41.3 C
Phnom Penh

ប្រធាន​រដ្ឋ​សភា​កម្ពុជា​ជំរុញ​ឲ្យ​មន្រ្តី​កាន់​អំណាច​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រមុខ​រដ្ឋ​ក្នុង​របប​រដ្ឋ​កម្ពុជា​ និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​សមាជិក​បក្ស​របស់​ខ្លួន​ពង្រឹង​ប្រជា​ធិបតេយ្យ​ផ្ទៃ​ក្នុង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កម្ពុជា​មាន​ការ​ដឹក​នាំ​រីក​ចម្រើន​ទៅមុខ​បាន។​

ជាង​នេះ​ទៅទៀត​លោក​បាន​ប្រាប់​ទៅ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​​កុំឱ្យ​មាន​អំនួត​នឹង​ជ័យ​ជម្នះ​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​ ៦​ អាណត្តិ​កន្លង​មក​នេះ​ខ្លាំង​ពេក។​ លោក​បន្ត​ថា​ មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​ខិត​ខំ​បម្រើ​ពល​រដ្ឋ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

ការ​អះអាង​របស់​លោក​ហេង សំរិន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ​កាលពី​ព្រឹកមិញ។ ​មហា​សន្និបាត​នេះ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១៨​​រហូត​ដល់​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៨។​

ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​ហេង សំរិន​ បាន​សម្តែង​​មោទនភាព​ថា​ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នេះ​ដំណើរ​ការ​ទៅ​ប្រកប​ដោយ​ភាព​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ហើយ​ពលរដ្ឋ​ជាង​៨០%​ បាន​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជំនះ​ភ្លូកទឹក​ភ្លូកដី​ទទួល​បាន​អាសនៈ​ ទាំង​អស់​ចំនួន​១២៥​ក្នុង​សភា​ ដែល​នាំឲ្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ​កាន់តែ​ខ្លាំង​ទៅៗ។​

ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​អះអាង​ថា​ ការ​បោះឆ្នោត​កន្លង​ទៅ​មិនមែន​ជា​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ ហើយ​មិន​​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​នោះ​ទេ​ ដោយសារ​មាន​ការ​កែប្រែ​ច្បាប់​បោះឆ្នោត​គណបក្ស​នយោបាយ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់ពី​គណបក្ស​កាន់​អំណាច​បាត់បង់​ប្រជាប្រិយ​ភាព​ហើយ​ អស់​យុទ្ធសាស្រ្ត​នយោបាយ​ក្នុង​ការ​ប្រើ​ទប់ទល់​ដោយ​សន្តិវិធី​ជាមួយ​ក្រុម​បក្ស​ប្រឆាំង។​

លោក​បន្ត​ថា​ ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៨​ កន្លង​ទៅ​ធ្វើ​ឡើង​ដោយសារ​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ ចាប់​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​ និង​សកម្មជន​បក្សប្រឆាំង​ជាង​១០រូប​ដាក់​ពន្ធនាគារ ​គាប​សង្កត់​សេរីភាព​របស់​សង្គម​ស៊ីវិល​ និង​ធ្វើ​ទុក្ខ​បុកម្នេញ​បណ្តា​សារព័ត៌មាន​ឯករាជ្យ​ជាដើម៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស