29 C
Phnom Penh

ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសអាមេរិកដែលបានទណ្ឌកម្មលើមនុស្សជំនិតរបស់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសអាមេរិកដែលបានទណ្ឌកម្មលើមនុស្សជំនិតរបស់លោក ហ៊ុន សែន ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃពុធបានសម្តែងការសោកស្តាយ និងថ្កោល ទោសដាច់អហង្កាលើសហរដ្ឋអាមេរិកដែលបានប្រើទណ្ឌកម្មរបស់ខ្លួនមកលើលោកហ៊ីង ប៊ុនហៀង មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជា តាមរយៈការបង្កកទ្រព្យសម្បតិ្ត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិឲ្យដឹងថា ការដាក់ទណ្ឌកម្មនេះ គឺជាការរំលោភយ៉ាងអយុត្តិធម៌ជាទីបំផុតលើច្បាប់កម្ពុជាដែលជារដ្ឋអធិបតេយ្យមួយហើយដែលធ្វើឡើងដោយគ្មានភស្តុតាងអ្វីទាំងអស់។

ក្រសួងការពារជាតិកម្ពុជាបានចាត់ទុកវិធានការចុងក្រោយរបស់សហរដ្ឋអាមេរិកថា ជាភាពល្ងង់ខ្លៅ និងធ្វើឡើងតាមតែទំនើងចិត្តដែលមិនអាចទទួលយកបាននោះឡើយ។

ក្រសួងការពារជាតិកម្ពុជាក៏បានអំពាវនាវឲ្យក្រសួងរតនាគារជាតិរបស់សហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការដាក់ ទណ្ឌកម្មណាមួយមកលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជាដោយគ្មានមូលដ្ឋានច្បាស់លាស់។

លោកហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកហ៊ុន សែន ដែលទើបទទួលរងទណ្ឌកម្មធ្ងន់ធ្ងររបស់អាមេរិករូបនេះ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅពេលនេះជាវិធានការមួយដ៏គួរអោយអស់សំណើច ដោយសារលោកមិនមែនជាមនុស្សដែលមានទ្រព្យសម្បត្តិដាក់តម្កល់នៅសហរដ្ឋអាមេរិកនោះឡើយ។

លោកបន្តថា លោកជាមនុស្សស្អាតស្អំ ជាមនុស្សដែលគោរពច្បាប់ម៉ឺងម៉ាត់ និងអនុវត្តតែតាមការបញ្ជារបស់លោកហ៊ុន សែន និងបញ្ជារបស់លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលនិយាយថា វិធានការរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជានៅពេលនេះគ្រាន់តែចំណុចចាប់ផ្តើមប៉ុណ្ណោះ ហើយប្រសិនបើលោកហ៊ុន សែន មិនព្រមធ្វើឲ្យវិបត្តិស្ថានការណ៍នយោបាយវិលមករកភាពប្រក្រតីវិញទេ នោះសហរដ្ឋអាមេរិកនឹងបន្តការដាក់សម្ពាធ ឬទណ្ឌកម្មធ្ងន់ៗបន្ថែមទៀតជាក់ជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស