ប្រជាពលរដ្ឋជាង២០០គ្រួសារនៅក្នុងខេត្តព្រៃវែង បានប្រមូលផ្តុំគ្នានៅខាងក្រៅអធិការដ្ឋាននគរបាលស្រុកពារាំង កាលពីថ្ងៃពុធ ដើម្បីតវា៉ចំពោះក្រុមហ៊៊ុនផ្គត់ផ្គង់ភ្លើងអគ្គិសនី អេលីហ្សា ហួរ(Elisa Hour) និងក្រុមហ៊ុនអគ្គិសនីកម្ពុជា(EDC)ដែលសុទ្ធតែមិនព្រមបញ្ចុះថ្លៃអគ្គិសនី បើទោះជាខ្លួនបានសន្យាកាលបីខែមុនហើយក៏ដោយ។
អ្នកភូមិបាននិយាយកាលពីម្សិលមិញថា កាលពីក្នុងខែមករា ក្រុមហ៊ុនEDCដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបានសន្យា ចំពោះអ្នកភូមិថា តម្លៃអគ្គិសនីនឹងបញ្ចុះពី៣.០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង មកត្រឹម១.៧០០រៀលវិញ។ ប៉ុន្តែតម្លៃនេះនៅតែមិនទាន់ចុះដដែល។
ឈ្មោះ ជឿ ចាយ ដែលស្ថិតក្នុងចំណោម អ្នកតវ៉ាទាំងនោះបានលើកឡើងថា “តម្លៃនេះ ខ្ពស់ណាស់សម្រាប់យើង”។ លោក ជឿ ចាយ បាននិយាយថា ក្រុមហ៊ុន EDC ក៏បានសន្យាដែរ ថានឹងមានការដំឡើងបណ្តាញអគ្គិសនីបន្ថែម ដើម្បីឲ្យលំនៅដ្ឋានបន្ថែមទៀតអាចភ្ជាប់បណ្តាញរបស់រដ្ឋបាន។
លោក ជឿ ចាយ បាននិយាយថា លោកប្រមូលស្នាមមេដៃបានចំនួន៥០០ពីអ្នកភូមិ ដើម្បីបញ្ជូនញត្តិមួយទៅខុទ្ទកាល័យខេត្តព្រវែងនៅថ្ងៃច័ន្ទ។ ប្រសិនបើអ្នកភូមិមិនទទួលបានការឆ្លើយតបទេនោះ ញត្តិនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តតែម្តង។
ឈ្មោះ ស៊ុន សូនី ជាអ្នកតវា៉ម្នាក់ទៀតបាននិយាយថា “ការផ្គត់ផ្គង់អគ្គិសនីឲ្យអ្នកភូមិមិនមែនជារឿងលំបាកទេ ប្រសិនបើ [EDC]ចង់នោះ ”។
លោកយ៉ាឫទ្ធី អ្នកបចេ្ចកទេសនៅEDC បាននិយាយថា ការពន្យារពេលបញ្ចុះតម្លៃអគ្គិសនីនៅក្នុងតំបន់នេះ គឺដោយសារតែការពង្រីកផ្លូវជាតិលេខ៦ ដែលបានបង្អាក់ដំណើរការដំឡើងបណ្តាញអគ្គិសនីថ្មីរបស់ក្រុមហ៊ុន។
លោក យ៉ាបានមានប្រសាសន៍ថា “បើទោះជាគម្រោងរបស់រដ្ឋាភិបាលកំពុងបង្អាក់ការងាររបស់យើងក៏ដោយ ក៏៏EDCនៅតែធ្វើការងារបស់ខ្លួន ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីឆាប់ៗនេះដែរ”។
លោក យ៉ា ក៏បានឲ្យដឹងផងដែរថា EDCនិងក្រុមហ៊ុនថ្មីមួយឈ្មោះ TLPC កំពុងតែដំឡើងបណ្តាញអគ្គិសនីក្នុងបំណងបញ្ចុះតម្លៃអគ្គិសនីសម្រាប់អ្នកភូមិ។
លោក ព្រៃ ឡេង ឪពុករបស់ម្ចាស់ក្រុមហ៊ុន អេលីហ្សា ហួរ បាននិយាយថា ក្រុមហ៊ុនមិនអាចបញ្ចុះតម្លៃអគ្គិសនីបានទេ ពីព្រោះតម្លៃប្រេងមា៉ស៊ូតបច្ចុប្បន្ននេះថ្លៃខ្លាំងណាស់ គឺដល់ទៅ១.៣២០ដុល្លារក្នុងមួយតោនឯណោះ៕
ប្រែសម្រួលដោយ ចេវប៊ុននី