28 C
Phnom Penh

គ្រួសារ ​និង​សកម្មជន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រុស្សី​អន្តរាគមន៍​ឲ្យមាន​ ការ​ដោះលែង​អ្នក​បកប្រែ​ឲ្យភាព​យន្ត​ឯកសារ​«ម្តាយខ្ញុំ​លក់ខ្ញុំ»​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​គ្រួសារ ​និង​សកម្មជន​ដីធ្លី​អតីត​តំបន់​បឹងកក់ ​ព្រមទាំង​សកម្មជន​បរិស្ថាន​ជាង​១០​នាក់​ កាលពី​ព្រឹក​មិញ​នេះបាន​នាំគ្នា​យក​ញត្តិ​ទៅដាក់​នៅ​ស្ថានទូត​រុស្ស៊ី ​ទាមទារ​ឱ្យ​ស្ថានទូត​មួយ​នេះ ​អន្តរាគមន៍​ដោះលែង​ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា ​លោក រ៉ាត់ រត្នមុនី​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។​

ការ​តវ៉ា​បាន​នាំឲ្យមាន​ការឃ្លាំ​មើល​ជាខ្លាំង​ពី​សំណាក់​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ប្រមាណ​៥០​នាក់។​

លោក​ រ៉ាត់ រត្នមុនី​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ​ខែ​ធ្នូ​ តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា។​ ក្រោយពី​ការ​ចាប់ខ្លួន​បាន​ប្រាំថ្ងៃ​អាជ្ញាធរ​ថៃ​បាន​បញ្ចូន​ប្រធាន​សហភាព​សហជីព​កម្មករ​សំណង់​រូប​នេះ​ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​១២​ខែធ្នូ​កន្លង​ទៅ។ ​ភរិយា​របស់​លោក​ រ៉ាត់ រត្នមុនី​ គឺ​អ្នកស្រី​ឡុង គឹមហ៊ាន​ អះអាង​ថា ​ប្តី​របស់​អ្នកស្រី​គ្រាន់តែ​ជា​អ្នក​បក​ប្រែឲ្យ​ទូរទស្សន៍ ​រុស្ស៊ីមួយ​ ឈ្មោះ ​Russian Todayតែប៉ុណ្ណោះ។​

ទោះជាយ៉ាង​ណាក៏ដោយ​ ភរិយា​ និង​សកម្មជន​សង្គម​ជាច្រើន​ហៅ​ការ​ចាប់​ខ្លួន​ និង​ឃុំខ្លួន​លោក​រ៉ាត់ រត្នមុនី​ថា​ជារឿង​អយុត្តិ​ធម៌។ ​ជាង​នេះ​ទៅ​ទៀត​ពួកគេ​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​រុស្ស៊ី​កោះហៅ​ស្ថាប័ន​ទូរទស្សន៍ ​Russia Today មក​សាកសួរ​ឱ្យបាន​ច្បាស់លាស់​ដោយ​មិនត្រូវ​ចាប់​ខ្លួនតែ ​លោក ​រ៉ាត់ រត្នមុនី​ តែម្នាក់​នោះ​ទេ។​ ពួក​គេ​និយាយ​ថា ​ប្រធាន​សហជីព​រូបនេះ​ គ្រាន់តែ​ជួយ​សហការ​ផលិត​រឿង​ពិត​នៅក្នុង​សង្គម​ខ្មែរ​តែ​ប៉ុណ្ណោះ។ ​

ភាពយន្ត​ឯកសារ​ក្រោម​ចំណង​ជើង​ថា«ម្តាយខ្ញុំលក់ខ្ញុំ»​គឺ​ ជារឿង​និយាយ​អំពី​ខ្សែ​ជីវិត​ក្មេងស្រី​បីនាក់ ​ដែល​ត្រូវបាន​គ្រួសារ​បង្ខំ​ឱ្យរក​ស៊ីផ្លូវ​ភេទ​ និង​ស៊ីផ្លូវ​ភេទ ​ដោយ​បង្ខំចិត្ត​ពីព្រោះ​​ជីវភាព​គ្រួសារ​ជួបការ​លំបាកខ្លាំង។​ ប៉ុន្តែ​សមត្ថ​កិច្ច​កម្ពុជា​អះអាង​ថា​ ការ​ផលិត​វីដេអូនេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា​ ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ ​ដែល​ជា​ទង្វើ​មិន​អាចអត់​អោន​ឱ្យ​បាន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស