37 C
Phnom Penh

ស្នើ​ឲ្យ​ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​​​ស៊ើ​ប​អង្កេត​​លើ​ការ​ចាប់ខ្លួន​ព្រះ​សង្ឃខ្មែរក្រោម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ សុរិយា ស៊ូបេឌី ប្រេសិត​សិទ្ធិ​មនុស្ស​​​​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​បាន​ចាប់​ផ្ដើម​​បំពេញ​បេសកកម្ម​ស្វែង​រក​ការពិត​លើក​ទី​១០ ​របស់​លោកមក​កាន់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​នោះ​ ត្រូវ​បាន​ស្នើ​សុំឲ្យ​ស៊ើប​អង្កេត​បញ្ហា​​របស់​​ជន​ជាតិ​ភាគតិច​ខ្មែរ​ក្រោម​​បន្ទាប់ពី​​ព្រះ​​​សង្ឃ​ប្រាំ​អង្គ​​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​​ចូល​រួម​ក្នុង​ការ​តវ៉ា​ជាមួយ​កម្មករ​រោង​​​ចក្រ​កាត់​ដេរ​កាលពី​ដើម​ខែ​នេះ​។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើជូន​លោក​ ស៊ូបេ​ឌី កាលពី​ថ្ងៃ​សុក្រ អង្គការ​សិទ្ធិ​មនុស្ស​​ជនជាតិ​ភាគតិច​បាន​លើក​ឡើង​ថា អង្គការ​នេះ “មិនសប្បាយចិត្ត​” ចំពោះ​ការ​បង្ក្រាប​ដោយ​​​ហិង្សា​ទៅ​លើ​ការ​តវ៉ា​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ​ ដែល​អំឡុង​​ពេល​​​​​នោះ​នគរបាល​បាន​បាញ់​សម្លាប់​មនុស្ស​ប្រាំ​នាក់​​​​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ធ្វើ​របាយ​​​​​​​ការណ៍​ពិសេស​រូប​នេះ​ “ស៊ើប​អង្កេត​អំពី​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម” ​​អំឡុង​ដំណើរ​​​​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ អាង ចាន់​រិទ្ធ ប្រធាន​អង្គកា​រ​សិទ្ធិ​មនុស្ស​ជន​ជាតិ​ភាគ​តិច​មាន​ខ្លឹម​សារ​ “ក្នុង​នាម​ជា​អង្គការ​សិទ្ធិមនុស្ស​ ដែល​ផ្ដោត​ទៅ​លើ​សិទ្ធិ​ជន​ជាតិ​ភាគ​តិច​នោះ​ អង្គការ​សិទ្ធិ​មនុស្ស​ជន​ជាតិ​ភាគ​តិច​មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​​ការ​ដែល​កង​​កម្លាំង​​សន្ដិសុខ​​ផ្ដោត​គោល​ដៅ​លើ​​​​​​ជនជាតិ​ភាគ​តិច​អំឡុង​ពេល​​ធ្វើ​បាតុកម្ម​”។

លោក​ ចាន់​រិទ្ធ​ ​មានប្រសាសន៍​ថា ព្រះ​សង្ឃ​ប្រាំអង្គ​ “ត្រូវ​បាន​បញ្ជាក់​​ថា” ជា​​ខ្មែរ​ក្រោម​ ជាពាក្យ​ដែល​គេ​ប្រើ​សំដៅ​ដល់​ជន​ជាតិ​ខ្មែរ​ភាគ​តិច​មក​ពី​​ប្រទេស​វៀត​ណាម​​​​ភាគ​ខាង​ត្បូង​។ អង្គ​ការ​សិទ្ធិមនុស្ស​ជនជាតិ​ភាគ​តិច​បាន​លើកឡើង​​ថា កាលពី​ថ្ងៃ​ទី​២ ខែ​មករា ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ប្រាំ​អង្គ​មក​ពី​វត្ត​សាមគ្គី​រង្សី ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ព្រះ​សង្ឃ​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​ជាមួយ​កម្ម​ករ​រោងចក្រកាត់​ដេរ​ ហើយ​ “ត្រូវ​​បាន​វាយ​នឹង​ដំបង​​ចំ​ព្រះ​កេ​ស​ ខ្នងនិង​​ពោះ​​”។

កង​រាជអាវុធ​ហត្ថ​ក៏​បាន​បង្ខំ​ព្រះ​សង្ឃ​ទាំង​នោះ​ឲ្យ​ថត​រូប​កាន់​ថ្នាំ​ញៀន និង​ស្រោម​អនាម័យ​ បន្ទាប់​ពី​ព្រះសង្ឃ​ទាំង​នោះ​​មិន​ព្រម​​​​សឹក​ ហើយ​បន្ទាប់មកពួកគេ​​បាន​ឲ្យ​ព្រះ​អង្គផ្ដិត​មេ​ដៃ​​ដោយ​សន្យាថា នឹង​មិន​ចូល​រួម​ក្នុង​ការ​តវ៉ាទៀត​។

លោក​ ចាន់រិទ្ធ​ បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​របស់​លោក​ថា “ព្រះ​សង្ឃ​ទាំង​ប្រាំ​អង្គ​នេះ​ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថ​ស្គាល់​​យ៉ាង​ច្បាស់​ថា ជា​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ ហើយ​ត្រូវ​បាន​យក​ជាគោល​ដៅ​​សម្រាប់​ការ​ឃាត់​ខ្លួន​តែ​ម្តង​។ ​មិន​មាន​ព្រះ​សង្ឃ​ផ្សេង​ទៀត​ដែល​មាន​វត្ត​មាន​នៅ​​កន្លែង​​តវ៉ា​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​ឡើយ​”។

លោក​ ខេង​ ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​បាន​មាន​ប្រសាសន៍​ថា  លោក​មិន​ដឹង​រឿង​​​​នេះ​ទេ​ ប៉ុន្តែ​បាន​បន្ថែម​ថា “កម្លាំង​សន្ដិ​​​សុខ​មិន​មាន​សិទ្ធិផ្សឹក​ព្រះសង្ឃ​ទេ​ ប្រសិន​បើ​ព្រះ​សង្ឃ​ទាំង​នោះ​ជា​ព្រះ​សង្ឃ​ពិត​ប្រាកដ​មែន​​នោះ​”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស