្ហានានា​​ដែល​គេ​​ចាត់​ទុកថាអវិជ្ជ​​​មាន​​​នោះ​​​​​​ទេ។ មាន​វត្តមាននិងថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​ចូលរួម​នៅឯវេទិកាដែល​រៀប​ចំដោយ​រដ្ឋាភិបាល​កាលពីម្សិល​មិញ​នោះរួមមាន​លោក​​​ឧបនាយករដ្ឋមន្ត្រីសុខអានលោកឱមយ៉ិន​​​ទៀងប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយលោកស្រី​​​ ឡុងសុផល្លីនាយិការង​​​នាយក​​​ដ្ឋាន​​​​សហ​ប្រតិបត្តិការ​អន្តរជាតិនៃ​ក្រសួង​កិច្ចការ​នារីនិង​ លោកសេងសក្កដាអគ្គ​នាយក​នៃ​អគ្គនាយដ្ឋាន​ការងារ​នៃ​ក្រសួង​​​​ការ​ងារ​។ អំឡុង​ពេល​​ថ្លែងសុន្ទរកថា លោក សុខអាន​ បានមាន​ប្រសាសន៍ថាអ្នកតំណាង​ទាំង​ពីររូប​ ដែល​រដ្ឋាភិបាល​បាន​ជ្រើស​រើសនោះត្រូវ​បាន"​បោះឆ្នោត" ​ជ្រើសរើស​អំឡុង​កិច្ច​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​១៥ខែ​មីនាគឺផ្ទុយពី​លិខិត​មួយ​ច្បាប់​របស់​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​លើក​ឡើង​ថារដ្ឋាភិបាល​បាន​ជ្រើស​រើស​លោកស្រីសុជីវណ្ណីនិង​លោកធាវុធរួច​ហើយ​កាលពី​ឆ្នាំមុន។ លោកសុខអានបាន​មាន​ប្រសា​សន៍​ថា"គោលបំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​បង្កើត​ភាព​ស្របច្បាប់​និង​ជ្រើស​រើស​អ្នក​​​តំណាង​​ ​តាមរយៈ​ការ​បោះឆ្នោត​ជ្រើស​រើស​អ្នកតំណាង​ម្នាក់​មក​​​ពី​​​សមាគម​យុវជន​និង​អ្នកតំណាងម្នាក់​ទៀត​មក​ពី​​អង្គការ​សង្គម​ស៊ីវិល"។លោកស្រីហួយសុជីវណ្ណីនាយិកា​អង្គការ​បម្លាស់​ប្តូរ​ជា​វិជ្ជមាន​​​​​​​នៅ​កម្ពុជា​និង​ជា​តំណាងម្នាក់​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ដែល​ជ្រើស​រើស​ដោយ​រដ្ឋា​ភិបាល​នោះ​ បាន​មាន​ប្រសាសសន៍ថាដំបូង​ពួកគេ​បាន​​អញ្ជើញ​​​អង្គការ​ក្រៅរដ្ឋាភិបាល​ទាំង​អស់​ឲ្យ​មក​ចូលរួម​វេទិកា​ ប៉ុន្តែពួក​​​គេ​​​មិន​​​បាន​​​​មកចូលរួមទេ៕ ប្រែសម្រួលដោយសោមសារុន  

ហ៊ុន តូ​ ​វាយបក​នឹង​ការ​ចោទ​ប្រកាន់​របស់​កាសែត​នៅអូ​ស្ត្រាលី

​កាល​ពីម្សិល​មិញ លោក ហ៊ុន​ តូ ក្មួយ​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបានវាយ​បកទៅ​នឹងការ​ចោទ​ប្រ​កាន់ ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​កាសែត​ ​ឌឹអេជ (The Age)  របស់​អូស្ត្រាលី​ ដែល​បាន​ភ្ជាប់រូប​លោកទៅ​នឹង​​ការ​ជួញ​ដូរ​គ្រឿង​ញៀន​អន្ត​រជាតិ​​ និង​ក្រុមបណ្តាញ​លាង​លុយ​កខ្វក់ ​ដោយ​ទាម​ទារ​ឲ្យ​កាសែត​នេះ​ចុះ​ផ្សាយ​កែតម្រូវឡើងវិញចំពោះពាក្យចោទ​ប្រកាន់នោះ។ កាលពី​ម្សិលមិញលោកហ៊ុន ​​តូបាន​ផ្ញើ​លិខិត​ឆ្លើយ​តប​ទៅ​ឲ្យ​ចាងហ្វាងការផ្សាយ​​របស់​កាសែត​ ឌឹ អេជ តាមរយៈឯកអគ្គ​រដ្ឋ​ទូត​អូស្ត្រាលីចាំផ្ទះលោកផែនីរីឆាដស៍(Penny Richards) ដោយ​​ទាម​ទារ​ឲ្យកែតម្រូវ និង​សុំ​ទោស​លោក  ហើយ​លោក ​ហ៊ុន​ តូ ​ក៏បាន​គំរាម​ចាត់​វិធាន​ការផ្លូវ​ច្បាប់​ប្រឆាំង​នឹង​កាសែត​នេះទៀត​ផង។ លិត​ខិត​របស់​លោក ហ៊ុន តូ​ បាន​លើក​ឡើង​ថា “ យើងខ្ញុំ​ក៏ពុំ​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយនឹងការ​ជួញ​ដូរគ្រឿង​ញៀន ឬការ​លាង​លុយ​កខ្វក់​ទាល់តែសោះ ទោះ​ដោយ​ផ្ទាល់ឬដោយប្រ​យោល​ក្តី”។ លោក​ ហ៊ុន តូ បាន​សរសេរ​ថា “ ប៉ុន្តែមុននឹងប្រើប្រាស់សិទ្ធិការ​ពារ​ខ្លួន​តាម​វិធាន​ការ​​ច្បាប់ យើងខ្ញុំ​ត្រូវប្រើប្រាស់​សិទ្ធិឆ្លើយ​តប​ឲ្យ​​កាសែត The Age ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​សាធារណមតិនៅកម្ពុជា ក៏ដូច​នៅ​ប្រទេស​អូស្ត្រាលី និងនៅប្រ​ទេស​ផ្សេងៗទៀត​បាន​ជ្រាបពី​ការ​បំផ្លើស​ពីការពិត​ដូចខាង​លើ”។ កាល​ពី​ថ្ងៃ​អាទិត្យ ​កាសែត ឌឹ អេជ បាន​ចុះផ្សាយ​រឿង​មួយ(ដែល​រឿងនេះ​ក៏​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ The Sydney Morning Herald ផង​ដែរ)​ ដោយ​ចោទ​ប្រ​កាន់ថាអាជ្ញា​ធរអូស្ត្រាលី បាន​រៀប​ចំ​ផែន​ការតាម​ចាប់​លោកហ៊ុន​ តូ​ ពីបទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​នាំ​គ្រឿង​ញៀន​ ហេរ៉​ូអុីនចូល​ទៅ​ក្នុង​ប្រ​ទេស​អូស្ត្រា​លីប៉ុន្តែ​ថា ​លោក​មិន​ដែល​បាន​មក​ដល់​ក្នុងប្រ​ទេស​អូស្ត្រាលីទេ ពី​ព្រោះ​ថា ស្ថានទូត​អូស្ត្រាលី​ក្នុង​រាជធានី​ភ្នំ​ពេញ​មិន​បាន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​លោក​ទេ “ ដោយ​លើក​ឡើថាចាំបាច់​ត្រូវចៀស​វាងឧប្បត្តិហេតុខាង​ការ​ទូត”។​ កាសែត​មិ​ន​បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ ដូច​បាន​ចោទ​ប្រ​កាន់​ខាង​លើនេះ បាន​កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ។ ក្នុង​កិច្ចសម្ភាសនៅ​ឯគេហដ្ឋាន​របស់​លោកក្នុង​រាជធានី​ភ្នំពេញ ​កា​ល​ពី​ម្សិល​មិញលោក ហ៊ុន តូ បាន​ផ្ដល់​លិខិត​ឆ្លងដែនថត​ចម្លង​មួយ​ច្បាប់​ដល់​កាសែត ខេមបូឌា ដេលីដោយ​បង្ហាញ​ថា លោកបាន​ទៅ​លេង​ប្រទេស​អូស្ត្រាលីជា​ច្រើន​លើក ហើយ​ថ្មីៗនេះ ​លោក​​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អស់​រយៈ​ពេល​ពីរខែ និង​ពីរ​លើក​ទៀត​កាល​ពី​ឆ្នាំ​២០១០។ លោកហ៊ុនតូក៏​បាន​មាន​ប្រ​សាសន៍​ផង​ដែរ​ថា​ លោក​​នឹង​ទៅ​លេងប្រទេស​អូស្ត្រាលី​ម្ដង​ទៀត​នៅចុង​ឆ្នាំ​នេះ។លោក​បានបន្ដថា “ ខ្ញុំនឹង​​ទៅ​អូស្ត្រាលីក្នុងខែកក្កដាដើម្បី​ទៅ​សួរសុខ​ទុក្ខ​កូន​ប្រុស​របស់​ខ្ញុំ។​ ប្រសិន​បើ​ខ្ញុំ​ខុស ហេតុ​​អ្វី​ក៏​ស្ថាន​ទូត​អូស្ត្រាលី​ផ្តល់​ទិដ្ឋាការ​ឲ្យ​ខ្ញុំ?”។ លោក​ ហ៊ុ​នតូក៏បាន​មាន​ប្រ​សាសន៍​នៅ​ក្នុង​លិខិត​ផ្ញើជូនចាងហ្វាងការផ្សាយរបស់​កាសែត ឌឹ អេជ  ចំពោះការអះអាងថា ស្ថាន​ទូត​អូស្ត្រាលី​មិន​បាន​ផ្តល់ទិដ្ឋាការ​ឲ្យ​រូប​លោក​នោះ​ គឺជា “ ការ​បំផ្លើសខុសពីការ​ពិតពី​ព្រោះ​ ស្ថានទូតនេះបានចេញ​ទិដ្ឋាការ​ឲ្យ​ខ្ញុំ​បីលើក​រួច​មក​ហើយ ហើយ​ការ​ធ្វើ​ដំណើរ​ជាធ​ម្មតា​ទៅ-មក ជាមួយ​ប្រពន្ធ-កូន និង​មិត្ត​ភក្ដិមួយ​ចំនួនទៅ​កាន់​ប្រទេស​អូស្ត្រាលីពុំដែលមាន​ជួបបញ្ហា​ ឬ​ឧបសគ្គ​អ្វី​ទាំងអស់”។​ នៅ​ពេល​សួរ​ថាតើកន្លងមកនេះ ស្ថាន​ទូត​​អូស្ត្រាលី​ ក្នុង​រាជធានីភ្នំពេញ​បាន​បដិសេធ​ទិដ្ឋាការ​របស់​លោក​មែន​ឬ​អត់នោះ លោកហ៊ុន តូ​ បាន​មាន​ប្រសាសន៍ថា “ គាត់  បាន​ចោទ​ប្រ​កាន់​ខ្ញុំ​ថា ស្ថាន​​ទូ​តបានបដិសេធ​ទិដ្ឋា​ការ​របស់​ខ្ញុំ។ សូម​បង្ហាញ​ភស្តុតាង​មក​មើល!”។ គណៈកម្មការស៊ើបអង្កេត​អំពើ​ឧក្រិដ្ឋ​របស់អូស្ត្រាលី​ ដែល​កាសែត ឌឹ អេជ បាន​ចោទ​ថាបានស៊ើប​អង្កេត​លោកហ៊ុនតូក្នុង​រវាង​ឆ្នាំ ២០០២ និង​២០០៤នោះ មិនបាន​ចេញប្រតិកម្ម​ជា​សាធារណៈ​ចំពោះសេចក្ដី​រាយ​ការណ៍​របស់​កាសែត​នេះ​ទេ។​​ ថ្លែងទៅកាន់អ្នក​យក​ព័ត៌មាន​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្នុង​រាជធានី​ភ្នំ​ពេញ​...

អតី​ត​​នគរ​បាល​ខណ្ឌ​ដូន​​ពេញ​ម្នាក់​ ​​ឡើង​សវ​នា​ការពី​បទ​​ប្លន់សម្លាប់​ស្ត្រី​​អ្នក​ប្តូរ​ប្រាក់​​​

កាល​ពី​ម្សិល​មិញ​​សាលា​ដំបូង​រាជ​​ធានី​ភ្នំពេញ​​​ បាន​កាត់​ទោស​អតី​ត​មន្ត្រី​នគរ​បាល​ម្នាក់​​ ​ដែល​ជា​ប់​ចោទ​ពី​បទ​​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ​​​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ​ជារឿង​មួយ​ដែល​​បាន​ធ្វើ​ឲ្យ​អន្តរ​ជាតិ​មាន​ការ​ចាប់​អារម្មណ៍​​​ជា​​ខ្លាំង ​បន្ទាប់​ពី​រូប​ភាព​​ប្លន់​​​សម្លាប់​​​នោះ​ ត្រូវ​​បាន​​​ផ្សព្វផ្សាយ​តាម​​ប្រ​ព័ន្ធ​អីុនធើ​ណិត។ ​​សាលា​ដំបូង​​បានបើក​សវនាការ​ជំនំុ​​​ជម្រះ​​​​ពី​ចម្លើយ​របស់​​អតីត​មន្ត្រី​នគរ​បាល​ខណ្ឌ​​ដូន​ពេញម្នាក់​ឈ្មោះឡាយវណ្ណៈអាយុ​៣១​ឆ្នាំ​ ដែល​ត្រូវ​បា​ន​ចោទ​ប្រ​កាន់​​ពី​បទ​មនុស្ស​​​​ឃាត​គិត​ទុក​ជា​មុន​ និង​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​​​ក្នុង​ករណី​បាញ់​សម្លាប់​ប្លន់​អ្នក​ស្រី ​ជួនធារ៉ា ​អាយុ​៤៧​ឆ្នាំ​​​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ ។ សាលា​ដំបូង​ក៏​បាន​កាត់​ទោ​សកំបាំង​មុខបុរស​ពីរ​នាក់​ទៀត​ដែរ​ គឺ​ឈ្មោះ ​លឹមទ្រី ​និង​ឈ្មោះប៉ុលកុម្ភ: ​​ពី​បទ​​រួម​សម​គំនិត​​ក្នុង​អំពើ​ប្លន់​ដ៏​សាហាវ​លើ​អ្នក​ស្រីជួនធារ៉ា ​​ដែល​ពួក​ជន​ល្មើស​​បាន​​វាយ​ដំ ​និង​បាញ់​​សម្លាប់​ ខណ:​​​ពេល​កំពុង​​ប្រ​តាយ​ប្រ​តប់គ្នា​ដណ្តើម​យក ​ប្រ​អប់​មួយ​​ដែល​មាន​ប្រាក់​នៅ​ក្នុង​នោះ​ចំនួន​២៥.០០០​ដុល្លារ​​ពី​​ស្ត្រី​រង​គ្រោះ​នៅ​​ខាង​ក្រៅ​​​​​ផ្សារ​មួយ​ក្នុង​សង្កាត់​ចោម​ចៅខណ្ឌ​ពោធិ៍​​​សែនជ័យ។ ហេតុ​ការណ៍​គួរ​ឲ្យ​រន្ធត់​តក់​ស្លុត​នេះ​​ត្រូវ​​​កាមេរ៉ាសុវត្ថិ​ភាព​មួយ​នៅ​ក្បែរ​នោះ​​ ​ចាប់​រូប​ភាព​បាននិង​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​​គេ​ហ​ទំព័រយូធ្យូប (YouTube)។​រូប​ភាព​​​ឃោរ​ឃៅ​​នេះ​ត្រូវ​បាន​​​មនុស្ស​​​ជាង​១៤០.០០០​​នាក់បើក​មើល​ក្នុង​​រយ:ពេល​ពីរ​សប្តាហ៍​ក្រោយមាន​​​​ឃាត​កម្ម​នេះ។ យោង​តាម​​លិខិត​ឆ្លើយ​​​បំភ្លឺ​​​មួយ​​របស់​​លោកផុនដាទី ​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​អ្នក​ស្រី​ ជួនធារ៉ា ​​បាន​ឲ្យ​ដឹង​ថា ​​ខណ:​ពេល​​​ពួក​គាត់​​ទាំង​ពីរ​នាក់​ម្តាយ ​និងកូន​​​...

កង​រាជ​អាវុធ​ហត្ថ​​រឹប​អូស​បាន​ឯក​សណ្ឋាន​កង​ទ័ព​ច្រើន​​មុន​​កិច្ច​ប្រជុំ​កំ​ពូល​អាស៊ាន

​កាល​ពី​ម្សិល​មិញមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​​បាន​រឹប​អូស​យក​ឯក​សណ្ឋាន​កងទ័ព​ ស្បែក​ជើង​ និង​​គ្រឿង​ឥស្សរិយយស​យោធា​​រាប់រយ​​សម្រាប់​​ពី​អា​ជីវករ​នៅ​ផ្សារ​ទឹក​ថ្លា​ ក្នុង​ខណ្ឌ​​​សែន​សុខ​​ ​​រាជធានី​ភ្នំ​ពេញ​ ក្នុង​បំណង​​ទប់​​​ស្កាត​​​់​​​ជន​ស៊ី​វិលពី​ការ​​បន្លំខ្លួន​​ធ្វើ​ជា​មន្ត្រី​យោធា​ នៅ​មុន​​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​នា​ពេល​ខាង​មុុខ​នេះ។ លោក​ គង់​ គីនី​ មេបញ្ជាការ​​រង​កង​រាជ​អាវុធ​​​​ហត្ថ​​រាជធានីភ្នំពេញ​​បាន​មាន​ប្រសាសន៍​​​​ថា​ “យើង​បាន​ចាត់​វិធាន​ការ​បង្ក្រាប​​អ្នក​លក់​ឯក​សណ្ឋាន​កង​យោធ​ពល​ខេមរភូមិន្ទ​ នៅ​មុន​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ​ព្រោះ​​ប្រទេស​របស់​យើង​​គឺ​ជា​ម្ចាស់​ផ្ទះ​ ហើយ​យើង​មាន​តួនាទី​ការពារ​សន្តិ​សុខ​ជូន​ភ្ញៀវ​ជា​ឥស្សរជន​​ជាន់ខ្ពស់​​របស់​យើង​។​ ​យើង​​​បង្ក្រាប​​ទី​ផ្សារ​ខុស​ច្បាប់​នេះ​ ដើម្បី​​​រារាំង​ជន​អា​ក្រក់ពី​ការ​​ក្លែង​បន្លំ​ធ្វើ​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​​ ហើយ​បង្ក​​បញ្ហា​​អំឡុង​កិច្ច​ប្រជុំ​កំពូលនេះ”។ នេះ​គឺ​ជា​​​លើក​ទី​បួន​ហើយ​​ក្នុង​រយៈពេល​មួយ​​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​នគរបាល​​បាន​ឆ្មក់​បង្ក្រាប​ផ្សារ​ទឹកថ្លា​​ ហើយ​លោក​ គី​នី​ បាន​មាន​ប្រសាសន៍​ថា​ ឯកសណ្ឋាន​គ្រប់​ប្រភេទ​ត្រូវ​បាន​​រឹប​អូសយក​ ​ក្នុង​នោះ​​​រួម​មានទាំង​​ឯក​សណ្ឋាន​របស់​កង​ទ័ព​ជើង​ទឹក​ ​កងទ័ព​ថ្មើរ​ជើង ​កង​រាជ​អាវុធ​ហត្ថ​​...

កាសែត​អូស្ត្រាលី​ចោទ​ក្មួយ​ប្រុស​​នាយក​រដ្ឋ​មន្ត្រី​ថា​ជាប់​ពាក់​ព័ន្ធក្នុង​ការ​ជួញ​ដូរ​គ្រឿង​ញៀន

កាសែត​ ឌឹអេជ (The Age) របស់​អូស្ត្រាលីកាល​ពី​ម្សិល​មិញបានចោទ​ប្រកាន់​​ថា​ អាជ្ញាធរ​​​​អូស្ត្រាលីបានភ្ជាប់លោកហ៊ុនតូក្មួយ​ប្រុស​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនទៅ​ក្នុង​​​​​ក្រុម​ឧ​ក្រិដ្ឋ​ជនមួយ​ក្រុមដែល​ពាក់​ព័ន្ធ​ក្នុង​ការ​​ជួញ​ដូរគ្រឿង​​​ញៀនហេរ៉ូអុីននិង​ចរាចរ​លុយកខ្វក់។ សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថានគរ​​​បាល​អូស្ត្រាលី​បាន​រៀប​គម្រោង​ចាប់​ខ្លួន​លោកហ៊ុនតូ ​ក្នុង​ទី​ក្រុង​ ម៉ែលប៊ើន (Melbourne) ប៉ុន្តែបានខកខានទៅវិញ ​ដោយ​សារស្ថាន​ទូត​អូស្ត្រាលី​ក្នុង​រាជធានី​ភ្នំពេញបានបដិសេធ​មិនផ្តល់ទិដ្ឋការដល់លោកហ៊ុនតូ​ “ដោយ​លើកឡើង​ថាចំា​បាច់​ត្រូវ​ចៀស​វាង​ឧប្បត្តិ​ហេតុ​ខាង​ការទូត​”។ កាសែត ​ឌឹអេជមិន​បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ ដែល​ខ្លួន​រាយ​ការណ៍​ចោទ​ប្រកាន់​នោះ ​បាន​កើត​ឡើង​ក្នុងឆ្នាំ​ណា​នោះ​ទេ។​ កាសែត​នេះបាន​ចោទ​ប្រកាន់​បន្ថែម​ថា"ផែនការ​តាម​ចាប់​ខ្លួនលោកហ៊ុនតូដែល​មាន​ឈ្មោះថាប្រតិបត្តិការអីល្លីផែងហ្គោ (Operation Illipango)បាន​ស៊ើប​អង្កេតលើ​​ការ​ដឹកគ្រឿងញៀនហេរ៉ូអីុនមក​ពី​កម្ពុជាចូល​ក្នុង​ប្រ​ទេស​អូស្ត្រាលី​​​ ដោយលាក់​​​ជាមួយ​​​ឈើ”។​ នៅ​ពេល​នោះប្រាក់បានមកពីលក់​​​គ្រឿង​ញៀនត្រូវបាន​បញ្ជូន ​ចេញ​ពី​កាសុីណូ​ឈ្មោះ​ ក្រោនក្នុងទីក្រុងម៉ែលប៊ើនមកកាន់​តំបន់​​​អាសុីក្រោមបង្គាប់របស់​លោកហ៊ុនតូ។ កាលពី​ម្សិល​មិញលោកហ៊ុន​...

អ្នកភូមិ​មកពី​ខេត្ត​ចំនួនបួន​ ចាប់ផ្តើមដើរ​ល្បាតការពារព្រៃ​ឡង់​ ជាលើក​ទីពីរ

ក្រុមអ្នកភូមិ​បាន​និយាយ​កាលពី​ម្សិល​មិញថា អ្នកភូមិ​ប្រហែល៤០០នាក់​មកពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង​ កំពង់​ធំ និងខេត្ត​ព្រះ​វិហារ​កាលពី​ចុង​សប្តាហ៍ បានដើរល្បាតចូលទៅក្នុងព្រៃឡង់​រយៈពេល​ជាច្រើនថ្ងៃជាថ្មី​ម្តងទៀត​ ដើម្បីរកមើល​សកម្មភាពកាប់​ឈើ​ និង​ការ​រានដី​ខុស​ច្បាប់​ ដែល​ពួកគាត់​និយាយ​ថា ធ្វើ​ឲ្យប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃរបស់​ពួកគាត់​។ វាជាការ​ល្បាតដ៏ធំលើក​ទីពីរ​ របស់​បណ្តាញ​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ឆ្នាំនេះ។ កាលពី​ខែ​វិច្ឆិកាអ្នកភូមិ​ប្រហែល​៣០០នាក់​ ដែលពួកគាត់​ភាគច្រើន​ជា​ជន​ជាតិ​ភាគតិច​កួយ បាន​ដើរ​ល្បាត​ និង​ដើរ​ក្បួន​សំដៅទៅ​ចម្ការកៅស៊ូ​របស់ក្រុម​ហ៊ុន​ សុី.អ.សុី. ខេ (CRCK) ដើម្បី​ស្វែងរក​ឈើ​​កាប់​រួចដោយ​ខុស​ច្បាប់។ លោកស៊ឹមសៀនអ្នកល្បាត​ម្នាក់​មកពី​ខេត្ត​កំពង់​ធំ​ បាន​និយាយថា អំឡុងប្រតិ​បត្តិការ​​នេះ បណ្តាញ​ប្រជាពលរដ្ឋ​ព្រៃឡង់​នឹង​ល្បាតបួន​ផ្នែកដាច់​ដោយឡែក​ពីគ្នា នៅក្នុង​តំបន់​ស្នូល​ដ៏សំខាន់នៃព្រៃ​ទំហំ​១៣៥.០០០​ហិកតា​មុន​ពេល​ជួបជុំគ្នា​នៅ​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ដើម្បី​តវ៉ា​នឹង​ក្រុមហ៊ុន​ សេង​ សារ៉ាវុធ។ ក្រុមហ៊ុន សេង សារ៉ាវុធ  បានបន្ត​កាប់​​ដើមឈើ​មាន​ជ័រ​ ដែល​អ្នកភូមិធ្លាប់​អាស្រ័យ​ផលរាប់​សតវត្សរ៍មកហើយ សម្រាប់​​ចិញ្ចឹម​ជីវិត​របស់ពួកគាត់។ លោកសៀនបាន​និយាយថា “ អ្នកភូមិ​ជាង​៤០០នាក់​នឹង​មក​ជួបជុំ​គ្នា​នៅក្នុង​ឃុំមានឫទ្ធិដើម្បី​បិទផ្លូវ​ និង​រឹបអូស​យក​ឈើ​ខុស​ច្បាប់​​ ពីព្រោះអ្នកកាប់​ឈើ​ទាំង​នោះ​ ប្រើ​ប្រាស់​ផ្លូវនេះ ​ដើម្បី​ដឹក​ឈើ​ទៅ​ឲ្យ​ក្រុមហ៊ុនេះ”។ លោក​បាន​បន្ថែមថា ក្រុមអ្នកភូមិ​បានរក​ឃើញ​កាប់​រួច​ដោយខុស​ច្បាប់​ចំនួន៥០ម៉ែត្រគូបនៅក្នុង​ស្រុក​សណ្តាន់​កាល​ពី​ម្សិលមិញ។លោក សៀន បាន​និយាយថា ប្រធានភូមិ​ស្រែចង់ បានព្យាយាម​រារាំងអ្នកភូមិ​មិន​ឲ្យ​បន្ត​ដំណើរ​ទៅកាន់​ព្រៃ​ឡង់។ លោក ជុត វុទ្ធី នាយកអង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​បាន​ជួយ​រៀប​ចំការ​ល្បាត​ទាំងពីរ​លើក​នេះ ​បាន​មាន​ប្រសាសន៍ថា “ទីណា​មានសកម្មភាព​ខុសច្បាប់​ ពួកគាត់​នឹង​រឹបអូស​ឈើ​ទាំងនោះហើយ​ប្រសិន​បើ​ពួកគាត់​មិន​អាចធ្វើការ​​ទាក់​ទង​រដ្ឋបាល​ព្រៃឈើ​បាន​ទេ​នោះ ពួកគាត់​នឹង​ដុត​ឈើ​នោះ​ចោល​តែម្តង”។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា “ ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋានអស់ជំនឿ លើ​មន្ត្រី​រដ្ឋាភិបាល ហើយ​ពួកគាត់​មិន​អាច​រង់​ចាំបាន​ទៀត​ទេ ដូច្នេះពួកគាត់​ត្រូវ​ចេញ​ទៅ​​ការពារ​ព្រៃតែម្តង”។ លោក ជុត វុទ្ធី បាន​មាន​ប្រសាសន៍ថាក្រុម​អ្នកភូមិក៏នឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ សេងសារ៉ាវុធផងដែរ ​ពីបទ​កាប់​ឈើ​ខុស​ច្បាប់​រាប់​ម៉ឺនដើម​ចាប់តាំង​ពីឆ្នាំ២០១០មក។លោកបាន​មា​ន​ប្រសាសន៍ថា“ ឈើមួយ​ដើម​មាន​តម្លៃ៦០០ដុល្លារហើយ​ពួកគេ​កាប់​ឈើ​អស់​៣០.០០០ដើមដូច្នេះពួកគេ​គួរ​ផ្តល់​សំណង​ដល់​ម្ចាស់​ឈើវិញ”។ លោកទួតម៉ូរីអភិបាល​រង​ស្រុក​សណ្តាន់​ បា​ន​មាន​ប្រសាសន៍ថា បើទោះជា​ក្រុម​ហ៊ុនសេង សារ៉ាវុធទទួល​បាន​អាជ្ញាប័ណ្ណ​ឲ្យ​កាប់​ឈើ​ និង​សាង​សង់​រោងម៉ាស៊ីនអារឈើ​ក្នុង​ស្រុកនេះក្តី  តែវា​អស់​សុពលភាព​ទៅ​ហើយ។ លោក​បាន​មាន​ប្រសាសន៍ថា “ វាគ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាមតែប៉ុណ្ណោះ”ដែល​ថាក្រុមហ៊ុន​នេះ​បាន​បន្ត​រានដីនៅទីនោះ។លោក ទួត ម៉ូរី បាន​មាន​ប្រសាសន៍ថា“ នៅ​រោងម៉ាស៊ីនអារឈើនេះ​លែងមាន​សកម្មភាព​ទៀត​ហើយ”  ប៉ុន្តែ​លោក​មិន​ដឹង​ថា តើ​ក្រុមហ៊ុន​ទទួល​បាន​ដីទំហំប៉ុន្មានឬកិច្ច​សន្យា​នោះអស់​សុពលភាពពេលណានោះទេ។ លោក​ក៏បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ព្យាយាម​រារាំង​ក្រុម​អ្នកភូមិ​មិន​ឲ្យចូលរួម​ការ​ដើរ​ល្បាតនោះ។លោក​បាន​មាន​ប្រសាន៍ថា “ យើង​មិន​បាន​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យចូលទៅក្នុង​ព្រៃឡង់​ទេ។ ផ្ទុយទៅវិញ យើង​អបអរសាទរ​ចំពោះពួកគាត់ ​ដែល​បាន​ប្រឹង​ប្រែង​ការ​ពារ​ការ​កាប់​បំផ្លាញ​ឈើ​ដោយខុស​ច្បាប់នោះ៕ ប្រែសម្រួលដោយ សោមសារុន  

Latest news

© 2021, ដេលី. All rights reserved.