អាជ្ញាធរថៃនឹងបញ្ជូនពលករខ្មែរម្នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងប្រទេសថៃតាមសំណើរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញពាក់ព័ន្ធនឹងការជួយដល់ការផលិតខែ្សភាពយន្តឯកសារដែលមានចំណងជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ»របស់បណ្តាញទូរទស្សន៍Russia Today កាលពីខែតុលា។
លោក រ៉ាត់ រដ្ឋមុនី្នត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី ៧ ខែធ្នូ នៅទីក្រុងបាងកកហើយលោកកំពុងប្រឈមការបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាក្នុងពេលឆាប់ៗនេះ។
សារព័ត៌មានReutersបានដកស្រង់សម្តីអ្នកស្រីឡុង គីមហ៊ាង ដែលជាភរិយារបស់លោករដ្ឋ មុនី្នចុះផ្សាយកាលពីថ្ងៃសុក្រថា ការចាប់ខ្លួនប្តីរបស់អ្នកស្រីធ្វើឡើងនៅពេលដែលអ្នកទាំងពីរព្យាយាមស្នើសុំទិដ្ឋាការធ្វើដំណើរទៅប្រទេសហូឡង់។
អ្នកស្រីឡុង គីមហ៊ាងបញ្ជាក់ថា ប្តីរបស់អ្នកស្រីគ្រាន់តែជាអ្នកជួយបកប្រែដល់ដំណើរការផលិតវីដេអូឯកសារនោះប៉ុណ្ណោះ។
អ្នកស្រីបារម្ភថា ប្តីរបស់អ្នកស្រីអាចនឹងជាប់ពន្ធនាគារប្រសិនបើគាត់ មិនព្រមឆ្លើយទៅតាមអ្វីដែលសមត្ថកិច្ចកម្ពុជាចង់បាននោះ។
វីដេអូឯកសារ«ម្តាយខ្ញុំ លក់ខ្ញុំ» នេះបានរៀបរាប់អំពីក្មេងស្រីខ្មែរម្នាក់ត្រូវបានម្តាយរបស់នាងលក់ព្រហ្មចារី ដោយសារតែមានជីវភាពខ្វះខាត។ រដ្ឋាភិបាលកម្ពុជាអះអាងខ្សែភាពយន្តនោះបានផ្សព្វផ្សាយ ភូតកុហក់អំពីកម្ពុជា និងមានចេតនាចង់បំផ្លាញដល់វប្បធម៌របស់ កម្ពុជា៕