TAG
topstory
អាមេរិករងការរិះគន់ចំពោះការឧបត្ថម្ភគាំទ្រយោធាកម្ពុជា
ខណៈពេលដែលកងរាជអាវុធហត្ថបានចាប់ផ្ដើមកម្មវិធីហ្វឹកហាត់មួយដែលមានរយៈពេល១០ថ្ងៃជាមួយយោធាសហរដ្ឋអាមេរិកនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ មានការចោទជាសំណួរជាថ្មីម្ដងទៀតជុំវិញការឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនដល់កងកម្លាំងសន្ដិសុខកម្ពុជា ដែលជាប់ពាក់ព័ន្ធក្នុងករណីរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។
កាលពីថ្ងៃទី៣ ខែមករា មន្ត្រីកងរាជអាវុធហត្ថបានប្រើប្រាស់កំាភ្លើងវែងអាកា៤៧ បាញ់ទៅលើបាតុករ បណ្ដាលឲ្យមនុស្សប្រាំនាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់៤២នាក់ទៀតរងរបួស បន្ទាប់ពីពួកគេត្រូវបានបញ្ជូនឲ្យបំបែកបាតុកម្មរបស់កម្មករកាត់ដេរ ដែលភាគច្រើនធ្វើសកម្មភាពគប់ដុំថ្មលើសមត្ថកិច្ចនៅលើកំណាត់ផ្លូវវ៉េងស្រេងក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមួយថ្ងៃមុននោះកងទ័ពមកពីអង្គភាពឆត្រយោងលេខ៩១១ ប្រដាប់ដោយបំពង់ទីប ដំបង និងចំពាមកៅស៊ូ បានធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើកម្មករកាត់ដេរ ដែលធ្វើកូដកម្ម ព្រះសង្ឃ សកម្មជនសហជីព និងអ្នកកាសែតនៅខាងក្រៅរោងចក្រកាត់ដេរមួយកន្លែងរបស់កូរ៉េខាងត្បូង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យដែរ។
តាមច្បាប់សិទ្ធិមនុស្សគ្មានជំនួយយោធារបស់សហរដ្ឋអាមេរិកណាមួយអាចផ្ដល់ដល់អង្គភាពនៃកងកម្លាំងសន្ដិសុខរបស់ប្រទេសណាបានឡើយ ប្រសិនបើមានព័ត៌មានអាចជឿជាក់បានថា អង្គភាពនេះបានរំលោភសិទ្ធិមនុស្សជាក់ស្ដែងមិនអាចទទួលយកបាន។
ចាប់តាំងពីកងរាជអាវុធហត្ថនិងអង្គភាពទ័ពឆត្រយោងលេខ៩១១បានប្រើអំពើហិង្សាលើបាតុករបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសកាលពីថ្ងៃទី៣ និងទី៤...
លោក ស៊ូបេឌី ជំរុញឲ្យមានការទទួលខុសត្រូវចំពោះការបាញ់ប្រហារ
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលចំនួន១០រូប នៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក សូរិយា ស៊ូបេឌី (Surya Su-bedi) ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានអំពាវនាវឲ្យឧក្រិដ្ឋជនដែលបានបាញ់សម្លាប់មនុស្សកាលពីពេលថ្មីៗនេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
លោក ស៊ូបេឌី បានចំណាយពេលបីម៉ោងកន្លះក្នុងជំនួបជាមួយលោក ហ៊ុន សែន លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ។
ក្តីកង្វល់ដែលលោក ស៊ូបេឌី បានលើកឡើងអំឡុង “ជំនួបពិភាក្សាឥតលាក់លៀម និងប្រកបដោយភាពរាក់ទាក់” ក៏បូករួមទាំងការប្រើប្រាស់អាវុធដោយអាជ្ញាធរ ក្នុងការបង្ក្រាបសកម្មភាពតវ៉ា ដែលមានការបាញ់ប្រហារប្រាំពីរលើកយ៉ាងសាហាវអំឡុងសកម្មភាពតវ៉ានេះ បើគិតតំាងពីខែកញ្ញាមក ក៏ប៉ុន្តែ មិនមានការចាប់ខ្លួនទេ។ លើសពីនេះទៀតលោកក៏បានលើកឡើងអំពីក្តីកង្វល់ផ្សេងៗទៀតផងដែរដូចជា ការព្យួរសិទ្ធិមានសេរីភាពជួបជុំក្នុងរដ្ឋធម្មនុញ្ញ និងការចាប់កម្មកររោងចក្រកាត់ដេរ មេដឹកនាំសហជីព និងសកម្មជនសរុប២៣នាក់ដាក់ពន្ធនាគារ ដើម្បីរង់ចាំការផ្តន្ទាទោស។
អំឡុងកិច្ចសម្ភាសក្រោយកិច្ចប្រជុំកាលពីរសៀលម្សិលមិញ លោក ស៊ូបេឌី បានឲ្យដឹងថា លោកបានស្នើឲ្យលោក ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលដទៃទៀត ពិចារណាអំពីទិដ្ឋភាពបីនៃច្បាប់ជាតិ និងអន្តរជាតិ ក្នុងនោះរួមមានភាពចាំបាច់នៃការប្រើប្រាស់អាវុធក្នុងសកម្មភាពតវ៉ាកាលពីពេលថ្មីៗនេះ ថា តើចំណាត់ការតបរបស់ពួកគេសមស្របទៅនឹងការគំរាមកំហែងដែរឬយ៉ាងណា និងថា តើចំណាត់ការរបស់រដ្ឋាភិបាលស្របនឹងច្បាប់ដែរឬយ៉ាងណា។
លោក ស៊ូបេឌី បានមានប្រសាសន៍ថា “ បានឆ្លើយតបថា រដ្ឋាភិបាលត្រូវគោរពច្បាប់ និងបទបញ្ជា ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ក៏ប៉ុន្តែ ពួកគាត់ទំនងជាបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតករណីបាញ់ប្រហារនេះ ហើយខ្ញុំបានស្នើឲ្យពួកគាត់អនុវត្តប្រតិបត្តិការស៊ើបអង្កេតឲ្យបានកាន់តែស៊ីជម្រៅដើម្បីឲ្យយើងទទួលបានទំនុកចិត្តខ្ពស់។ ហើយខ្ញុំក៏បានស្នើឲ្យមានការចាប់ខ្លួនឧក្រិដ្ឋជន ដែលទទួលខុសត្រូវចំពោះការចេញបញ្ជា និងអនុវត្តបញ្ជា មកផ្តន្ទាទោស”។
លោក ស៊ូបេឌី បានលើកឡើងបន្តទៀតថា លោកយល់ឃើញថា សកម្មភាពតវ៉ាទ្រង់ទ្រាយធំ ដែលកើតឡើងពាសពេញវិថីនានាក្នុងរាជធានីភ្នំពេញ នៅចុងឆ្នាំ២០១៣ “មានលក្ខណៈជំរុញទឹកចិត្តខ្លាំងជាងមុន” ពីព្រោះ “ ក្រុមអ្នកតវ៉ាខ្លួនឯងធ្វើសកម្មភាពដោយមានវិន័យ រាជរដ្ឋាភិបាលមិនបានជ្រៀតជ្រែកទេ កម្រិតសេរីភាពក្នុងការបញ្ចេញមតិ កើនឡើងខ្ពស់ជាងមុន ប្រជាជនកំពុងអនុវត្តសេរីភាពក្នុងការជួបជុំ”។
ក៏ប៉ុន្តែ សកម្មភាពទាំងនេះបានផ្លាស់ប្តូរវិញ នៅពេលកម្លាំងកងរាជអាវុធហត្ថបាញ់កាំភ្លើងទៅលើកម្មកររោងចក្រកាត់ដេរដែលធ្វើកូដកម្មនៅផ្លូវវេងស្រេងក្នុងខណ្ឌពោធិ៍សែនជ័យ ជាហេតុបណ្តាលឲ្យមនុស្សប្រាំនាក់បាត់បង់ជីវិត និងជាង៤០នាក់ផ្សេងទៀតរងរបួស។ លោក ស៊ូបេឌី បានមានប្រសាសន៍ថា “រឿងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍សោកសៅខ្លាំងណាស់”។
កាលពីខែកញ្ញាឆ្នាំមុន លោក ស៊ូបេឌី បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស (Human Rights Council) នៅទីក្រុងហ្សឺណែវថា ប្រទេសកម្ពុជាកាលពីពេលនោះស្ថិតនៅផ្លូវបំបែក ហើយអាជ្ញាធរត្រូវជ្រើសរើសថា តើគួរបន្តការប្រើ “យុទ្ធសាស្ត្រចាស់” ក្នុងការបង្ក្រាបបាតុករ ឬក៏អនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យបន្ថែមទៀត។
លោកបានលើកឡើងបន្តថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាស្ថិតនៅផ្លូវបំបែកសំខាន់ជាងមុនទៀត ហើយការកែទម្រង់មានភាពបន្ទាន់ខ្លាំងជាងពេលកន្លងមក ដោយសារតែមានភាពជាប់គាំងផ្នែកនយោបាយក្រោយពេលបោះឆ្នោត។ លោកបានមានប្រសាសន៍ថា “ដរាបណាគ្មានការអនុវត្តកម្មវិធីកំណែទម្រង់ឲ្យបានច្បាស់លាស់ទេ ប្រទេសនេះនឹងមិនត្រឡប់ទៅរកប្រក្រតីភាពឡើយ”។
កាលពីម្សិលមិញ លោកក៏បានជួបពិភាក្សាដាច់ដោយឡែក ជាមួយមេដឹកនាំសហជីព ដែលបាននិយាយជាមួយលោកអំពីក្តីកង្វល់របស់ពួកគេ អំពីការគំរាមកំហែងសកម្មជននានាផងដែរ។
លោក អាត ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា “យើងបានស្នើឲ្យលោក ស៊ូបេឌី ស្នើឲ្យរដ្ឋាភិបាលចាប់ខ្លួនអ្នកដែលបានបាញ់កម្មករ”។
សំណើរបស់លោក ស៊ូបេឌី ឲ្យមានការដោះលែងសកម្មជនជាប់ពន្ធនាគារទាំង២៣នាក់ឲ្យនៅក្រៅឃុំ ត្រូវបានបដិសេធកាលពីម្សិលមិញ ដោយសារតែលោក ហ៊ុន សែន បានលើកឡើងថា លោកមិនមានសិទ្ធិជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការទេ។ គួរបញ្ជាក់ថា ក្រុមគ្រួសាររបស់សកម្មជនមួយចំនួននៅក្នុងចំណោមសកម្មជនទាំងនេះ បានជួបនិយាយជាមួយលោក ស៊ូបេឌី។
ទោះយ៉ាងណា ប្រេសិតពិសេសអង្គការសហប្រជាជាតិរូបនេះ បានលើកឡើងថាលោក ហ៊ុន សែន “មានឥរិយាបថទទួលយកយោបល់អ្នកដទៃច្រើនជាងមុន នាពេលនេះ” ហើយ “ក៏បានខិតខំពន្យល់អំពីតំណែងរបស់លោក និងចម្លើយតបរបស់លោកទៅនឹងក្តីកង្វល់របស់ខ្ញុំ”។
លោក ស៊ូបេឌី បានលើកឡើងបន្តទៀតថា លោកមានកម្លាំងចិត្តដោយសារតែលោក ហ៊ុន សែន ផ្តល់ការធានាថា នឹងមានកម្មវិធីកំណែទម្រង់ដែលមជ្ឈដ្ឋានជាច្រើនរង់ចាំជាយូរមកហើយ និងមានការសន្យាជាយូរមកហើយ។ លោក ស៊ូបេឌី បានមានប្រសាសន៍ថា “ការងាររបស់ខ្ញុំកំពុងតែមានឥទ្ធិពលពិតហើយឥឡូវនេះ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ឧទាហរណ៍ ថ្ងៃនេះលោកនាយករដ្ឋមន្ត្រីបានធានាចំពោះខ្ញុំថា ពួកគេនឹងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ក្នុងប្រព័ន្ធបោះឆ្នោត ហើយមូលដ្ឋាននៃកម្មវិធីកំណែទម្រង់នេះនឹងជាអនុសាសន៍របស់ខ្ញុំ នៅក្នុងរបាយការណ៍ដែលខ្ញុំបាននិពន្ធ។ លោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញភាពច្បាស់លាស់ជាងមុនផងដែរ ក្នុងការអះអាងចំពោះខ្ញុំថា កម្មវិធីកែទម្រង់ប្រព័ន្ធតុលាការដែលជាស្ថាប័នអនុវត្តច្បាប់ស្នូលបីនោះ ក៏នឹងត្រូវបានអនុវត្តដោយផ្អែកលើអនុសាសន៍របស់ខ្ញុំផងដែរ”។
លោក ស៊ូបេឌី បានលើកសំណូមពរនៅក្នុងរបាយការណ៍មុនៗ ដែលលោកបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបង្ហាញពីស្ថានភាពនៅក្នុងប្រទេសកម្ពុជាថា កម្មវិធីកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រព័ន្ធចុះឈ្មោះរបស់អ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតមានភាពចាំបាច់ក្នុងការបង្កើនកម្រិតទំនុកចិត្តរបស់អ្នកបោះឆ្នោត។ លើសពីនេះទៅទៀតលោកក៏បានលើកឡើងអំពីការអនុម័តច្បាប់ស្តីពីការជ្រើសរើសចៅក្រម អង្គការចាត់តាំងក្នុងប្រព័ន្ធតុលាការ និងកម្មវិធីកែទម្រង់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមផងដែរ។
លោក ស៊ូបេឌី បានប្រាប់លោក ហ៊ុន សែន ផងដែរថា លោកជឿជាក់ថា ប្រទេសកម្ពុជាអាចលៃលកឆ្លើយតបទៅនឹងការទាមទាររបស់កម្មករឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យឡើងដល់១៦០ដុល្លារក្នុងមួយខែ ជារឿងមួយដែលលោក ហ៊ុន សែន បានច្រានចោលជាសាធារណៈកាលពីថ្ងៃអង្គារ។
ខណៈដែលលោក ស៊ូបេឌី បានជួបពិភាក្សាជាមួយលោក ហ៊ុន សែន មុនមានការសេចក្តីបញ្ជាក់កាលពីមុនថា ទស្សនរបស់ប្រេសិតពិសេសអង្គការសហប្រជាជាតិរូបនេះមិនត្រូវបានស្វាគមន៍ខ្លាំងទេ។ កាលពីឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយសំដៅទៅលើរបាយការណ៍មួយក្នុងចំណោមរបស់លោក ស៊ូបេឌី ថា “ មិនគួរឲ្យជឿទេ”។
កាលពីឆ្នាំមុន អំឡុងបេសកកម្មលើកទី៩របស់លោក និស្សិតមួយក្រុមតូចដឹកនាំដោយសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា បានរំខានក្នុងកិច្ចពិភាក្សារបស់លោកជាមួយនិស្សិតនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ហើយនិស្សិតទាំងនោះបានលើកស្លាកសញ្ញាដែលមានខ្លឹមសារអំពាវនាវឲ្យលោកបញ្ចប់ការងាររបស់ត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់លោកនៅប្រទេសកម្ពុជា។
សរុបមក កាលពីម្សិលមិញ ទំនាក់ទំនងដែលធ្លាប់តែមានបញ្ហារវាងរដ្ឋាភិបាល និងប្រេសិតពិសេសអង្គការសហប្រជាជាតិ ហាក់ដូចជារលាយបាត់ហើយ ហើយវាជាទំនាក់ទំនងដែលមិនទទួលបានការកោតសរសើរពីសំណាក់ប្រេសិតពិសេសមុនៗ ពោលគឺលោក យ៉ាស់ ហ្គាយ (Yash Ghai) និងលោក ភីធើ ឡឺប្រិច (Peter Leuprecht) ដែលបានលាលែងពីតំណែង បន្ទាប់ពីទទួលរងនូវការវាយប្រហារផ្ទាល់ម្តងហើយម្តងទៀត ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកផ្សេងៗទៀតក្នុងគណបក្សប្រជាជនកម្ពុជា។
លោក ស៊ូបេឌី បានមានប្រសាសន៍បន្ថែមកាលពីម្សិលមិញថា “ទំនាក់ទំនងរបស់ខ្ញុំមានវឌ្ឍនភាពច្រើនជាងមុន”។ លោកបានមានប្រសាសន៍បន្តថា“ដោយសារតែខ្ញុំមានទំនាក់ទំនងការងារជាមួយរដ្ឋាភិបាល ខ្ញុំត្រូវទំនាក់ទំនងពួកគេឲ្យចូលរួមក្នុងកិច្ចពិភាក្សាអំពីគោលនយោបាយ...។ ក្រោយទទួលលទ្ធផលជាក់ស្តែង ខ្ញុំគិតថា ការងាររបស់ខ្ញុំកំពុងតែទទួលបានផ្លែផ្កាហើយ”។
លោកក៏បានឲ្យដឹងទៀតថា លោក ហ៊ុន សែន បានធានាថា នឹងមានការបង្កើត “ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យពិតប្រាកដមួយ” ដែលនេះជាចំណុចសំខាន់នៃបេសកកម្មលើកទី១០បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបរវាងលោក ស៊ូបេឌី និងលោក ហ៊ុន សែនលោក ឱម យ៉ិនទៀង ដែលទទួលបន្ទុកលើគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានប្រាប់ក្រុមអ្នកសារព័ត៌មានថា “រដ្ឋាភិបាល នឹងសហការជាមួយអង្គការក្រៅរដ្ឋាភិបាលនានា និងអង្គការក្រៅរដ្ឋាភិបាលដែលតាក់តែងសេចក្តីព្រៀងច្បាប់” ស្តីអំពីការបង្កើតស្ថាប័នត្រួតពិនិត្យសិទ្ធិមនុស្សឯករាជ្យនេះ។
លោក ឱម យ៉ិនទៀង បានមានប្រសាសន៍ថា “សម្តេច ហ៊ុន សែន បានប្រាប់លោកអំពីលទ្ធផលនៃកម្មវិធីកំណែទម្រង់នាពេលបច្ចុប្បន្ន។ កម្មវិធីកំណែទម្រង់ទាក់ទិនទៅនឹងតុលាការ ជាពិសេសនៅក្នុងរយៈពេលដើមឆ្នាំនេះ”។ លោកក៏បានលើកឡើងផងដែរថា សេចក្តីព្រៀងច្បាប់បីក្នុងប្រព័ន្ធតុលាការ នឹងត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា មុនពេលបញ្ជូនទៅរដ្ឋសភា ដែលបច្ចុប្បន្នមានតែសមាជិក៦៨រូបមកពីគណបក្សប្រជាជនកម្ពុជា ពីព្រោះតំណាងរាស្ត្រ៥៥រូបមកពីគណបក្សសង្គ្រោះជាតិកំពុងធ្វើពហិការដោយសារតែលទ្ធផលនៃការបោះឆ្នោតដែលមានជម្លោះ។
ថ្លែងទាក់ទងទៅនឹងភាពជាក់គាំងផ្នែកនយោបាយដែលកំពុងបន្តកើតឡើង លោក ឱម យ៉ិនទៀង បានឲ្យដឹងថា លោក ហ៊ុន សែន “បានបើកទ្វារទទួលការចរចា ហើយយើងកំពុងខិតខំធ្វើឲ្យស្ថានការណ៍មានស្ថិរភាព”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “សម្តេចបានស្នើឲ្យលោក សូរិយា ស៊ូបេឌី ប្រាប់គណបក្សសង្គ្រោះជាតិឲ្យចូលរដ្ឋសភាដើម្បីដោះស្រាយបញ្ហាជាមួយគ្នា”។ ថ្ងៃនេះ លោក ស៊ូបេឌី នឹងចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់លោក៕ សុធា
អ្នកគាំទ្រប្រមូលផ្ដុំគ្នា ពេលមេបក្សសង្គ្រោះជាតិត្រូវតុលាការសាកសួរ
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ២.០០០នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដោយពួកគេបានបិទចរាចរណ៍តាមបណ្ដោយមហាវិថីព្រះមុនីរ៉េត និងបានបំពានបម្រាមរបស់រដ្ឋាភិបាលមិនឲ្យប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈ ខណៈពេលលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ត្រូវបានតុលាការកោះហៅទៅសាកសួរជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគាត់នៅក្នុងការតវ៉ារបស់កម្មករកាត់ដេរ ដែលបានផ្ទុះអំពើហិង្សាកាលពីដើមខែនេះ។
ក្រៅពីស្រែកហ៊ោកញ្ជៀវបង្ហាញពីការគាំទ្រលោក កឹម សុខា ដែលបានទៅដល់នៅម៉ោង៩ព្រឹក និងលោក សម រង្ស៊ី ដែលបានទៅដល់នៅម៉ោង១០ព្រឹក ក្រុមអ្នកគាំទ្របានរង់ចាំមេដឹកនាំគណបក្សសង្គ្រោះជាតិចេញពីតុលាការវិញយ៉ាងស្ងៀមស្ងាត់ ហើយនៅទីបំផុតលោកទាំងពីរបានចេញពីតុលាការនៅម៉ោងជាង១កន្លះរសៀល និងបានទះដៃអបអរដោយក្ដីរីករាយ។
បន្ទាប់ពីចេញពីតុលាការជាមួយលោក សម...
លោក ហ៊ុន សែន និយាយថាលោកគ្មានបំណងចុះចេញទេ ការដំឡើងប្រាក់ខែត្រូវរង់ចាំ
ស្រុកកោះធំ, ខេត្តកណ្តាល- កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ពិធីបើកការដ្ឋានសាងសង់ស្ពានថ្មីមួយ ដែលភ្ជាប់ពីកម្ពុជាទៅវៀតណាម ដើម្បីបញ្ជាក់សាជាថ្មីថា លោកគ្មានផែនការចុះចេញពីតួនាទីរបស់លោកទេ ហើយបានប្រាប់អ្នកគាំទ្រគណបក្សប្រឆាំងដែលបានទាមទារឲ្យលោកចុះចេញនោះនៅរង់ចាំជាយូរទៀត។
ពិធីបើកការដ្ឋានសាងសង់ស្ពានជ្រៃធំដែលមានទឹកប្រាក់ចំនួន៣៨,៤លានដុល្លារនៅក្នុងស្រុកកោះធំខេត្តកណ្តាលដែលត្រូវបានព្រមព្រៀងអំឡុងពេលលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីខែមុននេះ ធ្វើឡើងនៅថ្ងៃទី៣ នៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម។
បន្ទាប់ពីបានទៅដល់ទីនោះតាមឧទ្ធម្ភាគចក្រដោយឡែកពីគ្នានៅម៉ោងប្រហែល៨ព្រឹក នាយករដ្ឋមន្ត្រីទាំងពីរបានឱបគ្នាមុនពេលស្វាគមន៍អ្នកគាំទ្រពេលដើរទៅកាន់វេទិកានៅជិតការដ្ឋានសាងសង់ស្ពានថ្មីនេះ។
បន្ទាប់ពីលោក តាន់យ៉ុង ថ្លែងសុន្ទរកថារយៈពេលខ្លីដែលត្រូវបានបកប្រែជាភាសាខ្មែរនោះ លោក ហ៊ុន សែន បានរំឭកពីប្រវត្តិនៃជម្លោះរវាងវៀតណាម និងកម្ពុជា ដោយប្រៀបធៀបពីការកាប់សម្លាប់ និងការលុកលុយនៅតាមព្រំដែនរបស់របប លន់ នល់ និងរបបខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ជាមួយទំនាក់ទំនងជិតសិ្នទ្ធដែលរដ្ឋាភិបាលរបស់លោកមានជាមួយវៀតណាមចាប់តាំងពីពេលនោះមក។
លោក ហ៊ុន សែន ដែលត្រូវវៀតណាមលើកបន្តុបឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥បានមានប្រសាសន៍ថា “ស្ពាននេះគឺជាស្ពានមិត្តភាពដ៏សំខាន់មួយ។ ប្រសិនបើប្រទេសទាំងពីមានជម្លោះជាមួយគ្នា មិនមានស្ពាននៅទីនេះទេថ្ងៃនេះ គឺមានន័យថា អាចមានអាវុធជាច្រើនដាក់នៅទីនេះ”។ លោកបានពន្យល់ប្រាប់ថា “ទំនាក់ទំនងនេះនឹងបំពេញតម្រូវការគ្នាទៅវិញទៅមក ហើយនឹងមិនធ្វើឲ្យខាងណាចាញ់ខាងណាឈ្នះនោះទេ។ កុំទម្លាក់គ្រាប់បែកពីខាងនេះឬខាងនោះ។ យើងទម្លាក់តែអគ្គិសនី និងទំនិញបានហើយ ហើយបន្ទាប់មកយើងទម្លាក់ទំនិញពីទីនេះទៅទីនោះ”។
ដោយបានប្រើពាក្យសម្តីឬភាសាកាយវិការមិនសូវល្អមួយចំនួនដែលធ្លាប់បានប្រើនៅពេលថ្លែងសុន្ទរកថាជាច្រើននៅមុនការបោះឆ្នោតជាតិកាលពីឆ្នាំមុននោះ លោក ហ៊ុន សែន ហាក់ដូចជាមានអារម្មណ៍ល្អ និងរាក់ទាក់នៅពេលថ្លែងសុន្ទរកថា ដោយនៅត្រង់ចំណុចមួយបាននិយាយលេងសើចអំពីមនុស្សរាប់ម៉ឺននាក់ដែលបានហែក្បួននៅទីក្រុងភ្នំពេញស្រែកទាមទារឲ្យលោកចុះចេញ។
លោក ហ៊ុន សែន បានសួរបែបលេងសើចដោយធ្វើឲ្យផ្ទុះសំណើចពីនាយករដ្ឋមន្ត្រីវៀតណាម និងអ្នកចូលរួមថា “អីចុះចេញទៅអើយ ម៉េច? ចាំទាល់តែយូរ គ្មានផ្លូវទេ។ ខ្ញុំឡើងតាមរដ្ឋធម្មនុញ្ញ ហើយចុះវិញក៏តាមរដ្ឋធម្មនុញ្ញដែរ ស្អីចុះអីក៏ស្រួលម៉្លេះ។ ធ្វើខុសពីនិងគឺអត់បាន”។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ពិតជាបាននិយាយចំអកឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលកាលពីចុងឆ្នាំនេះបានដឹកនាំកម្មកររោងចក្រកាត់ដេរដែលធ្វើកូដកម្មរាប់ម៉ឺននាក់ហែក្បួនក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ខែគោល។ នាយករដ្ឋមន្ត្រីបានថ្លែងមុនពេលច្រានចោលការទាមទារប្រាក់ខែ១៦០ដុល្លារនេះថា “មនុស្សខ្លះទាមទារ១៦០ដុល្លារ ប៉ុន្តែ ពួកគេឲ្យប្រាក់ខែអ្នកបើករថយន្តរបស់ខ្លួនតែ៦០ដុល្លារប៉ុណ្ណោះ”។
នាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងសំដៅដល់ការទាមទារប្រាក់ខែនៅក្នុងវិស័យមួយចំនួនថា “មានគេបានសរសេរអំពីរឿងនេះនៅតាមហ្វេសប៊ុកថា ប្រសិនបើកូនយំទារបាយ ឪពុកគួរវាយពួកគេ ប៉ុន្តែ ឪពុកមិនគួរវាយពួកគេទេ ហើយគ្រាន់តែប្រាប់កូននោះថា កូនឯងអាចទទួលបានបាយមួយវែកទៀត។ ដោយសារគ្រួសារយើងក្រ រង់ចាំរហូតដល់យើងមានបន្តិចទៀតសិន ហើយនៅពេលនោះឪពុកនឹងផ្គត់ផ្គង់ឲ្យកូនបានគ្រប់គ្រាន់”។
មួយសប្តាហ៍បន្ទាប់ពីកម្មកររោងចក្រកាត់ដេរធ្វើកូដកម្មទូទាំងប្រទេសកាលពីខែមុនដើម្បីឆ្លើយតបទៅនឹងការសម្រេចដំឡើងប្រាក់ខែគោលពី៨០ដុល្លារដល់៩៥ដុល្លារកាលពីថ្ងៃទី៣១ខែធ្នូ រដ្ឋាភិបាលបានប្រកាសពីការសម្រេចដំឡើងប្រាក់ខែគោលដល់១០០ដុល្លារ។
បីថ្ងៃក្រោយមក កងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើងអាកា៤៧បានបង្ក្រាបការតវ៉ានៅតាមផ្លូវវេងស្រេងដែលមានរោងចក្រកាត់ដេរច្រើនប្រឆាំងនឹងការដំឡើងប្រាក់ឈ្នួលបន្តិចបន្តួចនេះ ហើយបានបាញ់សម្លាប់កម្មកររោងចក្រកាត់ដេរធ្វើកូដកម្មប្រាំនាក់និងបាញ់ឲ្យរងរបួសជាង៤០នាក់។
នៅពេលថ្លែងសុន្ទរកថា លោកនាយរដ្ឋមន្ត្រីវៀតណាម ង្វៀង តាន់យ៉ុង បានលើកឡើងថា វៀតណាមផ្តល់មូលនិធិពាក់កណ្តាលក្នុងចំណោមមូលនិធិ៣៨,៤លានដុល្លារសម្រាប់សាងសង់ស្ពាននេះ ដែលឆ្លងកាត់ទន្លេបាសាក់ នូវចម្ងាយធ្វើដំណើរប្រហែល២ម៉ោងនៅភាគខាងត្បូងទីក្រុងភ្នំពេញ និងពាក់កណ្តាលទៀតផ្តល់ជាកម្ចីទៅឲ្យកម្ពុជាតាមរយៈកម្ចីសម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការដែលមានការប្រាក់ទាប។
លោក តាន់យ៉ុង បាននិយាយសរសើរស្ពានថ្មីនេះថា “សូម្បីតែវៀតណាមក៏នៅជាប្រទេសក្រីក្រដែរ វៀតណាមនឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ និងផ្តល់ហិរញ្ញវត្ថុជាប្រភេទផ្សេងៗទៀតដើម្បីផលប្រយោជន៍នៃប្រទេសជិតខាងដ៏ល្អរបស់យើង និងសម្រាប់ការយល់ដឹងពីគ្នាទៅវិញទៅមក”។ លោក តាន់យ៉ុង បានពន្យល់ប្រាប់ថា “ ការសាងសង់ស្ពាននេះនឹងធ្វើឲ្យការធ្វើដំណើរបានលឿនទៅកាន់ទីក្រុងភ្នំពេញ និងទៅកាន់ច្រកទ្វារព្រំដែនខេត្តអានយ៉ាង”។
បន្ទាប់ពីថ្លែងសុន្ទរកថារួច នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើដំណើរទៅកាន់តុដែលបានរៀបចំដាក់នៅមាត់ទន្លេនោះ។លោកតាន់យ៉ុង ដែលពាក់មួកការពារបានចុចប៊ូតុងក្រហម ដើម្បីចាប់ផ្តើមបុកគ្រឹះសាងសង់ស្ពានដែលមានប្រវែង៤២៨ម៉ែត្រនេះជាផ្លូវការ។ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពាននេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនខ្មែរ គឺក្រុមហ៊ុន សុខ សុខា និងក្រុមហ៊ុនវៀតណាម CIENCO1 ហើយនឹងត្រូវបញ្ចប់ក្នុងរយៈពេល៣០ខែ៕ គឹមហឿន
លោក ហ៊ុន សែន បង្ហាញភាពស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យ៉ុង
ប្រាំបួនថ្ងៃបន្ទាប់ពីបានបញ្ចប់ការតវ៉ារបស់កម្មករ និងការធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងដោយហិង្សានៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញមុខជាសាធារណៈកាលពីម្សិលមិញនៅពេលដែលចូលរួមជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យ៉ុង ដែលមកធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅកម្ពុជា សម្រាប់កិច្ចប្រជុំមួយនៅវិមានសន្តិភាពដែលនៅទីនោះលោកបានអបអរសាទរចំពោះកំណើនវិនិយោគទុនពីវៀតណាម។
ពេលថ្លែងទៅកាន់មន្ត្រី និងធុរជនរាប់រយនាក់មកពីប្រទេសទាំងពីរ លោក ហ៊ុន សែន បានលើកឡើងអំពីកំណើនខ្លាំងនៃវិនិយោគពីក្រុមហ៊ុនវៀតណាមក្នុងរយៈពេលមួយឆ្នាំមកនេះគឺកើនឡើងពី៨៥,៧៥លានដុល្លារ ក្នុងឆ្នាំ២០១២ដល់៣០២,៦៦លានដុល្លារក្នុងឆ្នាំ២០១៣ ហើយលោកបានមានប្រសាសន៍ថា ការចាត់ចំណាត់ថ្នាក់ជាផ្លូវការដល់ប្រទេសវៀតណាមថាជា វិនិយោគិនធំជាងគេទី១១នៅកម្ពុជាមិនបានបង្ហាញចំនួនលុយពិតប្រាកដដែលបានពីការវិនិយោគរបស់ប្រទេសជិតខាងរបស់កម្ពុជានេះទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “តាមពិតវិនិយោគិនវៀតណាមស្ថិតនៅក្នុងលំដាប់ថ្នាក់ទី៣រួចទៅហើយ ”។ លោកបានមានប្រសាសន៍ថា “ប៉ុន្តែ ប្រសិនបើយើងពិនិត្យមើលឯកសារនេះ វិនិយោគទុនវៀតណាមស្ថិតនៅក្នុងលំដាប់ថ្នាក់ទី១០ ឬទី១១”។ លោកបានបន្ថែមថា តាមពិត មានតែចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ ដែលបានបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងវៀតណាម។ លោក ហ៊ុន សែន បានលើកឡើងពីទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលចាត់ទុកប្រទេសវៀតណាជាប្រភពវិនិយោគបរទេសធំជាងគេទី១១នៅកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏ចាត់ទុកប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី៦របស់កម្ពុជាផងដែរ។
ទោះបីជាគណបក្សសង្គ្រោះជាតិបានយកឥទ្ធិពលជាប្រវត្តិសាស្ត្ររបស់វៀតណាម មកលើលោក ហ៊ុន សែន ធ្វើជាការស្រែកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងក៏ដោយ ក៏ពិធីកាលពីម្សិលមិញនេះសុទ្ធតែបង្ហាញអំពីការពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្ត្រថែមទៀតរវាងប្រទេសទាំងពីរដែរ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលវៀតណាមដែលដឹកនាំដោយឯកឧត្តម ង្វៀន តាន់យ៉ុង នឹងបន្តគាំទ្រកម្ពុជាតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការផ្សេងទៀតលើគ្រប់វិស័យ ដើម្បីកែលម្អស្ថានភាពសង្គមសេដ្ឋកិច្ចរបស់កម្ពុជា”។
ហើយទោះបីជាគណបក្សសង្គ្រោះជាតិជំទាស់ នឹងចំនួនក្រុមហ៊ុនដីសម្បទានវៀតណាមជាច្រើន និងការអនុវត្តរបស់ពួកគេនៅកម្ពុជា អំឡុងពេលខ្លួនធ្វើការតវ៉ានៅតាមផ្លូវក៏ដោយ ក៏កាលពីម្សិលមិញ លោក ហ៊ុន សែន បានបញ្ចុះបញ្ជូលក្រុមហ៊ុនវៀតណាមឲ្យបន្តវិនិយោគនៅក្នុងវិស័យកសិកម្មដែរ ជាពិសេសរោងចក្រកែច្នៃកសិកម្ម។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “វៀតណាមមានសមត្ថភាពខ្ពស់ក្នុងការកែច្នៃ រីឯកម្ពុជាសម្បូរដោយវត្ថុធាតុដើម ប៉ុន្តែ សមត្ថភាពកែច្នៃរបស់ខ្លួននៅទាប។ ឧទាហរណ៍ កម្ពុជាមានដំឡូងមីរាប់លានតោន ប៉ុន្តែ កម្ពុជាគ្រាន់តែប្រមូលផលដំឡូង និងកាត់ទៅជាដុំតូចៗដើម្បីនាំចេញប៉ុណ្ណោះ”។
លោក តាន់យ៉ុង ដែលបានចូលរួមក្នុងពិធីកាត់ខ្សែបូកាលពីព្រឹកម្សិលមិញ នៅមន្ទីរពេទ្យជោរៃភ្នំពេញដែលផ្តល់មូលនិធិដោយវៀតណាមបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្រួលដល់វិនិយោគទុនវៀតណាមនៅកម្ពុជា។ លោក តាន់យ៉ុង បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា ព្រមទាំងស្ថាប័នរដ្ឋ និងក្រសួងនានាយកចិត្តទុកដាក់ច្រើនចំពោះការផ្តល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុនវៀតណាមដើម្បីវិនិយោគឲ្យមានប្រសិទ្ធភាពនៅកម្ពុជា”។ លោកបានបន្ថែមថា បច្ចុប្បន្ននេះមានគម្រោងវិនិយោគវៀតណាម១២៨គម្រោងនៅកម្ពុជាដែលមានទឹកប្រាក់រហូតដល់៣ពាន់លានដុល្លារ។
ក្នុងនាមជាអ្នកថ្លែងទៅកាន់អ្នកចូលរួមមេដឹកនាំទាំងពីដែលអង្គុយនៅកណ្តាលវេទិកាដែលមានការតុបតែងនៅការិយាល័យរបស់លោក ហ៊ុន សែន បានជជែក និងនិយាយលេងសើចជាមួយគ្នា ដោយលោក ហ៊ុន សែន បានបង្ហាញសមភាគីរបស់លោកនូវរូបថតក្នុងទីក្រុងហាណូយតាមទូរស័ព្ទស្មាតហ្វូនរបស់លោក។
នៅក្នុងបទសម្ភាសកាលពីឆ្នាំ២០០៨ ជាមួយកាសែត Financial Times លោក តាន់ យ៉ុង បានថ្លែងថា លោកបានប្រយុទ្ធនៅកម្ពុជា ប្រឆាំងនឹងខ្មែរក្រហម បន្ទាប់ពីរបប ប៉ុល ពត ត្រូវបានផ្តួលរំលំក្នុងឆ្នាំ១៩៧៩។ លោក ហ៊ុន សែន ដែលបានផ្តាច់ខ្លួនពីខ្មែរក្រហមនៅឆ្នាំ១៩៧៨ ហើយភៀសខ្លួនទៅប្រទេសវៀតណាមនោះក៏បានចូលរួមក្នុងការប្រយុទ្ធនេះដែរ ហើយត្រូវបានវៀតណាមតែងតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតសង្គមនិយមកម្ពុជាក្នុងឆ្នាំ១៩៨៥។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា ពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនាពេលថ្មីៗនេះ និងការធ្វើទស្សនកិច្ចរបស់លោក តាន់យ៉ុង មកកាន់ទីក្រុងភ្នំពេញបង្ហាញពីការគាំទ្រការបង្ក្រាបដោយហិង្សារបស់រដ្ឋាភិបាលទៅលើការធ្វើបាតុកម្ម ហើយលោកមានជំនឿថា វៀតណាមបន្តជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់ពីប្រទេសវៀតណាមមកកម្ពុជាវិញ មានការបង្ក្រាបយ៉ាងចាស់ដៃ។ ដូច្នេះយើងសង្ស័យថា រដ្ឋាភិបាលវៀតណាមច្បាស់ជាផ្តល់ដំបូន្មានបែបនេះឲ្យប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ជាពិសេសកម្មករ”។ លោក សម រង្ស៊ី បានមានប្រសាសន៍បន្ថែម ទៀតថា “ហើយពេលនេះនាយក រដ្ឋមន្ត្រីវៀតណាមប្រហែលជាមកប្រទេសកម្ពុជាដើម្បីអបអរលោក ហ៊ុន សែន ចំពោះការធ្វើតាមដំបូន្មានរបស់គាត់ក្នុងការបង្ក្រាបនេះ”។
លោក ហ៊ុន សែន ទៅប្រទេសវៀតណាម ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាជាច្រើនរួមទាំងកិច្ចព្រមព្រៀងកម្ចីដើម្បីសាងសង់ស្ពានមួយនៅក្នុងខេត្តកណ្តាល និងបានបញ្ចុះបញ្ចូលដោយជោគជ័យឲ្យរដ្ឋាភិបាលវៀតណាមលក់អគ្គិសនីចំនួន៣០មេហ្គាវ៉ាត់ទៀតមកឲ្យកម្ពុជាក្នុងមួយឆ្នាំៗ។ ថ្វីបើលោកហៅថា នេះជាគោលនយោបាយបំផ្លិចបំផ្លាញរបស់វៀតណាមចំពោះកម្ពុជាក៏ដោយ ក៏លោក សម រង្ស៊ី បានមានប្រសាសន៍ថា វៀតណាមអាចធ្វើជាគំរូជាច្រើនបែបសម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ជាពិសេសការកំណត់អាណត្តិសម្រាប់នាយករដ្ឋមន្ត្រី និងការដោះស្រាយអំពើពុករលួយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងអាចរៀនពីរចំណុចពីវៀតណាម។ ទី១គឺការផ្លាស់ប្តូរថ្នាក់ដឹកនាំយូរៗម្តង រៀងរាល់ប្រាំឆ្នាំ ឬយ៉ាងយូរបំផុត១០ឆ្នាំម្តង”។ លោកបានមានប្រសាសន៍ថា “ទី២គឺរៀនតាមវៀតណាមក្នុងការប្រយុទ្ធប្រឆំាងអំពើពុករលួយ។ ពួកគេដាក់ទោសសូម្បីតែមន្ត្រីជាន់ខ្ពស់ដែលបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ទោះបីវៀតណាមជាប្រទេសកុម្មុយនីស្ត ក៏ប្រព័ន្ធនេះដំណើរការល្អដែរ។ ពួកគេមានមនសិការសង្គមច្រើនជាង។ ពួកគេជួយប្រជាពលរដ្ឋបានច្រើន”៕ គឹមហឿន
អតីតមហាសេដ្ឋីរុស្ស៊ីត្រូវដោះលែង និងមិនត្រូវបានធ្វើបត្យាប័ន
កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានសម្រេចដោះលែងពាណិជ្ជកររុស្ស៊ី សេរហ្គេ ប៉ូឡុនស្គី ដែលកំពុងប្រឈមនឹងសវនាការនៅក្នុងប្រទេសកំណើតរបស់គាត់តាមការចោទប្រកាន់ពីបទកេងបន្លំប្រាក់ជាច្រើនលានដុល្លារ ហើយបានផ្អាកការធ្វើបត្យាប័នគាត់ទៅកាន់ទីក្រុងមូស្គូ ដោយលើកឡើងថាជាដំបូងម ហាសេដ្ឋីអភិវឌ្ឍន៍អចលនទ្រព្យវ័យ៤១ឆ្នាំរូបនេះត្រូវប្រឈមនឹងតុលាការកម្ពុជា សិនចំពោះការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងសំណុំរឿងប្រើអំពើហិង្សាមួយកាល ពីឆ្នាំ២០១២។
លោក ប៉ូឡុនស្គី ដែលបានស្វាគមន៍សេចក្ដីសម្រេចរបស់តុលាការដោយក្ដីរីករាយ បានខិតខំពុះពារយ៉ាងខ្លាំង ដើម្បីជំទាស់នឹងការធ្វើបត្យាប័នគាត់ទៅប្រទេសរុស្ស៊ី ហើយបានសន្យាវិនិយោគទុនរាប់រយលានដុល្លារប្រសិនបើគាត់ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសកម្ពុជា។
ដោយរកប្រាក់ចំណេញបានយ៉ាងច្រើនក្រាស់ក្រែលនៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសរុស្ស៊ី មុនពេលខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោក ប៉ូឡុនស្គី បានច្រានចោលការចោទប្រកាន់មកលើរូបគាត់នៅក្នុងប្រទេសរុស្ស៊ី ហើយបានលើកឡើងថា គាត់នឹងមិនទទួលបានសវ នាការយុត្តិធម៌ឡើយនៅទីនោះ ដោយសារតែពាក្យបណ្ដឹងទាំងនោះពាក់ព័ន្ធនឹងហេតុផលនយោបាយ។
មិនយូរប៉ុន្មានមុនពេលគាត់ត្រូវចាប់ខ្លួនកាលពីខែវិច្ឆិកា លោក...
ស្នើឲ្យប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិស៊ើបអង្កេតលើការចាប់ខ្លួនព្រះសង្ឃខ្មែរក្រោម
លោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដែលបានចាប់ផ្ដើមបំពេញបេសកកម្មស្វែងរកការពិតលើកទី១០ របស់លោកមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យនោះ ត្រូវបានស្នើសុំឲ្យស៊ើបអង្កេតបញ្ហារបស់ជនជាតិភាគតិចខ្មែរក្រោមបន្ទាប់ពីព្រះសង្ឃប្រាំអង្គត្រូវបានចាប់ខ្លួនចំពោះការចូលរួមក្នុងការតវ៉ាជាមួយកម្មកររោងចក្រកាត់ដេរកាលពីដើមខែនេះ។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក ស៊ូបេឌី កាលពីថ្ងៃសុក្រ អង្គការសិទ្ធិមនុស្សជនជាតិភាគតិចបានលើកឡើងថា អង្គការនេះ “មិនសប្បាយចិត្ត” ចំពោះការបង្ក្រាបដោយហិង្សាទៅលើការតវ៉ាក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអំឡុងពេលនោះនគរបាលបានបាញ់សម្លាប់មនុស្សប្រាំនាក់ ហើយបានអំពាវនាវឲ្យអ្នកធ្វើរបាយការណ៍ពិសេសរូបនេះ “ស៊ើបអង្កេតអំពីស្ថានភាពធ្ងន់ធ្ងររបស់ព្រះសង្ឃខ្មែរក្រោម” អំឡុងដំណើរមកបំពេញទស្សនកិច្ចរបស់លោក។
លិខិតដែលចុះហត្ថលេខាដោយលោក អាង ចាន់រិទ្ធ ប្រធានអង្គការសិទ្ធិមនុស្សជនជាតិភាគតិចមានខ្លឹមសារ “ក្នុងនាមជាអង្គការសិទ្ធិមនុស្ស ដែលផ្ដោតទៅលើសិទ្ធិជនជាតិភាគតិចនោះ អង្គការសិទ្ធិមនុស្សជនជាតិភាគតិចមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលកងកម្លាំងសន្ដិសុខផ្ដោតគោលដៅលើជនជាតិភាគតិចអំឡុងពេលធ្វើបាតុកម្ម”។
លោក ចាន់រិទ្ធ មានប្រសាសន៍ថា ព្រះសង្ឃប្រាំអង្គ “ត្រូវបានបញ្ជាក់ថា” ជាខ្មែរក្រោម ជាពាក្យដែលគេប្រើសំដៅដល់ជនជាតិខ្មែរភាគតិចមកពីប្រទេសវៀតណាមភាគខាងត្បូង។...
សាច់ញាតិនិងសកម្មជនទាមទារឲ្យរដ្ឋាភិបាលដោះលែងបាតុករដែលជាប់ឃុំជាបន្ទាន់
កាលពីម្សិលមិញ សាច់ញាតិនិងសកម្មជនសិទ្ធិមនុស្សបានអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងមនុស្ស២៣នាក់ ដែលបានរងការវាយដំនិងចាប់ខ្លួនអំឡុងពេលប៉ះទង្គិចគ្នារវាងនគរបាលនិងកម្មករកាត់ដេរ កាលពីជាងមួយសប្ដាហ៍មុន ហើយពួកគាត់បានលើកឡើងថា ពួកគាត់នឹងមិនគោរពតាមបម្រាមមិនឲ្យប្រមូលផ្តុំគ្នាជាសាធារណៈឡើយ ប្រសិនបើពួកគេមិនត្រូវបានដោះលែងទេនោះ។
បាតុករ មេដឹកនាំសហជីព និងកម្មករកាត់ដេរសរុបទាំង២៣នាក់នេះត្រូវបានចាប់ខ្លួនអំឡុងបាតុកម្មហិង្សារយៈពេលពីរថ្ងៃ ទាមទារឲ្យដំឡើងប្រាក់ខែគោលទ្វេដងសម្រាប់កម្មករកម្មការិនីកាត់ដេរដល់១៦០ដុល្លារក្នុងមួយខែ ដែលបានផ្ទុះអំពើហិង្សាកាលពីថ្ងៃទី៣ ខែមករា ដោយនៅពេលនោះនគរបាលបានបាញ់ប្រហារបណ្ដាលឲ្យមនុស្សប្រាំនាក់បាត់បង់ជីវិតនិងរាប់សិបនាក់ផ្សេងទៀតរងរបួស។ មនុស្សទាំង២៣នាក់នេះត្រូវបានចោទប្រកាន់តាំងពីពេលនោះមកពីបទបង្កអំពើហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
នៅឯសន្និសីទសារព័ត៌មាននៅផ្ទះរបស់អ្នកជាប់ឃុំម្នាក់ឈ្មោះ ចាន់ ពុទ្ធិសក្ដិ ដែលជាសកម្មជនប្រឆាំងការបណ្ដេញចេញនៅក្នុងរាជធានីភ្នំពេញ សាច់ញាតិនិងសកម្មជនប្រហែល៤០នាក់បានថ្កោលទោសចំពោះការចាប់ខ្លួនបុរសទាំងនេះ ហើយបានទាមទារឲ្យដោះលែងពួកគេជាបន្ទាន់។
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វ៉ន...
ប្រជាពលរដ្ឋខ្មែរ និងកូរ៉េជាច្រើនរយនាក់ធ្វើបាតុកម្មនៅក្នុងទីក្រុង សេអ៊ូល
ពលរដ្ឋខ្មែររាប់រយនាក់ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើការតវ៉ានៅមុខសាលាក្រុងសេអ៊ូលកាលពីម្សិលមិញ ដោយទាមទាររកយុត្តិធម៌ឲ្យកម្មករកាត់ដេរចំនួនប្រាំនាក់ ដែលត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាលកាលពីថ្ងៃទី៣ ខែមករា និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
ដោយសារតែការតវ៉ាជាសាធារណោៈត្រូវបានហាមប្រាមគ្មានពេលកំណត់នៅក្នុងប្រទេសកម្ពុជា បាតុកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺជាបាតុកម្មដ៏ធំបំផុត ដោយសារតែមានការប្រមូលផ្តុំយ៉ាងច្រើន ហើយសកម្មភាពតវ៉ាបានប្រព្រឹត្តទៅនៅជុំវិញពិភពលោក ចាប់តាំងពីកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលកាលពីថ្ងៃទី៣ ខែមករា ដែលបានបាញ់ប្រហារលើកម្មកររោងចក្រកាត់ដេរ ដែលធ្វើកូដកម្មប្រដាប់ដោយដុំថ្ម និងដបសាំង។
លោក តាំង គឹមស្រ៊ុយ អាយុ២៩ឆ្នាំ ជានិស្សិតថ្នាក់ក្រោយឧត្តមនៅទីក្រុងសេអ៊ូល ដែលបានចូលរួមក្នុងការតវ៉ានោះដែរ បានឲ្យដឹងថា នៅទីកន្លែងធ្វើបាតុកម្មកាលពីម្សិលមិញនៅក្រុងសេអ៊ូល កម្មករចំណាកស្រុកកម្ពុជារាប់រយនាក់ដែលបានរៀបចំការតវ៉ានេះ មានការចូលរួមពីសំណាក់និស្សិតសាកលវិទ្យាល័យ និងស្រ្តីខ្មែរដែលរៀបការជាមួយបុរសជនជាតិកូរ៉េ។
លោក គឹម ស្រ៊ុយ បានមានប្រសាសន៍ថា “ពួកគេធ្វើបាតុកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងកាលពីសប្តាហ៍មុន... និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសមាជិកសហជីពទាំង២៣រូប។ ពួកគេក៏ស្រែកខ្លាំងៗផងដែរឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះពីតំណែង”។
រូបថតនៃការតវ៉ានេះដែលបង្ហោះនៅលើគេហទំព័របណ្តាញទំនាក់ទំនង ហ្វេសប៊ុក បង្ហាញបាតុករពាក់អាវធំរុំក និងកន្សែងក្នុងសីតុណ្ហភាពក្រោមសូន្យ គ្រវីទង់ជាតិកម្ពុជា និងកាន់រូបថតកម្មករដែលរងរបួសដោយសារអំពើហិង្សារបស់នគរបាល។
លោក គឹមស្រ៊ុយ បានមានប្រសាសន៍ថា សកម្មនិយមក្នុងផ្នែកនយោបាយនៅសហគមន៍ដែលមានកម្មករចំណាកស្រុកជាង២០.០០០នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺជាការឆ្លើយតបជាធម្មជាតិ ទៅនឹងការរស់នៅ នៅក្រៅប្រទេស។
លោក គឹមស្រ៊ុយ បានឲ្យដឹងថា “កម្មករខ្មែរដែលធ្វើការនៅក្នុងប្រទេសកូរ៉េ យល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងសេរីភាពរបស់ខ្លួនផ្ទាល់។ ពួកគេក្រឡេកមើលមកសង្គមរបស់ខ្លួនក្នុងប្រទេសកម្ពុជាវិញ ហើយឃើញថាប្រទេសនេះពិតជាគ្មានសិទ្ធិសេរីភាពដូចពួកគេមាននោះទេ”។ លោកបន្តថា “ដូច្នេះនេះគឺជាមូលហេតុដែលបាតុករងើបឡើងរួបរួមគ្នាដើម្បីបញ្ជូនសារមួយទៅរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យដឹងនូវអ្វីដែលពួកគេកំពុងធ្វើ និងអ្វីដែលពួកគេបានធ្វើ គឺមិនមែនជាទិសដៅត្រឹមត្រូវនោះទេ”។
លោកស្រី មីគ្យុង រ៉ូ (Mi-Kyung Ryu) នាយកអន្តរជាតិនៃសហព័ន្ធសហជីពកូរ៉េ ដែលសហការក្នុងការរៀបចំបាតុកម្មនោះ បានឲ្យដឹងថា បាតុកម្មនេះមានការចូលរួមពីសំណាក់អ្នកតវ៉ាយ៉ាងតិច២.០០០នាក់។ លោកស្រីបានឲ្យដឹងទៀតថា ប្រទេសកូរ៉េខាងត្បូងចូលរួមចំណែកទទួលខុសត្រូវចំពោះការបង្ក្រាបដ៏ឃោរឃៅទៅលើកម្មករខ្មែរ ដែលទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន។
លោកស្រី មីគ្យុង រ៉ូ បានមានប្រសាសន៍ថា “គេកំពុងគាបសង្កត់កម្មករក្នុងប្រទេសនានាដូចជាប្រទេសកម្ពុជា ជាដើម ដើម្បីបង្កើនប្រាក់ចំណេញអតិបរមារបស់ខ្លួន និងកាត់បន្ថយការចំណាយលើការងារពលកម្ម។ ការបាញ់ប្រហារនៅក្នុងប្រទេសកម្ពុជាទៅលើកម្មករកាត់ដេរ កំពុងតែកើតឡើងក្នុងអន្តរកាលនៃការកេងប្រវ័ញ្ចក្នុងវិស័យកាត់ដេរទូទាំងពិភពលោក”៕ ប៊ុននី
មេដឹកនាំបក្សប្រឆាំងផ្តោតអារម្មណ៍លើគោលការណ៍អហិង្សាខណៈថ្ងៃចូលតុលាការជិតមកដល់
លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងចូលខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃអង្គារ៍នេះ ពាក់ព័ន្ធនិងការញុះញង់ឲ្យប្រព្រឹត្តិអំពើហិង្សាអំឡុងការតវ៉ាក្នុងវិស័យកាត់ដេរ។ គណបក្សសង្គ្រោះជាតិនៅតែផ្តោតស្មារតីប្តេជ្ញារបស់ខ្លួនទៅលើគោលការណ៍អហិង្សាកាលពីម្សិលមិញ អំឡុងការជួបជុំនៅតាមបណ្តាទីប្រជុំជនក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
លោក កឹម សុខា បានប្រាប់អ្នកគាំទ្ររាប់រយអ្នកនៅក្នុងកម្មវិធីជួបជុំមួយនៅខេត្តបាត់ដំបងថា “បើនរណាប្រើអំពើហិង្សា អ្នកនោះមិនពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិទេ”។
កាលពីថ្ងៃសៅរ៍ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះជូនមេដឹកនាំគណបក្សសង្គ្រោះជាតិ និងមេដឹកនាំសហជីព លោក រ៉ុង ឈុន និងលោក អាត ធន់ ដើម្បីធ្វើការសាកសួរ អំពីការចោទប្រកាន់ថា មេដឹកនាំទាំងនេះបានញុះញង់កម្មកររោងចក្រឲ្យចូលរួមក្នុងសកម្មភាពតវ៉ា ដែលបណ្តាលឲ្យមានការបាត់បង់ជីវិត នៅពេលដែលនគរបាលបាញ់សម្លាប់កម្មករយ៉ាងតិចប្រាំនាក់ និងបាញ់ឲ្យរងរបួសជាច្រើននាក់ផ្សេងទៀត អំឡុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី៣ ខែមករា។
ថ្លែងទៅកាន់អ្នកគាំទ្ររាប់រយនាក់ដែលបានប្រមូលផ្តុំគ្នានៅក្នុងខេត្តបាត់ដំបង លោក សម រង្ស៊ី បានណែនាំឲ្យអ្នកគាំទ្រទាំងនោះ “អត់ធ្មត់ និងគោរពតាមគោលការណ៍អហិង្សា ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យល្អ”។
ក្រោយពេលបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែកក្កដាឆ្នាំមុន លោក សម រង្ស៊ី បានលើកឡើងថា គណបក្សសង្គ្រោះជាតិ និងអនុវត្តគំរូការតវ៉ាអហិង្សា តាមលោក មហាត្ម: គន្ធី នៅប្រទេសឥណ្ឌា ។ ទោះជាយ៉ាងណារដ្ឋាភិបាលបានលើកឡើងថា ទោះបីជាគណបក្សសង្គ្រោះជាតិបានដើរហែក្បួន និងតវ៉ានៅទីលានប្រជាធិបតេយ្យដោយសន្តិវិធីក៏ដោយ ក៏គណបក្សនេះបានគាំទ្រសកម្មភាពតវ៉ាដោយហិង្សានៅក្នុងការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ ដែលទាមទារប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុន។
ដោយប្រើចំណាត់ការស្តារសណ្តាប់ធ្នាប់ឡើងវិញ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៥ ខែមករា បានព្យួរសិទ្ធិជួបជុំ និងតវ៉ាក្នុងរដ្ឋធម្មនុញ្ញដោយគ្មានពេលវេលាកំណត់។ ទោះបីជាមានបម្រាមបែបនេះក៏ដោយ សកម្មភាពជួបជុំរបស់គណបក្សសង្គ្រោះជាតិនៅតាមទីប្រជុំជនតាមបណ្តាខេត្តនានាក្នុងរយៈពេលបីថ្ងៃកន្លងមកនេះត្រូវបានអនុញ្ញាតអនុញ្ញាត។ គួរកត់សម្គាល់ថា ការជួបជុំទាំងនេះភាគច្រើនធ្វើនៅក្នុងលំនៅដ្ឋានឯកជនដែលមានអ្នកគាំទ្រចូលរួមហៀដល់ផ្លូវ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មេដឹកនាំគណបក្សសង្គ្រោះជាតិ បានដឹកនាំដំណើរហែក្បួនរយៈពេលខ្លីមួយ ដោយមានអ្នកគាំទ្រចូលរួមជាង១០០នាក់ រហូតដល់ក្រុងប៉ោយប៉ែត។
លោក សម រង្ស៊ី បានថ្លែងអំពីការធ្វើដំណើរឆ្លងកាត់ខេត្តសៀមរាប បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ដោយបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុនថា “យើងគ្មានបំណងរៀបចំបាតុកម្ម ឬក៏ដំណើរហែក្បួនទេ។ វាគ្រាន់តែមានបំណងទំនាក់ទំនងជាមួយបណ្តាញរបស់យើងនៅតាមមូលដ្ឋានប៉ុណ្ណោះ”។
លោក ជួង ជូងី មេធាវីតំណាងឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា បានឲ្យដឹងកាលពីម្សិលមិញថា លោកបានដាក់សំណើជូនសាលារាជធានីភ្នំពេញ ដើម្បីលើកពេលកម្មវិធីសាកសួរមេដឹកនាំគណបក្សប្រឆាំងទាំងពីររូប ពីព្រោះលោករវល់ក្នុងរឿងក្តីផ្សេងៗទៀតនៅខេត្តតាកែវ។ ក៏ប៉ុន្តែ លោក សម រង្ស៊ី បានលើកឡើងថា លោក និងលោក កឹម សុខា នឹងស្វែងរកទីប្រឹក្សាច្បាប់ថ្មី និងចូលខ្លួនតាមការសន្យា ក្នុងថ្ងៃចូលខ្លួនក្នុងតុលាការ។
លោកបានមានប្រសាសន៍ថា “មេធាវីរបស់ខ្ញុំជាប់រវល់ ដូចដែលគេប្រាប់ខ្ញុំ។ ក៏ប៉ុន្តែ យើងនឹងជួលមេធាវីម្នាក់ផ្សេងទៀតសម្រាប់រូបខ្ញុំ ហើយលោក កឹម សុខា ក៏នឹងធ្វើដូចគ្នានេះដែរ។ ដូច្នេះ យើងនឹងមានមេធាវីតំណាងឲ្យពួកយើងនៅថ្ងៃអង្គារ” ៕ សុធា
Latest news
© 2021, ដេលី. All rights reserved.

