វេទិកាប្រជាពលរដ្ឋអាស៊ាន ដែលសមាជិកអង្គការសង្គមស៊ីវិលជាង១.៥០០នាក់បានរៀបចំធ្វើឡើងក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីបញ្ហាបន្ទាន់នានា ដូចជាបញ្ហាសិទ្ធិមនុស្ស ការចាប់យកដីធ្លី ភាពក្រីក្រ និងអំពើហិង្សាក្នុងគ្រួសារនោះ គ្មានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាលទេហើយនិស្សិតលាវ ក៏មិនអាចចូលរួមដែរ។
វេទិការយ:ពេលបីថ្ងៃ ដែលទាំងកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសផ្សេងៗទៀត មិនបានទទួលស្គាល់ជាផ្លូវការនេះ បានប្រព្រឹត្តទៅដំណាលគ្នានឹង ”វេទិកាប្រជាពលរដ្ឋអាស៊ាន”រយ:ពេលបីថ្ងៃមួយផ្សេងទៀតនៅសាលសន្និសីទចតុមុខ ដែលត្រូវបានរៀបចំ គាំទ្រនិងចូលរួមដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់។
ការរៀបចំវេទិកាប្រជាពលរដ្ឋអាស៊ានចំនួនពីរក្នុងពេលដំណាលគ្នានៅរាជធានីភ្នំពេញក្នុងសប្តាហ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការបែកបាក់គ្នាយ៉ាងខ្លាំងរវាងអង្គការសង្គមស៊ីវិលក្នុងតំបន់ ដែលម្ខាងរិះគន់រដ្ឋាភិបាលរបស់ខ្លួន ហើយម្ខាងទៀតជាអង្គការទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល ដូចដែលយើងបានឃើញនៅក្នុងសប្តាហ៍នេះមុនកិច្ចប្រជុំកំពូលអាស៊ានស្រាប់។
អ្នកចូលរួមវេទិកាដែលមិនជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាល និងដែលមានការចូលរួមពីតំណាងអង្គការនានាមកពីប្រទេសកម្ពុជា ហ្វីលីពីន សិង្ហបុរី ថៃនិងឥណ្ឌូណេស៊ី កាលពីម្សិលមិញនេះ បានលើកឡើងអំពីស្ថានភាពដ៏ធ្ងន់ធ្ងរដែលពលករចំណាកស្រុកកំពុងប្រឈម និងការចាប់យកដីធ្លីគ្រប់ទីកន្លែងក្រោមការអនុញ្ញាតរបស់រដ្ឋាភិបាល ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់យា៉ងខ្លាំង។
លោក Nathaniel Don E Marquez នាយកប្រតិបត្តិនៃសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលអាស៊ាន ដើម្បីកំណែទម្រង់កសិកម្មនិងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា “ដីធ្លីមិនមែនគ្រាន់តែជាទំនិញសេដ្ឋកិច្ចទេ។វាជាប្រភពសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ ជាប្រភពថាមពល ហើយសម្រាប់អ្នកមានដីតិចតួចនិងជនជាតិភាគតិចវិញ វាជាប្រភពនៃអត្តសញ្ញាណវប្បធម៌របស់ពួកគេ”។
លោក Marquez បានលើកជាសំណួរថា “ហេតុអ្វីបានជាប្រទេសនីមួយៗផ្តល់ដីយ៉ាងច្រើនដល់ជនបរទេស នៅពេលដែលគេត្រូវការវាជាចាំបាច់ដើម្បីផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រទេសជាតិទាំងមូលនោះ?” លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលនានានៅក្នុងតំបន់ច្រើនតែមានការយល់ឃើញអំពីសារ:សំខាន់នៃដីធ្លី ខុសពីប្រជាពលរដ្ឋដែលរស់នៅលើដីនោះផ្ទាល់។
ថ្លែងនៅក្រៅវេទិកានេះ លោកស្រី ធីតាឃិះ នាយិកាអង្គការសិទ្ធិមនុស្សសីលការ បានលើកឡើងអំពីបញ្ហាដ៏សំខាន់មួយនៅក្នុងអាស៊ាន គឺសេរីភាពនៃការជួបជុំ ដែលលោកស្រីជឿថា មិនត្រូវបានយកទៅពិភាក្សាឲ្យបានល្អិតល្អន់ក្នុងវេទិកាដំណាលគ្នានៅឯសាលសន្និសីទចតុមុខ កាលពីម្សិលមិញឡើយ។
លោកស្រីធីតាឃិះ បានមានប្រសាសន៍ថា ”ខ្ញុំគិតថា សិទ្ធិសេរីភាពរបស់សង្គមស៊ីវិលស្ថិតនៅក្នុងចំណោមកត្តាសំខាន់ៗដែលអាស៊ានចាំបាច់តែធានាឲ្យបាន។ [គឺដើម្បីឲ្យយើង] អាចបញ្ចេញមតិជាសាធារណ: ដើម្បីឲ្យគេដឹងពីកង្វល់របស់យើង ដើម្បីទទួលបានសេរីភាពនៃការជួបជុំនិងសេរីភាពនៃការទទួលបានព័ត៌មាន”។
លោកស្រីបានមានប្រសាសន៍អំពីវេទិកាដំណាលគ្នាទាំងពីរនេះថា ”មិនចាំបាច់បែងចែកគ្នាបែបនេះ ហើយដាក់សម្ពាធគ្រប់ប្រភេទមកលើយើង ទាក់ទិននឹងសេរីភាពនៃការជួបជុំ និងសេរីភាពនៃការបញ្ចេញមតិរបស់យើងនោះទេ”។ វេទិកាដែលលោកស្រី ធីតា ឃិះ និងសមាជិកអង្គការសង្គមស៊ីវិលឯករាជ្យ ចំនួន១.៥០០នាក់បានចូលរួមនេះ គឺបានប្រព្រឹត្តទៅនៅឯសណ្ឋាគារ ឡាក់គី ស្តារ ក្នុងខណ្ឌទួលគោក។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណ:រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រុមដែលបានរៀបចំវេទិកា”ក្រៅផ្លូវការ” កាលពីម្សិលមិញនេះគ្មានឆន្ទ:ចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលដែលបានចូលរួមក្នុងវេទិកាដែលរដ្ឋាភិបាលទទួលស្គាល់ឡើយ។
លោកបានមានប្រសាសន៍ទៀតថា ”អ្វីដែលយើងត្រូវធ្វើ គឺចូលរួមជាមួយក្រុមផ្លូវការ។រីឯក្រុមក្រៅផ្លូវការវិញ គឺអាចធ្វើដោយខ្លួនឯងបាន។ពួកគេត្រូវតែបង្ហាញឲ្យឃើញថា ខ្លួនចង់ធ្វើការរួមគ្នាមុនពេលរដ្ឋាភិបាលអាចចូលរួមជាមួយពួកគេបាន”៕
ប្រែសម្រួលដោយតែមសុខុម