អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រកាសថាកម្ពុជា មានយន្តការមួយចំនួន ដើម្បីឱ្យកាសែតបរទេស ឌឹ អេស៊ា ថែមស៍ (The Asia Times) ទទួលខុសត្រូវចំពោះអត្ថបទរបស់ខ្លួនដែលចុះផ្សាយចោទកម្ពុជាថាបើកដៃឲ្យរដ្ឋាភិបាលចិនបោះមូលដ្ឋានទ័ពជើងទឹកក្នុងខេត្តកោះកុងរបស់ខ្មែរ។
លោកបន្តថារដ្ឋាភិបាលអាចតម្រូវឱ្យកាសែតមួយនេះសុំទោសជាសាធារណៈ និងចុះផ្សាយសេចក្ដីកែតម្រូវឡើងវិញ ឬប្រើយន្តការផ្លូវច្បាប់លើស្ថាប័ននេះតាមមធ្យោបាយការទូត ។
កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ កាសែត ឌឹ អេស៊ា ថាមស៍ បានចុះផ្សាយថា កម្ពុជាអាចក្លាយជាចំណុចកណ្តាលនៃសង្គ្រាមត្រជាក់ថ្មី ដោយសារកម្ពុជាកំពុងផ្តល់លទ្ធភាពឲ្យប្រទេសចិនបោះទីតាំងមូលដ្ឋានទ័ពជើងទឹករបស់ចិនក្នុងខេត្តកោះកុង តាមរយៈដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិន UDG ដែលមានទំហំជាង ៤ម៉ឺនហិកតា រយៈពេល ៩៩ឆ្នាំ ដើម្បីសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចឲ្យនាវាចម្បាំងរបស់ចិនចូលចតបាន។
កាសែតដដែលបានចុះផ្សាយថា លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានលោក ហ៊ុន សែន ថាប្រសិនបើពិតដូចការចុះផ្សាយរបស់ព័ត៌មាននេះមែន វានឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយលោក ហ៊ុន សែន បានបដិសេធយ៉ាងលឿនថាកម្ពុជាមិនបានអនុញ្ញាតឲ្យចិនបង្កើតមូលដ្ឋាន កងទ័ពជើងទឹកក្នុងប្រទេសកម្ពុជានោះឡើយ។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាអះអាងថា រដ្ឋាភិបាលនឹងមិនមានវិធានការ ផ្លូវច្បាប់ណាមួយទៅលើកាសែត The Asia Times នេះឡើយ៕