28 C
Phnom Penh

អាជ្ញាធរ​សហ​រដ្ឋ​អាមេរិក​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​មក​កម្ពុជា​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​អាមេរិក​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជិត​៥០​នាក់​បន្ថែម​ទៀត​មក​កម្ពុជា​វិញ​ ក្រោយពី​ពួកគេ​ធ្លាប់​រងការ​ចោទ​ប្រកាន់​ថា​ បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ក្នុង​សហ​រដ្ឋ​អាមេរិក​ និង​ធ្លាប់​បាន​ជាប់​គុក​ថែម​ទៀត។​

សារ​ព័ត៌មាន New York Times​របស់​អាមេរិក​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១២​ ខែ​ធ្នូ ​ថា ​យ៉ាង​ហោចណាស់​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៤៦​នាក់​ បញ្ជូន​ពី​សហ​រដ្ឋ​នៅ​ថ្ងៃទី​១៧​ខែ​ធ្នូ ​ហើយ​នឹង​ទៅដល់​កម្ពុជា​នៅ​ថ្ងៃ​ពុធ​ទី​១៩​ខែធ្នូ​នេះ។​

ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​សមត្ថ​កិច្ច​អាមេរិក​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​ វិញ​ទាំង​នោះ​ភាគ​ច្រើន​ធំ​ដឹងក្តី​នៅ​សហ​រដ្ឋ​អាមេរិក​ គេច​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។ ​ពួកគេ​ភាគ​ច្រើន​មក​ដល់​អាមេរិក​តាំងពី​អាយុ​៣​ខែ ​ខ្លះ​១​ឆ្នាំ​ ហើយ​ខ្លះទៀត​ពី​បី​ឆ្នាំ​​រហូត​ដល់​ប្រាំឆ្នាំ។ ​រហូត​មក​ទល់​ពេល​នេះ​ មាន​ពល​រដ្ឋខ្មែរ​មួយ​ចំនួន​ធំនៅ​តែគ្មាន​សញ្ជាតិ​អាមេរិកាំង​នៅឡើយ​ដែល​ធ្វើឲ្យ​ពួក​គាត់​ត្រូវ​ប្រឈម​នឹង​ការ​បញ្ជូន​មក​ស្រុក​កំណើត​វិញ​ ក្រោយ​ពេល​ពួកគេ​បាន​ប្រព្រឹត្ត​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ និង​ជាប់​ពន្ធនាគារ​គ្រប់​កាល​កំណត់​នៅ​សហ​រដ្ឋ​អាមេរិក​​រួច​ហើយ​នោះ។​

បទ​ល្មើស​ព្រហ្មទណ្ឌ​ទាំង​នោះ ​រួម​មាន​អំពើ​មនុស្ស​ឃាត ​ការ​ជួញ​ដូរ​គ្រឿង​ញៀន ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការ​កុហក​អំពី​បញ្ហា​ពន្ធ​ប្រចាំឆ្នាំ​ ការ​ចាប់​ជម្រិត​មនុស្ស ​អំពើ​ប្លន់​និង​បញ្ហា​ជាច្រើន​ទៀត។​

ចាប់តាំង​ពី​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ចុះ​កិច្ចព្រមព្រៀង​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​សហ​រដ្ឋ​អាមេរិក ​កាលពី​ឆ្នាំ ​២០០២​ ដោយសារ​ការ​ដោះ​ដូរ​ការ​លើក​លែង​ទិដ្ឋាការ​ដល់​លោក​ហុក ឡងឌី​ អតីត​អគ្គ​ស្នងការ​នគរបា​លជាតិ​នោះ​យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ខ្មែរជាង​៦រយ​នាក់​ហើយ​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា។​

របាយ​ការណ៍​របស់​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​សហ​រដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៨​នេះ ​យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ខ្មែរ​ជិត​២​ពាន់​នាក់​(១៨៥៥)​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច​អាមេរិក​ ដើម្បី​បញ្ជូន​មក​កម្ពុជា​វិញ។​

អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង​ឲ្យ​ដឹង​ថា​ យ៉ាង​ហោចណាស់​មាន​ពលរដ្ឋ​ខ្មែរ​ជាង​៧​រយ​នាក់​ហើយ​ត្រូវបាន​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បញ្ជូន​កម្ពុជា​វិញ។​

ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​គេ​បញ្ជូន​មក​ដល់​កម្ពុជា​វិញ​ទាំង​នោះ​កំពុង​រស់​នៅក្នុង​ស្ថាន​ភាព​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​​ខ្លះបាន​ធ្លាក់​ខ្លួន​រស់​នៅ​ក្នុង​ភាព​អស់​សង្ឃឹម​ ខ្លះទៀត​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​គ្រឿង​ញៀន ខ្លះធ្លាក់​ខ្លួនដើរ​សុំទាន​នៅតាម​តំបន់​ឆ្នេរ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ជាដើម៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស