33 C
Phnom Penh

មេដឹក​នាំ​​បក្ស​​ប្រឆាំង​​ផ្តោត​អារម្មណ៍​​លើ​គោល​ការណ៍​អ​ហិង្សា​ខណៈថ្ងៃ​ចូល​​​​​តុលាការជិត​មក​ដល់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី និង​លោក កឹម​ សុខា ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹងចូល​ខ្លួន​តាម​ដីការបស់​សាលាដំបូងរាជធានី​ភ្នំពេញនៅ​ថ្ងៃអង្គារ៍​នេះ​ ពាក់​ព័ន្ធ​និង​ការញុះ​ញង់​ឲ្យប្រព្រឹត្តិអំពើហិង្សាអំឡុងការតវ៉ាក្នុងវិស័យកាត់ដេរ។ គណបក្ស​សង្គ្រោះ​ជាតិនៅ​តែ​​​ផ្តោត​​​ស្មារតី​ប្តេជ្ញា​របស់​ខ្លួន​ទៅ​លើ​គោល​ការណ៍​អហិង្សា​កាលពី​ម្សិលមិញ អំឡុង​ការ​ជួប​ជុំ​​នៅ​តាមបណ្តាទី​ប្រជុំ​ជន​ក្នុងខេត្ត​បាត់​ដំបង​ និង​ខេត្ត​ពោធិ៍​សាត់​។

​ លោក កឹម សុខា បាន​​ប្រាប់​​​អ្នក​គាំទ្រ​រាប់​រយ​​អ្នក​​​នៅក្នុង​កម្មវិធី​ជួប​ជុំ​មួយនៅ​ខេត្ត​បាត់ដំបង​​ថា “បើ​នរណា​ប្រើ​អំពើ​ហិង្សា​ អ្នក​​នោះ​មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​”។

កាលពី​ថ្ងៃ​សៅរ៍​ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកាកោះ​ជូន​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មេដឹក​នាំ​សហ​ជីព​ លោក រ៉ុង ឈុន និ​ងលោក អាត ធន់ ដើម្បី​ធ្វើ​ការ​សាក​សួរ​ អំពី​ការ​ចោទ​ប្រកាន់​ថា មេដឹក​នាំ​ទាំង​នេះ​បាន​ញុះ​ញង់​កម្មករ​រោង​ចក្រ​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា​ ដែល​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​ នៅ​ពេលដែល​នគរបាល​​បាញ់​សម្លាប់​កម្មករ​យ៉ាង​តិច​ប្រាំ​នាក់​ និង​បាញ់​ឲ្យ​រង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ អំឡុង​​ការ​​ប៉ះ​ទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា។

ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​រាប់​រយ​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅក្នុង​ខេត្ត​បាត់​ដំបង​ លោក សម រង្ស៊ី បាន​ណែនាំ​ឲ្យ​អ្នក​គាំទ្រ​ទាំង​នោះ​  “អត់ធ្មត់ និង​គោរព​តាម​គោលការណ៍​អហិង្សា​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​ល្អ”។

ក្រោយ​ពេល​បោះ​ឆ្នោត​ដ៏ចម្រូងចម្រាស​​​កាលពី​ខែ​កក្កដាឆ្នាំមុន លោក សម រង្ស៊ី បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ និង​អនុវត្ត​គំរូ​ការ​តវ៉ា​អហិង្សា​ តាម​លោក មហាត្ម: គន្ធី នៅ​ប្រទេស​ឥណ្ឌា ។ ទោះ​ជាយ៉ាង​ណា​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដើរ​ហែក្បួន​ និង​តវ៉ា​នៅទីលាន​ប្រជា​ធិប​​​តេយ្យ​ដោយ​សន្តិវិធី​ក៏​ដោយ​ ក៏គណបក្ស​នេះ​បាន​គាំទ្រ​សកម្មភាព​តវ៉ា​ដោយ​ហិង្សា​នៅ​ក្នុង​​ការតវ៉ារបស់​កម្មករ​រោង​ចក្រកាត់​ដេរ​ ដែល​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​មុន។

ដោយ​ប្រើ​​ចំណាត់​ការ​ស្តារ​សណ្តាប់​ធ្នាប់​ឡើង​វិញ គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​៥ ខែមករា បាន​ព្យួរ​សិទ្ធិ​ជួប​ជុំ​ និង​តវ៉ា​ក្នុង​រដ្ឋធម្មនុញ្ញ​ដោយ​គ្មាន​ពេល​វេលាកំណត់​។ ទោះ​បី​ជាមាន​បម្រាម​បែប​នេះ​ក៏​ដោយ​ សកម្មភាព​ជួប​ជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ទី​ប្រជុំ​ជន​តាមបណ្តា​ខេត្ត​នានាក្នុង​រយៈ​ពេល​​បី​ថ្ងៃ​កន្លង​មក​នេះត្រូវ​បាន​អនុញ្ញាត​អនុញ្ញាត​។ គួរ​កត់​​សម្គាល់​ថា ការជួប​ជុំ​ទាំង​នេះ​ភាគ​ច្រើន​ធ្វើ​នៅ​ក្នុង​លំនៅ​ដ្ឋាន​ឯក​ជន​ដែល​មាន​អ្នក​គាំទ្រ​ចូល​រួម​ហៀដល់​ផ្លូវ​។

កាល​ពី​ថ្ងៃ​សៅរ៍សប្តាហ៍​មុន មេដឹក​​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បានដឹក​នាំ​ដំណើរ​ហែ​ក្បួន​​​រយៈពេល​ខ្លី​មួយ ដោយ​មាន​អ្នក​គាំទ្រ​ចូល​រួម​ជាង​១០០​នាក់​ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែត​។​

លោក សម រង្ស៊ី បាន​ថ្លែង​អំពី​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​សៀមរាប បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ពោធិ៍សាត់ ដោយ​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​សុក្រសប្តាហ៍​មុនថា “យើងគ្មាន​បំណង​រៀប​ចំ​បាតុកម្ម​ ឬក៏​ដំណើរ​ហែ​ក្បួន​ទេ។ វា​គ្រាន់​​តែ​មាន​បំណង​ទំនាក់​ទំនងជាមួយ​បណ្តាញ​របស់​យើង​នៅ​តាម​មូលដ្ឋាន​ប៉ុណ្ណោះ​”។

លោក ជួង ជូងី មេធាវី​តំណាង​ឲ្យ​លោក​ សម រង្ស៊ី និង​លោក កឹម សុខា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោកបាន​ដាក់​សំណើ​ជូន​សាលារាជ​ធានី​ភ្នំពេញ ដើម្បី​​លើក​​ពេល​កម្ម​វិធី​សាក​សួរ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីររូប​ ពីព្រោះ​លោករវល់​ក្នុង​រឿង​ក្តី​ផ្សេងៗទៀត​នៅ​ខេត្ត​តាកែវ។ ក៏​ប៉ុន្តែ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​ និង​លោក កឹម សុខា នឹង​ស្វែង​រក​ទីប្រឹក្សា​ច្បាប់​ថ្មី​ និង​ចូល​ខ្លួន​តាម​ការ​សន្យា ក្នុង​ថ្ងៃ​ចូល​ខ្លួន​ក្នុង​តុលាការ​។

លោកបាន​មាន​ប្រសាសន៍​ថា “មេធាវី​របស់​ខ្ញុំ​ជាប់​រវល់​​ ដូច​ដែល​គេ​ប្រាប់​ខ្ញុំ​។ ក៏​ប៉ុន្តែ យើង​នឹង​ជួល​មេធាវី​ម្នាក់​ផ្សេង​ទៀត​សម្រាប់​រូប​ខ្ញុំ​ ហើយ​លោក កឹម សុខា ក៏​នឹង​ធ្វើដូច​គ្នា​នេះ​ដែរ​។ ដូច្នេះ​ យើង​នឹង​មាន​មេធាវី​តំណាង​ឲ្យ​ពួកយើង​នៅ​ថ្ងៃ​អង្គារ” ៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស