39.4 C
Phnom Penh

កង​រាជ​អាវុធ​ហត្ថ​​រឹប​អូស​បាន​ឯក​សណ្ឋាន​កង​ទ័ព​ច្រើន​​មុន​​កិច្ច​ប្រជុំ​កំ​ពូល​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​ពី​ម្សិល​មិញមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​​បាន​រឹប​អូស​យក​ឯក​សណ្ឋាន​កងទ័ព​ ស្បែក​ជើង​ និង​​គ្រឿង​ឥស្សរិយយស​យោធា​​រាប់រយ​​សម្រាប់​​ពី​អា​ជីវករ​នៅ​ផ្សារ​ទឹក​ថ្លា​ ក្នុង​ខណ្ឌ​​​សែន​សុខ​​ ​​រាជធានី​ភ្នំ​ពេញ​ ក្នុង​បំណង​​ទប់​​​ស្កាត​​​់​​​ជន​ស៊ី​វិលពី​ការ​​បន្លំខ្លួន​​ធ្វើ​ជា​មន្ត្រី​យោធា​ នៅ​មុន​​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​នា​ពេល​ខាង​មុុខ​នេះ។

លោក​ គង់​ គីនី​ មេបញ្ជាការ​​រង​កង​រាជ​អាវុធ​​​​ហត្ថ​​រាជធានីភ្នំពេញ​​បាន​មាន​ប្រសាសន៍​​​​ថា​ “យើង​បាន​ចាត់​វិធាន​ការ​បង្ក្រាប​​អ្នក​លក់​ឯក​សណ្ឋាន​កង​យោធ​ពល​ខេមរភូមិន្ទ​ នៅ​មុន​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ​ព្រោះ​​ប្រទេស​របស់​យើង​​គឺ​ជា​ម្ចាស់​ផ្ទះ​ ហើយ​យើង​មាន​តួនាទី​ការពារ​សន្តិ​សុខ​ជូន​ភ្ញៀវ​ជា​ឥស្សរជន​​ជាន់ខ្ពស់​​របស់​យើង​។​ ​យើង​​​បង្ក្រាប​​ទី​ផ្សារ​ខុស​ច្បាប់​នេះ​ ដើម្បី​​​រារាំង​ជន​អា​ក្រក់ពី​ការ​​ក្លែង​បន្លំ​ធ្វើ​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​​ ហើយ​បង្ក​​បញ្ហា​​អំឡុង​កិច្ច​ប្រជុំ​កំពូលនេះ”។

នេះ​គឺ​ជា​​​លើក​ទី​បួន​ហើយ​​ក្នុង​រយៈពេល​មួយ​​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​នគរបាល​​បាន​ឆ្មក់​បង្ក្រាប​ផ្សារ​ទឹកថ្លា​​ ហើយ​លោក​ គី​នី​ បាន​មាន​ប្រសាសន៍​ថា​ ឯកសណ្ឋាន​គ្រប់​ប្រភេទ​ត្រូវ​បាន​​រឹប​អូសយក​ ​ក្នុង​នោះ​​​រួម​មានទាំង​​ឯក​សណ្ឋាន​របស់​កង​ទ័ព​ជើង​ទឹក​ ​កងទ័ព​ថ្មើរ​ជើង ​កង​រាជ​អាវុធ​ហត្ថ​​ និង​ឯក​សណ្ឋាន​អង្គ​​​រក្ស​ផងដែរ​។

​លោក​ គី​នី​ បាន​មាន​ប្រសាសន៍​បន្ត​​ថា​ ឥឡូវ​​​​នេះ​មន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​​ចំនួន​ប្រាំមួយ​នាក់​​​ធ្វើ​ការ​យាម​ល្បាតនៅ​ផ្សារ​ទឹកថ្លា​នេះ​​រយៈ​ពេល​២៤​ម៉ោង​លើ២៤​ម៉ោង​ ដើម្បី​​កុំ​​ឲ្យ​អាជីវ​ករ​​​​បើក​លក់​ឯកសណ្ឋាន​​កងទ័ព​​ក៏​ដូច​ជា​​​​​ឯក​​​សណ្ឋាន​​​​កង​កិត្តិយស​​សាជាថ្មី​ទៀត​។

លោក​ តាន់​ ណាវិន​ ចៅ​សង្កាត់​ទឹក​ថ្លា​បាន​មាន​ប្រសាសន៍​ថា​ ព្រះ​រាជ​អាជ្ញា​អម​​​សាលា

ដំបូង​រាជ​ធានីភ្នំពេញ​​កំពុង​​​មាន​ផែនការ​ចុះ​ឆែក​ឆេរ​តាម​ផ្ទះ​​នៅ​ជុំ​វិញ​​​ផ្សារ​នេះ​ក្នុង​បំណង​​​​ស្វែង​រកឯកសណ្ឋាន​​កង​ទ័ព​​បន្ថែម​ និង​ចាប់​ខ្លួន​អាជីវករ​​ដែល​ជាប់ពាក់ព័ន្ធ​។

លោក​ ណាវិន​ បាន​មាន​ប្រសាសន៍​ថា​

“ ​យើងបាន​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​ដើម្បី​រឹប​អូស​យក​ឯក​សណ្ឋាន​ទាំង​នោះ​ ហើយ​ឥឡូវ​នេះ​ឯក​សណ្ឋាន​ទាំង​អស់​នោះ​នឹង​ត្រូវ​​​បញ្ជូន​ទៅ​ឲ្យ​កង​ទ័ព​​​ព្រំ​ដែន​​របស់​យើង​​​​​ប្រើប្រាស់​”។​​​លោក​បាន​បន្ថែម​ថាអា​ជីវករ​​​​

បាន​ទិញ​ឯក​សណ្ឋាន​ទាំង​នោះ​ពី​កង​ទ័ព។

លោក​បាន​ថ្លែងថា​ “ ​ពេលខ្លះ​កង​យោធ​ពល​​​​ខេមរ​ភូមិន្ទ​របស់​យើង​ចង់​លក់ឬ​ផ្លាស់​ប្តូរ​ឯក​សណ្ឋាន​កង​ទ័ព​របស់​ខ្លួន​​នៅ​​​ផ្សារនេះ​​ ​ជាហេតុ​ធ្វើ​ឲ្យមាន​ភាព​អនា​ធិប​​​តេយ្យ”។

កង​រាជ​អាវុធ​ហត្ថ​​បាន​ឆ្មក់​ចូល​ផ្សារ​ទឹក​ថ្លា​ដែល​គេ​​​ឲ្យ​​រហស្ស​នាម​​​ថា​​ផ្សារ​ទាហាន​​ជា​ច្រើន​ឆ្នាំ​​មក​ហើយ​ ​ព្រោះ​រដ្ឋា​ភិបាល​ទើបជា​អ្នក​​គ្រប់​គ្រង​​ការ​ចែក​ចាយ​ឯក​សណ្ឋាន​កង​ទ័ព។​​កន្លងមក​ ក៏​ធ្លាប់​មាន​សេចក្តី​​រាយការណ៍​អំពី​ករណីដែល​​ឧក្រិដ្ឋជន​​ក្លែង​បន្លំ​ជា​មន្ត្រី​​យោធា​​ផងដែរ​៕

ប្រែ​សម្រួល​ដោយ​ ហួង​ កុក​ទៀន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស