26 C
Phnom Penh

លោក ស៊ូបេឌី ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​​ប្រហារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ជំនួប​ជាមួយ​លោកនាយករដ្ឋ​មន្ត្រី​​ ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុ​ង​ជួរ​រដ្ឋាភិ​បាល​ចំនួន​១០រូប​ នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ លោក សូរិ​យា ស៊ូបេឌី (Surya Su-​bedi) ប្រេសិត​ពិសេសអង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ បាន​អំពាវ​នាវ​ឲ្យ​​ឧក្រិដ្ឋជន​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​កាល​ពី​ពេល​ថ្មី​ៗនេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​។

លោក ស៊ូបេឌី បាន​ចំណាយ​ពេល​បី​ម៉ោង​​កន្លះ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន លោក ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ លោក អ៊ិត​ សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ លោក ព្រំ​ សុខា រដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ លោក ឱម យ៉ិនទៀង ប្រធាន​គណៈ​កម្មា​ធិ​​ការ​សិទ្ធិមនុស្ស​កម្ពុជា​ លោក អង្គ វង្សវឌ្ឍនា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក ប៉ា សុជាតិវង្ស​អភិបាល​រាជធានី​ភ្នំពេញ។

ក្តី​កង្វល់​ដែល​លោក ស៊ូបេឌី បាន​លើក​ឡើង​អំឡុង “ជំនួប​ពិភាក្សា​ឥត​លាក់​លៀម និង​ប្រកប​ដោយ​ភាព​រាក់​ទាក់​” ក៏​បូក​រួម​ទាំង​ការ​ប្រើ​ប្រាស់​អាវុធ​ដោយ​អាជ្ញាធរ​ ក្នុង​ការ​បង្ក្រាប​សកម្មភាព​តវ៉ា​ ដែល​មាន​ការ​បាញ់​ប្រហារ​ប្រាំ​ពីរ​លើក​យ៉ាង​សាហាវអំឡុង​សកម្មភាព​តវ៉ា​នេះ បើគិត​តំាង​ពី​ខែ​កញ្ញាមក ក៏​ប៉ុន្តែ មិន​មាន​ការ​ចាប់​ខ្លួន​ទេ​។ លើស​ពី​នេះ​ទៀត​លោកក៏​បាន​លើក​ឡើង​អំពី​ក្តី​កង្វល់​ផ្សេង​ៗទៀត​ផង​ដែរដូចជា​ ការ​ព្យួរ​សិទ្ធិ​​មាន​សេរី​ភាព​ជួប​ជុំ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​ការ​ចាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ មេដឹក​នាំ​សហ​ជីព​ និង​សកម្មជន​សរុប​​២៣នាក់​ដាក់​ពន្ធនាគារ​ ដើម្បី​​រង់ចាំ​ការ​ផ្តន្ទាទោស​។

អំឡុង​កិច្ច​សម្ភាស​ក្រោយ​កិច្ច​ប្រជុំ​កាលពី​រសៀល​ម្សិលមិញ​ លោក ស៊ូបេឌី បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត​ ពិចារណា​អំពី​ទិដ្ឋភាព​បី​នៃ​ច្បាប់​​ជាតិ​​ និង​អន្តរជាតិ​ ក្នុង​នោះ​រួម​មាន​ភាព​ចាំ​បាច់​នៃការ​ប្រើ​ប្រាស់​អាវុធ​ក្នុង​​សកម្មភាព​តវ៉ា​កាលពី​ពេល​ថ្មី​ៗនេះ​ ថា តើ​ចំណាត់​ការ​តប​របស់​ពួកគេ​សម​ស្រប​ទៅ​នឹង​ការ​គំរាម​កំហែង​ដែរ​ឬ​យ៉ាង​ណា និង​ថា តើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ស្រប​នឹង​ច្បាប់​ដែរ​ឬយ៉ាង​ណា។

លោក ស៊ូបេឌី បាន​មាន​ប្រសាសន៍​ថា “[លោក ហ៊ុន សែន] បាន​ឆ្លើយ​តប​ថា រដ្ឋាភិ​បាល​ត្រូវគោរព​​ច្បាប់​ និង​បទ​បញ្ជា​ ដើម្បី​ការ​ពារ​ជីវិត​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ជន​”។ លោកបានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ក៏​ប៉ុន្តែ ពួកគាត់​​ទំនង​ជា​បង្កើត​គណៈកម្មា​ធិ​ការ​មួយ ដើម្បី​ស៊ើប​អង្កេត​ករណី​បាញ់​ប្រហារ​នេះ ហើយ​ខ្ញុំ​បាន​ស្នើ​ឲ្យ​ពួកគាត់​អនុវត្ត​ប្រតិ​បត្តិការ​ស៊ើប​អង្កេត​ឲ្យ​បានកាន់​តែ​​ស៊ី​ជម្រៅ​​ដើម្បី​ឲ្យ​យើង​ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់​។ ហើយ​ខ្ញុំ​ក៏​បាន​ស្នើ​ឲ្យ​មានការ​ចាប់​ខ្លួន​ឧក្រិដ្ឋ​ជន​ ដែល​ទទួល​ខុស​ត្រូវ​ចំពោះការ​ចេញ​បញ្ជា​​ និង​អនុវត្ត​​បញ្ជា​ មក​ផ្តន្ទាទោស​”។

លោក ស៊ូបេឌី បាន​លើក​ឡើងបន្ត​ទៀត​ថា លោកយល់​ឃើញ​ថា សកម្មភាព​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ ដែល​កើត​ឡើង​ពាស​ពេញ​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ចុង​ឆ្នាំ​២០១៣ “មាន​លក្ខណៈ​ជំរុញ​ទឹក​ចិត្ត​ខ្លាំង​ជាង​មុន​” ពីព្រោះ​ “ ក្រុម​អ្នក​តវ៉ា​ខ្លួន​ឯង​ធ្វើ​សកម្មភាពដោយ​មាន​វិន័យ​ រាជរដ្ឋាភិបាល​មិន​បាន​ជ្រៀត​ជ្រែកទេ កម្រិត​​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​​ កើន​ឡើង​​ខ្ពស់​ជាង​មុន​ ប្រជាជន​កំពុង​អនុវត្ត​សេរី​ភាព​​ក្នុង​ការ​ជួប​ជុំ​”។

ក៏​ប៉ុន្តែ ​សកម្មភាព​ទាំង​នេះ​បាន​ផ្លាស់​ប្តូរ​វិញ​ នៅ​ពេល​កម្លាំង​កង​រាជអាវុធ​ហត្ថ​បាញ់​កាំ​ភ្លើង​ទៅ​លើ​កម្មករ​រោង​ចក្រ​កាត់​ដេរ​​ដែល​ធ្វើ​កូដកម្ម​នៅផ្លូវ​វេង​ស្រេង​ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ​ ជា​ហេតុ​បណ្តាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​​បាត់​បង់​ជីវិត​ និង​ជាង​៤០នាក់​ផ្សេង​ទៀត​រង​របួស​។ លោក ស៊ូបេឌី បាន​មាន​ប្រសាសន៍​ថា “រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សោក​សៅ​ខ្លាំង​ណាស់​”។

កាលពី​ខែ​កញ្ញាឆ្នាំ​មុន​ លោក ស៊ូបេឌី បាន​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ (Human Rights Council) នៅ​ទីក្រុង​ហ្សឺណែវ​ថា ប្រទេស​កម្ពុជា​កាលពី​ពេល​នោះ​ស្ថិត​នៅ​ផ្លូវ​បំបែក​ ហើយ​អាជ្ញាធរ​ត្រូវ​ជ្រើស​រើស​ថា តើ​គួរ​បន្ត​ការ​ប្រើ​ “យុទ្ធសាស្ត្រ​ចាស់​”​ ​ ក្នុង​ការ​បង្ក្រាប​បាតុករ​ ឬ​ក៏​អនុវត្ត​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​បន្ថែម​ទៀត​។

លោក​បាន​លើក​ឡើង​បន្ត​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ផ្លូវ​បំបែក​​សំខាន់​ជាង​មុន​ទៀត​ ហើយ​​ការ​កែ​ទម្រង់​មាន​ភាព​បន្ទាន់​ខ្លាំង​ជាង​ពេល​កន្លង​មក​ ដោយ​សារ​តែ​មាន​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​ក្រោយ​ពេល​បោះឆ្នោត​។ លោក​បាន​មាន​ប្រសាសន៍​ថា “ដរាប​ណា​គ្មាន​ការអនុវត្ត​កម្មវិធី​កំណែ​ទម្រង់​​ឲ្យ​បាន​ច្បាស់​លាស់​ទេ​ ប្រទេស​នេះ​នឹង​មិន​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើយ”។

កាលពី​ម្សិលមិញ​ លោក​ក៏​បានជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ ជាមួយ​មេដឹក​នាំ​សហជីព​ ដែល​បាន​និយាយ​ជាមួយ​លោក​អំពី​ក្តី​កង្វល់​របស់​ពួកគេ​ អំពី​ការ​គំរាម​កំហែង​​សកម្ម​ជន​នានា​ផង​ដែរ។

លោក អាត ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ស្នើ​ឲ្យ​លោក ស៊ូបេឌី ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​អ្នក​ដែល​បាន​បាញ់​កម្មករ​”។

សំណើ​របស់​លោក ស៊ូបេឌី ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ជាប់​ពន្ធនាគារ​ទាំង​២៣​នាក់ឲ្យ​នៅ​ក្រៅ​ឃុំ​ ត្រូវ​បាន​បដិសេធ​កាល​ពី​ម្សិលមិញ ដោ​យ​សារ​តែ​លោក ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​មិន​មាន​សិទ្ធិ​ជ្រៀត​ជ្រែក​ក្នុង​ប្រព័ន្ធ​តុលាការ​ទេ​។ គួរ​បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់​សកម្មជន​មួយ​ចំនួននៅ​​​ក្នុង​ចំណោម​សកម្ម​ជន​ទាំង​នេះ បាន​ជួប​និយាយ​ជាមួយ​លោក ស៊ូបេឌី។

ទោះ​យ៉ាង​ណា​ ប្រេសិត​ពិសេស​អង្គការ​​​សហប្រជាជាតិ​រូប​នេះ​ បាន​លើក​ឡើង​ថាលោក ហ៊ុន សែន “មាន​ឥរិយាបថ​ទទួល​យក​យោបល់​អ្នក​ដទៃ​ច្រើន​ជាង​មុន​ នាពេល​នេះ​” ​ហើយ​ “ក៏​បាន​ខិត​ខំពន្យល់​អំពី​តំណែង​របស់​លោក​ និង​ចម្លើយ​តប​របស់​លោក​ទៅនឹង​ក្តី​កង្វល់​របស់​ខ្ញុំ​”។

លោក ស៊ូបេឌី បាន​លើក​ឡើង​បន្ត​ទៀត​ថា លោក​មាន​កម្លាំង​ចិត្ត​ដោយ​សារ​តែ​លោក ហ៊ុន សែន ផ្តល់​ការ​ធានា​ថា នឹង​មាន​កម្មវិធី​កំណែ​ទម្រង់​ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​រង់​ចាំ​ជាយូរ​មក​ហើយ និង​មាន​ការ​សន្យា​ជា​យូរ​មក​ហើយ​។​ លោក ស៊ូបេឌី បាន​មាន​ប្រសា​សន៍​​​ថា “ការងារ​របស់​ខ្ញុំ​កំពុង​តែ​មាន​ឥទ្ធិពល​ពិត​ហើយ​ឥឡូវ​នេះ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ឧទាហរណ៍​ ថ្ងៃ​នេះ​លោក​នាយករដ្ឋ​មន្ត្រី​បាន​ធានា​ចំពោះ​ខ្ញុំ​ថា ពួកគេ​នឹង​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​ ហើយ​មូលដ្ឋាន​នៃ​កម្មវិធី​កំណែ​ទម្រង់​នេះ​នឹង​ជា​អនុសាសន៍​របស់​ខ្ញុំ​ នៅ​ក្នុង​របាយ​ការណ៍​ដែល​ខ្ញុំ​បា​ន​និពន្ធ​។ លោកនាយករដ្ឋ​មន្ត្រី​ក៏​បាន​​​បង្ហាញ​ភាព​ច្បាស់​លាស់​ជាង​មុន​ផង​ដែរ​ ក្នុង​ការ​អះ​អាង​ចំពោះ​ខ្ញុំ​ថា កម្មវិធី​កែទម្រង់​ប្រព័ន្ធ​តុលាការ​ដែល​ជា​ស្ថាប័ន​អនុ​វត្ត​ច្បាប់​ស្នូល​បី​នោះ​ ក៏​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​ផ្អែក​លើ​អនុសាសន៍​របស់​ខ្ញុំ​ផង​ដែរ”។

លោក ស៊ូបេឌី បាន​លើក​សំណូម​ពរ​នៅ​ក្នុង​របាយការណ៍​មុនៗ​ ដែល​លោក​បាន​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជា​ជាតិ​ ដែល​បង្ហាញ​​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​​​កម្ពុជា​ថា កម្មវិធី​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ប្រព័ន្ធ​ចុះ​ឈ្មោះរបស់​អ្នក​បោះ​​​ឆ្នោត​ និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​មាន​​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើន​កម្រិត​ទំនុក​ចិត្ត​របស់​អ្នក​បោះ​ឆ្នោត​។ លើស​ពី​នេះ​ទៅ​ទៀត​លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​អនុម័​ត​ច្បាប់​ស្តី​ពី​ការ​ជ្រើស​រើស​ចៅក្រម​​ អង្គការ​ចាត់​តាំង​ក្នុង​ប្រព័ន្ធ​តុលាការ​ និង​កម្មវិធី​កែទម្រង់​ឧត្តម​​ក្រុម​ប្រឹក្សា​អង្គចៅក្រម​ផង​ដែរ។

លោក ស៊ូបេឌី ​​បាន​ប្រាប់​លោក ហ៊ុន សែន​ ផង​ដែរ​ថា លោក​ជឿ​ជាក់​ថា ប្រទេស​កម្ពុជា​អាច​លៃលក​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​របស់​កម្មករ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​ឡើង​ដល់​១៦០ដុល្លារ​ក្នុង​មួយ​ខែ​ ​​ជា​រឿង​មួយ​ដែល​លោក ហ៊ុន សែន បាន​ច្រាន​ចោល​ជាសាធារណៈ​កាលពី​ថ្ងៃ​អង្គារ​។
ខណៈ​ដែល​លោក ស៊ូបេឌី បាន​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន មុន​មាន​ការ​សេចក្តី​បញ្ជាក់​​កាលពីមុន​ថា ទស្សនរបស់​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​រូប​នេះ​មិន​ត្រូវ​បា​ន​ស្វា​គមន៍​ខ្លាំង​ទេ​។ កាលពី​ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​សំដៅ​ទៅ​លើ​របាយការណ៍​មួ​យ​ក្នុង​ចំណោម​របស់លោក​​ ស៊ូបេឌី ថា “ មិន​គួរ​ឲ្យ​ជឿ​ទេ”។

កាលពី​ឆ្នាំ​មុន អំឡុង​បេសកកម្ម​លើក​ទី​៩​របស់​លោក​ និស្សិត​មួយ​ក្រុម​តូច​ដឹក​នាំ​ដោយ​សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​រំខាន​ក្នុង​កិច្ច​ពិភា​ក្សា​​របស់​លោក​ជាមួយ​និស្សិត​​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានីភ្នំពេញ ហើយ​និស្សិត​ទាំង​នោះ​បាន​លើក​ស្លាក​សញ្ញា​ដែល​មាន​ខ្លឹម​សារ​អំពាវ​នាវ​ឲ្យ​លោក​បញ្ចប់​ការងារ​របស់ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​លោក​នៅ​ប្រទេស​កម្ពុជា​។

សរុប​មក​ កាលពី​ម្សិលមិញ ទំនាក់​ទំនង​ដែល​ធ្លាប់​តែ​មាន​បញ្ហា​រវាង​រដ្ឋាភិបាល​ និង​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ ហាក់​ដូចជារលាយ​បាត់​ហើយ​  ហើយ​វា​ជា​ទំនាក់​ទំនង​ដែល​មិន​ទទួល​បាន​ការ​កោត​សរសើរ​​ពី​សំណាក់​​ប្រេសិត​ពិសេស​មុន​ៗ​ ពោល​គឺ​លោក​ យ៉ាស់ ហ្គាយ (Yash Ghai) និង​លោក ភីធើ ឡឺប្រិច (Peter Leuprecht) ដែល​បាន​លាលែង​ពី​តំណែង​ បន្ទាប់​ពី​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ផ្ទាល់​ម្តង​ហើយ​ម្តង​ទៀត​ ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​សមាជិក​ផ្សេង​ៗទៀត​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ស៊ូបេឌី បាន​មាន​ប្រសាសន៍បន្ថែម​កាលពីម្សិលមិញ​ថា “ទំនាក់​ទំនង​របស់​ខ្ញុំ​មាន​វឌ្ឍនភាព​​ច្រើន​ជាង​មុន”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា​“ដោយ​​សារ​តែ​​ខ្ញុំ​មាន​ទំនាក់​ទំនង​ការងារ​ជាមួយ​រដ្ឋា​ភិបាល​ ខ្ញុំ​ត្រូវ​ទំនាក់​ទំនង​ពួកគេ​ឲ្យចូ​លរួម​ក្នុង​កិច្ច​ពិភាក្សា​អំពី​គោល​នយោបាយ​…។ ក្រោយ​​ទទួល​លទ្ធផល​ជាក់​ស្តែង​ ខ្ញុំ​គិត​ថា ការងារ​របស់​ខ្ញុំ​កំពុង​តែ​ទទួល​បាន​ផ្លែ​ផ្កា​ហើយ​”។

លោកក៏​បាន​ឲ្យ​ដឹង​ទៀត​ថា លោក ហ៊ុន សែន​ បាន​ធានា​ថា នឹង​មាន​ការ​បង្កើត​ “ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ឯករាជ្យ​ពិត​ប្រាកដ​​មួយ​” ដែល​នេះជា​ចំណុច​សំខាន់​នៃ​បេសកកម្ម​លើក​ទី​១០​បច្ចុប្បន្ន​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយជំនួប​រវាង​លោក ស៊ូបេឌី និង​លោក ហ៊ុន សែន​លោក ឱម យ៉ិន​ទៀង ដែល​ទទួល​បន្ទុក​លើ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “រដ្ឋាភិ​បាល​ នឹងសហកា​រជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​តាក់​តែង​សេចក្តី​ព្រៀង​ច្បាប់​”​ ស្តី​អំពី​ការ​បង្កើត​ស្ថាប័ន​​ត្រួត​ពិនិត្យ​សិទ្ធិមនុស្ស​ឯករាជ្យ​នេះ​។

លោក ឱម យ៉ិន​ទៀង បាន​មាន​ប្រសាសន៍​​ថា “សម្តេច​ ហ៊ុន សែន បាន​ប្រាប់​លោក​អំពី​លទ្ធផល​នៃ​កម្មវិធី​កំណែ​ទម្រង់​នាពេល​បច្ចុប្បន្ន​។ កម្មវិធី​កំណែ​ទម្រង់​ទាក់​ទិន​ទៅ​នឹង​តុលាការ​​ ជាពិសេស​នៅ​ក្នុង​រយៈពេល​ដើមឆ្នាំ​នេះ​”។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា សេច​ក្តី​​ព្រៀង​ច្បាប់​បី​ក្នុង​ប្រព័ន្ធ​តុលាការ​ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិភាក្សា​​ មុន​ពេ​ល​បញ្ជូន​ទៅ​រដ្ឋ​សភា​ ដែល​បច្ចុប្បន្ន​មាន​តែ​សមាជិក​៦៨រូប​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ ពីព្រោះ​តំណាង​រាស្ត្រ​៥៥រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ពហិការ​ដោយ​សារ​តែ​លទ្ធផល​នៃការ​បោះ​ឆ្នោត​ដែល​មាន​ជម្លោះ​។

ថ្លែង​ទាក់​ទង​ទៅ​នឹង​ភាព​ជាក់​គាំង​ផ្នែក​នយោបាយ​​ដែល​កំពុង​បន្ត​កើត​ឡើង​ លោក ឱម យ៉ិន​ទៀង បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន “បាន​បើក​ទ្វារ​ទទួល​ការ​ចរចា​ ហើយ​យើង​កំពុង​ខិតខំ​ធ្វើ​ឲ្យ​ស្ថានការ​ណ៍​មាន​ស្ថិរភាព​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “​សម្តេច​បាន​ស្នើ​ឲ្យ​លោក សូរិយា ស៊ូបេឌី ប្រាប់​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ចូល​រដ្ឋសភា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា​”។ ថ្ងៃ​នេះ ​លោក ស៊ូបេឌី នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈមួយ​ទាក់​ទង​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស