ខណៈពេលដែលកងរាជអាវុធហត្ថបានចាប់ផ្ដើមកម្មវិធីហ្វឹកហាត់មួយដែលមានរយៈពេល១០ថ្ងៃជាមួយយោធាសហរដ្ឋអាមេរិកនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ មានការចោទជាសំណួរជាថ្មីម្ដងទៀតជុំវិញការឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនដល់កងកម្លាំងសន្ដិសុខកម្ពុជា ដែលជាប់ពាក់ព័ន្ធក្នុងករណីរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។
កាលពីថ្ងៃទី៣ ខែមករា មន្ត្រីកងរាជអាវុធហត្ថបានប្រើប្រាស់កំាភ្លើងវែងអាកា៤៧ បាញ់ទៅលើបាតុករ បណ្ដាលឲ្យមនុស្សប្រាំនាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់៤២នាក់ទៀតរងរបួស បន្ទាប់ពីពួកគេត្រូវបានបញ្ជូនឲ្យបំបែកបាតុកម្មរបស់កម្មករកាត់ដេរ ដែលភាគច្រើនធ្វើសកម្មភាពគប់ដុំថ្មលើសមត្ថកិច្ចនៅលើកំណាត់ផ្លូវវ៉េងស្រេងក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមួយថ្ងៃមុននោះកងទ័ពមកពីអង្គភាពឆត្រយោងលេខ៩១១ ប្រដាប់ដោយបំពង់ទីប ដំបង និងចំពាមកៅស៊ូ បានធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើកម្មករកាត់ដេរ ដែលធ្វើកូដកម្ម ព្រះសង្ឃ សកម្មជនសហជីព និងអ្នកកាសែតនៅខាងក្រៅរោងចក្រកាត់ដេរមួយកន្លែងរបស់កូរ៉េខាងត្បូង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យដែរ។
តាមច្បាប់សិទ្ធិមនុស្សគ្មានជំនួយយោធារបស់សហរដ្ឋអាមេរិកណាមួយអាចផ្ដល់ដល់អង្គភាពនៃកងកម្លាំងសន្ដិសុខរបស់ប្រទេសណាបានឡើយ ប្រសិនបើមានព័ត៌មានអាចជឿជាក់បានថា អង្គភាពនេះបានរំលោភសិទ្ធិមនុស្សជាក់ស្ដែងមិនអាចទទួលយកបាន។
ចាប់តាំងពីកងរាជអាវុធហត្ថនិងអង្គភាពទ័ពឆត្រយោងលេខ៩១១បានប្រើអំពើហិង្សាលើបាតុករបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសកាលពីថ្ងៃទី៣ និងទី៤ ខែមករាមក អង្គការសហប្រជាជាតិ គណបក្សសង្គ្រោះជាតិនិងអង្គការក្រៅរដ្ឋាភិបាលជាច្រើន បានថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងហួសប្រមាណរបស់រដ្ឋាភិបាល ដោយអង្គការលីកាដូ ដែលជាអង្គការសិទ្ធិមនុស្សក្នុងស្រុកបានចាត់ទុកការសម្លាប់មនុស្សនៅលើកំណាត់ផ្លូវវ៉េងស្រេងថា ជា “អំពើហិង្សាអាក្រក់បំផុតមកលើពលរដ្ឋខ្លួនក្នុងរយៈពេល១៥ឆ្នាំមកនេះ”។
លោក ប៊្រែត អាដាំ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា “មិនចាំបាច់សង្ស័យទេ គឺច្បាស់ណាស់ថា អង្គភាពលេខ៩១១និងយោធាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅពេលពួកគេបំបែកការតវ៉ារបស់កម្មករកាត់ដេរ។ ពួកគេបានប្រើប្រាស់កម្លាំងមិនចាំបាច់ មិនរើសមុខ និងខុសច្បាប់”។
ហេតុការណ៍នៃការប៉ះទង្គិចគ្នាលើកំណាត់ផ្លូវវ៉េងស្រេង បានក្លាយជាព័ត៌មានក្ដៅនៅទូទាំងពិភពលោក ដោយមានរូបភាពនិងវីដេអូជាច្រើនបង្ហាញពីសកម្មភាពកងរាជអាវុធហត្ថបាញ់កំាភ្លើងវែងអាកា៤៧មិនរើសមុខទៅលើក្រុមបាតុករ ដែលភាគច្រើនធ្វើសកម្មភាពគប់ដុំថ្ម។ រូបភាពស្រដៀងគ្នាបង្ហាញពីទាហានឆត្រយោងមកពីអង្គភាពលេខ៩១១ដេញវាយបាតុករដែលគ្មានអាវុធនៅក្នុងដៃ ក្នុងនោះរួមមានទាំងព្រះសង្ឃនិងអ្នកថតរូបផងដែរ។
អ្នករងរបួសនៅក្នុងហេតុការណ៍ផ្ទុះអំពើហិង្សានៅលើកំណាត់ផ្លូវវ៉េងស្រេងរួមមានទាំងក្មេងស្រីវ័យ១៧ឆ្នាំម្នាក់ផងដែរ ដែលបានត្រូវគ្រាប់កាំភ្លើងរបស់កងរាជអាវុធហត្ថ ខណៈពេលនាងកំពុងដើរទៅផ្ទះក្រោយចេញពីរៀន។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក បានមានប្រសាសន៍ថា “កងកម្លាំងទាំងនេះ [កងរាជអាវុធហត្ថ] ដែលបានរំលោភសិទ្ធិមនុស្សមិនគួរទទួលបានការឧបត្ថម្ភគាំទ្រដោយសហរដ្ឋអាមេរិក ឬនរណាម្នាក់ផ្សេងទៀតឡើយ”។
តាមច្បាប់សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក អាចប្រើប្រាស់ “ខលើកលែង” បានប្រសិនបើសហរដ្ឋអាមេរិកគិតថា រដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការមានប្រសិទ្ធភាពដើម្បីនាំខ្លួនបុគ្គលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស មកផ្ដន្ទាទោស។ តែទោះជាយ៉ាងណា ផ្អែកលើប្រវត្តិអាក្រក់របស់រដ្ឋាភិបាលដែលមិនដែលចាប់ខ្លួននគរបាលនិងកងរាជអាវុធហត្ថណាម្នាក់ដែលទទួលខុសត្រូវចំពោះការសម្លាប់មនុស្សយកមកផ្ដន្ទាទោសតាមច្បាប់នោះ លោក ធន សារាយ បានមានប្រសាសន៍ថា ទំនងជាគ្មានការស៊ើបអង្កេតល្អិតល្អន់ទេ ពាក់ព័ន្ធនឹងការសម្លាប់មនុស្សលើកំណាត់ផ្លូវវ៉េងស្រេងដោយសារតែនិទណ្ឌភាព។
លោកបានមានប្រសាសន៍ទៀតថា “នឹងគ្មានការស៊ើបអង្កេតល្អិតល្អន់លើហេតុកាណ៍ប៉ះទង្គិចគ្នា [នៅផ្លូវវ៉េងស្រេង] នោះទេ។ កន្លងមកយើងធ្លាប់បានឃើញហើយថា ដូចជានៅក្នុងករណីសម្លាប់លោក ឈុត វុទ្ធី [សកម្មជនព្រៃឈើ] និងលោក ជា វិជ្ជា [មេដឹកនាំសហជីព] ជាដើម នឹងគ្មានអ្វីកើតឡើងឡើយ។ ប្រសិនបើមន្ត្រីអង្គការសិទ្ធិមនុស្សចូលរួមនៅក្នុងការស៊ើបអង្កេតរបស់រដ្ឋាភិបាល យើងអាចមានការជឿទុកចិត្តខ្លះ តែទោះជាយ៉ាងណានៅតែគ្មានការជឿជាក់”។
កាលពីម្សិលមិញ ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានឆ្លើយតបអ៊ីម៉េលដែលសុំការឆ្លើយបំភ្លឺថា តើនឹងមានការផ្អាកកិច្ចសហប្រតិបត្តិការផ្នែកយោធា និងជំនួយជួយដល់កម្ពុជាឬយ៉ាងណានោះទេ។ ពេលស្នើសុំឲ្យធ្វើអត្ថាធិប្បាយអំពីការរំលោភបំពានច្បាប់សិទ្ធិមនុស្សដែលអាចកើតមានពីសំណាក់កងរាជអាវុធហត្ថនិងទ័ពមកពីអង្គភាពឆត្រយោងលេខ៩១១ លោក ស៊ាន ម៉ាកគីនតុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានអនុវត្តសកម្មភាពយោធាទាំងអស់ ដោយអនុលោមតាមច្បាប់។
លោកបានសរសេរនៅក្នុងអ៊ីម៉េលមួយថា “ការចូលរួមក្នុងសកម្មភាពយោធារបស់យើងគោរពតាមលក្ខខណ្ឌជ្រើសរើសទាំងស្រុង ក្នុងនោះរួមទាំងជំនួយមនុស្សធម៌នាពេលបច្ចុប្បន្ននិងសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយផងដែរ។ ការចូលរួមក្នុងសកម្មភាពយោធារបស់យើងគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនៅក្នុងជួរយោធាកម្ពុជា បន្ថែមពីលើការជួយធ្វើឲ្យយោធាកម្ពុជាមានវិជ្ជាជីវៈត្រឹមត្រូវ និងកិច្ចប្រឹងប្រែងធ្វើកំណែទម្រង់ការពារ”។
លោក ស៊ាន ម៉ាកគីនតុស មិនបានធ្វើអត្ថាធិប្បាយចំៗស្ដីពីដំណើរការជ្រើសរើសមន្ត្រីកងរាជអាវុធហត្ថដែលចូលរួមនៅក្នុងកម្មវិធីហ្វឹកហាត់នៅសប្ដាហ៍នេះ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីសហរដ្ឋអាមេរិក ក្រោយពីហេតុការណ៍សម្លាប់មនុស្សនៅលើផ្លូវវ៉េងស្រេងនោះទេ។ ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា ការសម្លាប់មនុស្សនៅលើផ្លូវវ៉េងស្រេងកំពុងត្រូវបានស៊ើបអង្កេត ហើយលោកមិនអាចធ្វើអត្ថាធិប្បាយបន្ថែមទៀតបានទេ ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្តនៅពេលនេះ។ លោកបានមានប្រសាសន៍ថា យោធាកម្ពុជាទទួលបានការបណ្ដុះបណ្ដាលពីប្រទេសមួយចំនួន ដើម្បីការពារផលប្រយោជន៍ជាតិ។
លោកបានលើកឡើងថា “យើងទទួលបានការបណ្ដុះបណ្ដាលមិនត្រឹមតែពីសហរដ្ឋនោះទេ ប៉ុន្តែយើងក៏មានបារាំងនិងប្រទេសជាមិត្តផ្សេងៗទៀតដែរ។ ការបណ្ដុះបណ្ដាលរបស់យើងមិនត្រឹមតែពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សប៉ុណ្ណោះទេ ថែមទាំងពាក់ព័ន្ធនឹងវិធីការពាររដ្ឋាភិបាលជាប់ឆ្នោតនិងដើម្បីប្រយុទ្ធប្រឆាំងភេរវកម្មនិងការពារផលប្រយោជន៍សាធារណៈផងដែរ”។ លោកបានបន្តទៀតថា “យើងគ្មានចេតនាសម្លាប់ប្រជាពលរដ្ឋទាំងនោះទេ យើងគ្រាន់តែអនុវត្តច្បាប់ការពារខ្លួនប៉ុណ្ណោះ”។
មន្ត្រីរដ្ឋាភិបាលបាននិយាយការពារយ៉ាងច្រើនចំពោះការប្រើប្រាស់កម្លាំងហួសហេតុនេះទៅលើក្រុមបាតុករដែលគប់ដុំថ្ម។ កាលពីថ្ងៃសុក្រអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាអំពីការបង្កើតគណៈកម្មការមួយនៅក្រោមលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យសិក្សាពីហេតុការណ៍ប៉ះទង្គិចគ្នានៅលើផ្លូវវ៉េងស្រេង។
លោក សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលជាអង្គការផ្ដល់ជំនួយផ្នែកច្បាប់ បានមានប្រសាសន៍ថា “នៅពេលអាជ្ញាធរប្រើប្រាស់កម្លាំងហួសប្រមាណ ឬកម្លាំងខុសច្បាប់ វាជាការរំលោភសិទ្ធិប្រជាពលរដ្ឋ។ ហើយប្រសិនបើរដ្ឋាភិបាលមិនខ្វាយខ្វល់ការពារ [ប្រជាពលរដ្ឋរបស់ខ្លួន] តាមរយៈការស៊ើបអង្កេតនិងបញ្ជូនជនល្មើសទៅតុលាការទេនោះ វាជាការរំលោភសិទ្ធិមនុស្ស”។
រហូតមកទល់បច្ចុប្បន្ននេះ មិនទាន់មានការស៊ើបអង្កេតឬការចាប់ខ្លួននរណាម្នាក់នៅឡើយទេ នៅក្នុងករណីរបស់ ម៉ៅ សុខចាន់ និងអ្នកស្រី អេង សុខុម ដែលបានបាត់បង់ជីវិត នៅពេលនគរបាលនិងកងរាជអាវុធហត្ថបានបើកការបាញ់ប្រហារទៅលើបាតុករអំឡុងហេតុការណ៍គប់ដុំថ្មនៅជិតស្ពានមុនីវង្សនិងនៅស្ទឹងមានជ័យ។
លោកស្រី ណាលី ពីឡូក ប្រធានអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះការឧបត្ថម្ភគាំទ្រទាំងងងឹតងងល់ដល់អង្គភាពយោធារបស់កម្ពុជាដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមិនអាចទទួលយកបាន។ លោកស្រីមានប្រសាសន៍ថា “យើងបានផ្ដល់ភ័ស្ដុតាំងដល់សភាសហរដ្ឋអាេមរិក ប៉ុន្មានឆ្នាំមកហើយ រួមទាំងកាលពីឆ្នាំមុនផងពាក់ព័ន្ធនឹងការឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិកដល់យោធា និងយោធា ដែលទាហានកម្ពុជាកំពុងប្រើប្រាស់ដើម្បីរំលោភបំពានលើប្រជាពលរដ្ឋខ្លួនឯង តែមិនបានជោគជ័យទេ”។
លោកស្រីបានមានប្រសាសន៍ទៀតថា “ចាំបាច់ត្រូវតែមានការស៊ើបអង្កេត [លើការសម្លាប់មនុស្សនៅលើផ្លូវវ៉េងស្រេង] ហើយរដ្ឋាភិបាលត្រូវតែបង្ហាញឆន្ទៈនយោបាយក្នុងការកំណត់អត្តសញ្ញាណនិងផ្ដន្ទាទោសយោធានិងនគរបាលចំពោះការប្រើប្រាស់កម្លាំងហួសប្រមាណ”។
យោធារបស់សហរដ្ឋអាមេរិក និងយោធាកម្ពុជាបានរក្សាទំនាក់ទំនងជិតស្និតចាប់តាំងពីឆ្នាំ២០០៦មក នៅពេលកិច្ចសហប្រតិបតិ្តការបានបន្តឡើងវិញក្រោយពីផ្អាកមួយរយៈពេលវែង បន្ទាប់ពីការប្រយុទ្ធគ្នាក្នុងឆ្នាំ១៩៩៧ ដែលពេលនោះកងកម្លាំងដែលមានភក្ដីភាពចំពោះលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ នៅពេលនោះបានប្រើប្រាស់រថក្រោះធ្វើសង្គ្រាមនៅក្នុងរាជធានីភ្នំពេញ ដើម្បីទម្លាក់ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១នៅពេលនោះ ចេញពីអំណាច។
សារទូរលេខការទូត ដែលវីគីលីកទទួលបាន បង្ហាញថា កាលពីឆ្នាំ២០០៩ និង២០១០ ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងរាជធានីភ្នំពេញបានជ្រើសរើសនិងលុបឈ្មោះទាហានយ៉ាងហោចណាស់៤៣នាក់មកពីអង្គភាពទ័ពឆត្រយោងលេខ៩១១សម្រាប់ការចូលរួមក្នុងកម្មវិធីហ្វឹកហាត់ ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក។
សារទូរលេខទាំងនោះក៏បានលើកឡើងដែរថា ស្ថានទូតសហរដ្ឋអាមេរិក “ជឿថា ការចោទប្រកាន់ពាក់ព័ន្ធនឹងកងពលលេខ៩១១អាចជឿជាក់បាន”។
ស្ថានទូតសហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងសារទូរលេខមួយចុះកាលបរិច្ឆេទឆ្នាំ ២០០៩ថា “ការស៊ើបអង្កេតលើហេតុការណ៍ [ធ្វើទារុណកម្ម និងការសម្លាប់មនុស្សក្នុងឆ្នាំ ១៩៩៧] មិនបានឈានទៅដល់ការកំណត់អត្តសញ្ញាណមន្ត្រីឬអង្គភាពណាមួយដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនោះឡើយ។ ដូចរបាយការណ៍របស់អង្គការសហប្រជាជាតិស្ដីពីហេតុការណ៍ទាំងនោះបានលើកឡើងហើយថា គេពិបាកនឹងដឹងថា តើការរំលោភបំពានទាំងនោះបណ្ដាលមកពីបទបញ្ជា ឬជាការអនុវត្តដោយមន្ត្រីមូលដ្ឋាន ដែលឆក់ឱកាសដើម្បីដោះស្រាយជម្លោះចាស់ ឬយ៉ាងណានោះទេ”៕ សុខុម
(រាយការណ៍បន្ថែមដោយ ផាន់ អាណា)