28 C
Phnom Penh

រដ្ឋាភិបាល​បើក​ភ្លើង​ខៀវ​ឲ្យ​សង្គម​ស៊ីវិល​ដែល​ចុះ​បញ្ជី​ត្រឹមត្រូវ​អាច​​ធ្វើ​សកម្ម​ភាព​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ទៅ​អាជ្ញាធរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង ​កាលពី​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​បាន​លើក​ទឹក​ចិត្ត​ដល់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​ឡាយ​ណា ​ដែល​បាន​ចុះ​បញ្ជី​ ត្រឹមត្រូវ​តាម​ច្បាប់​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​​ការ​ធ្វើ​សកម្ម​ភាព​នៅ​កម្ពុជា។

លោក​ស ខេង​បញ្ជាក់​ថា ​ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ និង​ភាព​ជាដៃ​គូ​រវាង​រដ្ឋាភិបាល ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជា​តិ ជាមួយ​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ព្រម​ទាំង​សហគមន៍​នានា​នៅ​តាម​មូលដ្ឋាន។​

លោក​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​​អះអាង​ថា ​សង្គម​ស៊ីវិល​ទាំង​ឡាយ​ណា ​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ និង​មាន​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ជាធរមាន​ ព្រម​ទាំង​មាន​លក្ខន្តិកៈ​របស់​ខ្លួន ​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហា​ផ្ទៃ ​ អាច​ធ្វើ​សកម្ម​ភាព​បាន​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ ​មុន​ពេល​ចាប់​ផ្ដើម​សកម្ម​ភាព​ដូច​មុន​ទៀត​ឡើយ។

ទោះបីជា​យ៉ាងណាក៏​ដោយ​លោក​សឹង សែន ករុណា​ដែល​ជាអ្នក​នាំ​ពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ប្រាប់​កាសែត​ The Cambodia Daily ​កាលពី​ថ្ងៃ​អង្គារ​ថា ​លោក​គាំទ្រ​​ការបើក​ឲ្យ​មាន​លំហ​សេរីភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ឡើង​វិញ។ ​ប៉ុន្តែ​លោក​នៅមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​អនុវត្ត​ពេល​ខាងមុខ​ ថាតើ​អាជ្ញាធរ​មូលដ្ឋាន​នឹង​ធ្វើតាម​បញ្ជា​​របស់​ក្រសួង​មហាផ្ទៃ ​ឬ​យ៉ាង​ណា​នោះ។​ លោក​បញ្ជាក់​ថា​ លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​​នៅពេល​​មិន​ប្រាកដ​ថា​វា​នឹង​គ្មាន​បញ្ហា​កើត​ឡើង​នៅ​ពេលខាង​មុខ​នោះ​ទេ​ ប្រសិន​បើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចេញ​ធ្វើ​សកម្ម​ភាព​ដូច​ពេល​មុន។​

មន្រ្តី​សមាគម​អាដហុក​រូប​នេះ​អះអាង​ថា​​ លោក​នឹង​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ ប្រសិន​បើ​អាជ្ញាធរ​​ថ្នាក់​មូលដ្ឋាន​ណាមួយ​ហ៊ាន​រារាំង​សកម្មភាព​របស់​សង្គម​ស៊ីវិល​នៅ​ពេល​ខាង​មុខ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស