30 C
Phnom Penh

កាសែត​អូស្ត្រាលី​ចោទ​ក្មួយ​ប្រុស​​នាយក​រដ្ឋ​មន្ត្រី​ថា​ជាប់​ពាក់​ព័ន្ធក្នុង​ការ​ជួញ​ដូរ​គ្រឿង​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាសែត​ ឌឹអេជ (The Age) របស់​អូស្ត្រាលីកាល​ពី​ម្សិល​មិញបានចោទ​ប្រកាន់​​ថា​ អាជ្ញាធរ​​​​អូស្ត្រាលីបានភ្ជាប់លោកហ៊ុនតូក្មួយ​ប្រុស​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនទៅ​ក្នុង​​​​​ក្រុម​ឧ​ក្រិដ្ឋ​ជនមួយ​ក្រុមដែល​ពាក់​ព័ន្ធ​ក្នុង​ការ​​ជួញ​ដូរគ្រឿង​​​ញៀនហេរ៉ូអុីននិង​ចរាចរ​លុយកខ្វក់។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថានគរ​​​បាល​អូស្ត្រាលី​បាន​រៀប​គម្រោង​ចាប់​ខ្លួន​លោកហ៊ុនតូ ​ក្នុង​ទី​ក្រុង​ ម៉ែលប៊ើន (Melbourne) ប៉ុន្តែបានខកខានទៅវិញ ​ដោយ​សារស្ថាន​ទូត​អូស្ត្រាលី​ក្នុង​រាជធានី​ភ្នំពេញបានបដិសេធ​មិនផ្តល់ទិដ្ឋការដល់លោកហ៊ុនតូ​ “ដោយ​លើកឡើង​ថាចំា​បាច់​ត្រូវ​ចៀស​វាង​ឧប្បត្តិ​ហេតុ​ខាង​ការទូត​”។

កាសែត ​ឌឹអេជមិន​បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ ដែល​ខ្លួន​រាយ​ការណ៍​ចោទ​ប្រកាន់​នោះ ​បាន​កើត​ឡើង​ក្នុងឆ្នាំ​ណា​នោះ​ទេ។​ កាសែត​នេះបាន​ចោទ​ប្រកាន់​បន្ថែម​ថា”ផែនការ​តាម​ចាប់​ខ្លួនលោកហ៊ុនតូដែល​មាន​ឈ្មោះថាប្រតិបត្តិការអីល្លីផែងហ្គោ (Operation Illipango)បាន​ស៊ើប​អង្កេតលើ​​ការ​ដឹកគ្រឿងញៀនហេរ៉ូអីុនមក​ពី​កម្ពុជាចូល​ក្នុង​ប្រ​ទេស​អូស្ត្រាលី​​​ ដោយលាក់​​​ជាមួយ​​​ឈើ”។​ នៅ​ពេល​នោះប្រាក់បានមកពីលក់​​​គ្រឿង​ញៀនត្រូវបាន​បញ្ជូន ​ចេញ​ពី​កាសុីណូ​ឈ្មោះ​ ក្រោនក្នុងទីក្រុងម៉ែលប៊ើនមកកាន់​តំបន់​​​អាសុីក្រោមបង្គាប់របស់​លោកហ៊ុនតូ។

កាលពី​ម្សិល​មិញលោកហ៊ុន​ តូមិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​ ស្ដី​អំពី​ការ​ចោទ​ប្រ​កាន់​ក្នុង​កាសែត​នេះបាន​ទេ​ ចំណែក​ឯ​លោកង៉ែតបូរីនាយ​រង​ខុទ្ទកាល័យ​លោក​​​នាយក​រដ្ឋ​មន្ត្រីក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​អំពី​អត្ថបទ​កាសែត​នេះ​ដែរ។

របាយ​ការណ៍​ក្នុង​កាសែត​នេះ​ក៏​បាន​អះ​អាង​ថាលោកហ៊ុនតូក៏​ជា​មុខ​សញ្ញា​របស់​​​គណៈកម្មការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​អូស្ត្រាលី ​នៅក្នុងរង្វង់​ឆ្នាំ២០០២​ និង​២០០៤​ផង​ដែរដែល​នៅ​ពេល​នោះឈ្មោះផែនីថៃជាជំនួយការ​របស់​លោកហ៊ុនតូ​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រ​កាន់។

កាសែត​នេះ​បាន​បន្ថែម​ថា ​តុលា​ការ​នៅ​ក្នុង​ប្រ​ទេស​អូស្ត្រាលីបាន​ពណ៌នា​ថា​លោក​ ផែនី​ ថៃមានឋានៈជា​វរសេនីយ៍ទោក្នុងជួរ​កង​ទ័ព​កម្ពុជាដែលបា​ន​ចំណាយ​ប្រាក់​ ដើម្បី​ទិញតួនាទីនេះនិងជាអ្នកមាន“ទំនាក់​ទំនង​យ៉ាងជិតស្និទ្ធជាមួយ​នឹង​ក្រុមអ្នកមាន​អំណាច​ នៅក្នុង​ប្រ​ទេស​កម្ពុជាដែល​បាន​រួមគំនិត​​​ក្នុងការជួញដូរ​នេះ”។

កាសែតឌឹអេជបាន​លើកឡើង​ថាលោកហ៊ុន​ តូដែល​មាន​ឪពុកឈ្មោះហ៊ុនណេងអភិបាល​ខេត្ត​កំពង់​ចាម​នោះគឺជា​ “ឥស្សរជនដែល​មាន​អំណាចនិង​គួរ​ឲ្យ​ខ្លាចនៅ​ក្នុង​ប្រទេស​កម្ពុជា”។

ឧត្តមសេនីយ៍ឯកខៀវសុភ័គអ្នក​នាំ​ពាក្យ​ក្រ​សួង​មហា​ផ្ទៃ​បាន​មានប្រសាសន៍​ថាលោក​​​មិន​ទាន់​បាន​ឃើញ​របាយការណ៍​តាម​កាសែត​​​​នោះ​នៅ​ឡើយ​ទេប៉ុន្តែ​លោក​នឹង​ពិនិត្យ​អំពី​បញ្ហានេះ។

ឧត្តមសេនីយឯកខៀវសុភ័គបាន​មាន​​​ប្រសាសន៍​​​ថា​​​ “ព័ត៌មាន​នេះ​ចេញ​មក​ពី​ភាគី​តែ​ម្ខាង។​ ខ្ញុំ​មិន​អាច​ធ្វើអត្ថា​ធិប្បាយ​បាន​ទេ។​​​វាឆាប់​ពេក​ហើយ”។​

លោកដេវចច (Dave Gordge) លេខាទី​​​មួយ​ប្រចាំ​ស្ថានទូត​អូស្ត្រាលីបានមាន​​​ប្រសា​​​សន៍​​​ថាលោកមិនអាចអត្ថា​ធិប្បាយ ​អំពី​របាយ​​​ការណ៍​ក្នុង​កាសែតឌឹអេជឬ​ក៏​អំពី​ប្រតិបត្តិការ​របស់​នគរបាលនៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ដែល​កាសែត​នេះ​បាន​លើកឡើង​នោះ​ទេ​​។លោកបាន​ថ្លែងថា“ខ្ញុំ​នឹងពិនិត្យមើល​រឿង​​​នេះ ប៉ុន្តែយើង​មិនធ្វើអត្ថាធិប្បាយ​អំពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​ទិដ្ឋាការឬក៏​ជុំ​វិញ​ទិដ្ឋាការ​ របស់បុគ្គលណាមួយបានឡើយ”។

កាលពី​ឆ្នាំ​២០០៧នៅ​ពេល​អង្គការគ្លូបលវីតនីស(Global Witness) ដែល​មាន​មូលដ្ឋាននៅ​ក្នុង​ទីក្រុ​ឡុងដ៍​ បាន​ចោទ​ប្រ​កាន់​លោក​ ហ៊ុនតូពីបទ​កាប់ឈើ​ខុស​ច្បាប់​នោះលោកហ៊ុន ​តូបាន​បដិសេធថា ​លោក​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះទេហើយអះអាងថាប្រាក់របស់​លោកបាន​មកពី​ការ​លក់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។

លោកហ៊ុនតូ​ ថ្លែង​ប្រាប់​កាសែតខេម​​​បូឌាដេលីនៅ​ពេល​នោះថា“ខ្ញុំមិន​បាន​ធ្វើ​រឿង​នោះ​ទេ។ប្រសិន​បើ​ពួកគេ​ចោទ​ប្រ​កាន់​ខ្ញុំខ្ញុំ​នឹង​ប្ដឹង​ពួកគេ”។លោក​បាន​ថ្លែងថា“ខ្ញុំ​សូម​ប្រាប់​ពួកគេ​ថាគ្រាន់​តែការ​លក់ដី​មួយ​ឡូត៍​នៅ​ក្នុង​រាជធានី​ភ្នំពេញខ្ញុំ​អាច​ក្លាយ​ទៅ​ជា​មហាសេដ្ឋីម្នាក់​​​បាត់​​ទៅ​ហើយ”៕(រាយការណ៍​បន្ថែម​ដោយ Julia Wallace)

ប្រែ​សម្រួល​ដោយ ហមសុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស