26 C
Phnom Penh

ហ៊ុន តូ​ ​វាយបក​នឹង​ការ​ចោទ​ប្រកាន់​របស់​កាសែត​នៅអូ​ស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​ពីម្សិល​មិញ លោក ហ៊ុន​ តូ ក្មួយ​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបានវាយ​បកទៅ​នឹងការ​ចោទ​ប្រ​កាន់ ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​កាសែត​ ​ឌឹអេជ (The Age)  របស់​អូស្ត្រាលី​ ដែល​បាន​ភ្ជាប់រូប​លោកទៅ​នឹង​​ការ​ជួញ​ដូរ​គ្រឿង​ញៀន​អន្ត​រជាតិ​​ និង​ក្រុមបណ្តាញ​លាង​លុយ​កខ្វក់ ​ដោយ​ទាម​ទារ​ឲ្យ​កាសែត​នេះ​ចុះ​ផ្សាយ​កែតម្រូវឡើងវិញចំពោះពាក្យចោទ​ប្រកាន់នោះ។

កាលពី​ម្សិលមិញលោកហ៊ុន ​​តូបាន​ផ្ញើ​លិខិត​ឆ្លើយ​តប​ទៅ​ឲ្យ​ចាងហ្វាងការផ្សាយ​​របស់​កាសែត​ ឌឹ អេជ តាមរយៈឯកអគ្គ​រដ្ឋ​ទូត​អូស្ត្រាលីចាំផ្ទះលោកផែនីរីឆាដស៍(Penny Richards) ដោយ​​ទាម​ទារ​ឲ្យកែតម្រូវ និង​សុំ​ទោស​លោក  ហើយ​លោក ​ហ៊ុន​ តូ ​ក៏បាន​គំរាម​ចាត់​វិធាន​ការផ្លូវ​ច្បាប់​ប្រឆាំង​នឹង​កាសែត​នេះទៀត​ផង។

លិត​ខិត​របស់​លោក ហ៊ុន តូ​ បាន​លើក​ឡើង​ថា “ យើងខ្ញុំ​ក៏ពុំ​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយនឹងការ​ជួញ​ដូរគ្រឿង​ញៀន ឬការ​លាង​លុយ​កខ្វក់​ទាល់តែសោះ ទោះ​ដោយ​ផ្ទាល់ឬដោយប្រ​យោល​ក្តី”។

លោក​ ហ៊ុន តូ បាន​សរសេរ​ថា “ ប៉ុន្តែមុននឹងប្រើប្រាស់សិទ្ធិការ​ពារ​ខ្លួន​តាម​វិធាន​ការ​​ច្បាប់ យើងខ្ញុំ​ត្រូវប្រើប្រាស់​សិទ្ធិឆ្លើយ​តប​ឲ្យ​​កាសែត The Age ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​សាធារណមតិនៅកម្ពុជា ក៏ដូច​នៅ​ប្រទេស​អូស្ត្រាលី និងនៅប្រ​ទេស​ផ្សេងៗទៀត​បាន​ជ្រាបពី​ការ​បំផ្លើស​ពីការពិត​ដូចខាង​លើ”។

កាល​ពី​ថ្ងៃ​អាទិត្យ ​កាសែត ឌឹ អេជ បាន​ចុះផ្សាយ​រឿង​មួយ(ដែល​រឿងនេះ​ក៏​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ The Sydney Morning Herald ផង​ដែរ)​ ដោយ​ចោទ​ប្រ​កាន់ថាអាជ្ញា​ធរអូស្ត្រាលី បាន​រៀប​ចំ​ផែន​ការតាម​ចាប់​លោកហ៊ុន​ តូ​ ពីបទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​នាំ​គ្រឿង​ញៀន​ ហេរ៉​ូអុីនចូល​ទៅ​ក្នុង​ប្រ​ទេស​អូស្ត្រា​លីប៉ុន្តែ​ថា ​លោក​មិន​ដែល​បាន​មក​ដល់​ក្នុងប្រ​ទេស​អូស្ត្រាលីទេ ពី​ព្រោះ​ថា ស្ថានទូត​អូស្ត្រាលី​ក្នុង​រាជធានី​ភ្នំ​ពេញ​មិន​បាន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​លោក​ទេ “ ដោយ​លើក​ឡើថាចាំបាច់​ត្រូវចៀស​វាងឧប្បត្តិហេតុខាង​ការ​ទូត”។​

កាសែត​មិ​ន​បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ ដូច​បាន​ចោទ​ប្រ​កាន់​ខាង​លើនេះ បាន​កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ។ ក្នុង​កិច្ចសម្ភាសនៅ​ឯគេហដ្ឋាន​របស់​លោកក្នុង​រាជធានី​ភ្នំពេញ ​កា​ល​ពី​ម្សិល​មិញលោក ហ៊ុន តូ បាន​ផ្ដល់​លិខិត​ឆ្លងដែនថត​ចម្លង​មួយ​ច្បាប់​ដល់​កាសែត ខេមបូឌា ដេលីដោយ​បង្ហាញ​ថា លោកបាន​ទៅ​លេង​ប្រទេស​អូស្ត្រាលីជា​ច្រើន​លើក ហើយ​ថ្មីៗនេះ ​លោក​​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អស់​រយៈ​ពេល​ពីរខែ និង​ពីរ​លើក​ទៀត​កាល​ពី​ឆ្នាំ​២០១០។

លោកហ៊ុនតូក៏​បាន​មាន​ប្រ​សាសន៍​ផង​ដែរ​ថា​ លោក​​នឹង​ទៅ​លេងប្រទេស​អូស្ត្រាលី​ម្ដង​ទៀត​នៅចុង​ឆ្នាំ​នេះ។លោក​បានបន្ដថា “ ខ្ញុំនឹង​​ទៅ​អូស្ត្រាលីក្នុងខែកក្កដាដើម្បី​ទៅ​សួរសុខ​ទុក្ខ​កូន​ប្រុស​របស់​ខ្ញុំ។​ ប្រសិន​បើ​ខ្ញុំ​ខុស ហេតុ​​អ្វី​ក៏​ស្ថាន​ទូត​អូស្ត្រាលី​ផ្តល់​ទិដ្ឋាការ​ឲ្យ​ខ្ញុំ?”។

លោក​ ហ៊ុ​នតូក៏បាន​មាន​ប្រ​សាសន៍​នៅ​ក្នុង​លិខិត​ផ្ញើជូនចាងហ្វាងការផ្សាយរបស់​កាសែត ឌឹ អេជ  ចំពោះការអះអាងថា ស្ថាន​ទូត​អូស្ត្រាលី​មិន​បាន​ផ្តល់ទិដ្ឋាការ​ឲ្យ​រូប​លោក​នោះ​ គឺជា “ ការ​បំផ្លើសខុសពីការ​ពិតពី​ព្រោះ​

ស្ថានទូតនេះបានចេញ​ទិដ្ឋាការ​ឲ្យ​ខ្ញុំ​បីលើក​រួច​មក​ហើយ ហើយ​ការ​ធ្វើ​ដំណើរ​ជាធ​ម្មតា​ទៅ-មក ជាមួយ​ប្រពន្ធ-កូន និង​មិត្ត​ភក្ដិមួយ​ចំនួនទៅ​កាន់​ប្រទេស​អូស្ត្រាលីពុំដែលមាន​ជួបបញ្ហា​ ឬ​ឧបសគ្គ​អ្វី​ទាំងអស់”។​

នៅ​ពេល​សួរ​ថាតើកន្លងមកនេះ ស្ថាន​ទូត​​អូស្ត្រាលី​ ក្នុង​រាជធានីភ្នំពេញ​បាន​បដិសេធ​ទិដ្ឋាការ​របស់​លោក​មែន​ឬ​អត់នោះ លោកហ៊ុន តូ​ បាន​មាន​ប្រសាសន៍ថា “ គាត់ [ អ្នកកាសែត ឌឹ អេជ ] បាន​ចោទ​ប្រ​កាន់​ខ្ញុំ​ថា ស្ថាន​​ទូ​តបានបដិសេធ​ទិដ្ឋា​ការ​របស់​ខ្ញុំ។ សូម​បង្ហាញ​ភស្តុតាង​មក​មើល!”។

គណៈកម្មការស៊ើបអង្កេត​អំពើ​ឧក្រិដ្ឋ​របស់អូស្ត្រាលី​ ដែល​កាសែត ឌឹ អេជ បាន​ចោទ​ថាបានស៊ើប​អង្កេត​លោកហ៊ុនតូក្នុង​រវាង​ឆ្នាំ ២០០២ និង​២០០៤នោះ មិនបាន​ចេញប្រតិកម្ម​ជា​សាធារណៈ​ចំពោះសេចក្ដី​រាយ​ការណ៍​របស់​កាសែត​នេះ​ទេ។​​

ថ្លែងទៅកាន់អ្នក​យក​ព័ត៌មាន​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្នុង​រាជធានី​ភ្នំ​ពេញ​ លោកបប់​ ខារ៍ (Bob Carr) ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយពាក់​ព័ន្ធ​ទៅ​នឹង​សេចក្ដី​រាយ​ការណ៍​នេះដែរ។

កាសែត​ ឌឹ អេជ ក៏បាន​លើកឡើង​ផង​ដែរ​ថាលោកផែនីថៃសញ្ជាតិ​កម្ពុជា​ដែល​កាសែត​នេះ​បាន​ពណ៌នា​ថា ជា “ ​ដៃគូតូច​តាច​របស់​លោក ហ៊ុន តូ” ​នោះ ត្រូវបាន​​តុលាការអូស្ត្រាលីចោទ​ប្រ​កាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀនដោយ​មានជាប់ឈ្មោះក្នុង​ការ​ស៊ើប​អង្កេត​របស់​គណៈកម្មការស៊ើបអង្កេត​អំពើ​ឧក្រិដ្ឋ។

លោកហ៊ុន​ តូ​ បាន​មាន​ប្រ​សា​សន៍​កាល​ពី​ម្សិល​មិញ​ថា លោក​មិន​ដែល​ស្គាល់​លោកផែនីថៃ​ ទាល់​តែសោះ។​ លោកបានបន្ដ​ថា “ ខ្ញុំមិន​ទាំង​ដែលឮឈ្មោះ​នោះផងទេ”។

ជាម្ចាស់​​រថ​យន្ដស្ព័រម៉ាក Lamborghini​ និង​នាវា​កំសាន្ដ​ល្បឿន​លឿនដ៏មាន​តម្លៃ​​ លោកហ៊ុនតូបាន​មាន​ប្រ​សាសន៍​ថាទ្រព្យសម្បត្តិ ​យ៉ាង​ច្រើន​របស់លោក​េនះ គឺបាន​មក​ដោយ​ស្រប​ច្បាប់ ដោយ​អះអាងថា លោកគឺ​ជា​នាយក​ក្រុម​ហ៊ុនប្រេង​ មានឈ្មោះថា អេល.អេច.អ អាស៊ានវិនិយោគ​ទុន (LHR Asean Investment Co Ltd.)។

លោកបាន​មាន​ប្រ​សាសន៍​ថា”ខ្ញុំ​មាន​ក្រុម​ហ៊ុន​ប្រេង​ផ្ទាល់​ខ្លួនហើយ​ខ្ញុំ​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ។កាលពី​មុន​ ខ្ញុំ [មាន]​​ ចម្ការ​កៅ​ស៊ូមួយ”។

លោក ផូល រ៉ាមែ៉ដ (Paul Ramadge) ចាងហ្វាងកាសែតឌឹអេជមិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ ទៅ​នឹងសំណើសុំ​អត្ថាធិប្បាយទេកាលពី​ម្សិលមិញ៕

  ប្រែ​សម្រួល​ដោយ ហមសុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស