TAG
topstory
លោក សម រង្ស៊ី រិះគន់ប្រទេសវៀតណាមខ្លាំងៗជុំវិញជម្លោះសមុទ្រចិន
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា គណបក្សរបស់លោកគាំទ្រប្រទេសចិននៅក្នុងជម្លោះពហុជាតិសាសន៍ជុំវិញសមុទ្រចិនខាងត្បូង ហើយបានអះអាងថា ប្រទេសវៀតណាមកំពុងព្យាយាមទន្ទ្រានចូលដែនសមុទ្ររបស់ចិន។
លោកបានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ១.០០០នាក់នៅទីស្នាក់ការបក្សសង្គ្រោះជាតិប្រចាំខេត្តក្នុងក្រុងសៀមរាបថា “យើងឈរនៅខាងប្រទេសចិន ហើយយើងគាំទ្រចិននៅក្នុងការប្រយុទ្ធប្រឆាំងវៀតណាមជុំវិញបញ្ហាសមុទ្រចិនខាងត្បូង”។
អំឡុងសុន្ទរកថារបស់លោក លោក សម រង្ស៊ី បានប្រើវោហារសាសន៍ប្រឆាំងវៀតណាម ហើយបានមានប្រសាសន៍សំដៅដល់ជនជាតិវៀតណាម និងប្រទេសវៀតណាមម្តងហើយម្តងទៀតថា “យួន” ជាពាក្យសម្តីមួយដែលមនុស្សមួយចំនួនយល់ថា ជាការប្រមាថមាក់ងាយជនជាតិវៀតណាម។
លោកបានមានប្រសាសន៍ថា “វា ទៅឈ្លានពានគ្រប់កន្លែង ហើយវាបាន លួចប្លន់ទឹកដីពីប្រជាពលរដ្ឋកម្ពុជាពីព្រោះរដ្ឋាភិបាលខុសច្បាប់នេះ គឺជាអាយ៉ងយួន។ កោះទាំងនោះជាកោះរបស់ចិន ប៉ុន្តែ កំពុងតែ ព្យាយាមដំណ្តើមកាន់កាប់ ពីចិន ពីព្រោះយួនអាក្រក់ណាស់”។
មួយភាគធំនៃសមុទ្រចិនខាងត្បូងដែលប្រទេសចិនអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន ក៏ត្រូវបានអះអាងពីសិទ្ធិកាន់កាប់ដោយប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់ដែរ។
លោក ត្រាន់ វ៉ានថុង មន្ត្រីកុងស៊ុលនៅស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការអត្ថាធិប្បាយរបស់លោក សម រង្ស៊ី ជុំវិញជម្លោះដែនសមុទ្រនេះមិនធ្វើឲ្យលោកឈឺក្បាលទេ។ លោកមានប្រសាសន៍ថា “យើងមិនចាប់អារម្មណ៍នឹងពាក្យសម្តីរបស់គាត់ទេ”។
សៀមរាប គឺជាទីឈប់សំចតដំបូងសម្រាប់មេដឹកនាំគណបក្សប្រឆាំងរូបនេះនៅក្នុងដំណើរទស្សនកិច្ចមួយដែលនឹងនាំលោក និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិទៅកាន់ខេត្តមួយចំនួន ហើយនៅក្នុងខេត្តទាំងនោះពួកលោកនឹងព្យាយាមកៀងគរការគាំទ្រមុនពេលលោកទាំងពីរដល់ពេលត្រូវចូលខ្លួនឲ្យសាលាដំបូងរាជធានីភ្នំពេញសាកសួរនៅថ្ងៃអង្គារ ពីបទញុះញង់ឲ្យកម្មករធ្វើការតវ៉ា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោក សម រង្ស៊ី អាចគាំទ្រអ្នកណាក៏បានតាមតែលោកចង់ ប៉ុន្តែ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមានជំហរអព្យាក្រឹតជុំវិញជម្លោះនេះរវាងប្រទេសចិន និងបណ្តាប្រទេសជាសមាជិកអាស៊ាន។លោកមានប្រសាសន៍ថា “យើងអព្យាក្រឹតណាស់ពាក់ព័ន្ធនឹងករណីនេះពីព្រោះ យើងមិនគាំទ្រប្រទេសណាឡើយ”។
ទោះជាយ៉ាងណា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា គ្មានជំហរអព្យាក្រឹតនោះទេនៅពេលដែលនិយាយដល់ចំណុចអះអាងសិទ្ធិកាន់កាប់របស់ប្រទេស ចិននៅក្នុងជម្លោះដែនសមុទ្រដ៏រំជើបរំជួលនេះ។ អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីខែកក្កដា ឆ្នាំ២០១១ អាស៊ានដែលមាន សមាជិក១០ប្រទេសមិនបានចេញសេចក្តី ថ្លែងការណ៍រួមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៤៥ឆ្នាំរបស់ខ្លួន នៅពេលកម្ពុជាដែលធ្វើជាប្រធាននៃកិច្ចប្រជុំនេះ បានព្យាយាមធ្វើរឿងគ្រប់យ៉ាងតាមអំណាចរបស់ខ្លួនដើម្បីរក្សាជម្លោះសមុទ្រចិនខាងត្បូងឲ្យស្ថិតនៅក្រៅរបៀបវារៈ ជាហេតុធ្វើឲ្យសមាជិកជាច្រើនរបស់ខ្លួនខកចិត្ត។ ពេលនេះប្រទេសកម្ពុជាត្រូវបានចាត់ទុកជាសម្ពន្ធមិត្តដ៏ស្មោះស្ម័គ្ររបស់ចិនក្នុងតំបន់៕ សុខុម
រដ្ឋាភិបាលបង្កើតខេត្តថ្មីទៀតដែលស្ថិតនៅក្រោមឥទ្ធិពលនៃអំណាចរបស់បក្សប្រជាជន
សំណើរបស់រដ្ឋាភិបាលឲ្យមានការបង្កើត ខេត្តថ្មីមួយនៅភាគខាងកើតនៃខេត្តកំពង់ចាម ដែលគណបក្សប្រជាជនកម្ពុជា ទទួលជ័យជម្នះចំនួនតែប្រាំស្រុកប៉ុណ្ណោះ អំឡុងការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំមុន ត្រូវព្រះមហាក្សត្រ នរោត្តម សីហមុនី អនុម័ត កាលពីខែមុន នេះបើយោងតាមរាជក្រឹត្យទទួលបានកាលពីម្សិលមិញ។
មន្ត្រីក្នុងជួររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងកាលពីម្សិលមិញថា ខេត្តផ្សេងទៀតក៏ត្រូវបានបែងចែកផងដែរ។ នេះជាចំណាត់ការដែលនិន្នាការប្រឆាំងលើឆាកនយោបាយ បានលើកឡើងថា ជាការប៉ុនប៉ង បំបែកតំបន់បោះឆ្នោត ក្នុងបំណងផ្តល់ផលប្រយោជន៍ដល់គណបក្សកាន់អំណាច។
ខេត្តថ្មីបំផុតរបស់ប្រទេសកម្ពុជានេះមានឈ្មោះថា ខេត្តត្បូងឃ្មុំ មានប្រាំមួយស្រុក និង ក្រុងមួយដែលសុទ្ធតែលាតសន្ធឹងនៅភាគខាងកើតនៃទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម។ ខេត្តនេះនឹងដាក់បញ្ចូលស្រុកតែប្រាំប៉ុណ្ណោះ ហើយស្រុកទាំងនោះជាស្រុកដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងភាគច្រើនអំឡុងការបោះឆ្នោត នេះបើយោងតាមរាជក្រឹត្យដដែលនេះ។
ចំណែកឯស្រុកទាំង១២នៅសល់ក្នុងខេត្តកំពង់ចាម គឺជាស្រុកដែលគណបក្សសង្គ្រោះជាតិទទួលបានសំឡេងភាគច្រើន។
អំឡុងថ្ងៃបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា គណបក្សប្រជាជនកម្ពុជា ត្រូវបានវ៉ាដាច់ដោយគណបក្សប្រឆាំង នៅក្នុងខេត្តកំពង់ចាម ពោលគឺគណបក្សកាន់អំណាចទទួលបានតែ៨អាសនៈក្នុងចំណោមអាសនៈទាំង១៨ក្នុងរដ្ឋសភា សម្រាប់ខេត្តនេះ ហើយនេះគឺជាការបាត់បង់សំឡេងភាគច្រើន ទាំង១២អាសនៈដែលគណបក្សកាន់អំណាចទទួលបានអំឡុងការបោះឆ្នោតកាលពីឆ្នាំ២០០៨។
ខេត្តត្បូងឃ្មុំនេះនឹងមានស្រុកតំបែរក្រូចឆ្មារ អូររាំងឪ ពញាក្រែក និងស្រុកត្បូងឃ្មុំ។ នៅស្រុកទាំងនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងភាគច្រើន បន្ថែមលើក្រុងសួង និងស្រុកមេមត់ នេះបើយោងតាមរាជក្រឹត្យចុះថ្ងៃទី៣១ ខែធ្នូ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា សេចក្តីសម្រេចថា ត្រូវបែងចែកខេត្តនេះជាពីរ មានគោលបំណងពង្រឹងការផ្តល់សេវាកម្មរបស់រដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា “ យើងបានបង្កើតខេត្តថ្មីនេះ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់យើង ក្នុងការគ្រប់គ្រងការងារ និងដើម្បីកំុឲ្យសេវាកម្មនានាស្ថិតនៅឆ្ងាយពីប្រជាជន”។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបដិសេធថា ការបង្កើតខេត្តថ្មីនេះ មិនមែនមានគោលបំណងផ្តល់ផលប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជាទេ ហើយលោកក៏បានឲ្យដឹងបន្ថែមទៀតថា មានផែនការបំបែក ខេត្តផ្សេងៗទៀតផងដែរ។
លោកបានមានប្រសាសន៍ថា “ ឧទាហរណ៍យើងបំបែកខេត្តបន្ទាយមានជ័យចេញពីខេត្តបាត់ដំបង ដើម្បីឲ្យប្រជាជនទទួលបានសេវាសាធារណៈកាន់តែប្រសើរ ហើយសេវាកម្មទាំងនោះខិតកាន់តែជិតប្រជាជន”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ក្នុងពេលអនាគត យើងនឹងបំបែកខេត្តបន្ថែមទៀត ប៉ុន្តែយើងមិនដឹងថា នឹងត្រូវបំបែកខេត្តណាខ្លះទេ”។
លោក គុល បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា សេចក្តីសម្រេចនេះគួរឲ្យសង្ស័យ ហើយអាចនឹងមានការពាក់ព័ន្ធក្នុងកិច្ចខិតខំប្រឹងប្រែងលួចបន្លំសន្លឹកឆ្នោត។
លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា សេចក្តីសម្រេចនេះធ្វើឡើងសម្រាប់គោលបំណងរដ្ឋបាលទេ។ រឿងនេះនឹងប៉ះពាល់ដល់ការបោះឆ្នោតក្នុងពេលអនាគត។ ពួកគេកំពុងតែបង្កើតមណ្ឌលថ្មីៗ ដើម្បីបង្កផលប៉ះពាល់ទៅលើចំនួនអាសនៈដែលគណបក្សទាំងនេះនឹងទទួលបាន”។
នៅស្រុកផ្សេងៗទៀត ក្នុងខេត្តកំពង់ចាម គណបក្សសង្គ្រោះជាតិបានទទួលសំឡេងជាច្រើនក្នុងការបោះឆ្នោតក្នុងខែកក្កដា ដោយទទួលបាន៥១,៨៦ភាគរយ ចំណែកឯគណបក្សប្រជាជនទទួលបាន៤២,៨៦ភាគរយ។
ប្រសិនបើលទ្ធផលផ្លូវការនៃការបោះឆ្នោតកាលពីឆ្នាំមុន ដែលត្រូវបានប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រូវបានបែងចែកសម្រាប់ខេត្តថ្មីពីរនេះ នៅខេត្តត្បូងឃ្មុំដែលមានប្រាំពីរស្រុកនោះ គណបក្សប្រជាជនប្រហែលជាទទួលបាន៥១,៧៥ភាគរយនៃចំនួនសន្លឹកឆ្នោត ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន៤២,១០ភាគរយ។
នៅក្នុងខេត្តថ្មីដែលត្រូវកាត់បន្ថយមកនៅ១០ស្រុក គឺខេត្តកំពង់ចាម គណបក្សសង្គ្រោះ ជាតិប្រហែលជាទទួលបាន៥៩,១៧ភាគរយ ខណៈដែលគណបក្សប្រជាជនកម្ពុជាទទួលបាន៣៥,៤៣ភាគរយ។
លោក គុល បញ្ញា បានពន្យល់ថា “ ពួកគេធ្វើបែបនេះនៅខេត្តជាច្រើន ដើម្បីបង្កើតមណ្ឌលទាំងនេះឲ្យមានឥទ្ធិពលទៅលើលទ្ធផលបោះឆ្នោត ក៏ប៉ុន្តែ នៅខេត្តនេះរូបមន្តក៏បានបង្កើនចំនួនអាសនៈសម្រាប់គណបក្សដែលទទួលជោគជ័យផងដែរ”។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ ថា ប្រទេសកម្ពុជាបានចាប់ផ្តើមប្រើប្រាស់រូបមន្តបែងចែកអាសនៈក្នុងរដ្ឋសភា ដែលមាននិន្នាការផ្តល់ឲ្យគណបក្សដែលទទួលបានសំឡេងភាគច្រើន នៅក្នុងខេត្តមួយនៅអាសនៈច្រើនជាងចំនួនអាសនៈដែលគណបក្សនោះទទួលបានតាមរូបមន្តសមាមាត្រមូលដ្ឋាន។
លោក គុល បញ្ញា បានមានប្រសាសន៍បន្តថា “ វាមានការពាក់ព័ន្ធនឹងរឿងនយោបាយច្រើន។ ការសម្រេចចិត្តបែបនេះ ហើយនោះគឺជាមូលហេតុតែពួកគេគួរតែពិភាក្សាជាមួយគណបក្សនយោបាយ មុននឹងសម្រេចចិត្តបែបនេះ”។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រជាប់ឆ្នោតសម្រាប់មណ្ឌលខេត្តកំពង់ចាម បានលើកឡើងថា សេចក្តីសម្រេចបំបែកខេត្តជាពីរនេះ កើតឡើងដោយសារតែរដ្ឋាភិបាលត្រូវការរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនទៅលើប្រជាជនជាជាងបណ្តាលមកពីការខិតខំបន្លំសន្លឹកឆ្នោត។
លោក កឹម សុខា បានមានប្រសាសន៍ដូច្នេះថា “ វាមិនពាក់ព័ន្ធទៅនឹងការមានអ្នកគាំទ្ររបស់យើងច្រើនជាងមុន ឬតិចជាងមុននៅក្នុងតំបន់នោះទេ។ ការពិតគឺថា គណបក្សប្រជាជនកម្ពុជាមិនមានសមត្ថភាពគ្រប់គ្រងប្រជាជននៅទីនោះ”៕ សុធា
មន្ត្រីរាជការស៊ីវិលត្រូវបានជំរុញឲ្យធ្វើកូដកម្មសុំដំឡើងប្រាក់ខែ
សមាគមមួយតំណាងឲ្យបុគ្គលិកនិយោជិតក្នុងវិស័យសាធារណៈ បានជំរុញឲ្យមន្ត្រីរាជការស៊ីវិលទូទាំងប្រទេសចាប់ផ្ដើមធ្វើកូដកម្មសន្ដិវិធីតាមគ្រូបង្រៀន ដើម្បីទាមទារសុំដំឡើងប្រាក់ខែ។
សេចក្ដីថ្លែងការណ៍មួយដែលសមាគមមន្ត្រីរាជការកម្ពុជាបានចេញកាលពីម្សិលមិញនិងដែលអះអាងថា មានសមាជិកចំនួន១.៥៣០នាក់នោះ បានលើកឡើងថា ប្រាក់ខែរបស់មន្ត្រីរាជការនៅពេលបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងតម្លៃទំនិញកើនឡើងនោះទេ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលផ្ដល់ប្រាក់ខែគោលមួយលានរៀលជាមួយនឹងការសន្យាដំឡើងប្រាក់ខែតាមពេលវេលាសមស្របរហូតដល់ពីរលានរៀល។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “ដោយមើលឃើញថា ប្រាក់ខែរបស់មន្ត្រីរាជការទាប និងមិនស័ក្ដិសមនឹងតម្លៃទំនិញកើនឡើងនៅក្នុងទីផ្សារដែលបន្តឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងដោយផ្អែកលើលក្ខន្ដិកៈពាក់ព័ន្ធផ្សេងៗទៀត សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាសូមអំពាវនាវដល់មន្ត្រីមកពីគ្រប់ស្ថាប័នទាំងអស់មេត្តាចេញធ្វើកូដកម្មដោយសន្ដិវិធីតាមរយៈការមិនបំពេញការងារ ដើម្បីឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលពីរលានរៀល”។
លោក ប៊ុត កុសល អនុប្រធានសមាគមមន្ត្រីឯករាជ្យកម្ពុជា បានមានប្រសាសន៍ថា សមាជិកនៃសមាគមនេះគួរតែ “ចាប់ផ្ដើមធ្វើកូដកម្មចាប់ពីពេលនេះតទៅជាមួយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលកំពុងធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែក្នុងចំនួនដូចគ្នានៅទូទាំងប្រទេស”។ លោកមានប្រសាសន៍ថា ការអំពាវនាវឲ្យធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែនេះ គឺដោយសារតែមានចលនាស្រដៀងគ្នាមួយរបស់កម្មករកម្មការិនីកាត់ដេរ ដែលកំពុងទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ។
លោកបានបន្តថា “យើងបានមើលឃើញថា...
ការថ្កោលទោសពីអន្តរជាតិកើនកាន់តែខ្លាំង បន្ទាប់ពីការប៉ះទង្គិចគ្នាដែលបណ្តាលឲ្យមានអ្នកស្លាប់
កាលពីម្សិលមិញ មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំទីក្រុង ហ្សឺណែវ បានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលលើកម្មកររោងចក្រកាត់ដេរដែលនាំគ្នាតវ៉ាដើម្បីទាមទារដំឡើងប្រាក់ខែអប្ប បរមាដោយបណ្តាលឲ្យមានមនុស្សស្លាប់នោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក រូភើត ខូលវ៉ីល (Rupert Colville) អ្នកនាំពាក្យការិយាល័យឧត្តមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានជំទាស់នឹងការប្រើកម្លាំងហួសហេតុរបស់មន្ត្រីអនុវត្តន៍ច្បាប់ទៅបង្ក្រាបលើអ្នកតវ៉ាក្នុងប្រទេសកម្ពុជា ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតយ៉ាងហ្មតចត់មួួយចំពោះបញ្ហាដែលកងរាជអាវុធហត្ថប្រើកាំភ្លើង AK-47 បាញ់ប្រហារអំឡុងការបង្ក្រាបដោយបណ្តាលឲ្យអ្នកតវ៉ាចំនួនប្រាំនាក់បាត់បង់ជីវិតនិងយ៉ាងតិច៤២នាក់ផ្សេងទៀតរងរបួស។
លោក ខូលវីល បានមានប្រសាសន៍ថា “ យើងទទូចឲ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតជាបន្ទាន់មួយឲ្យបានហ្មតចត់បំផុតដើម្បីធានាអំពីការទទួលខុសត្រូវទាំងស្រុងរបស់សមាជិកកងសន្តិសុខដែលគេបានរកឃើញថា បានប្រើកម្លាំងហួសហេតុនោះ”។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការរក្សាភាពស្ងប់ស្ងាត់បន្ទាប់ពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីខែកក្កដា ដែលក្រោយមកមានមនុស្សរាប់មុឺននាក់បាននាំគ្នាតវ៉ាទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញ ក៏ដូចជាការតវ៉ារបស់កម្មកររោងចក្រកាត់ដេរដែលអំពាវនាវឲ្យមានការដំឡើងប្រាក់ខែអប្បបរមាពី៨០ដុល្លារដល់១៦០ដុល្លារក្នុងមួយខែផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រកាសថា បេសកកម្មលើកទី១០របស់លោក ស៊ូបេឌី នៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ខែមករា។
លោក ស៊ូបេឌី បានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ បេសកកម្មក្នុងពេលឆាប់ៗរបស់ខ្ញុំ គឺជាផ្នែកមួយនៃការវាយតម្លៃបន្តស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា”។ សេចក្តីថ្លែងការណ៍នេះបន្ថែមថា លោករំពឹងថា នឹងបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងៗទៀត។
នៅក្នុងលិខិតមួយ កាលពីថ្ងៃអង្គារដែលផ្ញើទៅឲ្យលោក ហ៊ុន សែន នោះ សហជីពនិងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ព្រមទាំងក្រុមហ៊ុនលក់សម្លៀកបំពាក់យីហោល្បីៗចំនួនប្រាំពីរដែលរួមមានក្រុមហ៊ុនលក់សម្លៀកបំពាក់ ម៉ាក GAP ក្រុមហ៊ុនលក់សម្លៀកបំពាក់ម៉ាក H&M និងក្រុមហ៊ុនលក់សម្លៀកបំពាក់ម៉ាក Puma ជាដើម បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើអំពើហិង្សាកាលពីសប្តាហ៍មុន។
លិខិតនេះមានខ្លឹមសារថា “ យើងជំទាស់យ៉ាងដាច់អហង្ការចំពោះរាល់ទម្រង់នៃការប្រើអំពើហិង្សា។ វាជារឿងមួយដ៏គួរឲ្យព្រួយបារម្ភបំផុត ហេតុដូច្នេះទើបយើងធ្វើការអង្កេតលើទាំងភាពចលាចលដែលមានការរីករាលដាលយ៉ាងខ្លាំងនិងការប្រើកម្លាំងហួសហេតុពីសំណាក់រដ្ឋាភិបាល ដែលបណ្តាលឲ្យមានអ្នកស្លាប់”។
អង្គការសិទ្ធិមនុស្សបានអំពាវនាវឲ្យសហជីព សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងរដ្ឋាភិបាលធ្វើការចរចាដោយភាពស្មោះត្រង់និងបង្កើតយន្តការត្រួតពិនិត្យប្រាក់ខែ។
អង្គការសិទ្ធិមនុស្សបានលើកឡើងថា ចាប់តាំងពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រមក ការតវ៉ានិងការធ្វើបាតុកម្មត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅខាងមុខស្ថានទូត ឬស្ថានកុងស៊ុលរបស់ប្រទេសកម្ពុជា ប្រចាំនៅក្នុងទីក្រុង សេអ៊ូល ទីក្រុង បែរឡាំងនិងទីក្រុង ហ្សាការតា ហើយនៅក្នុងសប្តាហ៍នេះការតវ៉ាត្រូវបានគេធ្វើឡើងនៅស្ថានទូតរបស់ប្រទេសកម្ពុជាដែលប្រចាំនៅក្នុងទីក្រុង គូឡា ឡាំពួរ ទីក្រុងហុងកុង ទីក្រុងបាងកក ទីក្រុង ឡុងដ៍ ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុង អុីស្តានប៊ុល បន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន វេទិកាអាស៊ី បា៉ស៊ីហ្វិក ស្តីពីស្ត្រី ច្បាប់ និងការអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅប្រទេសថៃ និងជាសម្ពន្ធអង្គការតស៊ូមតិ បានប្រកាសធ្វើយុទ្ធនាការមួយឈ្មោះថា សប្តាហ៍សកម្មភាពសកលលោកសម្រាប់ប្រទេសកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រដល់ថ្ងៃទី១៧ខែមករា ហើយបានអពាវនាវឲ្យអ្នកគាំទ្រប្រើប្រព័ន្ធផ្សព្វផ្សាុយសង្គមដើម្បីធ្វើឲ្យគេចាប់អារម្មណ៍ពីបញ្ហានេះ។
សេចក្តីថ្លែងការណ៍នេះក៏ជំរុញឲ្យប្រជាពលរដ្ឋដាក់ញត្តិជូនក្រុមហ៊ុនលក់សម្លៀកបំពាក់យីហោល្បីៗដូចជា H&M Adidas Gap និង Walmart ជាដើម ដើម្បីជំរុញដោយមានការដំឡើងប្រាក់ខែអប្បបរមានៅក្នុងប្រទេសកម្ពុជាផងដែរ។
រូបភាពនៃការតវ៉ាដែលធ្វើឡើងនៅក្នុងទីក្រុង បែរឡាំង កាលពីថ្ងៃអាទិត្យបានបង្ហាញឲ្យឃើញពីពលរដ្ឋខ្មែរមួយក្រុមតូចនិងពលរដ្ឋអាល្លឺម៉ង់មួយចំនួននាំគ្នាតវ៉ានៅខាងក្រៅស្ថានទូតកម្ពុជា ដោយមានអ្នកខ្លះបានលើកទង់ជាតិកម្ពុជាផងដែរ។ ព្រឹត្តិការណ៍ទី២ត្រូវបានគេគ្រោងធ្វើឡើងនៅសប្តាហ៍នេះ។ រីឯរូបភាពមួយទៀតស្តីពីព្រឹត្តិការណ៍ស្រដៀងគ្នាដែលត្រូវបានធ្វើឡើងនៅខាងក្រៅស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល បានបង្ហាញឲ្យឃើញពីមនុស្សមួយក្រុមលើកបដាមួយចំនួនក្នុងនោះមានបដាមួយមានខ្លឹមសារថា “ លោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវចំពោះការបាត់បង់ជីវិត”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន លោក អានណា ម៉ាកមូលលេន ប្រធានយុទ្ធនាការសម្រាប់អង្គការតស៊ូមតិឲ្យកម្មករកាត់ដេរឈ្មោះថា Labor Behind the Label ដែលរៀបចំព្រឹត្តិការណ៍
ក្នុងទីក្រុងឡុងដ៍ បានមានប្រសាសន៍ថា “ ការប្រើកម្លាំងហួសហេតុ និងអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខគឺគួរឲ្យតក់ស្លុតបំផុត ហើយគឺជាការគំរាមកំហែងមួយយ៉ាងខ្លាំង។ អំពើហិង្សាដ៏សាហាវនេះត្រូវតែបញ្ចប់”។
ដោយឡែកនៅសហរដ្ឋអាមេរិកឯណោះវិញ លោក ស្ទីវចាបុត (Steve Chabot) សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលជាប្រធានអនុគណៈកម្មការការបរទេសអាេមរិកស្តីពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថ្កោលទោសការបង្ក្រាបរបស់រដ្ឋាភិបាលលើកូដករដែលទាមទារដំឡើងប្រាក់ខែ ហើយបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
លោក ចាបុត បានមានប្រសាសន៍ថា “ វាជាសោកនាដកម្មមួយដែលពលរដ្ឋខ្មែរគឺជាជនរងគ្រោះនៃការប្រព្រឹត្តអំពើពុករលួយការរំលោភបំពាននិងការភូតកុហកមិនចេះចប់មិនចេះហើយរបស់រដ្ឋាភិបាល។ ការសម្រេចរបស់លោក ហ៊ុន សែន ដែលបានប្រែក្លាយការតវ៉ាអហិង្សាទៅជាការប្រើអំពើហិង្សាតាមរយៈការចេញបញ្ជាឲ្យយោធានិងនគរបាលបាញ់ប្រហារលើអ្នកតវ៉ាស្លូតត្រង់ ដាច់ខាតត្រូវតែថ្កោលទោស”។
លោកបានបន្តថា “ វាដល់ពេល ហ៊ុន សែនចុះចេញពីតំណែងហើយ ហេតុដូច្នេះពលរដ្ឋខ្មែរអាចមើលឃើញអនាគតដ៏ភ្លឺស្វាងរបស់ខ្លួននាពេលខាងមុខ”៕ ស៊ុយឈាង
រដ្ឋាភិបាលគណបក្សប្រជាជនមិនគិតពីរដ្ឋធម្មនុញ្ញ ក្នុងប្រតិបត្តិការបង្ក្រាបសកម្មភាពតវ៉ា
ព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់មិនទាន់បានប្រកាសដាក់ប្រទេសក្នុងស្ថាន ភាពគ្រាអាសន្ននៅក្នុងប្រទេសកម្ពុជានៅឡើយទេ ក៏ប៉ុន្តែ ការមិនទាន់ប្រកាសនេះមិនែមនមានន័យថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែគោរពរដ្ឋធម្មនុញ្ញ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបសកម្មភាពតវ៉ា និងបំបាត់សំឡេងប្រឆាំងផ្នែកនយោបាយក្នុងរាជធានីភ្នំពេញនោះទេ។
ប្រឈមនឹងសកម្មភាពតវ៉ាទ្រង់ទ្រាយធំដើម្បីអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងសកម្មភាពទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន នៅក្នុងវិស័យកាត់ដេរ គណបក្សប្រជាជនកម្ពុជាបានយកច្បាប់ដាក់ក្នុងដៃរបស់ខ្លួន ដោយបានផ្អាកការធានានៅក្នុងរដ្ឋធម្មនុញ្ញចំពោះសេរីភាពនៃការជួបជុំគ្នា ការបង្កើតសមាគម និងការតវ៉ាដោយសន្តិវិធី សម្រាប់ប្រជាជនកម្ពុជា។
លោក សុក សំអឿន មេធាវីផ្នែកសិទ្ធិមនុស្សដ៏លេចធ្លោមួយរូប បានលើកឡើងថា មានតែព្រះមហាក្សត្រ នរោត្តម សីហមុនី ប៉ុណ្ណោះ ដែលអាចប្រកាសដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នបាន បន្ទាប់ពីមានសំណើ ពីរដ្ឋសភា ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលព្យួរសេរីភាពនៅក្នុងរដ្ឋធម្មនុញ្ញ។
លោកបានមានប្រសាសន៍ថា “ មានតែព្រះមហាក្សត្រប៉ុណ្ណោះ ទើបអាចប្រកាសថា រដ្ឋស្ថិតក្នុងស្ថានភាពច្របូកច្របល់បាន”។
លោកបានពន្យល់ថា “ ឧទាហរណ៍នៅពេលមានសង្គ្រាម ហើយរដ្ឋាភិបាលមិនអាចគ្រប់គ្រងប្រទេសបានជាដើម។ ប៉ុន្តែ ដោយសារតែមានបាតុកម្មដោយសន្តិវិធី និងហេតុការណ៍ប៉ះទង្គិចគ្នាបន្តិចបន្តួច យើងអាចមើលឃើញថា រដ្ឋាភិបាលនឹងអាចគ្រប់គ្រងបាន ដូច្នេះច្បាប់អាជ្ញាសឹកមិនអាចអនុវត្តបានទេ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ បានលើកឡើងថា ការព្យួររដ្ឋធម្មនុញ្ញមិនមែនគ្រាន់តែធ្វើឲ្យគណបក្សប្រជាជនកម្ពុជារំលោភច្បាប់របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ។
លោកបានមានប្រសាសន៍ថា “ យើងគិតថា ការប្រើប្រាស់កម្លាំងទាហាននៅពេលបច្ចុប្បន្ន ដែលមកពីអង្គភាពទ័ពឆត្រយោងលេខ៩១១ និងទាហានប្រដាប់ដោយអាវុធគ្រប់ដៃដទៃទៀត ក្នុងប្រតិបត្តិការបង្ក្រាបដោយហិង្សាទៅលើក្រុមអ្នកតវ៉ា គឺជាទង្វើខុសរដ្ឋធម្មនុញ្ញ”។
លោកបានមានប្រសាសន៍បន្តថា “ វាមិនសមស្របទៅតាមគោលការណ៍លទ្ធិប្រជា ធិបតេយ្យទេ។ ការប្រើប្រាស់ច្បាប់អាជ្ញាសឹកត្រូវបានអនុវត្តនៅប្រទេសកុម្មុយនីស្ត ឬក៏ដោយរដ្ឋាភិបាលយោធា”។
ក្នុងសេចក្តីថ្លែងការណ៍មួួយចេញផ្សាយកាលពីម្សិលមិញ សមាគមសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ការដាក់ពង្រាយកម្លាំងអង្គភាពទ័ពឆត្រយោងលេខ៩១១ដើម្បីបង្ក្រាបសកម្មភាពតវ៉ា នៅរោងចក្រកាត់ដេរ យ៉ាកជីន (Yakjin) ដែលជាកម្មសិទ្ធិរបស់វិនិយោគិនកូរ៉េខាងត្បូង នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺជាទង្វើផ្ទុយនឹងខ្លឹមសារនៃមាត្រា៩៦នៃក្រមព្រហ្មទណ្ឌ ដែលចែងថា មានតែសមាជិកក្នុងកងកម្លាំងនគរបាលប៉ុណ្ណោះទើបមានអំណាចចាប់ប្រជាពលរដ្ឋបាន។
សមាគមអាដហុក បានលើកឡើងថា “ ទាហានគ្មានយុត្តាធិការក្នុងការធ្វើជាកម្លាំងជំនួយសម្រាប់អំណាចតុលាការទេ”។
អង្គការសហប្រជាជាតិ (UN) និងអង្គការសិទ្ធិមនុស្សនានា បានថ្កោលទោសសកម្មភាពរំលោភរបស់កម្លាំងប្រដាប់អាវុធរដ្ឋ ទៅលើបាតុករសីុវិល កាលពីថ្ងៃព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍ សប្តាហ៍មុន និងបានរិះគន់រដ្ឋាភិបាល ដែលបានសម្រេចចិត្តព្យួរសិទ្ធិសេរីភាពជួបជុំគ្នានៅក្នុងរដ្ឋធម្មនុញ្ញ។
លោក ជាម យៀប តំណាងរាស្ត្រជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ចំណាត់ការដែលកំពុងត្រូវបានគណបក្សកាន់អំណាចរបស់លោកអនុវត្ត “ មិនត្រូវបានហៅថា ច្បាប់អាជ្ញាសឹកទេ” ។ លោកបានបន្តទៀតថា “ ទាំងនេះគឺ ជាវិធានការបង្ការ ដើម្បីទប់ស្កាត់កុំឲ្យមានការបំផ្លាញទ្រង់ទ្រាយធំ ដែលបង្កឡើងដោយក្រុមអ្នកតវ៉ាប្រើអំពើហិង្សា”។
លោក ជាម យៀប បានលើកឡើងបន្ថែម ថា “ បើតាមចិត្តខ្ញុំ ខ្ញុំនឹងប្រើកម្លាំងខ្លាំងជាងនេះទៅទៀត។ ក៏ប៉ុន្តែ សម្តេច ហ៊ុន សែន បានបញ្ជា និងណែនាំឲ្យកម្លាំងប្រដាប់អាវុធប្រកាន់ខ្ចាប់នូវវិធានការបង្ការស្របច្បាប់”។
ក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយសប្តាហ៍ មុន ក្រសួងមហាផ្ទៃបានប្រកាសថា “ ការតវ៉ាតាមរយៈការប្រមូលផ្តុំគ្នា និងការហែក្បួនត្រូវតែបញ្ឈប់ជាបណ្តោះអាសន្ន លុះត្រាតែសន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានស្តារឲ្យត្រឡប់ទៅរកស្ថានភាពធម្មតាវិញ”។
លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកពីគណបក្សប្រជាជនកម្ពុជាបានអះអាងថា ការព្យួរសេរីភាពក្នុងរដ្ឋធម្មនុញ្ញដោយគ្មានពេលកំណត់ ដោយរដ្ឋាភិបាលរបស់លោក គឺជារឿងចាំបាច់។
លោកបានមានប្រសាសន៍ថា “ អ្នករាល់គ្នាគាំទ្រ ជាពិសេសប្រជាជនក្នុងរាជធានីភ្នំពេញ ដោយសារតែពួកគេចង់ឲ្យស្ថានភាពត្រឡប់ទៅរកប្រក្រតីភាពវិញ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ទោះបីជាវាមិនមែនស្ថិតនៅកម្រិតច្បាប់អាជ្ញាសឹកក៏ដោយ ខ្ញុំគិតថា រដ្ឋាភិបាលមានសិទ្ធិអំណាចក្នុងការទប់ស្កាត់មិនឲ្យមានអំពើហិង្សា ដោយដាក់ចេញនូវវិធានការនានានៅពេលដែលសន្តិសុខសាធារណៈ ឬក៏ស្ថានភាពច្របូកច្របល់ គឺជាកត្តាគំរាមកំហែង”។
លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋាភិបាលបានរំលោភ ច្បាប់ ដោយសារតែខ្លួនបានចាត់វិធានការបង្ក្រាបសកម្មភាពតវ៉ា និងប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន។ លោកបានមានប្រសាសន៍ ថាការបាញ់សម្លាប់កម្មករដែលធ្វើកូដកម្ម មិនអាចត្រូវបានចាត់ទុកថា ជាសកម្មភាពស្របច្បាប់បានទេ”។ លោកបានលើកឡើងបែបនេះដោយចង់សំដៅទៅលើចំណាត់ការរបស់ កម្លាំងកងរាជអាវុធហត្ថក្នុងការបង្ក្រាបក្រុមអ្នកតវ៉ា ដែលមានដុំថ្ម និងដបសាំង នៅខាងក្រៅសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ឥឡូវនេះ គណបក្សប្រជាជនកម្ពុជាកំពុងប្រើកម្លាំង ជាថ្មីម្តងទៀត ដើម្បីបង្ហាញថា ពួកគេមានកម្លាំងសម្រាប់ទប់ស្កាត់ក្រុមបាតុករ”។
ក៏ប៉ុន្តែ លោក ផៃ សីុផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សេរីភាពជួបជុំគ្នាមិនត្រូវបានព្យួរទេ ក៏ប៉ុន្តែ គ្រាន់តែលែងត្រូវបានធានាប៉ុណ្ណោះស្របពេលដែលកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រដាប់អាវុធនៅអង្គភាពផ្សេងៗទៀតរួមទាំងកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែឈរជើងនៅទីលានប្រជាធិបតេយ្យ និងធ្វើដំណើរតាមវិថីនានាក្នុងរាជធានីភ្នំពេញ ក្នុងបំណងទប់ស្កាត់មិនឲ្យមានសកម្មភាពប្រមូលផ្តុំជាសាធារណៈដែលមានអ្នកចូលរួមលើសពី១០នាក់។
លោក ផៃ សីុផាន បានមានប្រសាសន៍បន្ថែមថា “ យើងមិនព្យួរសិទ្ធិក្នុងរដ្ឋធម្មនុញ្ញទេ ប៉ុន្តែ យើងរង់ចាំឲ្យស្ថានភាពស្ងប់ស្ងាត់។ សម្រាប់អ្នកដែលចង់តវ៉ា និងហែក្បួន ត្រូវស្នើសុំសេចក្តីអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ គេ ស្នើសុំការសហការ។ ក៏ប៉ុន្តែ ពួកគេមិនទាន់អនុវត្តច្បាប់អាជ្ញាសឹកនៅឡើយទេ”៕ សុធា
រោងចក្រប្ដឹងសហជីព ខណៈពេលដែលកូដករចូលធ្វើការងារវិញ
ខណៈពេលដែលកម្មករកម្មការិនីរោងចក្រកាត់ដេរបន្តវិលត្រឡប់ទៅធ្វើការងារនៅតាមរោងចក្ររបស់ខ្លួនវិញកាលពីម្សិលមិញ បន្ទាប់ពីកូដកម្មរយៈពេលប៉ុន្មានថ្ងៃ បានផ្ទុះអំពើហិង្សាកាលពីសប្ដាហ៍មុននោះ ថៅកែរោងចក្រមួយចំនួនមិនបង្អងពេលនឹងការដាក់ពាក្យប្ដឹងសហជីពនៅពីក្រោយកូដកម្ម ដើម្បីទាមទារសំណងឡើយ។
លោក ប្រាក់ សាវុធ ប្រធានក្រឡាបញ្ជីនៅសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា មានរោងចក្រប្រាំហើយ ដែលបានដាក់ពាក្យប្ដឹងសហជីពទាំងនោះ ប៉ុន្តែលោកមិនបានមានប្រសាសន៍បញ្ជាក់ថា រោងចក្រណាខ្លះជាអ្នកប្ដឹង ឬសហជីពណាខ្លះដែលរងការប្ដឹងឡើយ។
លោកមានប្រសាសន៍ថា “យើងទទួលបានពាក្យបណ្ដឹងពីរោងចក្រចំនួនប្រាំ” មុនពេលបង្វែរសំណួរបន្ថែមទៀតទៅលោក ខៀវ សំបូរ មេធាវីតំណាងឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
លោក ខៀវ សំបូរ បានបញ្ជាក់ថា ម្ចាស់រោងចក្រពិតជាបានដាក់ពាក្យបណ្ដឹងមែន ប៉ុន្តែលោកក៏បានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតដែរ។
កាលពីថ្ងៃអង្គារ លោក...
អ្នករងរបួសរៀបរាប់ប្រាប់ពីការបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរ
យោងតាមបទសម្ភាសជាមួយសាក្សីដែលរងរបួសជិត២០នាក់នៅមន្ទីរពេទ្យចំនួនបីកាលពីម្សិលមិញ បង្ហាញថា ដំបូងកងរាជអាវុធហត្ថបានបាញ់កាំភ្លើងពីលើក្បាលអ្នកតវ៉ានៅពេលពួកគេទៅដល់កន្លែងតវ៉ានៅផ្លូវវេងស្រេង កាលពីថ្ងៃសុក្រ មុនពេលតម្រង់កំាភ្លើងរបស់ពួកគេបាញ់សម្លាប់កូដករដែលបានគប់ដុំថ្ម។
អ្នកជំងឺដែលកំពុងសម្រាកព្យាបាលរបួសត្រូវគ្រាប់កាំភ្លើងរបស់កងរាជអាវុធហត្ថនៅមន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានប្រាប់អំពីការបាញ់កំាភ្លើងរបស់មន្ត្រីប្រដាប់អាវុធទៅលើក្រុមអ្នកតវ៉ា ហើយក្រោយមកបានតម្រង់កាំភ្លើងទៅលើអ្នកតវ៉ាម្នាក់ៗតែម្តងបន្ទាប់ពីមិនអាចបំបែកការតវ៉ានោះបាន។
កងរាជអាវុធហត្ថបានបាញ់សម្លាប់បាតុករប្រាំនាក់ និងរងរបួសធ្ងន់យ៉ាងហោចណាស់៤២នាក់ទៀតនៅពេលពួកគេបាញ់កាំភ្លើងបំបែកអ្នកតវ៉ា ដែលគប់ដុំថ្ម និងដែលបានបិទផ្លូវវេងស្រេង ដែលមានរោងចក្រច្រើននៅក្នុងខណ្ឌពោធិ៍សែនជ័យ។ កូដករក៏បានគប់ដប់សាំងផងដែរ។
ហែម អឿន អាយុ២៣ឆ្នាំបាននិយាយថា គាត់គប់ដុំថ្មដាក់កងរាជអាវុធហត្ថនៅពេលពួកគេលើកកាំភ្លើងបាញ់ទៅលើក្រុមអ្នកតវ៉ា ដែលភាគច្រើនកំពុងព្យាយាមរត់គេចចេញពីទីនោះហើយ។ ហែម អឿន ដែលធ្វើការនៅរោងចក្រកាត់ដេរមួយនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា បាននិយាយថា “នៅពេលដែលពួកគេមកដល់ ហើយចុះពីលើឡាន...
សហជីពប្រាប់កម្មករទាំងអស់ឲ្យផ្អាកកូដកម្មជាបណ្តោះអាសន្ន
សហជីពនៅពីក្រោយកូដកម្មនៅតាមរោងចក្រកាត់ដេរកាលពីសប្តាហ៍មុន បានលើកឡើងថា សមាជិកមួយចំនួនធំរបស់ខ្លួនបានវិលត្រឡប់ទៅធ្វើការវិញនៅសប្តាហ៍នេះ ប៉ុន្តែ ពួកគេមិនបានច្រានចោលលទ្ធភាពនៃការបន្តធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែអប្បបរមានៅក្នុងខែនេះទេ។
កម្មកររាប់ម៉ឺននាក់បានធ្វើកូដកម្មដោយចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែធ្នូ ដើម្បីទាមទារសុំដំឡើងទ្វេដងលើប្រាក់ខែអប្បបរមាក្នុងឧស្សាហកម្មកាត់ដេរឲ្យដល់១៦០ដុល្លារ ជាកត្តាបងំ្ខឲ្យរោងចក្រមួយចំនួនក្នុងចំណោមរោងចក្រជាង៥០០នៅទូទាំងប្រទេសត្រូវបិទទ្វារ ហើយរោងចក្រជាច្រើនទៀតត្រូវកាត់បន្ថយផលិតកម្ម។
កូដកម្មនេះបានផ្ទុះអំពើហិង្សា នៅពេលកងរាជអាវុធហត្ថបានបើកការបាញ់ប្រហារតម្រង់ទៅលើក្រុមបាតុករដែលគប់ដបសាំង និងដុំថ្មដាក់សមត្ថកិច្ចនៅខាងក្រៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ប្រាំនាក់បាត់បង់ជីវិត និងជាង៤០នាក់រងរបួស។
លោកស្រី ឆេង ឡាងអនុប្រធានសម្ព័ន្ធសហជីពវាយន ភណ្ ឌឯករាជ្យជាតិកម្ពុជា ជាសហជីពមួយក្នុងចំណោមសហជីពចំនួនប្រាំមួយនៅពីក្រោយកូដកម្មនេះបានមានប្រសាសន៍ថា ប៉ុន្តែ គិតរហូតមកទល់នឹងថ្ងៃច័ន្ទសប្តាហ៍នេះ កម្មករកាត់ដេរប្រមាណ៨០ ភាគរយនៅក្នុងរាជធានីភ្នំពេញ និងជាងពាក់កណ្តាលនៅតាមបណ្តាខេត្តបានត្រឡប់ទៅធ្វើការនៅតាមរោងចក្ររបស់ខ្លួនវិញហើយ។
លោកស្រីមានប្រសាសន៍ថា “កម្មករភាគច្រើនបានវិលត្រឡប់ទៅធ្វើការវិញហើយ”។ លោកស្រីលើកឡើងថា សហជីពទាំងនេះបានជំរុញឲ្យសមាជិករបស់ខ្លួនវិលត្រឡប់ទៅធ្វើការវិញអំឡុងដើមខែនេះ ជាពេលដែលរោងចក្រត្រូវបើកប្រាក់ខែឲ្យកម្មករ ហើយនឹងសម្រេចក្នុងពេលឆាប់ៗនេះថា តើនឹងបន្តកូដកម្មរបស់ខ្លួនដោយវិធី ណា និងនៅពេលណា។
លោកស្រីមានប្រសាសន៍ថា “ ប្រធាន របស់ខ្ញុំមានគម្រោងជួបជាមួយមេដឹកនំាសហជីពផ្សេងៗទៀតដើម្បីពិភាក្សាគ្នាស្វែងរកយុទ្ធសាស្ត្រថ្មីមួយដើម្បីបន្តធ្វើបាតុកម្ម ហើយយើងនឹងធ្វើសន្និសីទកាសែតក្នុងបំណងប្រាប់សាធារណជនថា យើងនឹងមិនលាក់ខ្លួន ឬរត់គេចពីការចាប់ខ្លួនឡើយ” ។ លោកស្រីបានបន្ថែមទៀតថា ពួកគេមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំនោះនៅឡើយទេ។
កាលពីថ្ងៃទី៣០ ខែធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រីបានផ្ញើលិខិតមួយច្បាប់ជូនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារដើម្បីផ្តល់អនុសាសន៍ឲ្យលោកដកអាជ្ញាប័ណ្ណរបស់សហជីពដែលនៅពីក្រោយកូដកម្ម និងឲ្យកាត់ទោសមេដឹកនាំសហជីពទាំងនោះទៅតាមច្បាប់ ប្រសិនបើពួកគេមិនបញ្ឈប់កូដកម្ម។
ចាប់តាំងពីនោះមក សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា ឲ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញអំពើហិង្សាដែលបានផ្ទុះឡើងនៅកន្លែងតវ៉ាមួយចំនួន។
កាលពីម្សិលមិញ លោក រ៉ុង ឈុន បានមានប្រសាសន៍ថា លោកមិនទាន់ដឹងថា តើនៅពេលបន្ទាប់សហជីពនឹងធ្វើអ្វីនោះទេ។ លោកលើកឡើងថា “យើងចង់ឲ្យកម្មកររក្សាភាពស្ងប់ស្ងាត់ ហើយយើងមិនទាន់ដឹងពីផែនការបន្ទាប់របស់យើងនៅឡើយទេ”។
ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា លោកនឹងគោរពតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៤ ខែមករា ហើយបានបដិសេធការអះអាងក្នុងពេលថ្មីៗនេះដោយសហជីពមួយទៀតដែលបានលើកឡើងថា លោកបានសម្ងំលាក់ខ្លួនក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ។ លោកបានមានប្រសាសន៍ថា គេមិនអាចទាក់ទងលោកបានដោយសារតែថ្មទូរស័ព្ទរបស់លោកខូច។
លោក អ៊ូម វិសាល មន្ត្រីផ្នែកច្បាប់នៅសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ ក៏បានអះអាងដែរថា បាតុកម្មនឹងបន្តដើម្បីទាមទារដំឡើងប្រាក់ខែ និងដើម្បីប្រឆាំងការបាញ់សម្លាប់បាតុករកាលពីថ្ងៃសុក្រ។
លោកបានថ្លែងថា “កម្មករបានសន្យាធ្វើមហាបាតុកម្មប្រឆាំងអាជ្ញាធរ ពីព្រោះពួកគេបានប្រើប្រាស់អាវុធសម្លាប់បាតុករដៃទទេ ហើយយើងមិនអាចទទួលយកចរិតឃោរឃៅបែបនេះបានឡើយ។ យើងមិនបញ្ឈប់ការតវ៉ាទេ យើងគ្រាន់តែអនុញ្ញាតឲ្យកម្មករសម្រាកប៉ុណ្ណោះ ដើម្បីរង់ចាំសេចក្តីសម្រេចពីកិច្ចប្រជុំបន្ទាប់របស់យើង”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា កម្មកររោងចក្រកាត់ដេរចន្លោះពី៥០ទៅ៦០ភាគរយបានចូលធ្វើការវិញហើយកាលពីថ្ងៃច័ន្ទ ហើយថា កូដកម្មបានឈានដល់ទីបញ្ចប់ហើយ។ លោកមានប្រសាសន៍បន្តថា “អ្វីដែលយើងបារម្ភរហូតមកទល់ពេលនេះបានចប់ហើយ”។
ពាក់ព័ន្ធចំណុចថា តើកម្មករធ្វើកូដកម្មគួរតែទទួលបានប្រាក់ឈ្នួលសម្រាប់ពេលដែលពួកគេមិនបានបំពេញការងារ ឬយ៉ាងណានោះ លោក កែន លូ បានបញ្ជាក់ថា ជំហររបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលផ្អែកលើច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា គឺនៅតែដដែល។
លោកមានប្រសាសន៍ថា “គោលការណ៍ជាមូលដ្ឋានរបស់យើងគឺច្បាស់លាស់ណាស់។ មិនធ្វើការមិនបានលុយ”។ លោកលើកឡើងថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញសេចក្តីប្រកាសជូនដំណឹងដល់សមាជិករបស់ខ្លួនដើម្បីផ្តល់អនុសាសន៍ដល់ពួកគេពាក់ព័ន្ធច្បាប់នេះ និងកុំឲ្យពួកគេបើកប្រាក់ឈ្នួលឲ្យកូដករសម្រាប់ពេលដែលពួកគេមិនបានបំពេញការងារ។
លោកបានមានប្រសាសន៍ថា សមាគមនេះក៏បានជួបប្រជុំគ្នាដែរកាលពីព្រឹកម្សិលមិញដើម្បីវាយតម្លៃពីទំហំខូចខាតដែលបាតុករបានបង្កឡើងទៅលើរោងចក្រនានា ដើម្បីត្រៀមទាមទារប្រាក់សំណងនៅក្នុងពាក្យបណ្តឹងក្នុងពេលឆាប់ៗរបស់ខ្លួនប្តឹងសហជីពទាំងនេះ។
តំណាងសហជីពបានលើកឡើងថា ពេលនេះមិនទាន់អាចនិយាយបានថា តើរោងចក្រនឹងបើកប្រាក់ឈ្នួលឲ្យកូដករខ្លះ ឬទាំងអស់សម្រាប់ពេលដែលពួកគេមិនបានបំពេញការងារឬយ៉ាងណាទេ។
លោកស្រី ឆេង ឡាង អនុប្រធានសម្ព័ន្ធសហជីពវាយនភណ្ឌឯករាជ្យជាតិកម្ពុជា បានមានប្រសាសន៍ថា លោកស្រីទទួលបានដំណឹងពីសមាជិកម្នាក់មកពីខេត្តព្រៃវែងថា រោងចក្រនៅទីនោះបើកប្រាក់ឈ្នួលឲ្យតែពាក់កណ្តាលប៉ុណ្ណោះ សម្រាប់រយៈពេលបីថ្ងៃដែលពួកគេមិនបានបំពេញការងារ។
លោក ប្រាក់ ចាន់ធឿន អគ្គនាយកនៃអគ្គនាយដ្ឋានដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ បានយល់ស្របនឹងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាថា រោងចក្រមានសិទ្ធិមិនបើកប្រាក់ឈ្នួលឲ្យកូដករសម្រាប់ពេលដែលពួកគេចូលរួមធ្វើកូដកម្ម។
ប៉ុន្តែ លោកបានមានប្រសាសន៍ថា ក្រសួង នឹងផ្តល់អនុសាសន៍ ឲ្យរោងចក្រទាំងនោះបើកប្រាក់ឈ្នួលឲ្យកូដករយ៉ាងហោចណាស់ក៏មួយចំនួនដែរ សម្រាប់ថ្ងៃដែលពួកគេមិនបានបំពេញ ការងារក្នុងបំណងទប់ស្កាត់ភាពចលាចលបន្ថែមទៀត។
ក្រសួងការងារគ្រោងនឹងជួបចរចាជាមួយសហជីពនៅថ្ងៃនេះដើម្បីជំរុញឲ្យពួកគេឈប់ធ្វើកូដកម្មបន្តទៀត ប៉ុន្តែបានពន្យារពេលជំនួបនេះដោយសារតែលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារជាប់រវល់។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានលើកឡើងថា ស្ថានភាពចលាចលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យរោងចក្រខាតបង់ប្រាក់ប្រមាណ២០០លានដុល្លារ ហើយការបញ្ជាទិញពីរោងចក្រទាំងនេះនឹងធ្លាក់ចុះរហូតដល់៣០ភាគរយនៅក្នុងឆ្នាំ២០១៤នេះ៕ សុខុម
(រាយការណ៍បន្ថែមដោយ Zsombor Peter )
អង្គការសិទ្ធិមនុស្សនៅទីក្រុងប៉ារីសថ្កោលទោសចំពោះការបាញ់សម្លាប់អ្នកតវ៉ាពីសំណាក់អាជ្ញាធរ
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយក្នុងក្រុងប៉ារីសកាលពីថ្ងៃច័ន្ទ សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) ព្រមទាំងអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក និងលីកាដូ កាលពីថ្ងៃសុក្របានថ្កោលទោសចំពោះការបាញ់កម្មកររោងចក្រកាត់ដេរដែលបានធ្វើការតវ៉ាពីសំណាក់អាជ្ញាធរ។
លោក ការីម ឡាហ៊ីធី ប្រធាន FIDH បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “ការបាញ់សម្លាប់បាតុករពីសំណាក់អាជ្ញាធររដ្ឋាភិបាលមិនអាចទទួលយកបានឡើយ។ រដ្ឋាភិបាលត្រូវតែប្រើប្រាស់ការចរចា មិនមែនប្រើអាវុធ និងដំបង ដើម្បីដោះស្រាយការទាមទាររបស់កម្មករ និងដើម្បីដោះស្រាយជាមួយអ្នកប្រឆាំងផ្នែកនយោបាយបែបនេះឡើយ”។
កាលពីព្រឹកថ្ងៃសុក្រ កងរាជអាវុធហត្ថបានបាញ់ទៅលើកម្មកររោងចក្រកាត់ដេរមួយក្រុមដែលធ្វើការតវ៉ាទាមទារដំឡើងប្រាក់ខែគោល។ អ្នកតវ៉ាបានបិទផ្លូវមួយក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានគប់ដុំថ្មដាក់កងរាជអាវុធហត្ថដែលបានបាញ់កាំភ្លើងអាកា-៤៧តបវិញដោយប្រើគ្រាប់ពិតធ្វើឲ្យកម្មករប្រាំនាក់ស្លាប់ និងរបួសជាច្រើននាក់ទៀត។ អង្គការអាដហុកបានទាមទារឲ្យមានការស៊ើបអង្កេតពីការបាញ់សម្លាប់នេះ។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នេះថា “រដ្ឋាភិបាលត្រូវធ្វើការស៊ើបអង្កេតឲ្យបានឆាប់ ដោយហ្មត់ចត់ និងដោយឯករាជ្យចំពោះការបាញ់កាលពីថ្ងៃទី៣ ខែមករាកន្លងមកនេះ ហើយត្រូវទទួលខុសត្រូវចំពោះហេតុការណ៍នោះ”។
បើទោះណាមានសាក្សី រូបថត និងរូបភាព វីដេអូអំពីការបាញ់នោះក៏ដោយ ក៏លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជ អាវុធហត្ថបានបដិសេធថា កងកម្លាំងរបស់រដ្ឋាភិបាលមិនទទួលខុសត្រូវចំពោះការស្លាប់ នោះឡើយ ហើយបានលើកឡើងថា ក៏មិនមានការស៊ើបអង្កេតពីហេតុការណ៍នោះដែរ។ ក្រសួងការបរទេសបារាំង សមាជិកសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេសអាមេរិក និងអង្គការសហប្រជាជាតិក៏បានថ្កោលទោសចំពោះការប្រើអំពើហិង្សារបស់អាជ្ញាធរកាលពីពេលថ្មីៗនេះដែរ៕សារុន
សកម្មជនប្រឆាំងការបណ្តេញចេញត្រូវបានចាប់ខ្លួន ពេលប៉ុនប៉ងដាក់ញត្តិជូនស្ថានទូតបារាំង
សកម្មជនការពារសិទ្ធិដីធ្លីចំនួនប្រាំនាក់មកពីអតីតសហគមន៍បឹងកក់ ត្រូវបានកងសន្តិសុខសាលារាជធានីភ្នំពេញចាប់រុញចូលក្នុងរថយន្ត នៅពេលដើរទៅស្ថានទូតបារាំងដើម្បីដាក់ញត្តិកាលពីព្រឹកម្សិលមិញ ហើយពួកគេត្រូវបានដឹកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងត្រូវបានឃុំឃាំងនៅទីនោះអស់រយៈពេលជាង៨ម៉ោងមុនពេលត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់។
ការឃុំឃាំងខ្លួននេះត្រូវបានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបានបោសសម្អាតជំរំរបស់អ្នកតវ៉ាដែលគាំទ្រគណបក្សប្រឆាំងនិងបានប្រកាសថា សេរីភាពនៃការជួបជុំគ្នាត្រូវបានផ្អាកដោយគ្មានពេលកំណត់ ព្រោះគណបក្សសង្គ្រោះជាតិកំពុងញុះញង់ធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម។
សាក្សីលើកឡើងថា នៅម៉ោងប្រហែល៨ព្រឹក ស្ត្រីមួយក្រុមមានគ្នាប្រហែលប្រាំមួយនាក់ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស រួមមានអ្នកស្ត្រី ទេព វន្នី និងអ្នកស្រី យ៉ោម បុប្ផា ដែលជាសកម្មជនដ៏លេចធ្លោផងនោះ ត្រូវបានឡោមព័ទ្ធដោយបុរសស្លៀកពាក់ស៊ីវិលនិងសន្តិសុខខណ្ឌជាង៤០នាក់ដែលភាគច្រើនសុទ្ធតែមានពាក់មួកសុវត្ថិភាព ហើយបន្ទាប់មកពួកគេបានចាប់ខ្លួនសកម្មជនទាំងនោះបញ្ចូលក្នុងរថយន្តមួយគ្រឿងដែលគ្មានស្លាកសញ្ញាច្បាស់លាស់។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា “យើងចាប់ខ្លួនពួកគេ ព្រោះពួកគេគ្រោងហែក្បួននិងដាក់ញត្តិជូនស្ថានទូតបារាំងដោយមិនបានផ្តល់ដំណឹងដល់សាលារាជធានីជាមុន”។ លោកបានបន្តថា “យើងចាត់វិធានការតាមច្បាប់”។ លោកបានពន្យល់ថា ដោយដើរឆ្លងកាត់រាជធានីភ្នំពេញដើម្បីដាក់ញត្តិអំពាវនាវឲ្យប្រទេសបារាំង ផ្អាកជំនួយយោធាមួយចំនួនមកឲ្យកម្ពុជា ស្ត្រីទាំងនេះបាននាំគ្នាហែក្បួនដោយខុសច្បាប់ ព្រោះពួកគេមិនបានផ្តល់ដំណឹងដល់អាជ្ញាធរឲ្យបានត្រឹមត្រូវឡើយ។
អ្នកស្រី គង់ ចន្ថា អាយុ៤៥ឆ្នាំដែលបានហែក្បួនជាមួយសកម្មជន ប៉ុន្តែបានគេចរួចផុតពីការចាប់ខ្លួនបាននិយាយថា អ្នកស្រីបានឃើញលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ស្រែកបញ្ជាឲ្យក្រុមបុរសទាំងនោះចាប់ខ្លួនស្ត្រីអ្នកតវ៉ា។
លោក ម៉ក់ ជីតូ ស្នងការស្តីទរាជធានីភ្នំពេញបានបញ្ជាក់ថា សន្តិសុខខណ្ឌដូនពេញ គឺជាអ្នកចាប់ខ្លួនស្ត្រីទាំងនោះមិនមែនមន្ត្រីនគរបាលឡើ់យ។
បន្ទាប់ពីត្រូវបានចាប់ខ្លួន ក្រុមស្ត្រីដែលរួមមានអ្នកស្រី សុង ស្រីលាភ ផាន ឈុនរ៉េត និងអ្នកស្រី បូ ឆវី ផងដែរនោះត្រូវបានដោះលែងមកវិញនៅម៉ោងប្រហែល៤និង៣០នាទីរសៀល។
អ្នកស្រី វន្នី បាននិយាយថា “នគរបាលបានសួរខ្ញុំថា តើហេតុអ្វីបានជាខ្ញុំចូលរួមនៅក្នុងការតវ៉ា។ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំមិនមែនធ្វើការតវ៉ាទេ ខ្ញុំគ្រាន់តែព្យាយាមយកញត្តិដាក់ជូនស្ថានទូតបារាំងដើម្បីស្នើឲ្យមានការដោះលែងមនុស្សចំនួន១០នាក់រួមមានលោក វ៉ន ពៅ ផងដែរប៉ុណ្ណោះ”។
បន្ទាប់ពីការប្រឈរមុខដាក់គ្នារវាងកម្មករ កាត់ដេរនិងអង្គភាពទ័ពឆត្រយោងលេខ៩១១ នៅខាងក្រៅរោងចក្រយ៉ាកជីន ក្នុងខណ្ឌ ពោធិ៍សែនជ័យរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទាហានបានវាយដំនិងចាប់ខ្លួនបាតុករចំនួន១០នាក់ ហើយកន្លែងដែលឃុំខ្លួនពួកគេឥឡូវនេះមិនទាន់ដឹងនៅឡើយទេ។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនគឺលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករត់រ៉ឺម៉កម៉ូតូកង់បីមួយចំនួនផ្សេងទៀត។
អ្នកស្រី វន្នី បានឲ្យដឹងថា អ្នកស្រីមានបំណងដាក់ញត្តិជូនស្ថានទូតបារាំង ដើម្បីអំពាវនាវឲ្យមានការដោះលែងមនុស្សចំនួន១០នាក់ ព្រោះអ្នកស្រីជឿជាក់ថា ប្រទេសបារាំងគឺអ្នកផ្តល់មូលនិធិមកឲ្យអង្គភាពទ័ពឆត្រយោងលេខ៩១១។ តែទោះជាយ៉ាងណា លោក នីកូឡាស បូឌង់ (Nicolas Baudouin) លេខាទី១នៅស្ថានទូតបារាំងបានមានប្រសាសន៍ថា “យើងមិនបានផ្តល់មូលនិធិទៅឲ្យអង្គភាពទ័ពឆត្រយោងលេខ៩១១ឡើយ”។
អ្នកស្រី វន្នី បានឲ្យដឹងថា ទោះបីជាសកម្មជនមកពីសហគមន៍បឹងកក់នឹងបញ្ចប់ការធ្វើបាតុកម្មរបស់ខ្លួនជាបណ្តោះអាសន្នក៏ដោយ ក៏ពួកគេនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃណាមួយជាក់ជាពុំខាន។ ការតវ៉ារបស់អ្នកភូមិមកពីសហគមន៍បឹងកក់បានចាប់ផ្តើមកើតឡើងនៅពេលអាជ្ញាធររាជធានីភ្នំពេញប៉ុនប៉ងបណ្តេញពួកគេចេញពីផ្ទះសំបែងរបស់ខ្លួនកាលពីឆ្នាំ២០០៩។
អ្នកស្រី វន្នី បាននិយាយថា “យើងនឹងបន្តការតវ៉ាឡើងវិញនៅថ្ងៃណាមួយ ដើម្បីទាមទារយុត្តិធម៌និងការគោរពសិទ្ធិមនុស្ស។ ខ្ញុំគិតថា ការចាប់ខ្លួនលើកនេះគឺជាមធ្យោបាយដើម្បីបំបាក់ស្មារតីពលរដ្ឋ ព្រោះពួកគេ ចង់បំបិទសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ”។ ទាំងសាលារាជធានីនិងក្រសួងមហាផ្ទៃសុទ្ធតែបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ដោយប្រកាសថា សេរីភាពនៃការជួបជុំ សិទ្ធិរដ្ឋធម្មនុញ្ញនឹងត្រូវផ្អាករហូតដល់មានសេចក្តីជូនដំណឹងបន្ថែម៕ឈាង
Latest news
© 2021, ដេលី. All rights reserved.

