29 C
Phnom Penh

អ្នកភូមិ​មកពី​ខេត្ត​ចំនួនបួន​ ចាប់ផ្តើមដើរ​ល្បាតការពារព្រៃ​ឡង់​ ជាលើក​ទីពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកភូមិ​បាន​និយាយ​កាលពី​ម្សិល​មិញថា អ្នកភូមិ​ប្រហែល៤០០នាក់​មកពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង​ កំពង់​ធំ និងខេត្ត​ព្រះ​វិហារ​កាលពី​ចុង​សប្តាហ៍ បានដើរល្បាតចូលទៅក្នុងព្រៃឡង់​រយៈពេល​ជាច្រើនថ្ងៃជាថ្មី​ម្តងទៀត​ ដើម្បីរកមើល​សកម្មភាពកាប់​ឈើ​ និង​ការ​រានដី​ខុស​ច្បាប់​ ដែល​ពួកគាត់​និយាយ​ថា ធ្វើ​ឲ្យប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃរបស់​ពួកគាត់​។

វាជាការ​ល្បាតដ៏ធំលើក​ទីពីរ​ របស់​បណ្តាញ​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ឆ្នាំនេះ។ កាលពី​ខែ​វិច្ឆិកាអ្នកភូមិ​ប្រហែល​៣០០នាក់​ ដែលពួកគាត់​ភាគច្រើន​ជា​ជន​ជាតិ​ភាគតិច​កួយ បាន​ដើរ​ល្បាត​ និង​ដើរ​ក្បួន​សំដៅទៅ​ចម្ការកៅស៊ូ​របស់ក្រុម​ហ៊ុន​ សុី.អ.សុី. ខេ (CRCK) ដើម្បី​ស្វែងរក​ឈើ​​កាប់​រួចដោយ​ខុស​ច្បាប់។

លោកស៊ឹមសៀនអ្នកល្បាត​ម្នាក់​មកពី​ខេត្ត​កំពង់​ធំ​ បាន​និយាយថា អំឡុងប្រតិ​បត្តិការ​​នេះ បណ្តាញ​ប្រជាពលរដ្ឋ​ព្រៃឡង់​នឹង​ល្បាតបួន​ផ្នែកដាច់​ដោយឡែក​ពីគ្នា នៅក្នុង​តំបន់​ស្នូល​ដ៏សំខាន់នៃព្រៃ​ទំហំ​១៣៥.០០០​ហិកតា​មុន​ពេល​ជួបជុំគ្នា​នៅ​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ដើម្បី​តវ៉ា​នឹង​ក្រុមហ៊ុន​ សេង​ សារ៉ាវុធ។

ក្រុមហ៊ុន សេង សារ៉ាវុធ  បានបន្ត​កាប់​​ដើមឈើ​មាន​ជ័រ​ ដែល​អ្នកភូមិធ្លាប់​អាស្រ័យ​ផលរាប់​សតវត្សរ៍មកហើយ សម្រាប់​​ចិញ្ចឹម​ជីវិត​របស់ពួកគាត់។

លោកសៀនបាន​និយាយថា “ អ្នកភូមិ​ជាង​៤០០នាក់​នឹង​មក​ជួបជុំ​គ្នា​នៅក្នុង​ឃុំមានឫទ្ធិដើម្បី​បិទផ្លូវ​ និង​រឹបអូស​យក​ឈើ​ខុស​ច្បាប់​​ ពីព្រោះអ្នកកាប់​ឈើ​ទាំង​នោះ​ ប្រើ​ប្រាស់​ផ្លូវនេះ ​ដើម្បី​ដឹក​ឈើ​ទៅ​ឲ្យ​ក្រុមហ៊ុនេះ”។

លោក​បាន​បន្ថែមថា ក្រុមអ្នកភូមិ​បានរក​ឃើញ​កាប់​រួច​ដោយខុស​ច្បាប់​ចំនួន៥០ម៉ែត្រគូបនៅក្នុង​ស្រុក​សណ្តាន់​កាល​ពី​ម្សិលមិញ។លោក សៀន បាន​និយាយថា ប្រធានភូមិ​ស្រែចង់ បានព្យាយាម​រារាំងអ្នកភូមិ​មិន​ឲ្យ​បន្ត​ដំណើរ​ទៅកាន់​ព្រៃ​ឡង់។

លោក ជុត វុទ្ធី នាយកអង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​បាន​ជួយ​រៀប​ចំការ​ល្បាត​ទាំងពីរ​លើក​នេះ ​បាន​មាន​ប្រសាសន៍ថា “ទីណា​មានសកម្មភាព​ខុសច្បាប់​ ពួកគាត់​នឹង​រឹបអូស​ឈើ​ទាំងនោះហើយ​ប្រសិន​បើ​ពួកគាត់​មិន​អាចធ្វើការ​​ទាក់​ទង​រដ្ឋបាល​ព្រៃឈើ​បាន​ទេ​នោះ ពួកគាត់​នឹង​ដុត​ឈើ​នោះ​ចោល​តែម្តង”។

លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា “ ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋានអស់ជំនឿ លើ​មន្ត្រី​រដ្ឋាភិបាល ហើយ​ពួកគាត់​មិន​អាច​រង់​ចាំបាន​ទៀត​ទេ ដូច្នេះពួកគាត់​ត្រូវ​ចេញ​ទៅ​​ការពារ​ព្រៃតែម្តង”។

លោក ជុត វុទ្ធី បាន​មាន​ប្រសាសន៍ថាក្រុម​អ្នកភូមិក៏នឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ សេងសារ៉ាវុធផងដែរ ​ពីបទ​កាប់​ឈើ​ខុស​ច្បាប់​រាប់​ម៉ឺនដើម​ចាប់តាំង​ពីឆ្នាំ២០១០មក។លោកបាន​មា​ន​ប្រសាសន៍ថា“ ឈើមួយ​ដើម​មាន​តម្លៃ៦០០ដុល្លារហើយ​ពួកគេ​កាប់​ឈើ​អស់​៣០.០០០ដើមដូច្នេះពួកគេ​គួរ​ផ្តល់​សំណង​ដល់​ម្ចាស់​ឈើវិញ”។

លោកទួតម៉ូរីអភិបាល​រង​ស្រុក​សណ្តាន់​ បា​ន​មាន​ប្រសាសន៍ថា បើទោះជា​ក្រុម​ហ៊ុនសេង សារ៉ាវុធទទួល​បាន​អាជ្ញាប័ណ្ណ​ឲ្យ​កាប់​ឈើ​ និង​សាង​សង់​រោងម៉ាស៊ីនអារឈើ​ក្នុង​ស្រុកនេះក្តី  តែវា​អស់​សុពលភាព​ទៅ​ហើយ។

លោក​បាន​មាន​ប្រសាសន៍ថា “ វាគ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាមតែប៉ុណ្ណោះ”ដែល​ថាក្រុមហ៊ុន​នេះ​បាន​បន្ត​រានដីនៅទីនោះ។លោក ទួត ម៉ូរី បាន​មាន​ប្រសាសន៍ថា“ នៅ​រោងម៉ាស៊ីនអារឈើនេះ​លែងមាន​សកម្មភាព​ទៀត​ហើយ”  ប៉ុន្តែ​លោក​មិន​ដឹង​ថា តើ​ក្រុមហ៊ុន​ទទួល​បាន​ដីទំហំប៉ុន្មានឬកិច្ច​សន្យា​នោះអស់​សុពលភាពពេលណានោះទេ។

លោក​ក៏បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ព្យាយាម​រារាំង​ក្រុម​អ្នកភូមិ​មិន​ឲ្យចូលរួម​ការ​ដើរ​ល្បាតនោះ។លោក​បាន​មាន​ប្រសាន៍ថា “ យើង​មិន​បាន​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យចូលទៅក្នុង​ព្រៃឡង់​ទេ។ ផ្ទុយទៅវិញ យើង​អបអរសាទរ​ចំពោះពួកគាត់ ​ដែល​បាន​ប្រឹង​ប្រែង​ការ​ពារ​ការ​កាប់​បំផ្លាញ​ឈើ​ដោយខុស​ច្បាប់នោះ៕

ប្រែសម្រួលដោយ សោមសារុន

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស