ប្រាំបួនថ្ងៃបន្ទាប់ពីបានបញ្ចប់ការតវ៉ារបស់កម្មករ និងការធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងដោយហិង្សានៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញមុខជាសាធារណៈកាលពីម្សិលមិញនៅពេលដែលចូលរួមជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យ៉ុង ដែលមកធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅកម្ពុជា សម្រាប់កិច្ចប្រជុំមួយនៅវិមានសន្តិភាពដែលនៅទីនោះលោកបានអបអរសាទរចំពោះកំណើនវិនិយោគទុនពីវៀតណាម។
ពេលថ្លែងទៅកាន់មន្ត្រី និងធុរជនរាប់រយនាក់មកពីប្រទេសទាំងពីរ លោក ហ៊ុន សែន បានលើកឡើងអំពីកំណើនខ្លាំងនៃវិនិយោគពីក្រុមហ៊ុនវៀតណាមក្នុងរយៈពេលមួយឆ្នាំមកនេះគឺកើនឡើងពី៨៥,៧៥លានដុល្លារ ក្នុងឆ្នាំ២០១២ដល់៣០២,៦៦លានដុល្លារក្នុងឆ្នាំ២០១៣ ហើយលោកបានមានប្រសាសន៍ថា ការចាត់ចំណាត់ថ្នាក់ជាផ្លូវការដល់ប្រទេសវៀតណាមថាជា វិនិយោគិនធំជាងគេទី១១នៅកម្ពុជាមិនបានបង្ហាញចំនួនលុយពិតប្រាកដដែលបានពីការវិនិយោគរបស់ប្រទេសជិតខាងរបស់កម្ពុជានេះទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “តាមពិតវិនិយោគិនវៀតណាមស្ថិតនៅក្នុងលំដាប់ថ្នាក់ទី៣រួចទៅហើយ [នៅក្នុងការវិនិយោគផ្ទាល់ពីបរទេស]”។ លោកបានមានប្រសាសន៍ថា “ប៉ុន្តែ ប្រសិនបើយើងពិនិត្យមើលឯកសារនេះ វិនិយោគទុនវៀតណាមស្ថិតនៅក្នុងលំដាប់ថ្នាក់ទី១០ ឬទី១១”។ លោកបានបន្ថែមថា តាមពិត មានតែចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ ដែលបានបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងវៀតណាម។ លោក ហ៊ុន សែន បានលើកឡើងពីទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលចាត់ទុកប្រទេសវៀតណាជាប្រភពវិនិយោគបរទេសធំជាងគេទី១១នៅកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏ចាត់ទុកប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី៦របស់កម្ពុជាផងដែរ។
ទោះបីជាគណបក្សសង្គ្រោះជាតិបានយកឥទ្ធិពលជាប្រវត្តិសាស្ត្ររបស់វៀតណាម មកលើលោក ហ៊ុន សែន ធ្វើជាការស្រែកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងក៏ដោយ ក៏ពិធីកាលពីម្សិលមិញនេះសុទ្ធតែបង្ហាញអំពីការពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្ត្រថែមទៀតរវាងប្រទេសទាំងពីរដែរ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលវៀតណាមដែលដឹកនាំដោយឯកឧត្តម ង្វៀន តាន់យ៉ុង នឹងបន្តគាំទ្រកម្ពុជាតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការផ្សេងទៀតលើគ្រប់វិស័យ ដើម្បីកែលម្អស្ថានភាពសង្គមសេដ្ឋកិច្ចរបស់កម្ពុជា”។
ហើយទោះបីជាគណបក្សសង្គ្រោះជាតិជំទាស់ នឹងចំនួនក្រុមហ៊ុនដីសម្បទានវៀតណាមជាច្រើន និងការអនុវត្តរបស់ពួកគេនៅកម្ពុជា អំឡុងពេលខ្លួនធ្វើការតវ៉ានៅតាមផ្លូវក៏ដោយ ក៏កាលពីម្សិលមិញ លោក ហ៊ុន សែន បានបញ្ចុះបញ្ជូលក្រុមហ៊ុនវៀតណាមឲ្យបន្តវិនិយោគនៅក្នុងវិស័យកសិកម្មដែរ ជាពិសេសរោងចក្រកែច្នៃកសិកម្ម។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “វៀតណាមមានសមត្ថភាពខ្ពស់ក្នុងការកែច្នៃ រីឯកម្ពុជាសម្បូរដោយវត្ថុធាតុដើម ប៉ុន្តែ សមត្ថភាពកែច្នៃរបស់ខ្លួននៅទាប។ ឧទាហរណ៍ កម្ពុជាមានដំឡូងមីរាប់លានតោន ប៉ុន្តែ កម្ពុជាគ្រាន់តែប្រមូលផលដំឡូង និងកាត់ទៅជាដុំតូចៗដើម្បីនាំចេញប៉ុណ្ណោះ”។
លោក តាន់យ៉ុង ដែលបានចូលរួមក្នុងពិធីកាត់ខ្សែបូកាលពីព្រឹកម្សិលមិញ នៅមន្ទីរពេទ្យជោរៃភ្នំពេញដែលផ្តល់មូលនិធិដោយវៀតណាមបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្រួលដល់វិនិយោគទុនវៀតណាមនៅកម្ពុជា។ លោក តាន់យ៉ុង បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា ព្រមទាំងស្ថាប័នរដ្ឋ និងក្រសួងនានាយកចិត្តទុកដាក់ច្រើនចំពោះការផ្តល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុនវៀតណាមដើម្បីវិនិយោគឲ្យមានប្រសិទ្ធភាពនៅកម្ពុជា”។ លោកបានបន្ថែមថា បច្ចុប្បន្ននេះមានគម្រោងវិនិយោគវៀតណាម១២៨គម្រោងនៅកម្ពុជាដែលមានទឹកប្រាក់រហូតដល់៣ពាន់លានដុល្លារ។
ក្នុងនាមជាអ្នកថ្លែងទៅកាន់អ្នកចូលរួមមេដឹកនាំទាំងពីដែលអង្គុយនៅកណ្តាលវេទិកាដែលមានការតុបតែងនៅការិយាល័យរបស់លោក ហ៊ុន សែន បានជជែក និងនិយាយលេងសើចជាមួយគ្នា ដោយលោក ហ៊ុន សែន បានបង្ហាញសមភាគីរបស់លោកនូវរូបថតក្នុងទីក្រុងហាណូយតាមទូរស័ព្ទស្មាតហ្វូនរបស់លោក។
នៅក្នុងបទសម្ភាសកាលពីឆ្នាំ២០០៨ ជាមួយកាសែត Financial Times លោក តាន់ យ៉ុង បានថ្លែងថា លោកបានប្រយុទ្ធនៅកម្ពុជា ប្រឆាំងនឹងខ្មែរក្រហម បន្ទាប់ពីរបប ប៉ុល ពត ត្រូវបានផ្តួលរំលំក្នុងឆ្នាំ១៩៧៩។ លោក ហ៊ុន សែន ដែលបានផ្តាច់ខ្លួនពីខ្មែរក្រហមនៅឆ្នាំ១៩៧៨ ហើយភៀសខ្លួនទៅប្រទេសវៀតណាមនោះក៏បានចូលរួមក្នុងការប្រយុទ្ធនេះដែរ ហើយត្រូវបានវៀតណាមតែងតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតសង្គមនិយមកម្ពុជាក្នុងឆ្នាំ១៩៨៥។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា ពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនាពេលថ្មីៗនេះ និងការធ្វើទស្សនកិច្ចរបស់លោក តាន់យ៉ុង មកកាន់ទីក្រុងភ្នំពេញបង្ហាញពីការគាំទ្រការបង្ក្រាបដោយហិង្សារបស់រដ្ឋាភិបាលទៅលើការធ្វើបាតុកម្ម ហើយលោកមានជំនឿថា វៀតណាមបន្តជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់ពីប្រទេសវៀតណាមមកកម្ពុជាវិញ មានការបង្ក្រាបយ៉ាងចាស់ដៃ។ ដូច្នេះយើងសង្ស័យថា រដ្ឋាភិបាលវៀតណាមច្បាស់ជាផ្តល់ដំបូន្មានបែបនេះឲ្យប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ជាពិសេសកម្មករ”។ លោក សម រង្ស៊ី បានមានប្រសាសន៍បន្ថែម ទៀតថា “ហើយពេលនេះនាយក រដ្ឋមន្ត្រីវៀតណាមប្រហែលជាមកប្រទេសកម្ពុជាដើម្បីអបអរលោក ហ៊ុន សែន ចំពោះការធ្វើតាមដំបូន្មានរបស់គាត់ក្នុងការបង្ក្រាបនេះ”។
លោក ហ៊ុន សែន ទៅប្រទេសវៀតណាម ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាជាច្រើនរួមទាំងកិច្ចព្រមព្រៀងកម្ចីដើម្បីសាងសង់ស្ពានមួយនៅក្នុងខេត្តកណ្តាល និងបានបញ្ចុះបញ្ចូលដោយជោគជ័យឲ្យរដ្ឋាភិបាលវៀតណាមលក់អគ្គិសនីចំនួន៣០មេហ្គាវ៉ាត់ទៀតមកឲ្យកម្ពុជាក្នុងមួយឆ្នាំៗ។ ថ្វីបើលោកហៅថា នេះជាគោលនយោបាយបំផ្លិចបំផ្លាញរបស់វៀតណាមចំពោះកម្ពុជាក៏ដោយ ក៏លោក សម រង្ស៊ី បានមានប្រសាសន៍ថា វៀតណាមអាចធ្វើជាគំរូជាច្រើនបែបសម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ជាពិសេសការកំណត់អាណត្តិសម្រាប់នាយករដ្ឋមន្ត្រី និងការដោះស្រាយអំពើពុករលួយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងអាចរៀនពីរចំណុចពីវៀតណាម។ ទី១គឺការផ្លាស់ប្តូរថ្នាក់ដឹកនាំយូរៗម្តង រៀងរាល់ប្រាំឆ្នាំ ឬយ៉ាងយូរបំផុត១០ឆ្នាំម្តង”។ លោកបានមានប្រសាសន៍ថា “ទី២គឺរៀនតាមវៀតណាមក្នុងការប្រយុទ្ធប្រឆំាងអំពើពុករលួយ។ ពួកគេដាក់ទោសសូម្បីតែមន្ត្រីជាន់ខ្ពស់ដែលបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ទោះបីវៀតណាមជាប្រទេសកុម្មុយនីស្ត ក៏ប្រព័ន្ធនេះដំណើរការល្អដែរ។ ពួកគេមានមនសិការសង្គមច្រើនជាង។ ពួកគេជួយប្រជាពលរដ្ឋបានច្រើន”៕ គឹមហឿន