28 C
Phnom Penh

១៥ឆ្នាំកន្លង នៅ​តែគ្មាន​យុត្តិធម​៌​​សម្រាប់ជនរង​គ្រោះ​​ក្នុង​ការ​​វាយ​​ប្រហារ​ដោយ​គ្រាប់​បែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ការដង្ហែក្បួនតវ៉ា នា​ពេល​ថ្ងៃ​កំពុង​​រះ​លោក ចន្ទី សុភី បាន​ចូលរួម​ជាមួយនឹ​ងសមាជិក​​​រាប់រយនាក់ ផ្សេងទៀត ​របស់​គណ​បក្ស​​ជាតិ​ខ្មែរ​ ដើម្បី​តវ៉ា​ប្រឆាំង​ទៅ​នឹង​ប្រព័ន្ធ​យុត្តធម៌ ដែលគេគិតថា គ្មាន​ប្រសិទ្ធ​ភាព។​ ក្រុម​បាតុករ ​ដង្ហែក្បួន​យ៉ាងវែង​តាមបណ្តោយ​​មហារវិធីព្រះសុធារស ព្រម​ទាំង​មាន​កាន់​បដាថា”បរាជ័យ​ប្រពន្ធ​យុត្តិធម៌​កម្មុយនីស្ត!” និង ”យើងមិន​ទទួល​ស្គាល់​តុលា​ការ​​បច្ចុប្បន្ន​នេះ​ទេ!”។ ក្រុមបាតុករ​ ដែលភាគ​ច្រើន​ជា​ស្រ្តី មានចំនួនកាន់តែច្រើនឡើង នៅ​ពេល​​ទៅ​ដល់​មុចរដ្ឋសភា។

ប៉ុន្មាន​នាទី បន្ទាប់ពីម៉ោងប្រាំបីព្រឹក លោក​ ​សមរង្ស៊ីនៅពេលនោះជាប្រធាន​គណបក្ស​ជាតិខ្មែរ បានចាប់ផ្តើម​និយាយ អំពីអំពើ​ពុក​រលួយនៅ​ក្នុងប្រព័ន្ធតុលាការរបស់​កម្ពុជា។បន្ទាប់​មក​បាន​ប្រគល់​ក្បាល​មេក្រូ​ទៅឲ្យ​ក្រុម​បាតុករ​និយាយ​ម្នាក់ម្តងៗ ដោយរៀប​រាប់​អំពីការឈឺ​ចាប់​របស់គេ។

នៅក្នុងខ្សែវីដេអូ បង្ហាញរូបភាព​ក្រុម​​បាតុករ​ចូលរួម​ធ្វើបាតុកម្ម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ១៩៩៧ មាន​ស្ត្រី​វ័យ​កណ្តាល​ម្នាក់ចាប់ផ្តើម​បង្ហូរ​ទឹកភ្នែក នៅពេលគាត់​កំពុង​​មានប្រសាសន៍។ គាត់បានស្រែកថា”គេ​បង្ខំ​ឲ្យ​ខ្ញុំចេញ”។ នៅពេលនោះ ស្រាប់​តែមាន​ឮ​សំឡេង​​ផ្ទុះយ៉ាងខ្លាំង ហើយ​ខ្សែ​វីដេអូ​នោះ​ត្រូវ​បាន​ផ្អាក។

មក​ទល់​​ថ្ងៃនេះ គឺមានរយៈពេល១៥​ឆ្នាំ​ ប៉ុន្តែស្នូរគ្រាប់​បែកដំបូង និងបីគ្រាប់​ក្រោយ​ទៀត​ ដែល​បានគប់​ចូល​ទៅ​ក្នុង​ក្រុមបាតុករ ដោយ​ជនមិន ស្គាល់​មុខ នៅ​តែ​តាម​លង​លោក សុភី និង ជនរង​គ្រោះ​ផ្សេងទៀត។

លោកសុភី​ បានមានប្រសាសន៍ថា “ការ​ចងចំាអំពីហេតុការណ៍ដែលបានកើតឡើងគឺវានៅដិតជាប់នឹងភ្នែក និងក្នុងខួរក្បាល​របស់ខ្ញុំ។ពេលខ្ញុំបាន ​ឮ​សំឡេង​ផ្ទុះយ៉ាងខ្លាំងខ្ញុំតក់ស្លុតភ្លាមនិងភ័យខ្លាច​ខ្លាំងណាស់”។

បុរសចំនួន១៦នាក់ ស្រ្តី និងក្មេងៗ ជា​ច្រើន​នាក់ទៀតបានស្លាប់ និងជាង១០០​នាក់​ទៀតបានរងរបួសនៅនឹងក​ន្លែង​។ មនុស្ស​ជា​ច្រើន ​បានរងរបួស មានខ្លះដាច់ដៃ ខ្លះ​ដាច់​ជើង ក្នុង​ការវាយ​ប្រហារ​ដោយ​គ្រាប់បែក​នេះ អ្នកខ្លះនៅ មានរបួសរហូតមកដល់​សព្វ​ថ្ងៃ​នេះ។

លោក សុភី ដែលកាលនោះ ទើប​មាន​អាយុ​២០ឆ្នាំ បានរងរបួសដោយ​អំបែង​គ្រាប់បែក នៅត្រង់ពោះ ដៃ ភ្លៅ និងក ។ឥឡូវ​​គាត់​នៅតែមានរបួសធំៗ បី​កន្លែង​នៅ​លើ​ខ្លួនរបស់គាត់។ ប៉ុន្តែវា​នៅមានរឿង​អាក្រក់​ជាងអ្វី​​ ដែលគាត់​បានរង​របួស​ទៅ​ទៀត។

លោកបានបន្តថា ”ប្អូនស្រី​របស់ខ្ញុំ អាយុ​១៣​ឆ្នាំម្នាក់ និង​បងប្អូនជីដូនមួយ​របស់​ខ្ញុំ​អាយុ២០ឆ្នាំម្នាក់ទៀត បានស្លាប់​ពេល​បញ្ជូន​ដល់មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ខ្ញុំបាន​អំពាវ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាប់ខ្លួន​ជន​សង្ស័យ​​ក្នុង​ការ​វាយប្រហារ និងដាក់ទោស​ពួកគេ​ឲ្យ​សម​តាមអ្វី​ដែលពួក​គេបានប្រព្រឹត្ត។ តើ​នរណា​សម្លាប់ប្អូនស្រីនិង​បង​ប្អូនជីដូនមួយ​របស់ខ្ញុំ”។ មកទល់នឹងថ្ងៃនេះ នៅមិនទាន់​មាន​នរណា​ម្នាក់​ទទួល​ខុលត្រូវ​ក្នុងការ​សម្លាប់​រង្គាល​​នេះ​ទេ។

តើមានអ្វីបានកើតឡើង ក្នុងពេល​ប៉ុន្មាន​ខែ ប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់​ពីការ​វាយ​ប្រហារ? គឺគ្មានទេ។

រដ្ឋាភិបាល​ពិតជា​បានបើក​ការ​ស៊ើប​អង្កេត​ជាផ្លូវ​ការ តែ​រហូតមកទល់​នឹងពេលនេះមិន​មានការចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ទេ។

ការិយាល័យស៊ើប​អង្កេតរបស់នគរបាល​សហព័ន្ធអាមេរិក​ ក៏​បានបើកការ​ស៊ើប​អង្កេត​​ផ្ទាល់ខ្លួន​ផងដែរ ប៉ុន្តែ​នៅតែទទួល​បាន​លទ្ធផល​​”មិនប្រាកដប្រជា”។ ក្នុងប្រទេស​បារាំង បណ្តឹង​ឧក្រិដ្ឋកម្ម​មួយត្រូវ​បាន​ធ្វើ​ឡើង​ ប៉ុន្តែបានលុបចោលវិញ។

ប៉ុន្តែ​ បើសម្លឹង​មើល​មធ្យោបាយ​ផ្សេង​ទៀត តាមរយៈ​សំណុំ​ឯកសារ​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋ​អាមេរិក ដែល​កាសែត ខេមបូឌាដេលី ​ទទួលបាន ​គឺវា​ជារឿងផ្សេងទៅវិញ។

សំណុំ​ឯកសារ​ ដែលបាន​កត់ត្រា​ក្នុង​ឆ្នាំ​២០០៩​ បានបង្ហាញថា ភ្នាក់ងារ នគរបាល​សហព័ន្ធរបស់សហរដ្ឋអាមេរិក ក្រោយ​មក​បាន​លើក​ឡើងថា ការស៊ើប​អង្កេត របស់ FBI គឺ​ទទួល​រងនូវ​ការគាប​សង្កត់ពី​ កងកម្លាំង​សន្តិសុខ​របស់ គណបក្សប្រជាជន ហើយ​ការស៊ើប​អង្កេត​នេះត្រូវ​បានផ្អាក​ ដោយ​សារ​តែ​មាន​ការ​គំរាម​កំហែងផ្នែក​សន្តិសុខ។ ក្រុម​មន្ត្រី​បានរិះរកគ្រប់​មធ្យោបាយ ដើម្បី​រារាំង​ការ​ស៊ើប​​អង្កេតនេះ។

សាក្សី​បានឃើញអំពើ​ដ៏ឃោរឃៅនេះបានផ្តល់នូវភស្តុតាង​ដល់ភ្នាក់ងារFBIថាអ្នកគប់​គ្រាប់បែក បាន​រត់គេច​យ៉ាងលឿនតម្រង់ទៅកាន់មូលដ្ឋាន​យោធា​របស់​គណបក្ស​​ប្រជាជន ដែលមានទីតាំងនៅក្បែរវត្តបទុម​ ដោយ​មានការ​ជួយការពារពី​កងយោធា​​របស់​រដ្ឋាភិបាល​ ដើម្បីជួយបើកទ្វារឲ្យអ្នក​គប់គ្រាប់បែក​រត់ចូលទៅខាងក្នុង។

អ្នកស្រីពៅហេងអាយុ៦៥ឆ្នាំកាល​ពីម្សិលមិញ បានមាន​ប្រសាសន៍ថា “ទោះ​បី​ជា​វា​កន្លង​ហួស១៥ឆ្នាំ​ហើយក៏ដោយខ្ញុំ​នៅ​តែចង​ចំាអ្វីៗ​ទាំងអស់​ ដែលបាន​កើតឡើង​នៅក្នុងថ្ងៃនោះ” ។

វាបាន​ដក់ជាប់​ក្នុងអារម្មណ៍​របស់អ្នកស្រីពៅហេង។វាច្បាស់ណាស់​គឺ​គ្រាប់​បែក​ផ្ទុះ​នៅ​ម៉ោង៩ព្រឹក។គេទូរស័ព្ទ​មក​ប្រាប់​គាត់​ថាក្មួយស្រី​របស់​គាត់បានស្លាប់ និងកូន​របស់​គាត​់បាន​រងបួសក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែកនេះ។

អ្នកស្រីពៅហេងបា​ន​មាន​ប្រ​សាសន៍ថា​​ “នា​​ង​កំ​ពុង​ធ្វើ​បាតុកម្ម​​ដើម្បីទាម​ទា​រ​ឲ្យ​តម្លើង​ប្រាក់​ខែពីព្រោះ​ពួកគេ​គឺជា​កម្មក​រ​រោង​ចក្រ​កា​ត់​ដេរ ហើយ​ប្រាក់​ខែ​​របស់​ពួកគេ​ ទា​ប​ណា​ស់​  ​ហេតុ​ដូចនេះ នា​ង​បា​ន​​សម្រេច​ចិត្ត​ចូល​​រួម​ធ្វើ​បា​ត​ុ​កម្ម​នៅ​ក្នុង​​ថ្ងៃនោះ។កូន​ស្រី​ និ​ង​ក្មួយ​របស់​ខ្ញុំបា​ន​​ស្លាប់​​ដោយ​សារ​តែ​ចូលរួមធ្វើ​បាតុកម្មនៅ​ថ្ងៃនោះដើម្បី​ទាម​ទា​រសិទ្ធិសេរីភាពនិង​លទ្ធិប្រជា​ធិបតេយ្យ​”។ អ្នកស្រី​បា​ន​មា​ន​ប្រ​សាសន៍​បន្ត​ថា “​យើង​​ចង់​ឲ្យ​រដ្ឋាភិបា​ល​បន្តកា​រ​​ស៊ើប​អង្កេត​​។យើង​​ចង់​ដឹងថាអ្នកបោក​គ្រាប់​បែ​ក​នោះ​ មា​ន​មុខ​មា​ត​់​​យ៉ា​ង​ដូ​ច​ម្តេច”។

ប្រែ​សម្រួល​ដោយ​ ស៊ា​ ស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស